Friday, October 20, 2023

នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀត

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

ក្នុងកិច្ចជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ។ 

ជាការឆ្លើយតប សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” ជាលើកដំបូងនេះ និងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ជាដើម ។ 

ឆ្លងតាមកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម ៕







សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត គាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development - SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម នាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការអបអរសាទជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។

ជារួម សម្តេចធិបតី និង ឯកឧត្តមនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕







សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​

(រីយ៉ាដ, ចិន)៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលរៀបចំឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំនេះ ដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman ព្រះរាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងមានការអញ្ជើញ​ចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំនៅបណ្តាប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់​ថ្នាក់​ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើន​កិច្ច​សហ​ប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់​កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការ​ឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)៕












ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ




ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងភរិយា ព្រមទាំងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហា បវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក



នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។


ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី ម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។


ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ ជាដើម ។ 








វិភាគអន្តរជាតិ៖ ហេតុអ្វីអេហ្ស៉ីប និងប្រទេសអារ៉ាប់ដទៃ មិនចង់ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?



(គែរ)៖ ខណៈប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា កំពុងព្យាយាមស្វែងរកទីជម្រកជ្រកកោន និងគេចចេញពីយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ ពីសំណាក់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា​ មានសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថាតើ ហេតុអ្វីអេហ្ស៉ីប និងបណ្ដាប្រទេសអារ៉ាប់ដទៃទៀតក្នុងតំបន់​ តួយ៉ាងដូចជាហ្ស៊កដានី មិនព្រមទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?


អេហ្ស៉ីបដែលមានព្រំដែនជាប់តំបន់ហ្កាហ្សា និងហ្ស៊កដានីដែលមានព្រំដែនជាប់តំបន់ West Bank បានបដិសេធទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនបន្ថែម បើទោះជាពួកគេយល់ព្រមបើកច្រកផ្លូវសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ក៏ដោយ។ ហ្ស៊កដានី បានទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន រួចទៅហើយ។ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតាស់ អាល់ស៊ីស៊ី (Abdel Fattah el-Sissi) បានធ្វើការកត់សម្គាល់ច្បាស់ៗកាលពីថ្ងៃពុធ ទី១៨ ខែតុលាថាសង្រ្គាមបច្ចុប្បន្ន មិនត្រឹមតែមានគោលដៅប្រយុទ្ធជាមួយក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប៉ុនប៉ងបណ្ដេញ ជនភៀសខ្លួន...ចូលទៅកាន់ប្រទេសអេហ្ស៉ីបដែរ ហើយរឿងបែបនេះគឺមានតែបំផ្លាញសន្តិភាពក្នុងតំបន់តែប៉ុណ្ណោះ។


ចំណែក ព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គ អាប់ឌុលឡោះទី២ (Abdullah II) ក៏បានធ្វើការកត់សម្គាល់ដូចគ្នានេះដែរដោយនិយាយថា «គ្មានទៀតឡើយ ជនភៀសខ្លួនក្នុងប្រទេសហ្ស៊កដានី និងគ្មានទៀតឡើយជនភៀសខ្លួនក្នុងប្រទេសអេហ្ស៉ីប»។ តាមពិតទៅ ការបដិសេធនេះគឺមានហេតុផលចម្បងមួយ នោះគឺ មេដឹកនាំអារ៉ាប់ខ្លាចក្រែងថាអ៉ីស្រាអែលចង់បណ្ដេញប្រជាជនប៉ាឡេស្ទីនឱ្យទៅរស់នៅក្នុងប្រទេសរបស់ពួកគេជាអចិន្ត្រៃយ៍ និងលុបបំបាត់ចោលនូវក្ដីស្រមៃ ចង់បង្កើតប្រទេសប៉ាឡេស្ទីន។ លោក អាល់ស៊ីស៊ី បានលើកឡើងថាការបណ្ដេញប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំ ក៏អាចនាំឱ្យមានលំហូរក្រុមសកម្មប្រយុទ្ធ ចូលទៅក្នុងឧបទ្វីបស៊ីណៃ (Sinai) របស់អេហ្ស៉ីបផងដែរ ជាទីដែលពួកគេអាចបើកការវាយប្រហារលើអ៉ីស្រាអែល និងបំផ្លាញសន្ធិសញ្ញាសន្តិភាពរវាង អេហ្ស៉ីប និងអ៉ីស្រាអែលមានអាយុកាលជាង៤០ឆ្នាំមកនេះ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីចេតនានៃជំហររបស់អេហ្ស៉ីប និងហ្ស៊កដានី៖


* ប្រវត្តិនៃការបណ្ដេញប្រជាជនប៉ាឡេស្ទីន

ការបណ្ដេញចេញគឺជាប្រធានបទដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រប៉ាឡេស្ទីន។ ក្នុងសង្រ្គាមបង្កើតរដ្ឋអ៉ីស្រាអែលឆ្នាំ១៩៤៨ មានប្រជាជនប៉ាឡេស្ទីន ៧០០,០០០នាក់ ត្រូវបានបណ្ដេញចេញ ឬរត់ភៀសខ្លួនចេញពីទឹកដីដែលពួកគេធ្លាប់រស់នៅ និងបច្ចុប្បន្នជាទឹកដីអ៉ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនបានហៅ ព្រឹត្តិការណ៍នេះជាភាសាអារ៉ាប់ថាណាក់បា (Nakba) ដែលមានន័យថា «គ្រោះមហន្តរាយ»។ រហូតដល់សង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ឬគេស្គាល់ថាសង្រ្គាម ៦ថ្ងៃ ពោលជាពេលដែលអ៉ីស្រាអែល ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានដណ្ដើមគ្រប់គ្រតំបន់ West Bank និង Gaza បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីន ជាង ៣០០,០០០នាក់បន្ថែមទៀត រត់ភៀសខ្លួន ក្នុងនោះភាគច្រើនឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី។


សព្វថ្ងៃ ចំនួនជនភៀសខ្លួនប៉ាឡេស្ទីនមានដល់ទៅជិត ៦លាននាក់ ក្នុងនោះមានភាគច្រើនកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន និងសហគមន៍នានា ក្នុងតំបន់ West Bank, Gaza, លីបង់ (Lebanon), ស៊ីរី (Syria) និងហ្ស៊កដានី (Jordan) ខណៈជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនទៀតកសាងជីវិតថ្មី ក្នុងបណ្ដា ប្រទេសអារ៉ាប់ និងនៅលោកខាងលិច។ ក្រោយសង្រ្គាមបញ្ចប់ក្នុងឆ្នាំ១៩៤៨ អ៉ីស្រាអែលបានបដិសេធអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីន ត្រឡប់ទៅកាន់ ទឹកដី និងផ្ទះសម្បែងរបស់ពួកគេវិញ ហើយចាប់តាំងពីពេលនោះមកដែរ អ៉ីស្រាអែលតែងតែបដិសេធការទាមទាររបស់ប៉ាឡេស្ទីន ដែលចង់ឱ្យមានការធ្វើ មាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដោយអះអាងថាការធ្វើបែបនេះនឹងគំរាមកំហែងដល់ប្រទេសរបស់ជនជាតិជ្វីហ្វ ភាគច្រើន។ ម្លោះហើយ អេហ្ស៉ីប និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត តែងតែព្រួយបារម្ភជានិច្ចថាខ្លាចជាន់ដានប្រវត្តិសាស្ត្រ ហើយណាមួយការទទួលយក ជនភៀសខ្លួនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើនក៏ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលរបស់ពួកគេដែរ។


* គ្មានឡើយការធានាមាតុភូមិនិវត្តន៍

គ្មានការធានាមាតុភូមិនិវត្តន៍នេះ ក៏ជាហេតុផលមួយដែរ ពីព្រោះមិនមាននោះទេសេណារីយ៉ូជាក់លាក់ថាតើសង្រ្គាមនឹងបញ្ចប់ទៅដោយរបៀបណា? អ៉ីស្រាអែល បានប្ដេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ជាការសងសឹកទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ប៉ុន្តែ អ៉ីស្រាអែលមិនបាននិយាយអ្វីសោះឡើយថាតើនឹងមាន អ្វីកើតឡើង ហើយថាតើនរណានឹងជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា នៅបន្ទាប់ពីសង្រ្គាមបញ្ចប់ ស្របពេលមានការព្រួយបារម្ភថាអ៉ីស្រាអែលអាចនឹងកាន់កាប់តំបន់ ហ្កាហ្សាសាជាថ្មី ឬក៏បង្រួមទឹកដីហ្កាហ្សាឱ្យកាន់តែតូច ខណៈការធ្វើបែបនេះបើកើតឡើងមែន ត្រូវបានគេរំពឹងថាអាចនឹងធ្វើឱ្យជម្លោះរាលដាលកាន់តែធំ។ យោធា អ៉ីស្រាអែលបាននិយាយថាប្រជាជនប៉ាឡេស្ទីនដែលបានធ្វើតាមការបង្គាប់របស់ខ្លួន ក្នុងការភៀសខ្លួនចេញពីភាគខាងជើងនៃតំបន់ហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូង នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅពេលសង្រ្គាមបិទបញ្ចប់។ ប៉ុន្តែត្រឹមពាក្យសម្ដីមួយម៉ាត់នេះ មិនអាចធ្វើឱ្យអេហ្ស៉ីប ឬប្រទេសអារ៉ាប់ផ្សេងស្ងប់ចិត្តទេ។


លោក អាល់ស៊ីស៊ី បាននិយាយថាការវាយប្រយុទ្ធគ្នា អាចនឹងមានរយៈពេលច្រើនឆ្នាំ ប្រសិនបើអ៉ីស្រាអែល អះអាងថាខ្លួនមិនទាន់អាចកម្ទេចក្រុមហាម៉ាសបាន។ ដូច្នេះប្រធានាធិបតីអេហ្ស៉ីបរូបនេះបានស្នើឱ្យអ៉ីស្រាអែលទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ឱ្យស្នាក់នៅក្នុងតំបន់វាលខ្សាច់ Negev Desert ដែលស្ថិតនៅក្បែរ តំបន់ហ្កាហ្សា រហូតដល់អ៉ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធា។ បើតាមអង្គការសហប្រជាជាតិ អេហ្ស៉ីបដែលកំពុងព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ច បានទទួល យកជនភៀសខ្លួនជាង ៩លាននាក់ឱ្យជ្រកកោន ក្នុងនោះរួមមានទាំងជនភៀសខ្លួនស៊ូដង់ជាង ៣០០,០០០នាក់ ដែលបានទៅដល់អេហ្ស៉ីប ក្រោយពួកគេរត់គេច ចេញពីសង្រ្គាមនៅក្នុងប្រទេសរបស់ពួកគេក្នុងឆ្នាំ២០២៣នេះ។


បណ្ដាប្រទេសអារ៉ាប់ និងប្រជាជនប៉ាឡេស្ទីនភាគច្រើន ក៏កំពុងសង្ស័យដែរថាអ៉ីស្រាអែលអាចនឹងប្រើឱកាសនេះ ដើម្បីកែប្រែប្រជាសាស្ត្រជាអចិន្ត្រៃយ៍ ក្នុងកម្រិត មួយដែលអាចលុបបំបាត់ចោលនូវក្ដីស្រមៃចង់បង្កើតប្រទេសរបស់ប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា West Bank និងហ្ស៊េរុយសាឡិមខាងកើត ដែលសុទ្ធតែត្រូវបាន អ៉ីស្រាអែលដណ្ដើមកាន់កាប់ក្នុងឆ្នាំ១៩៦៧។ លោក H.A. Hellyer ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា «ប្រវត្តិសាស្ត្រកន្លងមក បានបង្ហាញរួចទៅហើយថានៅពេលដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានបង្ខំឱ្យចាកចេញពីទឹកដីរបស់ពួកគេ ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញនោះទេ»។


ការព្រួយបារម្ភ និងការសង្ស័យបែបនេះរបស់បណ្ដាប្រទេសអារ៉ាប់ បានផ្ទុះឡើងកាន់តែខ្លាំងរួចទៅហើយ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលមានទំនោរគាំទ្របណ្ដេញប្រជាជនប៉ាឡេស្ទីន។ ជាក់ស្ដែង ចាប់តាំងពីមានការវាយប្រហាររបស់ ក្រុមហាម៉ាសមក គំនិតបណ្ដេញប្រជាជនប៉ាឡេស្ទីន កាន់តែត្រូវបានលើកយកមកជជែកយ៉ាងបើកចំហ ដោយមានអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយស្ដាំនិយម ជ្រុលអ៉ីស្រាអែលមួយចំនួន ​បានអំពាវនាវឱ្យយោធាអ៉ីស្រាអែល កម្ទេចតំបន់ហ្កាហ្សា និងបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញឱ្យអស់ ហើយក្នុងនោះសមាជិកសភា អ៉ីស្រាអែលម្នាក់បាននិយាយត្រង់ៗថាអ៉ីស្រាអែលគួរតែបង្កើត «ព្រឹត្តិការណ៍ Nakba» ថ្មីមួយទៀត លើតំបន់ហ្កាហ្សា។


* បារម្ភពីក្រុមហាម៉ាស

ព្រមពេលជាមួយគ្នា អេហ្ស៉ីបបាននិយាយថាការបណ្ដេញប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំចេញពីតំបន់ហ្កាហ្សា អាចនឹងបើកឱកាសឱ្យក្រុមហាម៉ាស ឬក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីនដទៃទៀត ចូលទៅក្នុងទឹកដីរបស់ខ្លួន។ បើរឿងបែបនេះកើតឡើងពិតមែន នោះអស្ថិរភាពអាចនឹងកើតឡើងក្នុងឧបទ្វីបស៊ីណៃ ជាទីដែលយោធា អេហ្ស៉ីប បានប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលអេហ្ស៉ីបចោទថាគាំទ្រដោយហាម៉ាស។


គួរបញ្ជាក់ថា អេហ្ស៉ីបបានគាំទ្រការបិទខ្ទប់របស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាសឡើងកាន់អំណាចគ្រប់គ្រងតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧មក ព្រមទាំងបានរឹតត្បិតការគ្រប់គ្រងច្រកចេញចូលព្រំដែន។ អេហ្ស៉ីបក៏បានបំផ្លាញផងដែរបណ្ដាញផ្លូវក្រោមដី នៅក្រោមតំបន់ព្រំដែនដែលក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃប្រើប្រាស់ដើម្បីដឹកជញ្ជូនអាវុធ៕ ប្រភពៈ Fresh News

















ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានការចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន

 


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

គូរជម្រាបថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញអំពីការទទួលខុស ត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូ ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា ជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាពក៏ដូចជា សហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងផងដែរថាសន្និសីទសាកលលើកទី៣ នឹងប្រព្រឹត្តទៅដោយផ្អែកលើសន្និសីទចំនួនពីរកន្លងទៅ (កូឡុំប៊ី និងហ្វ្រិកដានី) និងត្រូវ រៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរមីន ក្រោមថវិកាគាំទ្រសាកលដែលផ្តល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបនិងមានការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ក្នុង ការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងអនុសញ្ញា ដែលក្នុងនោះរួមមានជំនួយជនរងគ្រោះផងដែរ។

ថ្លែងក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តអំពាវនាវឱ្យមានការចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕