សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យស្ថាប័នឯករាជ្យទាំងអស់ដែលចាយថវិកាជាតិ ត្រូវចូលរួមពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំគម្រោងថវិកាសំរាប់ចំណាយប្រចាំឆ្នាំ របស់ស្ថាប័នខ្លួនឲ្យមានសុគតិភាព និងដើម្បីសម្រាលបន្ទុករាជរដ្ឋាភិបាល ដែលជាអ្នកស្វែងរកចំណូល។
ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៤ ស្តីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ សុខាភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥នេះ។
សម្តេចតេជោបានលើកឡើងថា «អ្វីដែលជាចំណោទបញ្ហានៅពេលនេះ សូមឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយស្ថាប័នឯករាជ្យដ៏ទៃទៀត ដូចជារដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ សវនកម្ម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ល។ ឥឡូវនេះវាលំបាកសំរាប់យើងដោយផ្អែកទៅលើគោលការណ៍ឯករាជ្យ ដូច្នេះគាត់កំណត់ប្រាក់ខែខ្លួនឯងស្រេចតែចិត្ត ចំណាយស្រេចតែចិត្ត តើរាជរដ្ឋាភិបាលរកលុយឲ្យនៅឯណា? ដូច្នេះត្រូវចរចារគ្នាឡើងវិញ។»
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ចំពោះស្ថាប័នឯករាជ្យទាំងអស់ សូមកុំផ្អែកតែលើបញ្ហាឯករាជ្យ សូមមេត្តាកំណត់គម្រោងថវិកាជាមុន មុននឹងចំណាយ ហើយគួរមានការចរចារគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា « ការធ្វើតាមចិត្តគឺវាអត់មានសុគតិភាព ជាមួយមន្ត្រីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធដែលនៅក្រោមនីតិបញ្ញតិ្ត ហើយវាក៏អត់មានសុគតិភាពរវាងស្ថាប័ន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។»
នៅក្នុងបញ្ហានេះដែរ ចំពោះការជ្រើសរើសបុគ្គលិក និងមន្រី្តដែលបំរើការងារនៅក្នុងស្ថាប័នឯករាជ្យទាំងអស់ ក៏ជាបញ្ហាចោទមួយដែរ ដូច្នេះសម្តេច សូមធ្វើការអំពាវនាវឲ្យមានការពិភាក្សាគ្នាលើបញ្ហានេះ ដើម្បីធានាសុគតិភាព។ សម្តេចតេជោសង្កត់ធ្ងន់ថា «បញ្ហាបុគ្គលិកដ៏ជាបញ្ហាមួយដែរ បើមន្ត្រីនៅរដ្ឋសភា និងព្រឹទ្ធសភាប្រាក់ខែខ្ពស់ណាស់ទៅហើយ ជ្រើសរើសបុគ្គលិកទៅតាមភាពឯករាជ្យរបស់គាត់ គឺរើសបន្ថែមកាន់តែច្រើន វាជាការបន្ថែមបន្ទុកចំណាយទៅលើថវិកាជាតិថែមទៀត ដែលរាជរដ្ឋាភិបាលពិបាកប៉ាន់ស្មានទៅលើស្ថាប័នទាំងនោះបើសិនជាស្ថាប័នទាំងអស់ពង្រីកទំហំចំណាយតាមចិត្តចង់។»
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរថា គួរចរចារគ្នាឲ្យច្បាស់ថា ក្នុង១ឆ្នាំត្រូវចាយប៉ុន្មាន ដើម្បីគ្រោងទុកនៅក្នុងច្បាប់ថវិកាជាតិ ដូចជាការចំណាយប្រក្រតីរបស់ខ្លូនទៅលើប្រាក់បៀវត្ស រឺការងារផ្សេងៗក្នុង១ឆ្នាំប៉ុន្មាន? នេះជាការធ្វើគណនេយ្យភាពឲ្យមានសុគតិភាពជាមួយគ្នា។ដោយឡែកចំពោះខ្ទង់ចំណាយរបស់រាជរដ្ឋាភិបាល សម្តេចតេជោ បានពន្យល់ថា រាជរដ្ឋាភិបាលមិនមែនអនុម័តដោយចិត្តឯងទេ គឺយកទៅឲ្យសភាអនុម័ត បើសភាអនុម័តហើយឲ្យប៉ុន្មាន គឺរាជរដ្ឋាភិបាលចាយប៉ុណ្ណឹង ដូច្នេះសម្តេចសូមអំពាវនាវហើយអំពាវនាវទៀតចំពោះស្ថាប័នឯករាជ្យទាំងអស់ ទាំងនីតិបញ្ញតិ្ត ទាំងរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត អង្គភាពសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែមានការពិភាក្សាអំពីកំរិតបៀរវត្សមន្ត្រី និងការចំណាយនានា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីដាក់ឆ្លងជាកញ្ចប់ថវិកាសំរាប់ការចំណាយទូទៅរបស់រដ្ឋសំរាប់ឆ្នាំនីមួយៗ៕
អត្ថបទ៖ ច័ន្ទ ទេវី