វិបត្តិផ្ទៃក្នុងនៃការបែកបាក់ក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិ គឺវាបានកើតមានរួចទៅហើយ។ ស្ថានភាពសព្វថ្ងៃនេះ ប្រៀបដូច « ជម្ងឺមហារីកកំរិតធ្ងន់ធ្ងរបំផុតក្នុង CNRP » ដែលគ្មានគ្រូពេទ្យជំនាញណាអាចព្យាបាល ឲ្យជាសះស្បើយវិញបានឡើយ គឺជម្ងឺដណ្តើមតួឯករវាងលោក កឹម សុខា ដែលកំពុងលេចធ្លោរក្នុងបក្ស ជាមួយទណ្ឌិត សម រង្ស៊ី ដែលកំពុងលិចលង់ និងស្តារលែងបាន។
បើទោះបីជាមេបក្ស និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សប្រឆាំងមួយនេះខិតខំបិទបាំង និងជួយលាក់បំពួននូវភាពប្រេះឆារបស់ពួកខ្លួន ដូចឆ្នាំងដីធ្លាក់បែកខ្ទេចទៅហើយនេះ បន្លំថាជា ឆ្នាំងល្អក្តី ប៉ុន្តែ រូបភាពនៃការចាប់ដៃគ្នាលើកឡើងលើ គឺគ្រាន់តែជាល្បែងថ្ពិនភ្នែកគេប៉ុណ្ណោះ។ ជាក់ស្តែង លោក សម រង្ស៊ី មកដល់ម៉ោងនេះ គាត់មិនហ៊ានទាំងវិលចូលស្រុកវិញផង តើមានឱកាសយ៉ាងម៉េចនឹងចាប់ដៃមែនទែនជាមួយលោក កឹម សុខា ទៅកើតនោះ ។
បក្សសង្គ្រោះជាតិទាំងមូលបាននិងកំពុងដឹកនាំដោយលោក កឹម សុខា។ ម៉្យាងវិញទៀត តម្លៃខ្លួនរបស់លោក កឹម សុខា នៅពេលនេះកំពុងមានយីអ៊ុនខ្ពស់យ៉ាងហ្នឹង ដូច្នេះ លោក កឹម សុខា គាត់នឹងមិនទៅយកដៃរបស់គាត់ប្រឡាក់ប្រឡូស ចាប់កាន់របស់មិនស្អាត ( សំដៅចាប់ដៃចង្រៃរបស់ សម រង្ស៊ី ) ទៀតនោះទេ បើមិនស្រួលអាចនាំឲ្យគាត់ស៊យ វិលទៅរកភាពមានទោសទណ្ឌ ឬជាប់គុកម្តងទៀតក៏ថាបាន ព្រោះបណ្តឹងរបស់កញ្ញាធីសុវណ្ណថានិងបណ្តឹងរបស់ ខុម ចាន់តារាទីហៅស្រីមុំកំពុងស្ថិតនៅក្នុងនិតិវិធីរបស់តុលាការនៅឡើយឬមួយក៏អាចមានពាក្យបណ្តឹងថ្មីៗកំរើកឡើងវិញផងក៏ស្មានមិនត្រូវ។ លោក កឹម សុខា ត្រូវខំដើរទៅមុខ ទាំងសម្របខ្លួនជាមួយលោក ហ៊ុន សែន ដែលមានគុណមិនអាចកាត់ថ្លៃបានចំពោះខ្លួនផង និងថ្នមចិត្តមេបក្សផង ដើម្បីបង្ហាញពីការរក្សាជំហរខ្លួនឯងថា ពិតជាមិនងាករេពីបក្ស ឬមិនក៏លក់ខួរខ្លួនឲ្យបក្សកាន់អំណាចជាដើម។
ប៉ុន្តែ ការរៀបចំរឹកពារយ៉ាងណានោះ រឿងនេះ ទុកលទ្ធភាពឲ្យលោក កឹម សុខាសម្រេចចិត្តដោយខ្លួនឯងទៅចុះ! តើលោក កឹម សុខា ត្រូវប្រញាប់ដើរទៅមុខទៀតដោយយុទ្ធសាស្ត្រ និងគួរខំពង្រឹងពង្រីកឥទ្ធិពលរបស់ខ្លួនដោយប្រមូលកម្លាំងជើងក្រោមគាំទ្រគាត់ឲ្យខ្លាំងខ្លាក្រោយពេលរួចពីចំណង ឬមួយក៏គាត់សុខចិត្តវិលទៅរកផ្លូវចាស់ ចងជើងខ្លួនឯង និងរងសម្ពាធពីលោក សម រង្ស៊ី ?
មេរៀនពីអតីតកាល ហាក់ដូចជានៅថ្មីៗតាមលងបន្លាចលោក កឹម សុខា នៅឡើយទេ។ ពីមុន លោក កឹម សុខា កាលនៅដឹកនាំគណបក្សសិទ្ធិមនុស្ស ត្រូវបានលោក សម រង្ស៊ី បន្ទាបបន្ថោក វាយប្រហារយ៉ាងខ្លាំងថា ជាគណបក្សតូចតាច ដូចឃ្លោកប្រហោងក្នុង គ្មានបានការ បែរជាចង់ចាប់ដៃជាមួយគណបក្ស សម រង្ស៊ី។ កាលណោះ គេដឹងថា លោក កឹម សុខា បានខាំមាត់សង្កត់ចិត្ត ឱនក្បាលចុះ រហូតបានក្លាយជាសម្ព័ន្ធភាពគណបក្សរវាង បក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី ហើយក៏បង្កើតបានគណបក្សសង្គ្រោះជាតិមកដល់សព្វថ្ងៃ។
ឥឡូវនេះ លោក កឹម សុខា ដឹងច្បាស់ណាស់ថា លោកប្រធានបក្សរបស់គាត់ «បាក់ធ្មង់ហើយបាក់ឆ្អឹងខ្នងទៀត»! ខ្លាដែលធ្លាប់តែស្រែកគំរាមស៊ីសាច់គាត់ ភាពផ្តាច់ការអត្តនោម័ត បក្ខពួកនិយម គ្រួសារនិយមក្នុងបក្ស លោកប្រធានគាត់ពេលនេះត្រូវបានគេកាច់បំបាក់ចង្កូមអស់ហើយ ដោយអំណាចផ្លូវច្បាប់ និងបទល្មើសជាច្រើនដែលខ្លានោះព្រហើន ហើយបានដើរចូលអន្ទាក់ដោយខ្លួនឯង។ ការបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី គ្មានអ្នកណារៀបចំឲ្យគាត់នោះទេ គឺលោក សម រង្ស៊ី គាត់មិនចេះប្រើឱកាស និងរក្សាឱកាសរបស់គាត់ ដើម្បីការពារអំណាចរបស់គាត់ក្នុងបក្សខ្លួនឯង។ លោក សម រង្ស៊ី បានដើរខុសផ្លូវ ដោយសារមហិច្ឆតា ឈ្នានីសដោយកំហឹង គំនុំ និងការសងសឹក ។ លោក សម រង្ស៊ី បានក្បត់ដៃគូសន្ទនាដ៏ល្អរបស់គាត់ដែលធ្លាប់បានអនុគ្រោះឲ្យគាត់បានចូលស្រុក និងបានធ្វើនយោបាយឡើងវិញ។ ប៉ុន្តែ ភាពរមិលគុណរបស់ សម រង្ស៊ី និងចរិតវាយប្រហារ ចោទប្រកាន់ម្តងហើយម្តងទៀតរបស់ សម រង្ស៊ី ទៅលើបុរសខ្លាំង ហ៊ុន សែន រួមផ្សំជាមួយការបង្កើតកំហុសបំពានផ្លូវច្បាប់ផ្ទួនៗ បាននាំឲ្យទណ្ឌិត សម រង្ស៊ី អស់ផ្លូវដើរ និងបានហុចឱកាសមាសនេះ ជូនទៅលោក កឹម សុខាវិញម្តង។
ថ្មីៗនេះ សារជាបន្តបន្ទាប់របស់លោក សម រង្ស៊ី ដែលបានបង្ហោះផ្សាយ ហាក់ដូចជាគាត់មានជម្ងឺ «វិកលចរិត» ឬក៏ប្រៀបបានដូចជាបទចម្រៀងដដែលៗ គ្មានន័យ គ្មានខ្លឹមសារ និងគ្មានអ្នកចង់តាមដានស្តាប់ទៀតទេ។ ពិតមែនតែជាពាក្យអស់សំណើចរបស់អ្នកអានជាទូទៅ ដែលបានឃើញក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកសរសេរចុះផ្សាយសម្តីដែលលោក សម រង្ស៊ី និយាយទាំងកំហឹងថា តំណែងសម្រាប់គាត់មិនសំខាន់យ៉ាងណាក្តី! តែអ្នកអាន គេយល់ថា តំណែងមិនសំខាន់ក៏ពិតមែន ប៉ុន្តែ អ្វីដែលសំខាន់នៅពេលនេះ គឺ សម រង្ស៊ី គ្មានតំណែងអ្វីទាំងអស់ ។ ឥទ្ធិពលគ្រប់យ៉ាងកំពុងក្តោបក្តាប់ដោយលោក កឹម សុខា ទាំងតំណែងប្រធានមតិភាគតិចក្នុងរដ្ឋសភា និងប្រធានគណបក្សសង្គ្រោះជាតិ។ ហើយបើលោក កឹម សុខា មិនមានតំណែងនេះទេ ក៏មិនអាចធ្វើជាដៃគូសន្ទនាជាមួយលោក ហ៊ុន សែនបានដែរ។ លោក កឹម សុខា នឹងមិនអាចប្រកែកបានឡើយ ដាច់ខាតត្រូវតែញញឹមទទួលយក គឺបានទាំងការលើកលែងទោសហើយ បានទាំងតំណែងខ្ពស់ទៀត មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
អ្នកតាមដាននយោបាយក្នុងស្រុកកំពុងផ្តោតជាសំខាន់ និងចង់ដឹងថា តើលោក កឹម សុខា មានផែនការធ្វើខ្លះដើម្បីដឹកនាំ និងលើកជ្រោងកិត្តិយសរបស់បក្សសង្គ្រោះជាតិទៅអនាគត? ហើយគេបាននិងកំពុងរង់ចាំមើលទៀតថា លោក កឹម សុខា នឹងចាប់ផ្តើមពីចំណុចណា លើកបញ្ហាអ្វីជាអាទិភាពក្នុងការជជែកគ្នាក្នុងភាពជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន? ក្តីសង្ឃឹមចុងក្រោយរបស់បក្សប្រឆាំងមួយនេះ គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់លោក កឹម សុខា តែប៉ុណ្ណោះ។ តើលោក កឹម សុខា គាត់សុខចិត្តឲ្យរថយន្តមួយដែលគាត់កំពុងបញ្ជាផ្ទាល់ កាន់ចង្កូតខ្លួនឯង បើកទៅមុខដោយសុវត្ថិភាព ឬមួយក៏គាត់នៅតែឲ្យលោក សម រង្សី ទាញចង្កូតម្ខាងទម្លាក់ជ្រោះ?
សកម្មជនជើងក្រោមទាំងអស់ គេបាននាំគ្នាបំភ្លេចលោក សម រង្ស៊ីហើយៗក៏ពួកគាត់មិនអាចផ្ញើជោគវាសនា និងក្តីសង្ឃឹមជាមួយទណ្ឌិត សម រង្ស៊ី បានទៀតឡើយ ដោយសារ សម រង្ស៊ី កំពុងស្ថិតនៅលេខ «សូន្យ » តាមរយៈយុទ្ធសាស្ត្រច្រំដែលៗរបស់គាត់ គឺការនិរទ្ទេសខ្លួននៅបរទេសពេលខ្លួនមានទោស ឬបើនិយាយអោយងាយស្តាប់ គឺការរត់យកប្រាស់អាយុពេលខ្លួនមានអាសន្ន។
ផ្ទុយទៅវិញ ប្រភពផ្ទៃក្នុងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្សបានឲ្យដឹងថា លោក កឹម សុខា បាននិងកំពុងប្រឹងប្រែងបំផុតដើម្បីប្រមូលកម្លាំងតាំងពីលើដល់ក្រោម និងចាប់យកមនុស្សសំខាន់ៗក្នុងកូតា សម រង្ស៊ី ឲ្យនៅក្បែរខ្លួនគាត់។ មិនត្រឹមតែប៉ុណ្ណោះ លោក កឹម សុខា ហាក់ធ្វើមិនដឹងមិនឮអ្វីទាំងអស់នូវរាល់ការបង្ហោះផ្សាយសាររបស់លោក សម រង្ស៊ី។ ត្រង់ចំណុចនេះ បានធ្វើឲ្យគេយល់ថា ក្នុងតំណាក់កាលចាប់ពីពេលនេះ ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ បេក្ខជននាយករដ្ឋមន្ត្រី នឹងជាលោក កឹម សុខា ហើយបេក្ខជនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ភាគច្រើនលើសលុប គឺពិតជាមនុស្សនៃកូតាគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា។
បើទោះជាអាចនឹងកើតមាននូវប្រតិកម្មពីមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតខាងកូតាលោក សម រង្ស៊ីក្តី ប៉ុន្តែ ស្ថានភាពនេះ ពិបាកនឹងឲ្យបក្សសិទ្ធិមនុស្ស និងបក្សសម រង្ស៊ី រៀបចំកម្លាំងឲ្យមានតុល្យភាពគ្នាបានឡើយ។ ការទាមទារតំណែង តួនាទី និងឥទ្ធិពលក្នុងបក្សរវាងក្រុមទាំងពីរ វានឹងអាចកើតមានជាការផ្ទុះឡើងនូវបញ្ហាប្រឈមខ្លាំងនៅពេលរៀបចំសមាសភាពជាផ្លូវការ។ វិបត្តិនេះ ជាជម្ងឺក្នុងបក្សសង្គ្រោះជាតិខ្លួនឯង និងការប្រជែងឥទ្ធិពលរវាងលោក កឹម សុខា និងសម រង្ស៊ី ដែលការបែកបាក់គ្នាកើតមានឡើងណាមួយ មិនមែនដោយសារការបំបែកពីបក្សកាន់អំណាចនោះទេ ប៉ុន្តែផ្ទុយទៅវិញស្នាមរបួសពីអតីកាល និងការបាត់ទំនុកចិត្តទាំងស្រុងចំពោះប្រធានបក្ស បានធ្វើឲ្យសកម្មជនបក្សប្រឆាំងនេះទាំងមូលសម្រេចចិត្តដើរចេញពី សម រង្ស៊ី និងត្រូវតែងាកមកគាំទ្រលោក កឹម សុខា និងមនុស្សមួយចំនួនទៀតអាចនឹងទៅចូលរួមជាមួយគណបក្សដទៃ។
រលកយក្ស ស៊ូណាមិ អាចនឹងកើតមានក្នុងគណបក្សប្រឆាំងដោយសារវិបត្តិផ្ទៃក្នុងដោះស្រាយមិនរួច។ រឿងរ៉ាវជាច្រើនទៀតនឹងលេចចេញជាសញ្ញាសង្ស័យគ្នាកាន់តែខ្លាំងឡើងៗ ខណៈលោក កឹម សុខា បានដើរតាមផ្លូវខ្លួនឯង ពីព្រោះផ្លូវចាស់របស់ សម រង្ស៊ី គឺជាឧបសគ្គខ្លាំង ស្ទើរតែសម្លាប់នយោបាយទាំងរូបលោក កឹម សុខា ខ្លួនឯងផងដែរ។
ដូច្នេះ ម៉ោងនេះ បើទោះបីជា កឹម សុខា និងសម រង្ស៊ី បង្ហាញរូបភាពចាប់ដៃគ្នាស្អិតរមួតក៏ពិតមែន ប៉ុន្តែ រូបភាពទាំងនេះ ប្រៀបបាននឹងឆាកល្ខោនថ្ពិនភ្នែក ឬវាគ្រាន់តែជាការបង្វែរសាច់រឿង បំភ័ន្តមហាជនតែប៉ុណ្ណោះហើយធាតុពិតនៃស្ថានភាពរបស់បក្សសង្គ្រោះជាតិបច្ចុប្បន្ន គឺកំពុងស្ថិតក្នុងតំណាក់កាល « នឹងលើរង្គើក្រោម» ឬ «រឹងលើរង្គើក្រោម»៕
អត្ថបទ៖បណ្ឌិត ឌីន អាន់ដ្រា