Saturday, November 12, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន២រូបគឺ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រទេសប្រ៊ុយណេ ដា រូ សាឡឹម, ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី,  ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, ឯកឧត្តមផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម  ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងឯកឧត្តម Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការអាស៊ាន ផងដែរ។

អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូពាណិជ្ជកម្មលំដាប់ទី៣ ​របស់​អាស៊ានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២


នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចកំពូលអាស៊ានអូស្ត្រាលី លើកទី២ ជាមួយ នឹងឯកឧត្តម អានថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ។ 

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយម ថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានាដែលដឹកនាំដោយអាស៊ាន។

សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា នៅក្រោមក្របខណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ជាដើម។ សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឲ្យកាន់តែស៉ីជម្រៅ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី

នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីនៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបនៃថ្នាក់ដឹកនាំទាំងពីរថា  នៅក្នុងជំនួបនេះ ឯកឧត្តម Anthony Albanese បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ បានយ៉ាងជោគជ័យនាពេលនេះ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងការដឹកនាំរបស់សម្ដេចតេជោដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ព្រមទាំងបានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងកម្ពុជាដែលកំពុងទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។ 

ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា អូស្ត្រាលី និងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថលថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតងនិងវិស័យដ៏ទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ជាមួយទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលីដែលក្នុងនោះដូចជា កាលពីឆ្នាំ១៩៨៣ បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ជួយកម្ពុជាលើវិស័យកសិកម្ម ការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ជួយកម្ពុជាលើការអភិវឌ្ឍន៍ធនធានមនុស្ស និងអភិវឌ្ឍន៍កម្ពុជាតាមរយៈការផ្ដល់ជំនួយផង និងការជំរុញវិនិយោគមកកម្ពុជាផង៕



សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៩



នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌាលើកទី១៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាភ្នំពេញ។
ក្នុងឱកាសកិច្ចប្រជុំនេះផងដែរ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា។
នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ទស្សវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក។ ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កានតែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាព ជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា


នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាស ឯកឧត្តម និងលោកជំទាវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ  ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលបានយល់ស្របគ្នា និងបានលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត តាមរយៈការបន្តជំរុញលើវិស័យដែលមានស្រាប់ផង បន្ថែមដល់ការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន លើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលមានសក្តានុពលរបស់ប្រទេសទាំងពីរ៕