តាមរយៈសារលិខិតអបអរសាសទរទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៨ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធអនុវត្តន៍ដើម្បីធានាដល់ការគាំពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យកាន់តែប្រសើរថែមទៀត។
អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖
ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្តីពីការបង្ការ និងការពារជំងឺកូវីដ-១៩។
ទី៣៖ សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានសុខាភិបាលដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាសលាងដៃនឹងទឹកអាល់កុល សាប៊ូ ឬដែលឱ្យបានខ្ជាប់ខ្លួននៅតាមទីកន្លែងសាធារណៈនានា និងនៅតាមសហគមន៍។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យ បំពេញមុខងារតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តប្រកប ដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការនិងគោលនយោបាយជាតិនានាដើម្បីជាឧត្តមប្រយោជន៍សុខុមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។
ទី៧៖ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព, ការធ្វើជម្រាល, ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ, បន្ទប់ទឹកជនមានពិការភាព, ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។
ទី៨៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាត និងវិធីសាស្រ្តការពារជំងឺកូវីដ-១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕