ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ថ្លែងថា ដំណើរការបង្កើត
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្សនិង
អភិវឌ្ឍរមណីដ្ឋានប្រាសាទព្រះវិហារ(ICC‑ Preah vihear) គឺស្ថិតក្រោមស្ថានការជំទាស់តវ៉ាយ៉ាងតឹងតែងជាទីបំផុតពីភាគីថៃ ទំរាំគណៈកម្មាធិការមួយនេះ
លេចចេញជារូបរៀងឡើងជាស្ថាពរបាន។
ធ្វើបាឋកថា ស្តីពី ដំណើរការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍន៏ រមណីដ្ឋានប្រាសាទព្រះវិហារ នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣ មករានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
បានរំលឹកអំពីសាវតាទាក់ទងនិងដំណើររឿងក្តីប្រាសាទព្រះវិហារ
និងភាពជោគជ័យក្នុងការបង្កើតឡើងនូវគណៈកម្មាធិការ ICC‑Preah vihearនេះ
គឺបានមកដោយឆ្លងកាត់ឧបសគ្គ័ដ៏ស្មុគស្មាញក្រោមការប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញបំផុតរបស់កម្ពុជា
ក្រោមគំនិតដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសវតាជាបន្តបន្ទាប់ ចាប់ពីសម័យកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រ
ព្រះបរមរតនកោដ្ឋ ព្រះអង្គបានធ្វើ
ការតស៊ូមតិនៅលើឆាកអន្តរជាតិនិងបានប្តឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេ
ដើម្បីទាមទាយកមកវិញប្រាសាទព្រះវិហារខ្មែរ
។ការទាមទានេះធ្វើឡើង
ក្នុងស្ថានការយ៉ាងតឹងតែងបំផុតក្រោមការប្រឆាំងពីភាគីថៃ។រហូតដល់ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេបានវិនិច្ឆ័យលើសុំណុំរឿងពិនិត្យឃើញថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីរបស់កម្ពុជា
ទើបតុលាការសម្រេចក្តីឲ្យកម្ពុជាជាម្ចាស់គ្រប់គ្រង និងបានឲ្យភាគីថៃដកឆ្មាំចេញពីតំបន់ប្រាសាទព្រះវិហារ
ព្រមទាំងឲ្យថៃសងមកឲ្យកម្ពុជាវិញនូវវត្ថុបុរាណដែលថៃបានលួចយកចេញពីប្រាសាទនេះ។
ឯកឧត្តមបានបន្តទៀតថា បើទោះបីតុលាការក្រុងឡាអេចេញសាលដីការសម្រេចឲ្យកម្ពុជាឈ្នះក្តីទទួលស្គាល់ប្រាសាទព្រះវិហារថាជារបស់ខ្មែរក៏ពិតមែន ប៉ុន្តែភាគីថៃនៅតែបង្ករបញ្ហាឥតឈប់ឈរ
ដោយពិនិត្យឃើញស្ថានភាពស្មុគស្មាញនៅតែកើតមាននៅឆ្នាំ២០០១
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចស្នើដាក់បញ្ចូលប្រាសាទព្រះវិហារទៅ
ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
ដំណាក់កាលនេះកម្ពុជាបានប្រឈមនឹងការជំទាសតវ៉ាពីភាគីថៃយ៉ាងក្តៅគគុក ប៉ុន្តែដោយភាពអំណត់ព្យាយាម
និងការប្រឹងប្រែងតស៊ូរបស់កម្ពុជា នៅទីបំផុត អង្គការយូណេស្កូ
បានសម្រេចចុះប្រា
សាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
នៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីឆ្នាំ២០០៨។ ទោះជាប្រាសាទព្រះវិហារបានចូលជាសម្បត្តិវប្បធម៌មនុស្សជាតិរបស់ពិភពលោកទាំងមូលក៏ដោយ ក៏មហិច្ឆតាឈ្នានិសរបស់ថៃនៅតែតាមដាក់បញ្ហា រហូតបង្ករឲ្យមានការរំលោភទាំងកំរោលដោយកម្លាំងប្រដាប់អាវុធមកលើអធិបតេយ្យកម្ពុជា
ហើយទាហានថៃបានបាញ់បំផ្លាញយ៉ាងដំណំមកលើប្រាង្គប្រាសាទព្រះវិហារ
និងមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងកម្ពុជា‑ថៃ។
ដោយរងនូវគ្រាប់កាំភ្លើងថៃ បាននាំឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់នៃប្រាសាទបុរាណដ៏ចំណាស់មួយនេះទាមទាឲ្យមានការការពារ
ជួសជុល និងអភិរក្សជាបន្ទាន់ ដោយកម្ពុជាក៏បានស្នើសុំបង្កើតឡើងនូវគណៈកម្មាធិការអន្តរជាតិសម្របសម្រួល
កិច្ចអភិរក្ស និងអភិវឌ្ឍន៏រមណីដ្ឋានប្រាសាទព្រះវិហារនេះឡើង។ការស្នើបង្កើតគណៈកម្មាការអន្តរជាតិមួយនេះទទួបានលទ្ធផល
ជោគជ័យក្រោមការគាំទ្រពីភាគីថៃដោយមានសហប្រធានដឹកនាំពីររូប គឺ ឥណ្ឌា និងចិន ។
ឯកឧត្តមបានឲ្យដឹងថា ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួល
កិច្ចអភិរក្ស និងអភិវឌ្ឍន៏រមណីដ្ឋានព្រះវិហារនេះ គឺដើម្បីស្វែងរកការជួយឧបត្ថមគាំទ្រពីបណ្តាប្រទេសមិត្តភក្តិនានាក្នុងការជួយជួសជុលអភិវឌ្ឍន៏
តំបន់ប្រាសាទព្រះវិហារនេះឡើងវិញដោយសារប្រាសាទព្រះវិហារ
បានដាក់ជាសម្បត្តវប្បធម៌របស់មនុស្សជាតិនៅលើសកលលោកទាំងមូល។
សូមបញ្ចាក់ថា បន្ទាប់ពីប្រកាសឲ្យដំណើរការគណៈកម្មាធិការ (ICC
PREAH VIHEAR ) នេះ កាលពីថ្ងៃទី២ និងទី៣ខែធ្នូឆ្នាំ២០១៤កន្លងមកនេះគណៈកម្មាធិការ
(ICC PREAH VIHEAR )
ក៏បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួនដោយបានសំដែងទស្សនៈជាឯកច្ឆ័នយល់ស្រប់លើកគម្រោងអាទិភាពសំខាន់ៗ ដើម្បីស្តារនិងជួសជុលជាបន្ទាន់។
ក្នុងនោះគណៈកម្មាធិការ (ICC PREAH VIHEAR ) បានសម្រេចដាក់គោបុរៈទី៥ ទៅក្នុងគម្រោងអាទិភាពចាំបាច់ ដោយពិនិត្យឃើញថា ស្ថានភាពនៃគោបុរៈទី៥នេះកំពុងទទួលរងនូវភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរស្ទើរតែរលំទៅហើយ គ្រោងចំណាយទឹកប្រាក់ប្រហែលចន្លោះពី១លាន៨សែន ទៅ២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈពេលអនុវត្ត៥ឆ្នាំ។
ចំពោះគម្រោងជួសជុលគោបុរៈផ្សេងៗទៀតក៏បានវាយតម្លៃរួចរាល់ផងដែរក្នុងនោះគោបុរៈទី១ តាមផែនការគ្រោងអនុវត្ត
រយៈពេល១៥ឆ្នាំ
ក្នុងទំហំទឹកប្រាក់ ប្រមាណជាង៥លានដុល្លារ អាមេរិក។
គោបុរៈទី៣ ត្រូវប្រើប្រាស់រយៈពេលជួសជុលក្នុងចន្លោះពី៣ទៅ៥ឆ្នាំ
គ្រោងចំណាយថវិការប្រមាណជាង២លាន ៥សែនដុល្លារ។ និងគម្រោងជួសជុលស្រះទឹកនៅគោបុរៈទី៤
គ្រោងនឹងចំណាយទឹកប្រាក់៣លាន ៥សែនដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។
ឯកឧត្តមបានឲ្យដឹងថា ICCព្រះវិហារ នេះមានតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែគណៈកម្មាធិការអន្តរជាតិមួយនេះ គឺជាអ្នកជួយក្នុងការគៀងគរថវិកា និងការសិក្សាអំពីបច្ចេកទេស សម្រាប់ការងារអភិរក្ស ជួសជុល និងការអភិវឌ្ឍប្រាសាទព្រះវិហារ បានយ៉ាងពេញលេញ។ ហើយអ្វីជាសារៈប្រយោជន៍ធំទទួលបានពីការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនេះ គឺប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងតំបន់នេះទទួលបានអត្ថប្រយោជន៍ជាច្រើន ពីគម្រោងអភិវឌ្ឍន៍ទាំងឡាយ
អាចជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែរីកចំរើនប្រសើរថែមទៀត។
ជាចុងបញ្ចប់នៃបទបឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅពេលនេះ កម្ពុជា
មានប្រទេសមហាយក្សធំៗចំនួនពីរ គឺ សាធារណរដ្ឋប្រជាមាននិតចិន និងឥណ្ឌា
ធ្វើជាសហប្រធាន ICC – Preah Vihear គឺបាននាំឲ្យបរិកាសនៃប្រាសាទព្រះវិហារប្រៀបបាននឹង
ច័ន្ទពេញទឹកឃ្មុំ
បន្ទាប់ពីបានឆ្លងនូវដំណាក់កាលតស៊ូដ៏ស្វិតស្វាញតាំងពីឆ្នាំ២០០១‑
២០០៨ មកឆ្នាំ២០១៤ និងមកដល់ចុងខែធ្នូ ឆ្នាំ២០១៤ កន្លងមកនេះ
មានការផ្លាស់ប្តូរមួយដ៏យ៉ាងធំ គឺផ្លាស់ប្តូរពីការប្រទុសរាយ
មកជាការកសាងសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដោយមានប្រទេសមហាអំណាច
និងអង្គការយូណេស្កូ ចូលរួមគាំទ្រជ្រោមជ្រែង។ នេះ
ជាជោគជ័យដ៏ធំធេងបំផុតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន
សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា៕




