Tuesday, July 18, 2023

លិខិតមិត្តអ្នកអាន៖ តួនាទីរបស់ Facebook នៅក្នុងនយោបាយរបស់កម្ពុជា!

 


ប្រជាជនកម្ពុជាភាគច្រើនចាប់ផ្តើមស្គាល់ Facebook នៅចុងទសវត្សរ៍ឆ្នាំ ២០០០។ កាលនោះ យើងប្រើ Facebook ដើម្បីតែភ្ជាប់ទំនាក់ទំនងជាមួយញាតិមិត្ត ប៉ុណ្ណោះ ។

ទាល់តែដល់ការបោះឆ្នោតឆ្នាំ ២០១៣ ទើបយើងចាប់ផ្តើមមើលឃើញ Facebook ត្រូវ បានគេប្រើក្នុងទិដ្ឋភាពនយោបាយ ។ វាមិនហួសហេតុទេក្នុងការនិយាយថា Facebook គឺជាឧបករណ៍នយោបាយដ៏សំខាន់ក្នុងការជំរុញឱ្យគណបក្សប្រឆាំងទទួលបាន ជោគជ័យមិនធ្លាប់មាន ដោយទទួលបានអាសនៈរហូតដល់ ៥៥ នៅក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។ គណបក្សប្រឆាំងក៏បានប្រើប្រាស់ Facebook ដើម្បីកៀរគរប្រជាជនឱ្យចូលរួមក្នុងការតវ៉ាដ៏ធំដែលមិនធ្លាប់មានពីមុនមកដែរ នៅក្នុងខែធ្នូ ឆ្នាំ២០១៣។ ការតវ៉ានេះបានប្តូរទៅជាហិង្សានៅក្នុងខែមករា ឆ្នាំ២០១៤ នៅពេលដែលបាតុករបានចាប់ផ្តើម សកម្មភាពបំផ្លិចបំផ្លាញ ដែលទង្វើនេះ ក្រោយមកត្រូវបានបង្រ្កាបដោយអាជ្ញាធរ ។

សម្រាប់បក្សប្រឆាំងព្រឹត្តិការណ៍ទាំងប៉ុន្មាននេះ ប៊ិះនឹងនាំឱ្យពួកគេផ្តួលរំលំរាជរដ្ឋាភិបាល ហើយឡើងកាន់អំណាច។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ ព្រឹត្តិការណ៍ទាំងនេះប៊ិះនឹងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ ពេលនោះហើយដែលគណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួន និងចាប់ផ្តើមស្គាល់ពីគ្រោះថ្នាក់នៃ បដិវត្តន៍ពណ៌ ដែលពាក្យនេះនៅកម្ពុជាមិនទាន់ធ្លាប់ឭពីមុនមកទេ ។

យើងក៏អាចមើលឃើញនូវព្រឹត្តិការណ៍នយោបាយស្រដៀងគ្នានេះ កើតឡើងនៅលើ ពិភពលោក ក្នុងអំឡុងឆ្នាំ២០១១-២០១២ នៅពេលដែលបដិវត្តន៍ពណ៌បានផ្ទុះឡើងនៅពិភពអារ៉ាប់ ដែលគេហៅឈ្មោះ ថា “រដូវផ្ការីកក្នុងពិភព អារ៉ាប់”។ តួយ៉ាងដូចជានៅប្រទេសទុយនេស៊ី (បដិវត្តផ្កាម្លិះ) នៅអេហ្ស៊ីប លីប៊ី ស៊ីរី និងយេម៉ែនជាដើម ។ មាន ឯកសារស្រាវជ្រាវដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ Facebook ក្នុងការជំរុញបដិវត្តន៍ ពណ៌ទាំងនេះ។

យើងដឹងហើយថា លទ្ធផលនៃបដិវត្តន៍ពណ៌ ឬ “រដូវផ្ការីកក្នុងពិភពអារ៉ាប់” គឺគ្មានអ្វីក្រៅពីសោកនាដកម្ម និងវិបត្តិគ្មានទីបញ្ចប់នោះឡើយ ។ ដំបូងគេចាប់ផ្ដើមឡើងជាបាតុកម្ម អហិង្សា ដែលតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ក្រោយមក វាតែងតែបានប្រែក្លាយ ទៅជាហិង្សាជានិច្ច ហើយព្រឹត្តិការណ៍ទាំងនោះបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល ដូចជានៅលីប៊ី ស៊ីរី និង យេម៉ែន ជាដើម ដែលបានសម្លាប់ជីវិតប្រជាជន រាប់លាននាក់ និងធ្វើឱ្យប្រជាជនរាប់លាននាក់បាត់បង់ទីជម្រក ហើយក្លាយជាជនភៀសខ្លួន ទាំងក្នុងនិងក្រៅប្រទេស ។ ប្រទេស ទុយនីស៊ីវិញ បានបាត់បង់ស្ថិរភាពទាំងស្រុង ។ ទុយនីស៊ីមានរដ្ឋាភិបាលរហូតដល់ទៅ ១២ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ អ្នកខ្លះបានចោទសួរថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំចាប់តាំងពី “រដូវផ្ការីកក្នុងពិភពអារ៉ាប់” ហេតុអ្វីបានជាប្រទេសដែលតស៊ូដើម្បីសេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ បែរជានៅកាន់តែឆ្ងាយពីប្រជាធិបតេយ្យទៅវិញ?

អំពើហឹង្សានៅកម្ពុជា នៅក្នុងឆ្នាំ ២០១៣-២០១៤ បានផ្តល់មេរៀនដ៏ធំដល់គណបក្សប្រជាជនកម្ពុជាទាក់ទងនឹងយុទ្ធសាស្ត្រទំនាក់ទំនងនយោបាយ ។ គណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួនថា ខ្លួនបានទុកលំហ Facebook ឱ្យបក្សប្រឆាំងគ្រប់គ្រងផ្តាច់មុខ ហើយមិន អើពើនឹងលំហនេះយូរពេក ។ គណបក្សប្រជាជនកម្ពុជាជាអ្នកប្រើប្រាស់ Facebook ក្រោយបក្សប្រឆាំង។ ទាល់តែនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៥ ទើបសម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបើកទំព័រ Facebook ជាផ្លូវការរបស់លោក ។

សមរភូមិ Facebook បានកើនកម្តៅនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ហើយ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានបង្កើនភាពសកម្មរបស់ខ្លួននៅលើវេទិកា Facebook ដើម្បីបង្កើនតុល្យភាពសំឡេងនៅលើ Facebook ។ ពេលនោះ យើងអាចនិយាយបានថា បក្សប្រឆាំងលែងមានភាពផ្តាច់មុខនៅលើ Facebook ទៀតហើយ ។ ជាទូទៅ អ្នកដែលចេះ អានភាសាខ្មែរសុទ្ធតែអាចដឹងបាន ថា សមរភូមិនយោបាយតាម Facebook នៅកម្ពុជា គឺមានភាពក្តៅគគុក ។ ដោយសារថា ប្រព័ន្ធផ្សព្វផ្សាយបរទេសតែងតែមាន ការយល់ច្រឡំថា ប្រទេសកម្ពុជាជាប្រទេសប្រើប្រាស់អំណាច ដូច្នេះ ពួកគេមិនសូវបាន អើពើមកពិនិត្យពិច័យលើភាសា ដែលបក្សប្រឆាំងបាននិងកំពុងប្រើប្រាស់នៅក្នុងការ ផ្សព្វផ្សាយសារនយោបាយរបស់ពួកគេនោះទេ។ តាមពិត សាររបស់បក្សប្រឆាំងមាន លក្ខណៈហិង្សា និងរើសអើងពូជសាសន៍។ សាររបស់ពួកគេច្រើនតែសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងពីក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស។

តាមពិត គណបក្សប្រឆាំងបានប្រកាន់យកវប្បធម៌នយោបាយបែបនេះ តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ ១៩៩៣ ម្ល៉េះ។ ពួកគេខិតខំបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះរាជរដ្ឋាភិបាលដោយប្រើប្រាស់គ្រប់មធ្យោបាយ ដូចជាការជំរុញការបែងចែកវណ្ណៈ ការជំរុញឱ្យប្រជាពលរដ្ឋមិនស្តាប់បង្គាប់អាជ្ញាធរ ការជំរុញការបះបោរដោយកងកម្លាំងប្រដាប់អាវុធ និងការញុះញង់ឱ្យស្អប់វៀតណាម និងស្អប់ចិន ជាដើម ។ ពួកគេមិនខ្វល់ថា ត្រូវប្រើមធ្យោបាយបែបណានោះទេ ឱ្យតែអាចជំរុញឱ្យពលរដ្ឋបាត់ទំនុកចិត្តពីរាជរដ្ឋាភិបាល ជាក់ស្តែង ពួកគេបានប្រើប្រាស់ និងចែកចាយផែនទីព្រំដែនក្លែងក្លាយ ហើយចោទថា រាជរដ្ឋាភិបាលបានប្រគល់ទឹកដីទៅឱ្យវៀតណាម។ ប៉ុន្តែ តាមរយៈការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយអង្គការសហប្រជាជាតិនៅក្នុងខែសីហា ឆ្នាំ២០១៥ និងដោយប្រទេសបារាំង នៅខែកញ្ញា ឆ្នាំ២០១៥ សាធារណជនជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ជាផែនទីត្រឹមត្រូវពិតប្រាកដឥតក្លែងក្លាយ ។

វាត្រូវការរយៈពេលដល់ទៅ ២៤ឆ្នាំ ទម្រាំតែ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាព្រមទទួលស្គាល់កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ថា គណបក្សប្រឆាំងក៏បាននិងកំពុងប្រើភាសាញុះញង់ឱ្យមានការស្អប់ខ្ពើម និងបញ្ឆេះកំហឹងដែរ ។ នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នករាយការណ៍ពិសេសពេលនោះគឺលោកស្រី Rhona Smith បានសរសេរដោយប្រើភាសាប្រយោល និងស្រាល ថា “គណបក្សដទៃផ្សេង ទៀតក៏បានប្រើប្រាស់វោហាសាស្ត្រដែលញុះញង់ឱ្យមានការស្អប់ខ្ពើមដែរ” ។

ពេលវេលាដែល Facebook បានក្លាយជាភាគីពាក់ព័ន្ធផ្ទាល់ក្នុងនយោបាយកម្ពុជា

នៅឆ្នាំ ២០២៣ នៅពេលដែលការបោះឆ្នោតជាតិខិតជិតមកដល់ Facebook បានផ្លាស់ ប្តូររបត់មួយដ៏សំខាន់នៅក្នុងនយោបាយកម្ពុជា នោះគឺការណ៍ដែល Facebook បានផ្លាស់ប្តូរតួនាទីរបស់ខ្លួនពីអ្នកដែលផ្តល់វេទិកាថ្លែងសារ នយោបាយ ទៅជាតួនាទីដែលស្រដៀងនឹងនិយតករលើនយោបាយរបស់កម្ពុជាទៅវិញ ។ នេះបានន័យថា Facebook បានប្រែខ្លួនទៅជាភាគីពាក់ព័ន្ធផ្ទាល់នៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។

កាលពីចុងខែមិថុនា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Facebook បានផ្តល់ អនុសាសន៍ឱ្យ Facebook ព្យួរ គណនីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចោទថា បានប្រើប្រាស់ភាសាហិង្សា។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានលុបគណនី Facebook របស់លោក ដែលមានអ្នក Follow ជាង ១៤លាននាក់ ហើយរាជ រដ្ឋាភិបាលបានបណ្តេញតំណាង Facebook ចេញពីកម្ពុជា និងបានផ្តាច់រាល់ទំនាក់ទំនង របស់រាជរដ្ឋាភិបាល ជាមួយ Facebook។

រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា បានរកឃើញភាពមិនប្រក្រតីនៅក្នុងសេវាកម្មរបស់ Facebook សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការបង្កើតគណនីក្លែងក្លាយ ហានិភ័យនៃទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ សមាជិកនៃក្រុមប្រឹក្សាភិបាលត្រួតពិនិត្យត្រូវបានប្រកាសថា ជាបុគ្គលដែលកម្ពុជាលែងស្វាគមន៍ និងគ្មានសិទ្ធិចូលក្នុងប្រទេសកម្ពុជា ។

នៅពេលដែលបុគ្គលឯកជនមួយក្តាប់តូចដែលគ្មានទទួលសំឡេងឆ្នោតពីប្រជាជនកម្ពុជាសោះ ហើយសាធារណជនកម្ពុជាក៏គ្មាននរណាស្គាល់ពួកសោះ ប៉ុន្តែ បែរជាពួកគេ មានសិទ្ធិដាក់បម្រាមទៅលើភាសារបស់នាយករដ្ឋមន្ត្រី នៅក្នុងការថ្លែងសារទាក់ទងនឹង នយោបាយផ្ទៃក្នុងកម្ពុជាទៅវិញ ។ ទង្វើបែបនេះ គឺជាការជ្រៀតជ្រែកដោយផ្ទាល់ពីក្រុមហ៊ុនឯកជនរបស់បរទេស នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយយ៉ាងច្បាស់ក្រឡែត ។ នេះបានន័យថា ក្រុមហ៊ុន Facebook បានឆ្លងកាត់បន្ទាត់ក្រហមហើយ ហើយមេដឹកនាំកម្ពុជាក៏លែងមានទំនុកចិត្តទៅលើ Facebook ទៀតហើយ ។

បើយើងមើលពីទស្សនៈរបស់ Facebook ក្រុមហ៊ុននេះប្រហែលជាគ្មានសមត្ថភាព អាចធ្វើអ្វីបានឡើយ ដើម្បីកែលំអការគ្រប់គ្រងរបស់ខ្លួន ព្រោះថា ពួកគេពិតជាមិនអាចគ្រប់គ្រងនូវសារដែលមានចេតនាអាក្រក់ដ៏ច្រើនមហិមាដែលបង្ហោះនៅលើវេទិកា Facebook បានឡើយ ជាពិសេសនៅពេលដែល Facebook អនុញ្ញាតឱ្យមានគណនី ក្លែងក្លាយ។ “ការចូលចិត្ត” (likes) និង “ការចែករំលែក” (shares) គឺជាដែកឆក់ស្រូបទាញកម្លាំងចិត្តរបស់អ្នកប្រើប្រាស់ Facebook។ ដូចគ្នាដែរ អ្នកថ្លែងសារនយោបាយ សុទ្ធតែចង់បាន likes និង shares ដែលជាយន្តការមួយដែលងាយនឹងជំរុញឱ្យមានលទ្ធិជ្រុលនិយម និងនយោបាយប្រជាភិថុត។

បើយើងមើលពីទស្សនៈរបស់រាជរដ្ឋាភិបាលដែលជាអ្នកគ្រប់គ្រងប្រទេសវិញ វាគឺជាបញ្ហាធំខ្លាំងណាស់ នៅពេលដែលអាជ្ញាធរមិនអាចអនុវត្តច្បាប់ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ បញ្ចេញមតិបង្កាច់បង្ខូចកិត្តិយសរបស់បុគ្គលសាធារណៈ ឬចែកចាយ ផែនទីព្រំដែនក្លែងក្លាយ ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថាបានប្រគល់ទឹកដីឱ្យប្រទេសជិតខាង។

ជាការពិត ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលរដ្ឋាភិបាលមានការពិបាកក្នុងការស្វែងរកតុល្យភាពនៃជម្រើសរវាងការលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងរីកដុះដាល និងការការពារនីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈនោះទេ។ នៅប្រទេសបារាំង Facebook ត្រូវបានចាត់ទុកថាជាឧបករណ៍គាំទ្រដ៏សំខាន់ សម្រាប់បាតុកម្មហឹង្សាដែលបង្កឡើងដោយ “បាតុករអាវលឿង” (gilet jaunes) នៅ ក្នុងឆ្នាំ២០១៨ ។ ហើយថ្មីៗនេះ ប្រធានាធិបតីបារាំង Emmanuel Macron ក៏បានស្តីបន្ទោសបណ្តាញសង្គមចំពោះការបញ្ឆេះអំពើហិង្សាចលាចលដែលកំពុងកើតឡើងនៅក្នុងប្រទេសបារាំងដែរ ។

យ៉ាងណាក្តី យើងក៏ប្រហែលជាពិបាកនឹងបន្ទោស Facebook និងបណ្តាញផ្សព្វផ្សាយ សង្គមផ្សេងទៀតដែរ ព្រោះពួកគេមិនមានការទទួលខុសត្រូវអ្វីចំពោះសន្តិសុខជាតិ និង សណ្ដាប់ធ្នាប់សាធារណៈនោះទេ ។ នៅពេលដែល Facebook មិនអាចជួយរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់បាន រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការស្វែងរកមធ្យោបាយផ្សេងដោយខ្លួនឯង ដើម្បីគ្រប់គ្រងស្ថានការណ៍នោះឡើយ ព្រោះថា រដ្ឋាភិបាលគឺជាអ្នកដែលទទួលសំឡេងឆ្នោតពីប្រជាពលរដ្ឋ ដូច្នេះ រដ្ឋាភិបាលមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងការការពារសន្តិភាព នីតិរដ្ឋ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

សួរថា តើអាជ្ញាធរមានអត្ថន័យអ្វីទៅប្រសិនបើអាជ្ញាធរមិនអាចអនុវត្តច្បាប់បាននោះ ? សំណួរនេះគឺចាក់ដោតដល់ឫសគល់ និងតួនាទីស្នូលរបស់តួអង្គរដ្ឋតែម្តង ។ បើសិនជានិន្នាការបែបនេះនៅតែបន្ត រាជរដ្ឋាភិបាលកម្ពុជាមានតែត្រូវពិចារណាឡើងវិញអំពីការប្រើប្រាស់ Facebook ជាមធ្យោបាយទាក់ទងនយោបាយ។ រាជរដ្ឋាភិបាលប្រហែលជា គ្មានជម្រើសអ្វីក្រៅពីការស្វែងរកវិធីសាស្ត្រល្អប្រសើរជាងមុន រឹងមាំជាងមុន ដើម្បីគ្រប់ គ្រងបណ្តាញផ្សព្វផ្សាយសង្គមនោះទេ ព្រោះថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការការពារ នីតិរដ្ឋ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

ស៊ឹម វីរៈ

ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ក្រុមហ៊ុនឯកជនដែលជាប្រតិបតិ្តករ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ៧៥រូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននាពេលកន្លងមក ដូចជាការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ព្រមទាំងជម្រាបជូនបន្ថែមអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយក្រុមហ៊ុនឯកជនលើការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជានាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។​
ឯកឧត្ដមក៏បានម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតអាជីវកម្ម​ ឬគម្រោងល្អៗសម្រាប់បម្រេីដល់វិស័យសាធារណ:និងវិស័យឯកជន​ អាចដាក់ពាក្យមកទទួលជំនួយបច្ចេកទេស​ និងហិរញ្ញវត្ថុពីក្រសួងផងដែរ។








ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកទឹកផុស ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។
ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថលនិងការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) គម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់រយកន្លែងជារៀងរាល់ឆ្នាំសម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សិស្ស-និស្សិតទាំងអស់គ្នា ភ្ជាប់ទៅកាន់ឆានែលតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី https://t.me/spmhunsen និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត https://t.me/HunManet_coarmy ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងបានផ្តាំផ្ញើសិស្ស-និស្សិតបន្តការសិក្សាឱ្យបានចប់គ្រប់ៗគ្នា ដើម្បីទទួលបានអនាគតល្អប្រសើរ។





វិភាគអន្តរជាតិ៖ តើសេណារីយ៉ូអ្វីនឹងកើតឡើង ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថៃ ជុំទី២?


(​បាងកក)៖ នៅបន្ទាប់ពីទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅឯសម័យប្រជុំរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ វាហាក់ដូចជាបង្ហាញឱ្យដឹងមុនទៅហើយថាលោក Pita Limjaroenrat សឹងតែគ្មានឱកាសទៀតឡើយ បើទោះជាលោកជម្នះឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីមិនថាប៉ុន្មានដងទៀតក៏ដោយ។

ក្រុមគណបក្សស្ថិតនៅក្រៅក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward និងសមាជិកព្រឹទ្ធសភាភាគច្រើនដែលត្រូវបានតែងតាំងដោយយោធាថៃ បានប្រឆាំង ជំទាស់ទៅនឹងការសន្យាដាច់ខាតរបស់លោក Pita ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះចេស្ដា ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកហ៊ានរិះគន់ និងប្រមាថដល់ព្រះមហាក្សត្រ ឬសែរាជវង្សថៃ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយថៃរៀនចប់ពីសាលា Harvard រូបនេះ ក៏កំពុងប្រឈមមុខនឹងការដកសមាជិកភាពជា សមាជិកសភាផងដែរ ក្រោយតុលាការធម្មនុញ្ញទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ជុំវិញការចោទប្រកាន់ថាលោក Pita បានរំលោភច្បាប់ បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការ អស់ជាច្រើនឆ្នាំមកហើយ អំឡុងចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោត។

ខណៈនៅតែអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃទី១៩ ខែកក្កដានេះក៏ពិតមែន ក្រុមអ្នកវិភាគយល់ថាការគាំទ្រសម្រាប់លោក​ Pita នឹងធ្លាក់ចុះនៅក្នុងក្រុមចម្រុះរបស់លោក ប្រសិនបើបរាជ័យជាលើកទី២ បើទោះជាមិនមានការកំណត់ចំនួនបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់ក្នុងការបោះឆ្នោត នាយករដ្ឋមន្ត្រីក៏ដោយ។ លោក Kevin Hewison ជាសាស្ត្រាចារ្យម្នាក់ខាងសិក្សាពីតំបន់អាស៊ី មកពីសាកលវិទ្យាល័យ University of North Carolina មានមូលដ្ឋាន ក្នុងទីក្រុង Chapel Hill (សហរដ្ឋអាមេរិក) បាននិយាយថាការប៉ុនប៉ងជាថ្មីណាមួយរបស់លោក Pita វានឹងកាន់តែពង្រឹងជំហរប្រឆាំងជំទាស់នឹងរូបលោក នៅក្នុង ចំណោមអ្នកភិរក្សនិយម ហើយនឹងមានតែធ្វើឱ្យការគាំទ្ររបស់លោកនៅក្នុងក្រុមចម្រុះធ្លាក់ចុះទន់ខ្សោយតែប៉ុណ្ណោះ។ ដូច្នេះតើសេណារីយ៉ូអ្វីដែលអាចនឹងកើតឡើង នៅថ្ងៃទី១៩ ខែកក្កដា?

* លោក Pita គាំទ្រគណបក្ស Pheu Thai

បេក្ខជននាយករដ្ឋមន្ត្រីថៃនៃក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward លោក Pita Limjaroenrat កាលពីថ្ងៃសៅរ៍ ទី១៥ ខែកក្កដា បាននិយាយថាលោកនឹង ដកខ្លួនចេញពីការប្រជែងយកតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោកនៅតែមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃទី១៩ ខែកក្កដាទេនោះ។

ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើច្បាស់ថាគណបក្ស Move Forward ពិតជាគ្មានឱកាស ដើម្បីបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសឱ្យប្រទេសថៃ តាមរយៈការទុកឱ្យគណបក្សទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី២ (គណបក្សភឿថៃ) ...ជាអ្នកបង្កើតក្រុមចម្រុះ»។ លោក Isra Sunthornvut ជាអតីតសមាជិកសភាថៃមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថាលោកមិនមាន ការភ្ញាក់ផ្អើលអ្វីទេ ប្រសិនបើលោក Pita ផ្ដល់ការគាំទ្រដល់គណបក្ស Pheu Thai ជាអ្នកដឹកនាំក្រុមចម្រុះថ្មី។

នៅក្នុងសេណារីយ៉ូបែបនេះ បញ្ហាប្រឈមធំតែមួយគត់ នោះគឺគណបក្ស Pheu Thai នឹងជួបផលលំបាកក្នុងការប្រមូលការគាំទ្រពីក្រុមអ្នកអភិរក្សនិយម បើនៅតែស្ថិត នៅក្នុងក្រុមចម្រុះតែមួយ ឬនៅតែជាសម្ព័ន្ធមិត្តរបស់គណបក្ស Move Forward ដែលប្រកាសដាច់អហង្ការត្រូវតែធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា។

* ការប្រេះឆានៅក្នុងសម្ព័ន្ធអ្នកប្រជាធិបតេយ្យ

ដោយសារតែជំហរអហង្ការរបស់គណបក្ស Move Forward និងដើម្បីអាចទទួលបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាថៃ គណបក្ស Pheu Thai ទំនងជាអាចនឹង ពិចារណាផ្ដាច់ខ្លួនចេញពីក្រុមចម្រុះរបស់គណបក្ស Move Forward ហើយព្យាយាមបង្កើតរដ្ឋាភិបាលមួយដឹកនាំដោយម្នាក់នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រី ទាំង៣រូបរបស់ខ្លួន ក្នុងនោះរួមមានទាំងសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន។

លោក ថាក់ស៊ីន ដែលកំពុងទន្ទឹងរង់ចាំឱកាសត្រឡប់ចូលស្រុកវិញ ធ្លាប់បានប្រកាសថាគណបក្ស Pheu Thai នឹងមិនគាំទ្រឡើយចំពោះការប៉ុនប៉ងទាំងឡាយ ដើម្បី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា។ វិស័យឯកជននៅក្នុងប្រទេសថៃ ចង់ឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បី អាចឱ្យសេដ្ឋកិច្ចបន្តរីកចម្រើនតាមការរំពឹងទុក។ នេះជាការបញ្ជាក់របស់លោក Sanan Angubolkul ជាប្រធានសភាពាណិជ្ជកម្មថៃ។

* រដ្ឋាភិបាលសំឡេងភាគតិចគាំទ្រដោយយោធា

នៅក្នុងសេណារីយ៉ូទី៣នេះ ព្រឹទ្ធសភាថៃអាចនឹងគាំទ្ររដ្ឋាភិបាលសំឡេងភាគតិចមួយដឹកនាំដោយមេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ឬក៏ មនុស្សណាម្នាក់ផ្សេងទៀតគាំទ្រដោយយោធាថៃ ដូចជាលោក បា្រវីត វ៉ុងស៊ូវ៉ាន់ជាដើម។ ក៏ប៉ុន្តែ លទ្ធផលដែលកើតចេញពីសេណារីយ៉ូនេះ អាចនឹងបង្កទៅជាបាតុកម្មតវ៉ា ពីសំណាក់អ្នកគាំទ្រប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលសំឡេងភាគតិចបែបនេះក៏នឹងប្រថុយនឹងការបោះឆ្នោតដកទំនុកចិត្តផងដែរ។ ម្លោះហើយដើម្បីទប់ស្កាត់កុំឱ្យរឿង បែបនេះកើតឡើង វាអាចទៅរួចថាក្រុមអ្នកអភិរក្សនិយមក្នុងប្រទេសថៃ អាចនឹងជំរុញឱ្យតុលាការធម្មនុញ្ញ រំលោយគណបក្ស Move Forward ដូចដែលពួកគេធ្លាប់បាន ធ្វើក្នុងការរំលាយគណបក្ស Future Forward និងអាចដល់លុបផលលទ្ធផលបោះឆ្នោតតែម្ដង ដោយប្រើប្រាស់ការប៉ុនប៉ងក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថ ព្រះចេស្ដា ជាលេស។

លោក Hewison បាននិយាយថាការធ្វើបែបនេះគឺត្រូវការពេលវេលាមួយចំនួន ដោយលោកចង់សំដៅទៅលើនីតិវិធីការរំលាយគណបក្ស Move Forward និងលុបចោល លទ្ធផលបោះឆ្នោត។ លោកបន្ថែមថាការរៀបចំការបោះឆ្នោតថ្មីមួយភ្លាមៗ ក៏ទំនងជាមិនអាចទទួលបានលទ្ធផលខុសប្លែកពីការបោះឆ្នោតសកលកាលពីខែឧសភា កន្លងទៅនោះដែរ ប៉ុន្តែដើម្បីការពារអំណាចរបស់ខ្លួន រឿងអ្វីក៏ក្រុមអ្នកអភិរក្សនិយមនៅក្នុងប្រទេសថៃអាចធ្វើចេញមកបានដែរ កុំថាឡើយរដ្ឋប្រហារ។

តែទោះយ៉ាងណាក៏ដោយ ការរំលាយគណបក្ស Move Forward ឬការដាក់បម្រាមណាមួយលើអ្នកនយោបាយដែលកំពុងមានប្រជាប្រិយភាពដូចជាលោក Pita អាចនឹង បង្កទៅជាបាតុកម្មទ្រង់ទ្រាយធំ ហើយបាតុកម្មក្នុងពេលនេះ គឺអាចបង្កគ្រោះថ្នាក់ធំដល់ស្ថាប័នរាជានិយមថៃជាងពេលណាៗទាំងអស់ ដូចដែលគេបានឃើញហើយថា បាតុកម្មក្នុងប្រទេសថៃ នាពេលកន្លងមក បានដាក់មុខព្រួញត្រង់ៗតម្រង់ទៅកាន់ស្ថាប័នរាជានិយមថៃខ្លាំងជាងបណ្ដាឆ្នាំមុនៗកន្លងទៅ។ ណាមួយ ស្ថានការណ៍ជាប់គាំង នយោបាយនឹងមានតែធ្វើឱ្យអ្នកវិនិយោគបរទេសបាត់បង់ទំនុកចិត្ត និងអាចបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដែលជាសរសៃឈាមដ៏សំខាន់មួយមិនអាចខ្វះ បាននៃសេដ្ឋកិច្ចថៃ នៅចំពោះមុខភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល៕