(ញូវយ៉ក)៖ វិបត្តិភូមិសាស្ត្រនយោបាយថ្មីមួយ បាន និងកំពុងដរចេញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងការប្រជែងដណ្ដើមឥទ្ធិពលយ៉ាងស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន ហើយឥលូវនេះបូកបន្ថែមវិបត្តិមួយទៀតដែលកាន់តែនៅជិតបង្កើយ នោះគឺ កូរ៉េខាងជើង។ អស់រយៈពេលជាង៣ឆ្នាំ បន្ទាប់ពីផ្អាកការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីលឥតល្ហែ ដែលធ្វើឱ្យ ក្រុមមន្ត្រីចារកម្មអាមេរិកព្រមានថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៧ ក្នុងពេលអនាគតដ៏ខ្លី ឬអាចមុននឹងការបោះឆ្នោតពាក់កណ្ដាល អាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។
បើគេនៅចំាមិនភ្លេចទេ កាលពីជាង៥ឆ្នាំមុន ពិភពលោកបានប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរម្ដងរួចមកហើយ នៅពេលដែលលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមកម្ទេចគ្នាទៅវិញទៅមកតាមរយៈការអួតពី «ប៊ូតុងនុយក្លេអ៊ែរ»។ ការសម្លុតគ្នានេះ បានស្ងប់ស្ងាត់ទៅវិញក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុនបានជួបគ្នានៅសិង្ហបុរី និងវៀតណាម។ ក្រោយបរាជ័យនៅហាណូយ ក្នុងកិច្ចប្រជុំកំពូល ជាមួយលោក ត្រាំ កាលពីឆ្នាំ២០១៩ លោក គីម បានត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងវិញ ហើយមួយរយៈក្រោយមក លោកបានសម្រេចចិត្តបិទខ្ទប់កូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងមិនត្រូវបានបិទខ្ទប់នោះទេ ហើយបែរជា កាន់តែរីកចម្រើនទៅមុខថែមទៀត។
លោក គីម ជុងអ៊ុន បានបង្ហើបពីបំណងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងពេលជាមួយគ្នាដែលលោកបានចាប់ផ្ដើមយុទ្ធនាការទូតកាលពីដើមឆ្នាំ២០១៨ និងបានធ្វើ តាមពាក្យសន្យារបស់លោកពិតមែន ដោយកូរ៉េខាងជើង សព្វថ្ងៃត្រូវបានគេវាយតម្លៃថាមានអាវុធនុយក្លេអ៊ែរ ៥០គ្រាប់។ ក្នុងឆ្នាំ២០២០ ភ្លាមៗក្រោយការធ្វើតេស្ដ បាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក លោក គីម បានសម្ញែងមីស៊ីលផ្លោងរយៈចម្ងាយដ៏ធំសម្បើម នៅឯព្យុហយាត្រាយោធាមួយនៅពេលយប់។ នៅឆ្នាំ២០២១ ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិកបានរាយការណ៍ថាកូរ៉េខាងជើងបានចាប់ផ្ដើមឡើងវិញនូវការចម្រាញ់សារធាតុផ្លុយតូញ៉ូម និងមានរយៈខ្លី ក្រោមមកទៀត ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ និងមីស៊ីលល្បឿនលឿនជាងសំឡេងមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ។
មកទល់នឹងបច្ចុប្បន្ន ពោលគឺក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានបាញ់តេស្ដមីស៊ីលផ្លោងជាង ៤០គ្រាប់ ក្នុងនោះរួមមានទាំងកំឡុងដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃកញ្ញាកន្លងទៅ ដោយមានមីស៊ីលមួយគ្រាប់ ហោះរំលងប្រទេសជប៉ុនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។ មិនតែប៉ុណ្ណោះ របបដឹកនាំលោក គីម បានចម្រាញ់សារធាតុផ្លុយតូញ៉ូមឡើងវិញនៅឯ រោងចក្រ យ៉ុងប៊ីយុន (Yongbyon) រីឯរូបភាពផ្កាយរណបពីក្រុមហ៊ុនអាមេរិកជាច្រើនបង្ហាញពីសកម្មភាពសាងសង់នៅឯរោងចក្រ ផុងហ្គេរី (Punggye-ri) ដែលនេះជាសញ្ញានៃការត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៧។
ពិតមែនទៅ តាំងពីជំនាន់លោក គីម ជុងអ៉ីល (ឪពុករបស់លោក គីម ជុងអ៊ុន) រហូតមកដល់ជំនាន់លោក គីម ជុងអ៊ុន កូរ៉េខាងជើងមិនដែលមានគំនិតចង់បោះ បង់ចោលអាវុធនុយក្លេអ៊ែរម្ដងណាឡើយ បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានពេលខ្លះដាក់សម្ពាធផង និងលួងលោមជាមួយសម្បទានសេដ្ឋកិច្ច ក៏ដោយ។ មួយវិញទៀត នៅក្នុងជំនាន់លោក គីម ជុងអ៊ុនតែម្ដង ទីក្រុងព្យុងយ៉ាងបានប្រកាសជាសាធារណៈថាខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ជាដាច់ខាតនៅក្នុងច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យកងទ័ពកូរ៉េខាងជើង ប្រើអាវុធនុយក្លេអ៊ែរវាយប្រហារលើប្រទេសណាមួយដែលព្យាយាមផ្ដួលរំលំរបបដឹកនាំ របស់លោក គីម។
បើតាមក្រុមអ្នកជំនាញ ការប្រកាន់យកអាកប្បកិរិយាបែបនេះគឺលោក គីម កំពុងចង់បង្ហាញប្រាប់ពិភពលោកថាកូរ៉េខាងជើងគឺជារដ្ឋអាវុធនុយក្លេអ៊ែរ ហើយមិនយូរ មិនឆាប់ លោកអាចនឹងអំពាវនាវឱ្យមានកិច្ចចរចាស្ដីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក សំដៅឱ្យគេគ្រប់គ្នាដឹងថាកូរ៉េខាងជើង គឺជារដ្ឋអាវុធនុយក្លេអ៊ែរប្រកបដោយហេតុផល មិនមែនជារដ្ឋបំផ្លាញសន្តិភាពនោះទេ។ ជាងនេះទៅទៀត លោក គីម ក៏នឹងបន្តទាញយកប្រយោជន៍ពីទំនាក់ទំនង ប្រេះឆារវាងសហរដ្ឋអាមេរិកជាមួយចិន និងរុស្ស៉ីផងដែរ។ ដ្បិត តាមរយៈសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងលោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងចាត់ទុក អាមេរិក និងលោកខាងលិចជាសត្រូវរួម ច្បាស់ណាស់វាបានផ្ដល់ការធានាមួយដល់លោក គីម ថាទាំងចិន និងរុស្ស៉ីនឹងមិនចូលដៃជាមួយលោកខាងលិច ដើម្បី គ្រប់គ្រង ឬដាក់សម្ពាធ ឬក៏ដាក់ទណ្ឌកម្មណាមួយលើកូរ៉េខាងជើងនោះឡើយ។ គួបផ្សំនឹងការសម្រេចចិត្តខ្ទប់ដំណោះស្រាយ UN ប្រឆាំងកូរ៉េខាងជើងពីសំណាក់ ចិន និងរុស្ស៉ី លោក គីម ជុងអ៊ុន នឹងកាន់តែប្រឹងពង្រីកមហិច្ឆតាអាវុធនុយក្លេអ៊ែរ។
ជាគោលការណ៍ ទាំងចិន និងរុស្ស៉ីសុទ្ធតែប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយជាពិសេសមេដឹកនាំចិន ក៏ធ្លាប់បានបង្ហាញការមិនពេញចិត្តដែរ ចំពោះការធ្វើតេស្ដអាវុធនុយក្លេអ៊ែនាពេលកន្លងមក ដ្បិតបារម្ភខ្លាចថាបើមានកំហុសឆ្គងណាមួយ សារធាតុវិទ្យុសកម្មអាចនឹងសាយភាយឆ្លងដែនចូលមកក្នុង ទឹកដីចិន។ តែទោះជាបែបនេះក្ដី លោក គីម ជុងអ៊ុន ដឹងយ៉ាងច្បាស់ថាចិន និងរុស្ស៉ីប្រាកដជាមិនថាអីនោះទេ ព្រោះថាការបង្ករឿងរបស់កូរ៉េខាងជើងក៏អាចជា ប្រយោជន៍សម្រាប់ប៉េកាំង និងមូស្គូដែរ នោះគឺការបង្វែរចំណាប់អារម្មរបស់សហរដ្ឋអាមេរិកចេញពីសំណុំរឿងតៃវ៉ាន់ និងសង្រ្គាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែអ្វីដែល គួរឱ្យភ័យខ្លាច នោះគឺភាពតានតឹងជាមួយកូរ៉េខាងជើង វាជារឿងគ្រោះថ្នាក់បំផុត ដោយវោហាសាស្ត្រសម្លុតគំរាមអាចនឹងក្លាយជាការពិតគ្រប់ពេលវេលា៕ ដោយៈ Fresh News