Monday, July 24, 2023

ព្រះសង្ឃដាឡៃឡាម៉ា៖ ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងដោយផ្អែកតាមច្បាប់យ៉ាងត្រឹមត្រូវ


FN (ភ្នំពេញ)៖ ព្រះសង្ឃដាឡៃឡាម៉ា មួយអង្គ មានព្រះនាម Sergey Kirishov នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មានសង្ឃដីកាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់កម្ពុជា បានធ្វើឡើងដោយផ្អែកតាមច្បាប់យ៉ាងត្រឹមត្រូវ។

ព្រះអង្គមានសង្ឃដីកាបែបនេះ ក្នុងឱកាសអ្នកសង្កេតការណ៍អន្តរជាតិ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់ ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) នៅសណ្ឋាគារ ហៃយ៉ាត់។

ព្រះសង្ឃដាឡៃឡា មានសង្ឃដីកាថា នៅរុស្ស៉ី តួអង្គសាសនាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គម ព្រោះពួកគាត់ខ្វាយខ្វល់ពីអនាគតនៃសង្គម ជាពិសេសព្រះសង្ឃនៃពុទ្ធសាសនា តែងតែចូលរួមគ្រប់សកម្មភាពក្នុងសង្គម។ នៅពេលលឺថា កម្ពុជាដែលជាប្រទេសកាន់ពុទ្ធសាសនា មានការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ព្រះអង្គក៏បានដាក់ពាក្យចូលរួមសង្កេតការណ៍។

បើតាមសង្ឃដីការបស់ព្រះអង្គ គឺព្រះអង្គបាននិមន្តទៅសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតជាច្រើន ខណៈការបោះឆ្នោតនៅកម្ពុជា មិនឃើញមានភាពមិនប្រក្រតីនោះទេ។ ផ្ទុយទៅវិញ ការបោះឆ្នោតនៅកម្ពុជា ប្រកបដោយបច្ចេកទេស។

ព្រះអង្គ មានសង្ឃដីកាជាគំនិតថា កម្ពុជា មិនគួរប្រៀបធៀបខ្លួនឯងនឹងប្រទេសដទៃពេកទេ ព្រោះប្រទេសនីមួយៗ មានច្បាប់រៀងៗគ្នា។ មានតែប្រជាជនកម្ពុជាទេ ដែលបានបោះឆ្នោត ឆ្នាំ២០២៣ ដោយព្រះអង្គមិនជឿថា ប្រទេសដទៃ (រុស្ស៉ីក្តី) មកបោះឆ្នោត និងមកលូកដៃក្នុងទឹកខ្មៅ នៅកម្ពុជានោះដែរ។

ព្រះអង្គ ដែលធ្លាប់សង្កេតការណ៍ការបោះឆ្នោតជាតិ នៅប្រទេសនេប៉ាល់ នៅឆ្នាំ២០២២ បានចាត់ទុកការបោះឆ្នោតជាតិ ឆ្នាំ២០២៣​ នៅប្រទេសកម្ពុជា ធ្វើឡើងដោយផ្អែកតាមច្បាប់ និងបទដ្ឋានគតិយុត្ត យ៉ាងត្រឹមត្រូវ។


តំណាងប្រទេស មេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ សុទ្ធតែវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ


(ភ្នំពេញ)៖ តំណាងប្រទេស មេដឹកនាំ អតីតមេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣មកពីជុំវិញពិភពលោក សុទ្ធតែបានវាយតម្លៃអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅប្រទេសកម្ពុជា គឺបានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ តម្លាភាព និងគ្មានការគំរាមកំហែងអ្វីឡើយ ទាំងនេះហើយគឺជាបេះដូង និងជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ។

ការបញ្ជាក់ដូចៗគ្នានេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវាយតម្លៃការបោះឆ្នោតនៅកម្ពុជារបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលបានប្រព្រឹត្តទៅក្រោមការចូលរួមពីតំណាងប្រទេស មេដឹកនាំ អតីតមេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ ក្នុងនោះរួមមាន៖ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៉ីប៉ាស៉ីហ្វិកអន្តរជាតិ (CAPDI) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី​ (ICAPP) អង្គការប្រទេសនិយាយភាសាបារាំង (IOF) វិទ្យាស្ថានទស្សនៈ និងសន្តិសុខអឺរ៉ុប (IPSE) សម្ពន្ធអន្តរជាតិនៃអ្នកសង្កេតការណ៍បោះឆ្នោត (IAEO) អ្នកសង្កេតការណ៍ឯករាជ្យ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូ ក្រុមប្រឹក្សាកំពូលអន្តរជាតិដើម្បីសន្តិភាព (ISCP) សមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) ស្ថាប័នស្រាវជ្រាវ២០២២ (Think Tank 2022) នាយករដ្ឋមន្ត្រីប្រទេសនីហ្សេរីយ៉ា អតីតប្រធានាធិបតីស្រីលង្កា អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ និងប្រតិភូមកពីប្រទេសមួយចំនួនទៀត ដូចជា ប៉ាគីស្ថាន ឡាវ មីយ៉ាន់ម៉ា ហ្គីណេប៊ីសូ នេប៉ាល់ កូរ៉េខាងត្បូងជាដើម។

តំណាងប្រតិភូអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៉ីប៉ាស៉ីហ្វិកអន្តរជាតិ (CAPDI) បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគឺបានចុះទៅអនុវត្តការងារបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ នៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមសង្កេតការណ៍បានមើលឃើញថា ការិយាល័យបោះឆ្នោតបានបើកដំណើរការចាប់ពីម៉ោង៧៖០០នាទី និងមានសម្ភារបម្រើឱ្យការបោះឆ្នោតគ្រប់គ្រាន់ រីឯមន្ត្រីបោះឆ្នោតក៏អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។

អង្គការ CAPDI បានបញ្ជាក់ទៀតថា ដំណើរបោះឆ្នោតនេះគឺប្រព្រឹត្តទៅតាមច្បាប់ជាធរមាន និងប្រកាន់ខ្ជាន់នូវគោលការណ៍ប្រជាធិបតេយ្យ បើកទូលាយឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួន។

អង្គការ CAPDI បានកត់សម្គាល់ថា ការផ្ទៀងផ្ទាត់អ្នកបោះឆ្នោតជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោត គឺជាវិធីដ៏សំខាន់មួយដើម្បីចៀសវាងការក្លែងបន្លំអត្តសញ្ញាណ។ ម្យ៉ាងទៀត

ការប្រើប្រាស់ទីសាធារណៈមួយចំនួនធ្វើជាមណ្ឌលបោះឆ្នោត ដូចជាសាលារៀន វត្តអារាម គឺជាការសន្សំសំចៃមួយសម្រាប់ការបោះឆ្នោតផងដែរ។

តំណាងសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី​ (ICAPP) បានបញ្ជាក់ថា បន្ទាប់ពីការបិទការិយាល័យបោះឆ្នោតនៅម៉ោង៣រសៀល គេឃើញថា មន្ត្រីបោះឆ្នោតបានអនុវត្តការរាប់សន្លឹកឆ្នោតប្រកបដោយការយកចិត្តទុកដាក់បំផុត ក្រោមការសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍ជាតិ/អន្តរជាតិ តំណាងគណបក្សនយោបាយ អ្នកសារព័ត៌មានជាតិ/អន្តរជាតិជាដើម។

អង្គការ ICAPP បានបន្តថា អ្នកបោះឆ្នោតគ្រប់គ្នាបានអនុវត្តសិទ្ធិរបស់ខ្លួនដោយគ្មានការភ័យខ្លាច ដែលរូបភាពទាំងនេះគឺជាជោគជ័យនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនេះមិនត្រឹមតែមាននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តរីកសាយភាយទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។

អង្គការអន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា «បរិយាកាសនៃការបោះឆ្នោតនៅថ្ងៃទី២៣នោះ គឺប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ តម្លាភាព មិនមានអំពើហិង្សា ឬបាតុភាពអ្វីឡើយ ម្យ៉ាងទៀតគណៈប្រតូភូអ្នកសង្កេតការណ៍មិនបានឃើញពីការប្ដឹងតវ៉ាពីភាគីណាមួយនោះឡើយ»។

សភាពាណិជ្ជកម្មទីក្រុងតូរ៉ុនតូក៏បានបញ្ជាក់ដែរថា ប្រជាធិបតេយ្យនៅកម្ពុជា គឺល្អជាងប្រទេសប្រជាធិបតេយ្យមួយចំនួនទៅទៀត។ សមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា គឺជាគំរូល្អសម្រាប់ការបោះឆ្នោតនៅលើពិភពលោក។

នៅចំពោះមុខសន្និសីទនាពេលនោះ អតីតនាយករដ្ឋមន្ត្រីនេប៉ាល់បានអះអាង និងស្ម័គ្រខ្លួនធ្វើជាសាក្សីក្នុងការវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាថា បានប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ តម្លាភាព មិនមានអំពើហិង្សា។

តំណាងអ្នកសង្កេតការណ៍មកពីប្រទេសប៉ាគីស្ថានបានអះអាងដែរថា គេមិនបានឃើញពីសញ្ញានៃការកៀបសង្កត់ ការគំរាមកំហែងនៅក្នុងការបោះឆោតសកលនេះនោះឡើយ ខណៈមន្ត្រី គ.ជ.ប. គ្រប់រូបមានឯករាជ្យ និងតម្លាភាព។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានវាយតម្លៃថា ការចូលរួមក្នុងការបោះឆ្នោតរបស់ប្រជាជនកម្ពុជាក្នុងអត្រា៨៤.៥៨ភាគរយនេះ (លទ្ធផលបឋម) គឺបង្ហាញពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យយ៉ាងសំខាន់ ប្រជាជនកាន់តែយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ៕


អ្នកសង្កេតការណ៍ជាតិ ៩០ស្ថាប័ន៖ ការបោះឆ្នោតធ្វើឡើងដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព

 



(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់ ដែលកម្មវិធីសន្និសីទសារព័ត៌មាន រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) នៅសណ្ឋាគារ ហៃយ៉ាត់។

តំណាងអង្គការសង្គមស៉ីវិល រួមមាន៖ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ (ខេត្តកណ្តាល), លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ, លោក ឡិប វុឌ្ឍី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស កឹមសៀក ប្រធានសមាគមនិស្សិតបញ្ញាវន្តកម្ពុជា-អាស៊ាន។

ក្នុងសន្និសីទសារព័ត៌មានរបស់អ្នកសង្កេតការណ៍ជាតិ បានសង្ខេបចំណាប់អារម្មណ៍របស់ខ្លួនថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា បានធ្វើឡើងដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។

វ.ស.ស. បានសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន ៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមជាតិចំនួន ៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល ក្នុងនាមជាអ្នកសម្របសម្រួល ក៏បានលើកឡើងថា ក្រោយចំណាប់អារម្មណ៍របស់វាគ្មិនទាំង ៤រូប សុទ្ធតែអះអាងថា ការបោះឆ្នោតគឺត្រឹមត្រូវ សេរី យុត្តិធម៌ មានតម្លាភាព និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានសណ្តាប់ធ្នាប់។

យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស និងការបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ។

មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕