Sunday, May 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងខិតខំពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងករណីឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា



នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនបានទុកបញ្ហារបស់ប្រជាពលរដ្ឋចោល ដោយមិនបានខិតខំជួយដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ ហើយពាក់ព័ន្ធករណីឆបោករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី រាជរដ្ឋាភិបាល កំពុងខិតខំពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងករណីឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណានេះផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់តាំងមេធាវី ដើម្បីជួយសម្របសម្រួលដោះស្រាយទៅតាមនីតិវិធីច្បាប់លើករណីបណ្តឹងឆបោកមួយនេះផងដែរ។


ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គម្រោងឆបោកជាប្រព័ន្ធនេះ មានលក្ខណៈស្មុគ្រស្មាញច្រើន ហើយគម្រោងបែបនេះ ក៏ត្រូវបានគេអនុវត្តដើម្បីឆបោកនៅតាមបណ្តាប្រទេសជាច្រើនផងដែរ មិនមែនតែនៅកម្ពុជានោះទេ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» ត្រូវតែចាប់ផ្តើមធ្វើឆាប់ៗខាងមុខនេះមុនការគ្រោងទុក



នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរទូទៅទាំងក្នុងនិងក្រៅប្រទេសដែលបានចេញសារគាំទ្រចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចបានប្តេជ្ញាចិត្តថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ត្រូវតែចាប់ផ្តើមធ្វើឆាប់ៗខាងមុខនេះមុនការគ្រោងទុកតែម្តងដោយគ្មានការអូសបន្លាយពេលនោះឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផល និងស្នាដៃរបស់ប្រជាជាតិខ្មែរទាំងមូល មិនមែនជារបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ ហើយក៏មិនមែនជារបស់ «ត្រកូលហ៊ុន» នោះដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជាថ្មីថា ទោះបីជាមាន ឬក៏គ្មានការចូលរួមពីវិនិយោគិនបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាល ត្រូវតែប្តេជ្ញាចិត្តកសាង «ព្រែកជីកហ្វូណនតេជោ»នេះឱ្យបាន ព្រោះវាជាគម្រោងរបស់ខ្មែរយើងដែលនឹងធ្វើឱ្យយើងមានឯករាជ្យភាពលើការដឹកជញ្ជូនផ្លូវទឹក កាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍកាន់តែលឿន៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស គឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ មិនមែនដើម្បីទៅធ្វើកញ្ជះគេទេ

 



នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅអ្នកនយោបាយមួយរូប ដែលតែងវាយប្រហារលើពលករខ្មែរនៅក្រៅប្រទេស ដោយសម្តេចបានគូសបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស មិនមែនទៅធ្វើកញ្ជះគេនោះទេ ពោលគឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់មើលការខុសត្រូវនិងជួយដល់ពលករខ្មែរនៅក្រៅប្រទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្រៅប្រទេស។


លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលដៅអាទិភាពធំរបស់រាជរដ្ឋាភិបាលគឺជំរុញការបង្កើតការងារទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា កំលុងពេលទស្សនកិច្ចផ្លូវការក្នុងប្រទេសកូរ៉េ សម្ដេចបានទាក់ម៉ូយបានជាច្រើន ដែលការទាក់ម៉ូយនេះហើយដែលជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមាន ប្រាក់ចំណូលកាន់តែច្រើន៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-កូរ៉េបានដំឡើងកម្រិតទំនាក់ទំនងរវាងគ្នាឱ្យដល់ "ភាពជាដៃគូយុទ្ធសាស្ត្រ"




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា  ការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារនៃប្រទេសទាំងពីរផង កាន់តែពង្រីក និងកាន់តែពង្រឹងឱ្យកាន់តែមានភាពស៊ីជម្រៅ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនេះ យើងសង្ឃឹមថា ពាណិជ្ជកម្មរបស់យើងនឹងកើនឡើងដល់ ២-៣-៤ ពាន់លានដុល្លារ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួប «សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅនិងបំពេញការងារនិងការសិក្សានៅសាធារណរដ្ឋកូរ៉េ» នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕




មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រប្រសាសន៍សម្តេចតេជោ ក្នុងការជំរុញឱ្យរាជរដ្ឋាភិបាលថ្មី ពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោ



មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ បានគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការជំរុញឱ្យកើតមានគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានឆាប់កាន់តែល្អ គឺបង្ហាញឱ្យឃើញពីស្មារតីជាតិកាន់តែច្បាស់ ក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងយកសាច់ស្រស់ឈាមស្រស់ដូរយកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាង៤០ឆ្នាំមកនេះ គឺវាលំបាកណាស់សម្រាប់កម្ពុជាដ៏កំសាត់មួយនេះ។


លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ជុំវិញការយកចិត្តទុកចិត្តគម្រោងព្រែកជីកហ្វូណន គឺជាស្នូលឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលដើរតួនាទីដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកដែលកម្ពុជាអាចធ្វើបាន សម្តេចតេជោធ្វើបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើបាន ហើយប្រជាជនកម្ពុជាមានការជឿជាក់គាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីទុកជាគុណតម្លៃនៃសេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា។


គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ 


ព្រែកជីកនេះ ក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ និងប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕