Wednesday, February 15, 2023

ប្រមុខរដ្ឋស្តីទី រៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ

(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយស ជូន លោក ហ្វ្រាំងវា៉ល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ អមដំណើរទាំងអស់ ដែលពិធីនេះធ្វើឡើង នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។


ក្នុងពិធីលៀងសាយ ភោជន៍ក៍មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។

ថ្លែងសន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានសម្ដែងនូវសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ដែលបានជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅបំពេញទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចបានថ្លែងថា ផ្អែកលើប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ពុំធ្លាប់មានឥស្សរជនជាន់ខ្ពស់ថ្នាក់ប្រធានាធិបតីរបស់អាឡឺម៉ង់ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាទេ មកទល់ពេលនេះ។ លោកប្រធានាធិបតី គឺជាឥស្សរជនទី១ នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការជាប្រវត្តិសាស្ត្រ នៅកម្ពុជានៅថ្ងៃនេះ។

សម្តេចបានថ្លែងថា ទស្សនកិច្ច របស់លោកប្រធានាធិបតីបានឆ្លុះបញ្ចាំង អំពីការយកចិត្ត ទុកដាក់ ជាមួយមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ លោក និងលោកជំទាវទី១ ក៏ដូចជាប្រជាជនអាល្លឺម៉ង់ចំពោះប្រជាជនកម្ពុជា។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ថែរក្សាពូនជ្រុំចំណង មិត្តភាពដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រជាជន និងប្រទេសទាំងពីរឈានទៅកាន់ កម្រិតថ្មីមួយទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសយើង ទាំងពីរ។

សម្តេចបានបន្តថា ប្រជាជនកម្ពុជា ស្គាល់ប្រទេសអាល្លឺម៉ង់ច្បាស់ និងមានមនោសញ្ចេតនាស្រលាញ់ ដោយជ្រាលជ្រៅ ជាមួយប្រជាជនអាល្លឺម៉ង់ ជាយូរណាស់មកហើយ។អាស្រ័យហេតុនេះ សម្ដេច សូមលើកទឹកចិត្តដល់ រដ្ឋាភិបាលទាំងពីរ មេត្តាខិតខំជំរុញការផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជន បានកាន់តែទូលំទូលាយទៅវិញទៅមក និងសូមលើកទឹកចិត្ត ដល់រដ្ឋាភិបាលទាំងពីរ ខិតខំបន្ថែមទៀត នៅក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចរួម ប្រកបដោយវឌ្ឍនភាព។

នៅក្នុងសន្ទរកថានេះដែរ សម្ដេច ប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាឡឺម៉ង់ ដែលបានជួយផ្ដល់ជំនួយ សម្រាប់ការបោស សំអាតមីននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ បន្ថែមពីលើនេះ ក្នុងស្មារតីជំនួយមនុស្សធម៌កម្ពុជា បានជួយបណ្ដុះបណ្ដាល អ្នកដោះមីន មកពីប្រទេសអ៊ុយក្រែន ក្រោមកិច្ចសហការជាមួយប្រទេសជប៉ុន។ ដូច្នេះជំនួយរបស់អាល្លឺម៉ង់សម្រាប់ការបោសសម្អាតមីនពិតជាមានតម្លៃយ៉ាងធំធេង។

ជាមួយនេះ សម្ដេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះរដ្ឋាភិបាលនិងប្រជាជន អាល្លឺម៉ង់ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៩៤ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិ វឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះ កិច្ចពិភាក្សា រវាងសម្ដេចផ្ទាល់ ជាមួយនឹងលោកប្រធានាធិបតីក៏ដូចជាកិច្ចពិភាក្សា រវាងលោកប្រធានាធិបតី ជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ប្រកបដោយលទ្ធផលផ្លែផ្កា ដ៏ត្រចះត្រចង់ ក្រោមស្មារតីមិត្តភាព ដ៏ជ្រាលជ្រៅ ស្និទ្ធស្នាលបំផុត។

ដោយឡែក លោកប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា លោកមានសេចក្តីរីករាយណាស់ ដោយលោកជាប្រធានាធិបតីសហព័ន្ធអាឡឺម៉ង់ទីមួយ ដែលបានមកធ្វើទស្សនកិច្ចនៅ ក្នុងប្រទេសកម្ពុជា ហើយមានឱកាសមកស្គាល់មកដឹងអំពីទឹកចិត្ត និងដួងព្រលឹងជាតិ របស់ប្រទេសកម្ពុជា។

លោកបានថ្លែងអំណរគុណផងដែរ ចំពោះការទទួលរាក់ទាក់ របស់សម្ដេចប្រមុខរដ្ឋស្តីទី ក៏ដូចជាថ្នាក់ដឹក នាំកម្ពុជាទាំងអស់។ លោកបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី១៤ខែកុម្ភៈ ម្សិលមិញនេះ លោក និងលោកជំទាវបានទៅទស្សនាស្នាដៃ បន្សល់ទុកមក ដ៏គួរឲ្យចាប់អារម្មណ៍ នៃអាណាចក្រអង្គរ ហើយស្នាដៃទាំងនោះ មើលទៅគួរឲ្យរំភើបជាខ្លាំងមានលក្ខណៈវិសេសវិសាល។ ប្រទេសអាល្លឺម៉ង់ បានឧបត្ថម្ភ ចំពោះការរក្សាប្រា សាទបុរាណនានា២៥ឆ្នាំមកហើយ។ លោកប្រធានាធិបតី និងអ្នកអភិរក្ស ដែលបានទទួលបានការបណ្តុះបណ្តាល ពី ក្រុមការងារអាល្លឺម៉ង់មួយក្រុម បានទៅទស្សនា និងសូមស្ងើចសរសើរចំពោះ ផ្ទាំងចម្លាក់ថ្មភក់ ដែលមាន ចំណាស់៩០០ឆ្នាំមកហើយនេះ។ ក្នុងថ្ងៃនោះដែរ លោកប្រធានាធិបតីក៏បានទៅស្គាល់ការងារដ៏សំខាន់ របស់ប្រតិបត្តិ ករសម្អាតមីនផងដែរ ដោយបានបញ្ជាក់ថា អាវុធប្រកបដោយល្បិចកលដ៏សាហាវនេះ វានៅតែជាគ្រោះថ្នាក់ដ៏ ធំចំពោះប្រជាពលរដ្ឋកម្ពុជា។ អាល្លឺម៉ង់បានផ្ដល់ការឧបត្ថម្ភដល់ការបោសសំអាតមីនជិត២៥ឆ្នាំមកហើយៗនិងហើយបន្តជួយទៀត។ អ្វី ដែលនាំឲ្យលោកចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្រទេសកម្ពុជា បានផ្ដល់នូវចំណេះដឹងជំនាញដែលប្រមូលបានមកតាមរយៈរឿងខ្លោចផ្សារនេះទៅឲ្យប្រទេសដទៃទៀតជាពិសេសកម្ពុជាបានធ្វើការបណ្ដុះបណ្ដាលដល់ អ្នកបោសសម្អាតមីនដែលមកពីប្រទេសអ៊ុយក្រែនទៀតផង។

ជាមួយនេះ លោកប្រធានាធិបតីបានសម្ដែងនូវសេចក្តីរីករាយដោយសារប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជាបានពង្រីកភាពជាដៃគូគ្នាជាបន្តទៀត ដោយយើងពុំចាំបាច់ត្រូវតែមានមតិដូចគ្នា គ្រប់រឿងជានិច្ចនោះទេ ក៏ប៉ុន្តែយើង អាចធ្វើឲ្យការពិភាក្សាគ្នា ដែលប្រកបទៅដោយ ការគោរពឲ្យតម្លៃគ្នា និងដែលមានលក្ខណៈស្មោះត្រង់ រវាង អ្នកជាដៃគូនិងគ្នានោះកាន់តែស៊ីជម្រៅថែមទៀត។

លោកបានបន្តទៀតថា នៅក្នុងការពិភាក្សា គឺយើងពុំ មែនគ្រាន់តែផ្លាស់ប្តូរមតិគ្នា ត្រឹមតែកម្រិតនយោបាយ តែប៉ុណ្ណោះនោះទេ ទំនាក់ទំនង រវាងផ្នែកសេដ្ឋកិច្ចនិង សង្គម,ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរក៏ជាកត្តាសំខាន់ផងដែរ។

ពិធីលៀងសាយភោជន៍ នេះបានប្រព្រឹត្តិទៅប្រកបដោយមនោសញ្ចេតនាស្និតស្នាល និងរាក់ទាក់បំផុត៕



សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រតិភូធុរកិច្ចអាល្លឺម៉ង់


នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ 



នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។ 

សម្តេចតេជោបានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ ។

លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 



តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវការទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងនាមជាប្រធានាធិបតីទី១របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកធ្វើទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលដោះមីន អ្វីដែលឯកឧត្តម បានឃើញគឺការដោះមីននោះ គឺបានជួយដល់ជីវិតប្រជាជន, សម្អាតមីនឲ្យប្រជាជនបានវិលត្រឡប់ទៅរស់នៅ និងធ្វើការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់ លើវិស័យដោះមីន គឺមានអត្ថន័យណាស់ និងត្រឹមត្រូវណាស់។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោដែរថា ឯកឧត្តម បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជាហើយដែលនឹងកំពុងត្រូវការការថែរក្សា។ ឯកឧត្តម បានសម្ដែងនូវការរីករាយពេញចិត្តជាមួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត ។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ ពីការរីករាលដាល និងបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេស ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយក៏ដោយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រធានាធិបតី អំពីស្ថានភាពនៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះបង្ករបញ្ហាដល់ជនស្លូតត្រង់។

ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។

សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា​ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ​បក្ស​ ​និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជន​បដិវត្តន៍​ឡាវ ដែលដឹកនាំដោយឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិកា​រ​នៃគណៈ​កម្មាធិការមជ្ឈិមនិងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូល​លើកទី​១៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជា​មានិត​ឡាវ។



កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និង​ក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជា​ប្រពៃ​ណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេស​ទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង​ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោ​របស់​គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា​ បានជូនដំណឹង​ភាគីឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់​អំពីសភាពការណ៍​អន្តរជាតិ​និងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយម​ក្នុងទំនាក់ទំនង​អន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើន​កិច្ច​សហប្រតិបត្តិការ​រវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយ​ជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណា​មាន​សកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន​ ដើម្បីប្រឆាំងនឹងប្រទេស​ នៃ​ភាគីម្ខាងទៀត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់​ចំណង​សាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការ​ជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន ​នៃប្រទេស​ទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន​ នៃប្រទេស​ទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់ តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង​មិត្ត​ភាព​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំង​ពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ​នៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វ​ហេតុ​សន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕









#ហ៊ុនសែន #គណបក្សប្រជាជនកម្ពុជា

#ថងលុនស៊ីសូលីត #បក្សប្រជាជនបដិវត្តន៍ឡាវ