Friday, June 02, 2023

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

បញ្ញាវន្តដែលសល់ជីវិតពីរបបប្រល័យពូជសាសន៍ ចង់លើកឡើងពីប្រវត្តិសាស្ត្រកម្ពុជាបែបឧបមាថា «ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ពុំបានភៀសខ្លួនដើម្បីទៅរកកម្លាំងរំដោះប្រជាជនពីរបបខ្មែរក្រហមទេ តើប្រវត្តិសាស្ត្រនឹងទៅជាយ៉ាងណា?»

(ភ្នំពេញ)៖ ក្នុងឱកាសដែលនៅទូទាំងប្រទេសកម្ពុជាប្រារព្ធទិវានៃការចងចាំ ២០ ឧសភា លោក ឆាំង យុ អ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ចង់លើកឡើងពីប្រវត្តិសាស្ត្រកម្ពុជាបែបឧបមាថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ពុំបានភៀសខ្លួនដើម្បីទៅរកកម្លាំងរំដោះប្រជាជនពីរបបខ្មែរក្រហមទេ? ប្រសិនបើគ្មានកងកម្លាំងប្រឆាំងនឹងរបបខ្មែរក្រហមកើតមានឡើង? ហើយប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានបង្កើត ឬអនុវត្តគោលនយោបាយឈ្នះឈ្នះ? តើប្រវត្តិសាស្ត្រកម្ពុជានឹងទៅជាយ៉ាងណា?



នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ប្រជាជនកម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដើម្បីរំឭកការចងចាំជាសាធារណៈអំពីរបបប្រល័យពូជសាសន៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជា, ផលប៉ះពាល់យ៉ាងដំណំបន្សល់ទុកពីរបបនេះចំពោះប្រជាជនកម្ពុជា និងអន្តរកាលរបស់ប្រទេសកម្ពុជារួចផុតពីភាពព្រឺព្រួចនៃរបបខ្មែរក្រហម ឈានទៅកាន់យុគសម័យសន្តិភាព, ការជាសះស្បើយ និងការផ្សះផ្សា។ តួអង្គដ៏លេចធ្លោនៅក្នុងអន្តរកាលដ៏លំបាកលំបិននេះ គឺសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ដែលដើមដំបូងឡើយជាសមាជិកនៃរបបខ្មែរក្រហម ក៏ប៉ុន្តែក្រោយមកមានសេចក្តីស្រងាកចិត្តយ៉ាងខ្លាំងចំពោះរបបនេះ។ សម្តេចតេជោ បានដឹកនាំកងកម្លាំងប្រឆាំងមួយក្រុម ដោយទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម ហើយបានយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការពិតនិងប្រវត្តិសាស្ត្រ គឺមិនអាចក្លែងបន្លំបានទេ ក៏ប៉ុន្តែភាពត្រឹមត្រូវនៃតថភាពជាក់ស្តែង អាចនឹងបំភ័ន្តតាមរយៈទំនោរនយោបាយ ដែលបង្កជាភាពខុសពីការពិតនៃតថភាពជាក់ស្តែងនោះ។ នៅក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំបានចោទជាសំណួរថា តើតួនាទីប្រវត្តិសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងខ្មែរក្រហមបានធ្លាក់ទៅជាជនរងគ្រោះនៃទំនោរនយោបាយ ដោយផ្អែកលើតថភាពជាក់ស្តែង ឬយ៉ាងណា?

ប្រវត្តិសាស្ត្របែបឧបមា គឺជាជំពូកនៃប្រវត្តិសាស្ត្រដែលប្រមើមើល និងប្រឌិតឡើងដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយឬច្រើន ដែលបានកើតមានឡើងខុសពីព្រឹត្តិការណ៍ពិតជាក់ស្តែង។ ប្រវត្តិសាស្ត្របែបឧបមាផ្តល់នូវគោលគំនិតដ៏សំខាន់ដើម្បីពិចារណាអំពីប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិសាស្ត្រនៃដំណើរតស៊ូរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រឆាំងនឹងខ្មែរក្រហម។

នៅក្នុងវប្បធម៌លោកខាងលិច មានឧទាហរណ៍ជាច្រើនស្តីអំពីប្រវត្តិសាស្ត្របែបឧបមា ឬការប្រឌិតឡើងនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ “The Man in the High Castle” និពន្ធដោយ ហ្វីលីព ខេ. ឌីក (Philip K. Dick) គឺជាឧទាហរណ៍មួយសម្រាប់អ្នកអានក្នុងការត្រិះរិះពិចារណាថា តើពិភពលោកនឹងទៅជាយ៉ាងណា ប្រសិនបើមហាអំណាចអ័ក្ស (Axis Powers) បានយកឈ្នះលើសង្គ្រាមលោកលើកទី២។ ប្រវត្តិសាស្ត្របែបឧបមាចោទជាសំណួរដែលបណ្តុះផ្នត់គំនិតចំពោះប្រវត្តិសាស្ត្រពិត ថាតើប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកើតឡើងក្នុងស្ថានភាពផ្សេង តើមានលទ្ធផលយ៉ាងដូចម្តេចទៅវិញ។ ប្រវត្តិសាស្ត្របែបឧបមា គឺពិតជាចាំបាច់ចំពោះការយល់ដឹងអំពីប្រវត្តិសាស្ត្រពិត ពីព្រោះថាប្រវត្តិសាស្ត្របែបឧបមាជំរុញឲ្យយើងគិតពិចារណាដោយល្អិតល្អន់លើសពីការពិត, ចោទជាសំណួរនិងគោលគំនិតក្នុងការពិចារណា និងសន្មតថាតើតថភាពជាក់ស្តែងរបស់យើងសព្វថ្ងៃនឹងទៅជាយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្របានប្រព្រឹត្តទៅខុសពីការពិត។

ពុំទាន់មានប្រវត្តិសាស្ត្របែបឧបមាណាមួយ ត្រូវបាននិពន្ធឡើងអំពីប្រទេសកម្ពុជាស្ថិតនៅក្រោមរបបខ្មែរក្រហមនៅឡើយទេ។ ប្រសិនបើមានប្រវត្តិសាស្ត្របែបឧបមាសម្រាប់កម្ពុជា នោះគឺពិតជាផ្តល់ជាអត្ថប្រយោជន៍សម្រាប់ការត្រិះរិះពិចារណាថា តើប្រទេសកម្ពុជានឹងក្លាយទៅជាយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងការផ្តួលរំលំ និងការបំផ្លាញចលនាខ្មែរក្រហម ពុំមានវត្តមានឡើង ឬកើតមានឡើងក្នុងស្ថានភាពមួយផ្សេងទៅវិញ។

ការពិភាក្សាវែកញែកយ៉ាងល្អិតល្អន់អំពីប្រវត្តិសាស្ត្របែបឧបមាអាចជំរុញឲ្យមានសំណួរសំខាន់ៗជាច្រើន។ ជាឧទាហរណ៍៖ ប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានភៀសខ្លួនចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៧? ប្រសិនបើគ្មានកងកម្លាំងប្រឆាំងនឹងរបបខ្មែរក្រហមកើតមានឡើង? ហើយប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានបង្កើត ឬអនុវត្តគោលនយោបាយឈ្នះឈ្នះ?

សំណួរទាំងអស់ខាងលើ បណ្តុះការគិតសម្រាប់បុគ្គលឲ្យពិចារណាថា តើរបបខ្មែរក្រហមអាចបន្តអាយុកាលរបស់ខ្លួនបានយូរជាងការជាក់ស្តែង ទាំងផ្នែកយោធានិងផ្នែកនយោបាយដែរឬទេ។ ប្រសិនបើចលនាខ្មែរក្រហមនៅតែបន្តមានវត្តមាន តើនឹងមានឥទ្ធិពលអ្វីខ្លះកើតឡើងចំពោះសុខុមាលភាពទូទៅ និងស្ថានការណ៍របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន? តើប្រទេសកម្ពុជា ឬតំបន់អាស៊ីអាគ្នេយ៍មានស្ថានភាពយ៉ាងណាលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព ប្រសិនបើស្ថានការណ៍ក្នុងអតីតកាលត្រូវបានដោះស្រាយខុសពីនេះ? ដោយពិចារណាទៅលើការសន្មតខាងលើ យើងអាចនឹងលើកឡើងជាចម្ងល់មួយថា៖ តើប្រជាជនចំនួនរាប់ពាន់ ឬរាប់លាននាក់ទៀតត្រូវរងទុក្ខវេទនា និងបាត់បង់ជីវិតឬយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កើតមានឡើងក្នុងទម្រង់មួយផ្សេងទៀត? តើមានបេក្ខភាពដទៃទៀត ដែលមានសមត្ថភាពនិងមានការប្តេជ្ញា ដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំដ៏ឈ្លាសវៃមួយរូបក្នុងការផ្តួលរំលំរបបខ្មែរក្រហមឬទេ?

ពិតប្រាកដណាស់ មិនមែនមនុស្សគ្រប់គ្នាអាចផ្តល់សេចក្តីសន្និដ្ឋានដូចៗគ្នាចំពោះសំណួរខាងលើទេ ហើយមនុស្សគ្រប់គ្នាក៏មិនចាំបាច់ត្រូវតែឆ្លើយតបដូចៗគ្នាដែរ។ គិតគូរអំពីប្រវត្តិសាស្ត្របែបឧបនា គឺមិនមែនជាការលន់តួការពារចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្ន ឬថ្នាក់ដឹកនាំសព្វថ្ងៃនោះទេ ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់អំពីគុណសម្បត្តិដែលត្រូវទទួលស្គាល់។ ការផ្តួលរំលំនិងការបំផ្លាញចលនាខ្មែរក្រហម ស្ថិតក្រោមឥទ្ធិពលនៃកត្តាជាច្រើន ក៏ប៉ុន្តែកត្តាគន្លឹះដ៏ចាំបាច់បំផុតមួយ គឺរាជរដ្ឋាភិបាលថ្មីមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមទ្រឹស្តី ប្រសិនបើប្រជាជនកម្ពុជានិងប្រទេសកម្ពុជា ស្ថិតនៅក្នុងប្រវត្តិសាស្ត្របែបឧបមា ពោលគឺក្រោមការដឹកនាំនៃរដ្ឋាភិបាលដទៃ ប្រជាជនកម្ពុជាអាចនឹងមានភាពប្រសើរជាងនេះ។ តាមការពិតទៅ ប្រជាជនកម្ពុជាអាចនឹងរស់នៅដោយលំបាកលំបិនទៅវិញទេ។
អនាគតរបស់ប្រទេសកម្ពុជា មិនមែនពឹងផ្អែកតែទៅលើការទទួលយកជារួមចំពោះប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអាស្រ័យទៅលើការប្តេជ្ញារបស់យើងចំពោះការចោទជាសំណួរ និងឆ្លើយតបចំពោះសំណួរពិបាកៗ ទោះបីជាចម្លើយទាំងនោះអាចនឹងមិនបម្រើចំពោះអត្ថប្រយោជន៍ឬទំនោរនយោបាយយ៉ាងណាក្តី៕ ដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន ចាត់ប្រមុខការទូតកម្ពុជា ចូលរួមពិធី ចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីតួកគី

 តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។

កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ វត្តមានរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕






ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត»

 លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ «ច្រកចេញចូលតែមួយ» នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត»

លោកបណ្ឌិតសភាចារ្យ បានថ្លែងថា វគ្គបណ្តុះបណ្តាល នេះ គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាម «ចក្ខុវិស័យក្រសួងឆ្នាំ ២០៣០ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់» ក្រោមដឹកនាំ របស់អគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការកសាងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដូចជា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និង ច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់គោលការណ៍ និង បទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច និង វិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី, ការចេញវិញ្ញាបនបត្រនានា, និង ការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ ជាដើម។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដើម្បីផ្តល់សិទ្ធិសម្រេច និង ការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ ដែលមានទុនវិនិយោគសមមូលទាប ជាង ៥ លានដុល្លារអាមេរិក ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និងការការពារវិនិយោគ, សេវាថែទាំវិនិយោគ និង ការដោះស្រាយវិវាទ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន។

ក្នុងន័យនេះ, ស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្ត ត្រូវស្វែងយល់ និង ពង្រឹងសមត្ថភាព ទាំងក្របខណ្ឌច្បាប់ បទប្បញ្ញតិ បច្ចេកទេស នីតិវិធី និង ការងាររដ្ឋបាល ក្នុងការពិនិត្យគម្រោងវិនិយោគ ម៉្យាងច្បាប់ និង បទ-ប្បញ្ញត្តិពាក់ព័ន្ធវិនិយោគ ត្រូវបានតាក់តែងថ្មី និងម៉្យាងការងារចូលរួមពិនិត្យគម្រោងវិនិយោគ នៅថ្នាក់រាជ-ធានីខេត្តក៏ថ្មី សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ស្តាប់, ស្វែងយល់ និង កត់ត្រា ដោយផ្តោតលើច្បាប់, បទប្បញ្ញត្តិ, នីតិវិធី និង បទ-ពិសោធន៍ពិនិត្យគម្រោងវិនិយោគរបស់ស្ថាប័នទាំងនេះ ពិសេសចំណុចទាំងឡាយណា ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ជាចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយត្រូវមានវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់ទៀត លើប្រធានបទស្រដៀងគ្នា និង ផ្សេងៗគ្នា រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និង ការចែករំលែកឯកសារ និង ព័ត៌មានផ្សេងៗផងដែរ៕







ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លូវការ កម្មវិធី បញ្ញវ័នឌីជីថល - Digital Talents

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លូវការ កម្មវិធី បញ្ញវ័នឌីជីថល - Digital Talents ដោយមានការអញ្ជើញចូលរូមពី ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ភ្ញៀវកិត្តិយស និស្សិត និងសិស្សានុសិស្សផងដែរ។

ថ្លែងនៅក្នុងពិធីបើកនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការកសាងធនធានមនុស្សគឺជាបេសកកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមជាផ្នែកមួយលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ចូលរួមដាក់ពាក្យនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្ហាញទេពកោសល្យ និងពង្រីកសក្ដានុពលរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសថា សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០ ទទួលបានកុំព្យូទ័រយួរដៃ ១គឿង និងប្រាក់ឧបត្ថមផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ចំពោះការគាំទ្រលើដំណើរការនេះ ព្រមទាំងដៃគូសហការឧបត្ថម្ភទាំងអស់។ ការគាំទ្រ និងសហការទាំងនេះ គឺបង្ហាញឱ្យឃើញពីឆន្ទៈរបស់យើងស្របនឹងពាក្យស្លោក “ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល” ។

កម្មវិធីបញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយ ក.ប.ទ. និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូសហការឧបត្ថមកម្មវិធីរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Smart Axiata គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្រុមហ៊ុន Huawei Cambodia។

កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យរបស់បេក្ខជនដែលកំពុងសិក្សាពីថ្នាក់ទី១០ ដល់ទី១២ ទូទាំងប្រទេសកម្ពុជា ដែលចាប់ផ្តើមជ្រើសរើសខេត្តចំនួន៦ ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ និងបិទទទួលពាក្យនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។






ទស្សនៈ៖ ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ បានចេញផ្សាយអត្ថបទវិភាគមួយមានចំណងជើងថា «ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា»។



ក្នុងអត្ថបទវិភាគនេះបានបង្ហាញពីកត្តាជំរុញសំខាន់ៗនៅពីក្រោយការឡើងចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ហើយធ្វើការវិភាគ និងផ្តល់អនុសាសន៍លើចំណុចគន្លឹះដែលកម្ពុជាគួរពិចារណាសម្រាប់ការពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីបន្ទាប់ពីការឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះ គឺជាអត្ថបទទាំងស្រុងដែលបានលើកឡើងទាក់ទងនឹងឱកាស និងបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវដោះស្រាយនោះ។ កម្ពុជាជិតនឹងឡើងចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ ប្រទេសគួរតែពន្លឿនកំណែទម្រង់ពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហាប្រឈមដែលនឹងនាំមកជាមួយនឹងឋានៈថ្មីរបស់ខ្លួន។ ពីរទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឡើងចេញពីបញ្ចីនេះជាលើកដំបូងនៅឆ្នាំ២០២១ជាមួយនឹងផែនការឡើងចេញពីបញ្ជីនេះក្នុងអំឡុងឆ្នាំ២០២៧។ នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយដោយសារការឡើងចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច មានន័យថាប្រទេសមួយបានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។

ទោះជាយ៉ាងណាក៏ដោយ ការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួចក៏នឹងនាំមកនូវបញ្ហាប្រឈមផងដែរ។ សម្រាប់ករណីប្រទេសកម្ពុជា ការឡើងចេញពីបញ្ជីនេះ នឹងអាចនាំដល់ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មដែលប្រទេសអភិវឌ្ឍន៍តិចបំផុតទទួលបាន រួមទាំងការអនុគ្រោះពន្ធ និង «ច្បាប់កំណត់ប្រភពដើម» (rules of origin) ដែលអំណោយផល ផងដែរ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំង តាមរយៈការអនុគ្រោះពន្ធ និងការអនុគ្រោះតាមរយៈច្បាប់កំណត់ប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់អឺរ៉ុបដោយមិនបង់ពន្ធ។ បើមិនបានគ្រប់គ្រងដោយប្រុងប្រយ័ត្នទេ ការបាត់បង់ការអនុគ្រោះនេះអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ កម្ពុជាត្រូវធានាលទ្ធភាពទទួលបានទីផ្សារជំនួសនៅពេលទទួលបានឋានៈថ្មី និងពង្រឹងសមត្ថភាពប្រកួតឈ្នះរបស់ខ្លួន។ ដើម្បីធ្វើដូច្នេះយើងសូមចែករំលែកអនុសាន៍សកម្មភាពជាក់ស្តែងដូចខាងក្រោម៖ ពង្រីកការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរនាំចេញ និងនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍ទាំងនេះគឺកំពុងរងសម្ពាធខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនបន្តកើតមាននៅក្នុងតំបន់។ កម្ពុជាអាចនឹងពិចារណាលើការពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីរក្សា និងបង្កើនលទ្ធភាពទទួលបានទីផ្សាររបស់ខ្លួន។ ចលនាមួយក្នុងទិសដៅនេះគឺការចូលរបស់កម្ពុជាទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២២ បន្ថែមពីលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។ ដោយឈរលើសន្ទុះនេះ កម្ពុជាគួរតែពិចារណាលើការបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយដៃគូសំខាន់ៗរបស់ខ្លួន និងបន្តកែលម្អការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងដែលមានស្រាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនឹងបញ្ចៀសការធ្លាក់ថយដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះទូទៅនៅឆ្នាំ២០៣១ ហើយការពង្រីកការអនុវត្តច្បាប់កំណត់ប្រភពដើម(extended cumulation) នឹងជួយសម្រួលដល់អនុលោមភាពនៃច្បាប់កំណត់ប្រភពដើម។ ការរក្សាលទ្ធភាពទទួលបានទីផ្សារក្នុងប្រទេសជប៉ុនក៏សំខាន់ផងដែរ។ ការពិគ្រោះយោបល់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងច្បាប់កំណត់ប្រភពដើមដែលងាយស្រួលសម្រាប់អាជីវកម្មគួរតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅកម្រិតតំបន់ ការពិភាក្សានៅក្នុងលេខាធិការដ្ឋាន RCEP, គណៈកម្មាធិការរួម RCEP អាស៊ាន និងដៃគូសន្ទនាអាស៊ាន+១ គួរតែផ្តោតស៊ីជម្រៅលើការកាត់បន្ថយពន្ធនាំចូលសម្រាប់ RCEP បញ្ជាក់ពីដំណើរការនៃកម្រិតខុសគ្នានៃពន្ធនាំចូលសម្រាប់ RCEP និងសម្រេចបានការភ្ជាប់គ្នានៃច្បាប់បញ្ជាក់ប្រភពដើម នៃផលិតផលជាក់លាក់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងដែលមានស្រាប់ នឹងតម្រូវឱ្យមានការដោះស្រាយរបាំងមិនមែនពន្ធគយ។ តំបន់គួរតែពិចារណាអនុម័តការអនុវត្តល្អបំផុតដូចជាការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification of origin) ដើម្បីជួយសម្រួលដល់ចលនាឆ្លងកាត់ព្រំដែននៃទំនិញក្នុងចំណោមខ្សែសង្វាក់តម្លៃសកល។ កម្ពុជាក៏គួរតែប្រើប្រាស់យន្តការ «នីតិវិធីសម្រាប់ធ្វើពាណិជ្ជកម្មជាក់លាក់» (specific trade concerns) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីលើកកម្ពស់វិធានការអនាម័យ និងភូតគាមអនាម័យ (phytosanitary) សំខាន់ៗ ដែលកំណត់ដោយដៃគូពាណិជ្ជកម្មរបស់ខ្លួនលើការនាំចេញកសិផល។ អនុវត្តន៍កំណែទម្រង់ក្នុងស្រុក និងការផ្លាស់ប្តូរបទប្បញ្ញត្តិដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីកាន់តែមានវិសាលភាពលើសពីព្រំដែនដូចជា ការសម្របសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) លទ្ធកម្មរបស់រដ្ឋាភិបាល និងកម្មសិទ្ធិបញ្ញាជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ទ្រង់ទ្រាយធំ ក៏ជំរុញឱ្យមានការប្តេជ្ញាចិត្តពាណិជ្ជកម្មដែលមានលក្ខណៈកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមិនមែនប្រពៃណី (non-traditional)ក្នុងទំហំការចូលរួមកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក្តី អនុលោមភាពតាមការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆិតាទាំងនេះអាចជារឿងគួរឱ្យបារម្ភសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។ ដៃគូអន្តរជាតិដូចជា ADB និង UNCTAD គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយសម្រាប់ពាណិជ្ជកម្ម(Aid for Trade) ដើម្បីបង្កើនអនុលោមភាពរបស់កម្ពុជាសម្រាប់ផ្នែកដែលត្រូវការកំណែទម្រង់គោលនយោបាយនិងបទប្បញ្ញត្តិ។

ជាឧទាហរណ៍ នៅក្រោម RCEP ការវិភាគគម្លាត និងជំនួយគោលដៅ គឺត្រូវការជាចាំបាច់ដើម្បីគាំទ្រកម្ពុជាក្នុងការទទួលយកវិធីសាស្រ្តឆ្ពោះទៅរកភាពស្មើភាពសម្រាប់សហគ្រាសវិនិយោគបរទេស (negative list approach) ដើម្បីសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មកាន់តែធំធេង, ភាពស៊ីសង្វាក់គ្នានៃបទប្បញ្ញត្តិ និងតម្លាភាព។ ប្រើប្រាស់ឌីជីថលភាវូបនីយកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារឆ្លងព្រំដែនកាន់តែទូលំទូលាយ៖ សេណារីយ៉ូពាណិជ្ជកម្មកាន់តែមានភាពស្មុគស្មាញ ដោយសារតែការពង្រីកវិសាលភាពពាណិជ្ជកម្មទៅកាន់ផ្នែកថ្មីៗដូចជាពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល។ អស់ជាច្រើនទស្សវត្សមកហើយសេវាឆ្លងព្រំដែនលេចធ្លោជាងគេក្នុងការនាំចូលរបស់កម្ពុជាហើយជាតំបន់ពាណិជ្ជកម្មយុទ្ធសាស្ត្រមួយ។

កម្ពុជាអាចពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានបទប្បញ្ញត្តិបង្កលក្ខណៈដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថលដើម្បីបង្កើនការចូលរួមពាណិជ្ជកម្មឌីជីថលរបស់ខ្លួនបន្ថែមទៀត។ កម្ពុជាក៏អាចអនុម័តគំនិតផ្តួចផ្តើមពហុភាគី ដូចជាកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO’s Information Technology Agreements) ដែលលុបបំបាត់ពន្ធគយលើផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកផ្សេងៗទៀតដើម្បីសម្របសម្រួលការបញ្ជាក់លើផលិតផលអគ្គិសនីនានា។ យ៉ាងណាក៏ដោយកង្វះជំនាញ និងធនធានឌីជីថលដែលរារាំងដល់ការប្រើឧបករណ៍ និងវេទិកាឌីជីថលនៅតែជាឧបសគ្គដ៏ធំដែលដាក់កំហិតសក្តានុពលពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា។ កំណែទម្រង់រចនាសម្ព័ន្ធនិងគោលនយោបាយគឺចាំបាច់ដើម្បីបន្ស៊ីបទប្បញ្ញត្តិក្នុងស្រុកទៅនឹងស្តង់ដារអន្តរជាតិ និងដើម្បីពង្រឹងវិធីសាស្រ្តដែលកាន់តែមានសុវត្ថិភាព និងប្រកបដោយបរិយាបន្នបន្ថែមទៀតសម្រាប់អន្តរកម្មឌីជីថល។

អវត្ដមាននៃច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការការពារទិន្នន័យ នៅតែជាឧបសគ្គផ្លូវច្បាប់ក្នុងការសម្របសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។ លក្ខខណ្ឌតម្រូវក្នុងការចេញអាជ្ញាប័ណ្ណ និងការអនុញ្ញាតសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក បង្កការលំបាកមួយចំនួនដល់ធុរកិច្ចក្នុងស្រុកបើប្រៀបធៀបទៅនឹងប្រតិបត្តិករបរទេស។ ជំនួយសម្រាប់ពាណិជ្ជកម្មអាចជួយកម្ពុជាក្នុងការដោះស្រាយភាពស្មុគស្មាញនៃឌីជីថលភាវូបនីយកម្ម កំណត់និងអនុវត្តន៍វិធានការនានាដើម្បីកែលម្អបរិយាកាសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យមានការចូលរបស់កម្ពុជាជាសមាជិកកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមឌីជីថល។ ជាមួយនឹងការឡើងចេញរបស់កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដែលនឹងមកជាអ្វីដែលប្រទេសកម្ពុជាត្រូវអបអរ។ វាជាសមិទ្ធផលដ៏ធំធេង។ ប៉ុន្តែវានាំមកនូវបញ្ហាប្រឈមក្នុងកម្រិតថ្មីទៀតជាពិសេសភាពស្មុគស្មាញនៃពាណិជ្ជកម្មអន្តរជាតិដែលកម្ពុជាត្រូវដោះស្រាយ៕


ដោយ Gerald Pascua ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច Pramila Crivelli ជាសេដ្ឋវិទូនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ របស់ ADB និង Stefano Inama ជាប្រធានជំនួយបច្ចេកទេសរបស់ UNCTAD


វិភាគអន្តរជាតិ៖ ហេតុអ្វីរុស្ស៉ី ធ្វើជាមិនអើពើនឹងការវាយប្រហារលើទីក្រុងមូស្គូ?

FN | (មូស្គូ)៖ ប្រតិកម្មរបស់រដ្ឋាភិបាលរុស្ស៉ីចំពោះការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងមូស្គូ រួមទាំងការលុកលុយចូលទឹកដីរុស្ស៉ីពីសំណាក់ក្រុមទាហានប៉ារ៉ា ដែលវិមានក្រឹមឡាំងផ្ទាល់ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយ មានភាពស្ងៀមស្ងាត់ និងហាក់ដូចជាមិនមានអ្វីកើតឡើងទាល់តែសោះ។ លោក ពូទីន នៅតែរក្សាភាពស្ងប់ស្ងាត់ រីឯក្រុមមន្ត្រីរបស់លោកគិតតែពីនិយាយពីជោគជ័យឥតឈប់ឈរ។

គេនៅចំាបានថានៅក្នុងជំនួបជាមួយយោធា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ពូទីន បាននិយាយថា «យើងទើបតែចាប់ផ្ដើមប៉ុណ្ណោះ» ដែលនេះមើលទៅ វិមានក្រឹមឡាំងបានដឹងយ៉ាងច្បាស់ពីអ្វីដែលខ្លួនបាន និងកំពុងធ្វើ។ ក្នុងពេលជាមួយគ្នានោះ ក៏មានការជជែកវែកញែកជាច្រើនផងដែរពី «បន្ទាត់ក្រហម» នោះគឺថា តើរុស្ស៉ី ឬលោក ពូទីន មាន «បន្ទាត់ក្រហម» ដែរឬទេ? ខណៈក្រុមមន្ត្រីរុស្ស៉ីបានព្រមានជារឿយៗថាការដើរឆ្លងបន្ទាត់ក្រហមអាចនឹងបង្កទៅជាគ្រោះមហន្តរាយ មិនធ្លាប់មានសម្រាប់មនុស្សជាតិទាំងមូល។

ប៉ុន្តែ ក្រោយការសម្លុតគំរាម ការវាយប្រហារលើរុស្ស៉ី រួមទាំងការបរាជ័យរបស់ទាហានរុស្ស៉ីនៅអ៊ុយក្រែន បានកើតឡើងជាបន្តបន្ទាប់។ ចាប់ផ្ដើមមុនគេដោយការធ្វើ ឃាតកូនស្រីអ្នកជាតិនិយមម្នាក់នៅលើទឹកដីរុស្ស៉ី ការដកថយរបស់កងទ័ពរុស្ស៉ីចេញពីតំបន់ខាកៀវ ការវាយប្រហារបំផ្ទុះគ្រាប់បែកបំផ្លាញស្ពានគ្រីមៀ ការដកថយ ចេញពីទីក្រុង ខឺសុន ព្រមទាំងការវាយប្រហារដោយមីស៊ីលផ្ដាច់ជីវិតទាហានរុស្ស៉ីជាច្រើននាក់ នៅឯមូលដ្ឋានយោធាបណ្ដោះអាសន្នមួយក្នុងទីក្រុង Makiivka។ ភាពអសកម្ម ក្នុងការធ្វើប្រតិកម្មឆ្លើយតបនេះ បានធ្វើឱ្យក្រុមអ្នកវិភាគលោកខាងលិចមួយចំនួនយល់ថាការសម្លុតគំរាមកន្លងមករបស់លោក ពូទីន គ្រាន់តែជា ការកម្លាប៉ុណ្ណោះ រហូតដល់ថ្នាក់ធ្វើឱ្យបណ្ដាប្រទេសលោកខាងលិចដែលធ្លាប់តែភ័យខ្លាច ហ៊ានបញ្ជូនរថក្រោះ និងថែមទាំងយល់ព្រមបញ្ជូនយន្ដហោះចម្បាំង ឱ្យទីក្រុងកៀវទៀតផង ទោះជាមានការព្រមានពីក្រឹមឡាំងក៏ដោយ។

ការវាយប្រហារដោយយន្ដហោះដ្រូនលើសង្កាត់អ្នកមាន ក្នុងទីក្រុងមូស្គូ និងការលុកលុយរបស់ទាហានប៉ារ៉ា ក្នុងតំបន់ Belgorod លើទឹកដីរុស្ស៉ី ត្រូវបានគេមើលឃើញ ថាសុទ្ធតែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិរុស្ស៉ីទាំងមូល។ តែប្រតិកម្មឆ្លើយតបរបស់ទីក្រុងមូស្គូ ចំពោះព្រឹត្តិការណ៍ទាំងនេះមានភាពស្ងប់ស្ងាត់មិនគួរឱ្យជឿ ដូចជាមិនមានរឿងអ្វីកើតឡើងទៅវិញ ដោយក្រុមមន្ត្រីរុស្ស៉ីប្រឹងនិយាយបន្ធូរបន្ថយស្ថានការណ៍ អួតពីជោគជ័យនៃការទប់ស្កាត់ការវាយប្រហារ ដោយមិនឱ្យមានអ្នក ស្លាប់ និងបង្ហាញឱ្យគេគ្រប់គ្នាមើលឃើញថារុស្ស៉ីជាជនរងគ្រោះ។ ចំណែក លោក ពូទីនវិញ ក៏មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈជុំវិញការវាយប្រហារលើទីក្រុងមូស្គូ ភ្លាមៗនោះដែរ រហូតដល់អាជ្ញាធរគ្រប់គ្រងស្ថានការណ៍បាន ទើបលោកចេញមុខនិយាយដោយមិនបង្ហាញការខឹងសម្បារអ្វីទាំងអស់ ដោយគ្រាន់តែថា ការវាយប្រហារ នេះជាការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីបំភិតបំភ័យប្រជាជនរុស្ស៉ី និងចាត់ទុកជាអំពើភេរវកម្ម ខណៈកោតសរសើរពីប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាស។

លើសពីនេះទៅទៀត នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើអ្វីទៅជាផែនការការងារបន្ទាប់របស់លោក ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំងបានឆ្លើយថា «បញ្ហា សេដ្ឋកិច្ច និងការជជែកជាមួយសហគ្រិន ការអប់រំ និងវិស័យដទៃទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ច»។ តាមរយៈការបញ្ចេញកាយវិការហាក់មិនអើពើទៅនឹងការវាយប្រហារលើ ទឹកដីរុស្ស៉ី វិមានក្រឹមឡាំងចង់ផ្ញើសារមួយទៅកាន់ប្រជាជនរុស្ស៉ីថា «លោកប្រធានាធិបតីកំពុងប្រឹងប្រែងធ្វើការ រីឯវិមានក្រឹមឡាំងមិនបានចាត់ទុកការវាយប្រហារគឺជា ភាពអាសន្នមួយនោះទេ»។ នេះមិនមែនជារឿងចៃដន្យទេ តែវាគឺជាតាក់ទិកមួយរបស់លោក ពូទីន ដែលធ្លាប់តែលើកឡើងជាញឹកញាប់ពីការអត់ធ្មត់របស់ប្រជាជនរុស្ស៉ី ការយល់ដឹងរបស់ពួកគេចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការបង្ហាញសាមគ្គីភាពជាមួយការសម្រេចចិត្តទាំងនោះ។ នេះឯងគឺជាគោលការណ៍មួយនៃអន្តរកម្ម រវាងលោក ពូទីន ជាមួយសង្គមរុស្ស៉ី។ បានន័យថាទោះជាការវាយប្រហារនៅពេលអនាគតធ្វើឡើង ក្នុងកម្រិតណានោះទេ ក៏លោក ពូទីន មិនជឿនោះដែរថាវាអាចនឹង បង្កឱ្យប្រជាជនរុស្ស៉ីខឹងសម្បារជាមួយអាជ្ញាធរ។

ផ្ទុយទៅវិញ អ្វីដែលលោក ពូទីនភ័យខ្លាច នោះគឺ «ភាពច្របូកច្របល់»។ ពីព្រោះថាប្រសិនបើប្រជាជនរុស្ស៉ីមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ឡើង នោះអាជ្ញាធរអាចនឹងត្រូវចល័តធនធានបន្ថែមដើម្បីឆ្លើយតប ហើយនេះគឺដើរផ្ទុយពីយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំងដែលចង់រង់ចាំឱកាសល្អមកដល់នៅក្នុង សង្រ្គាមអ៊ុយក្រែន។ ដូច្នេះអ្វីដែលពួកគេអាចធ្វើបាន គឺរក្សាភាពស្ងៀមស្ងាត់ ហើយបើអាចធ្វើបាន បង្ហាញពីបរាជ័យទៅជាជោគជ័យ និងមិនភ័យខ្លាចពីការវាយប្រហារ។ ធ្វើបែបនេះបាន នោះវានឹងមិនចំាបាច់ធ្វើប្រតិកម្ម ឬត្រូវលេសដោះសារនោះឡើយ។

សរុបមកវិញ វាមានហេតុផលសំខាន់៣យ៉ាង ទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាលរុស្ស៉ីចំពោះការវាយប្រហារដោយន្ដហោះដ្រូនលើទីក្រុងមូស្គូ។ ទីមួយ៖ នោះគឺ ជំនឿចិត្តយ៉ាងមុតមាំរបស់លោក ពូទីន ចំពោះការអត់ធ្មត់របស់ប្រជាជនរុស្ស៉ី, ទី២៖ ការតាំងចិត្តរបស់អាជ្ញាធរបង្ហាញពីជោគជ័យ និងទី៣៖ នោះគឺវាអាចមកពី ការត្រៀមលក្ខណៈមិនបានល្អក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបៀបនេះ។ នៅក្នុងប្រព័ន្ធរុស្ស៉ី ការនៅស្ងៀម វាល្អប្រសើរជាងការបង្ហាញឱ្យគេឃើញ ពីភាពទន់ខ្សោយ។ ប៉ុន្តែ បញ្ហានៅត្រង់ថាតាក់ទិកបែបនេះគឺមានដែនកំណត់របស់វា ដ្បិតប្រជាជនរុស្ស៉ីចង់ឃើញពីរឹងមាំនៃមេដឹកនាំរបស់ពួកគេ តែសព្វថ្ងៃមេដឹកនាំ របស់ពួកគេបែរជាមើលទៅហាក់ដូចជាទន់ខ្សោយ និងច្របូកច្របល់ទៅវិញ៕


ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យ លោក អ៊ូ ច័ន្ទឫទ្ធ និងលោក ទុំ ប៊ុនថន តាមសំណើទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោសឲ្យ លោក អ៊ូ ច័ន្ទឫទ្ធ និងលោក ទុំ ប៊ុនថន តាមសំណើទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងព្រះរាជក្រឹត្យបានសរសេរថា លើកលែងទោសឱ្យទណ្ឌិតចំនួន ២រូប ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

២-ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ "ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖