Wednesday, February 22, 2023

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។

លោកជំទាវ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។

លោកជំទាវ MAREK សូមគោរព ជូនចំពោះសម្ដេចតេជោចំពោះជំហរ របស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយ នៅពេលនេះ លោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ Gabriele ថា ករណីចំពោះរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ រក្សាកណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ហើយសម្ដេចបានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកជំទាវថា សហគមន៍អាស៊ានជាសហគមន៍មួយ ដែលអនុវត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុបឲ្យបានទទួលជោគជ័យនោះ ត្រូវមើល អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ៕



#GabrieleKATZAMAREK #Germany 

#ហ៊ុនសែន #Hunsen 

#កម្ពុជា #Cambodia

រដ្ឋមន្រ្តី​ វង សូត៖​ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ខាងមុខនេះ

 (ភ្នំពេញ)៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានតំណាងមជ្ឈ មណ្ឌល អភិវឌ្ឍន៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងអង្គការ UN ESCAP ប្រចាំតំបន់, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កុមារ និងកាត់បន្ថយភាពក្រីក្រ នៃសាធារណៈរដ្ឋហ្វីជី និងស្ថាប័ន, អង្គការពាក់ព័ន្ធជាច្រើនទៀត សរុបជាង៧០០នាក់។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរៀបចំធ្វើនៅទូស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក វង សូត បានបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាពលើវិស័យពិការភាព ដែលបានជួបប្រទះកន្លងមក សំដៅដោះស្រាយរួមគ្នា តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ របស់វាគ្មិនមកពីបណ្តាប្រទេសនានា សំដៅកសាងផែនការអនាគតមួយប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»

សន្និសទីថ្នាក់អន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងរួមមាន៖

*ទី១៖ ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់
*ទី២៖ លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន
*ទី៤៖ ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

រដ្ឋមន្រ្តី​ វង សូត បានបង្ហាញក្តីរំពឹងថា ក្រោយបញ្ចប់សន្និសីទរយៈពេល៣ថ្ងៃខាងមុខនេះ កម្ពុជា​នឹងទទួលបាន​ សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាពនឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព និងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជា និងជនមានពិការភាពនៅក្រៅប្រទេស។

គួរបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃក្នុងឆ្នាំ២០០៩ លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២ លើកទី៣ នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នាជាមួយ បណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕




ប្រធានព្រឹទ្ធសភាស្តីទី ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ

 (ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្តីទីនៃព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា បានគូសបញ្ជាក់ថា ការប្រមាថរបស់ ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះចំពោះអង្គ ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដល់រដ្ឋធនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹទ្ធសភា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៉ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញា និងប្រកាសជាឱឡារិកថាៈ នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នា៕