Wednesday, February 15, 2023

ប្រធានាធិបតីអាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើទស្សនកិច្ច នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។

លោកប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ។ អំឡុងមានវត្តមាននៅកម្ពុជានេះ លោកបានទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប ជួបសន្ទនាជាមួយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ទស្សនកិច្ចនេះជាទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕

No comments:

Post a Comment