Thursday, November 19, 2020

ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការអនុញ្ញាតឱ្យបើកដំណើរការសាលារៀននិងស្តាតអូឡាំពិកឡើងវិញ

 ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារព្រឹត្តិការណ៍ ០៣វិច្ឆិកា។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្រោយពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០»។

ជាមួយគ្នានេះ ក្រសួង នៅតែរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានបន្តថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។ ជាមួយគ្នានេះ ក្រសួងអប់រំ អនុញ្ញាតឲ្យមានការហាត់ប្រាណលេងកីឡា និងការចេញចូល បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកានេះតទៅដោយបន្តអនុវត្តនូវវិធានសុវត្ថិភាព សុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ចូលសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល១៤ថ្ងៃ។ ជាមួយគ្នានេះ ស្តាតអូឡាំពិក ក៏ត្រូវប្រកាសបិទជាបណ្តោះអាសន្នផងដែរ។ តែនៅពេលនេះ ក្រសួងប្រកាសបើកឡើងវិញដូចធម្មតា៕



ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន៣,៦០០កន្លែង សម្រាប់ឆ្នាំ២០២១

 ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទក្របខណ្ឌនៅតាមអង្គភាពគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ រាជរដ្ឋាភិបាលសម្រេចផ្ដល់ក្របខណ្ឌ ៣,៦០០កន្លែងដល់ក្រសួងអប់រំ ដើម្បីប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់ឆ្នាំ២០២១។

នៅក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបែងចែកក្របខណ្ឌដូចខាងក្រោម៖
១៖ ក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន ២០០កន្លែង
២៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សា ចំនួន ១,៥៥០កន្លែង៖ បណ្តុះបណ្តាលតាមរូបមន្ត (១២+២ ) ចំនួន ១,២៥០កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន ៣០០កន្លែង
៣៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន ៥០០កន្លែង៖ ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២៨០កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន២០០ កន្លែង, ផ្នែកអប់រំបំណិនជីវិត បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២០កន្លែង
៤៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា ចំនួន ១៥០កន្លែង៖ បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ១២៥កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន
២៥កន្លែង
៥៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ចំនួន ១,១០០កន្លែង៖ ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+១) ចំនួន ៩៨០កន្លែង និងតាមរូបមន្ត(បរិញ្ញាបត្រ+២) ចំនួន ១០០កន្លែង, ផ្នែកអប់រំបច្ចេកទេស បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ + ១ ) ចំនួន ២០កន្លែង
៦៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨៥កន្លែង
៧៖ វិទ្យាស្ថាបជាតិអប់រំពិសេស ចំនួន១៥កន្លែង (ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីក្រមការ និងលេខាធិការ)៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជួយកម្ពុជាក្នុងការធ្វើតេស្តរកកូវីដ-១៩

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានសរសេរលិខិតមួយថ្លែងអំណរគុណដល់លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់ជំនួយដ៏ប្រពៃដែលបានផ្តល់ជូនកម្ពុជាដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេច ក៏ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា កាយវិការរបស់វិទ្យស្ថានប៉ាស្ទ័រកម្ពុជា ពិតជាបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រី វេជ្ជបណ្ឌិត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកលដែលពុំធ្លាប់មិនពីមុននេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ទោះបីជាករណីកូវីដ-១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោកក៏ដោយ ខ្ញុំជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកស្រី ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ»៕

សូមអានលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖





ក្រសួងសុខាភិបាល ប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជាទេហើយអ្នកជាសះស្បើយក៏គ្មានដែរ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ហើយអ្នកជាសះស្បើយពីជំងឺនេះក៏គ្មានដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់សម្រាប់ការធ្វើតេស្តលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះជាលទ្ធផលដ៏ល្អមួយសម្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ស្របតាមសេចក្ដីប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកបដោយការគិតគូរខ្ពស់បំផុតដល់សុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋហើយក៏សម្រាប់ការបានវិលត្រឡប់ ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ ដែលលោក បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖

* សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន៦៧នាក់ ខេត្តពោធិសាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣នាក់ ខេត្តកំពង់ធំ ចំនួន៣នាក់។
* សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន១១នាក់។
* សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ៤០នាក់ ខេត្តកំពង់ចាមម្នាក់។
* សម្រប់ថ្ងៃទី២៥ ខេវិច្ឆិកា ឆ្នាំ២០២០ មានខេត្តព្រះវិហារ ចំនួន២០នាក់ និងរតនគិរី ចំនួន១០នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១២នាក់៕






លិខិតមិត្តអ្នកអាន៖ វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន

 «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈប្រកបដោយបេះដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃព្រមទាំងការគោរពស្រឡាញ់និងការយកចិត្តទុកដាក់ជាទីបំផុត លើសុខភាពប្រជាជនទូទៅដែលធ្វើឱ្យប្រទេសកម្ពុជាមិនទាន់មានការចម្លងវីរុសកូវីដ-១៩ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះរហូតមកទល់ពេលនេះនៅឡើយ។


នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗគឺ៖

១៖ ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក

២៖ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

៣៖ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេសក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឱ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេសអាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា

៤៖ ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។


ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លា ដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។


ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្ដាប់ដៃដែកថែបរបស់សម្ដេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដបង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំង ក្នុងនាវាខ្នាតយក្សនិងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខាពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្ដាប្រទេសនានា និង ពិភពលោកទាំងមូលថា កម្រមានប្រទេសណាដែលគ្រប់គ្រងស្ថានការណ៍បានរហ័សលឿនទាន់ពេលវេលានិងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់ និងល្អប្រសើរដូចមេដឹកនាំកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ។


ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរៃ និងពីសង្គ្រាមអត់សមោលនៃសត្រូវកូវីដ-១៩ដែលធ្វើឱ្យប្រជាជនទូទៅបានវិលត្រឡប់មករស់នៅសភាពធម្មតាតាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។


គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់មានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជាមានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដក្នុងការប្រយុទ្ធជាមួយសត្រូវអត់ស្រមោលកូវីដ-១៩នេះផងដែរ៕


ដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល





អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយមានចំណងជើងថា កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាដ៏លំបាកមួយទៀត ដោយជោគជ័យ!

 នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជាង១៩នាទី មានចំណងជើងថា «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាដ៏លំបាកមួយទៀត ដោយជោគជ័យ» ។

 

វីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិត និងផ្សព្វផ្សាយភ្លាមៗ បន្ទាប់ពីលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាលជុំវិញការធ្វើតេស្តលើកទី៤ នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កជាងមួយពាន់នាក់ រួមទាំងសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រុមគ្រួសារ អង្គរក្ស និងអ្នកនៅជាមួយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា « អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា» ហើយក៏គ្មានឡើយការឆ្លងចូលក្នុងសហគមន៍ ពោលគឺមានតែមនុស្ស ៤ នាក់ប៉ុណ្ណោះដែលបានឆ្លងក្នុងដំណាក់កាលថ្មីនេះ ហើយក្នុងនោះក៏មានអ្នកដែលបានជាសះស្បើយហើយដែរ។

ខ្លឹមសារនៃវីដេអូបានពិពណ៌នាថា ដើម្បីឆ្លុះបញ្ចាំងអំពីជោគជ័យនេះ យើងគួរក្រឡេកថយក្រោយ បន្តិចដើម្បីពិនិត្យមើល យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩៖ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញយុទ្ធសាស្ត្រ៣យ៉ាង ឬហៅថាសមរភូមិ៣៖ ទី១ គឺការទប់ស្កាត់ការឆ្លងរីក រាលដាលរបស់ជំងឺនេះពីខាងក្រៅកុំឲ្យចូលមកកម្ពុជា,ទី២ គឺការទប់ស្កាត់កុំឲ្យឆ្លងចូល ក្នុងសហគមន៍ និងទី៣ គឺការយកចិត្តទុកដាក់ ព្យាបាលដើម្បីសង្គ្រោះអ្នកឆ្លងកូវីដ ១៩។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ និងម៉ឹងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន សមរភូមិទាំងបីតំណាក់កាលដែលមានលក្ខណៈប្រាកដនិយម និងដែលត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាល តេជោសែន ដាក់ចេញតាំងពីមានកូវីដ១៩ផ្ទុះឡើងភ្លាមៗមកនោះ រហូតមកដល់ថ្ងៃនេះ បានទទួលលទ្ធផលជាទីគាប់ចិត្ត។ 

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖












#កម្ពុជា #ហ៊ុនសែន #កូវីដ១៩ #អរគុណសន្តិភាព