(ភ្នំពេញ)៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីយប់ថ្ងៃទី៣ មករា ឆ្នាំ ២០២៣ លោកបណ្ឌិត សុខ ហាច ដែលត្រូវបានបក្សភ្លើងទៀន តែងតាំងជាឧត្តមទីប្រឹក្សាបានផ្ញើសារដ៏សំខាន់មួយទៅកាន់មេដឹកនាំនិងសកម្មជនបក្សនេះក៏ដូចជាក្រុមប្រឆាំងជ្រុលនិយមទាំងឡាយឲ្យភ្លឺភ្នែកអំពីអ្វីដែលពួកគេបានធ្វើកាលពីពេលកន្លងទៅ។ លោក សុខ ហាច បានមានប្រសាសន៍បញ្ជាក់ថា ពេលគាត់ចូលទៅបក្សភ្លើងទៀន គាត់បាននិយាយប្រាប់មិត្តភក្តិ ក្នុងបក្សភ្លើងទៀនថា បើយកគាត់ទៅឲ្យជេរគេ គាត់មិនធ្វើទេ ហើយបើយកគាត់ទៅឲ្យអង្គុយតិទៀនគេ ក៏គាត់មិនធ្វើដែរ តែបើឲ្យគាត់ប្រាប់ថា ធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចដើរទៅមុខគាត់ធ្វើ។
ត្រង់នេះលោកបណ្ឌិត សុខ ហាច ចង់ផ្ញើសារត្រង់ៗនិងជាសាធារណៈដើម្បីប្រដៅបក្សភ្លើងទៀន និងក្រុមប្រឆាំងជ្រុលនិយមថា សូមបញ្ឈប់វប្បធម៌ជេរប្រមាថ និងវប្បធម៌បើកមាត់កាលណានិយាយតែពីរឿងអាក្រក់ពីគេ លាបពណ៌និងចោទប្រកាន់គេ ខណៈដែលខ្លួនឯងមិនបានធ្វើអ្វីសោះ។ សារព្រមានទុកមុនរបស់លោកបណ្ឌិត សុខ ហាច ចំពោះបក្សភ្លើងទៀនត្រូវបានគេមើលឃើញជាទូទៅថា ពិតជាត្រឹមត្រូវពីព្រោះនរណាក៏ដឹងដែរថា ក្រុមប្រឆាំងជ្រុលនិយមក្នុងនោះក៏មានមេដឹកនាំនិងមន្ត្រីឬសកម្មជនបក្សភ្លើងទៀនបច្ចុប្បន្នដែរ បានសាបព្រួសវប្បធម៌ជេរប្រមាថ លាបពណ៌ និងចោទប្រកាន់មួលបង្កាច់គណបក្សកាន់អំណាចជារៀងរហូតមក។
ចាប់តាំងពីការកកើតបក្សប្រឆាំងពេលណា កិច្ចការចម្បងរបស់ពួកគេគឺ ការជេរប្រមាថ លាបពណ៌ និងចោទប្រកាន់ដោយគ្មានភស្តុតាង ចំពោះគណបក្សកាន់អំណាចជាពិសេសវាយប្រហារទៅលើគ្រួសារត្រកូលហ៊ុន តាមរយៈការបង្កើតព័ត៌មានមិនពិតគ្រប់បែបយ៉ាង។ រហូតមកទល់ពេលនេះសារជាតិរបស់ពួកគេមិនប្រែប្រួលឡើយ។
រឿងនេះពិតជាស្រួលយល់ជាទីបំផុតដោយគ្រាន់តែចោទជាសំណួរថា តើបក្សភ្លើងទៀន ក៏ដូចជាបក្សប្រឆាំងជ្រុលនិយមមុនៗ បានបង្កើតសមិទ្ធផលអ្វីខ្លះសម្រាប់ប្រទេសជាតិក្រៅពីសាបព្រួសវប្បធម៌អាក្រក់នៅក្នុងសង្គម? ធ្វើនយោបាយតាំងពីក្មេងដល់ចាស់សក់ស្កូវអស់ហើយ សូម្បីគោលនយោបាយគណបក្សមួយដែលមានភាពប្រាកដនិយមដើម្បីយកទៅអនុវត្តក៏គ្មានដែរ។ ថ្មីៗនេះ ពួកគេបានពឹងពាក់ឲ្យអង្គការបរទេសមួយជួយបង្កើតគោលនយោបាយឲ្យ។ យើងអាចស្រមៃថា បើគណបក្សនយោបាយមួយមិនចេះបង្កើតគោលនយោបាយដោយខ្លួនឯងផង ហើយបែរទៅពឹងបរទេសឲ្យជួយបង្កើតគោលនយោបាយសម្រាប់ប្រើប្រាស់ តើអនាគតប្រទេសជាតិោនឹងទៅជាយ៉ាងណាប្រសិនបើពួកគេឈ្នះឆ្នោត។ ចំណុចនេះហើយជាគ្រោះថ្នាក់ និងដែលពលរដ្ឋខ្មែរយល់ច្បាស់ ហើយមិនផ្តល់ការទុកចិត្តទៅលើគណបក្សប្រឆាំងឲ្យដឹកនាំប្រទេសឡើយ។
ឥឡូវនេះ លោកបណ្ឌិត សុខ ហាច ដែលទើបទទួលការតែងតាំងជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀនក៏បានមើលឃើញសារជាតិឥតប្រែប្រួលរបស់ក្រុមប្រឆាំង ដែលកំពុងបន្តដឹកនាំក្នុងបក្សភ្លើងទៀន ក៏ដូចជាអ្នកនៅពីក្រោយខ្នង។ លោក សុខ ហាច ក៏បានយកវេទិកាសម្ភាសន៍ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិដើម្បីផ្ញើសារត្រង់ៗនិងជាសាធារណៈតែម្តងទៅកាន់បក្សភ្លើងទៀន។
ទំនងជាលោកបណ្ឌិត សុខ ហាច ខ្លាចប្រឡាក់វប្បធម៌ជេរប្រមាថ និងលាបពណ៌ ដែលកំពុងរីកដុះដាលយ៉ាងជោគជាំនៅក្នុងបក្សនេះ ទើបប្រញាប់បញ្ចេញសារនេះទុកជាមុន។
អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺ លោកបណ្ឌិត សុខ ហាច បានគូសបញ្ចាក់ថា រូបលោកផ្ទាល់មិនដែលទទួលរងអំពើ អយុត្តិធម៌ណាមួយពីបក្សកាន់អំណាចទេ រីឯការរើសអើងទៀតសោតក៏គ្មានដែរថ្វីបើលោកមានទស្សនៈនយោបាយផ្សេងក៏ដោយ ប៉ុន្តែ លោកអាចរួមរស់ដោយសុខសាន្តក្នុងសង្គមនេះ។ នេះជាសារដ៏សំខាន់មួយទៀតរបស់លោកបណ្ឌិត សុខ ហាច ដើម្បីប្រាប់មេដឹកនាំបក្សភ្លើងទៀនថា សង្គមខ្មែរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាសង្គមដែលមនុស្សគ្រប់និន្នាការនយោបាយអាចរួមរស់ជាមួយគ្នាបានដោយសុខសាន។
ខុសស្រឡះពីអ្វីដែលក្រុមប្រឆាំងជ្រុលនិយមតែងលើកឡើងជារៀងរាល់ថ្ងៃថា ជាសង្គមអយុត្តិធម៌ និងពោរពេញដោយការរើសអើង។ លោក សុខ ហាចក៏ទទួលស្គាល់ថា សង្គមខ្មែរបច្ចុប្បន្ន កំពុងមានសន្ទុះអភិវឌ្ឍន៍ទៅមុខ ដែលខុសស្រឡះពីការអះអាងរបស់ក្រុមប្រឆាំងជ្រុលនិយម រាប់ទាំងបក្សភ្លើងទៀនផង ដែលអះអាងថា គណបក្សប្រជាជនកម្ពុជាដឹកនាំយូរទៅធ្វើឲ្យប្រទេសនិងប្រជាពលរដ្ឋកាន់តែក្រទៅ។ និយាយរួម ក្រុមប្រឆាំងមិនដែលហ៊ានទទួលស្គាល់ការពិតឡើយ។
ជាលទ្ធផលនៃការសាបព្រួសវប្បធម៌ជេរប្រមាថ បរិហារគេ គណបក្សប្រឆាំងគឺចាញ់រលាយ ចំណែកឯមេដឹកនាំបក្សនេះជាច្រើន មានទោសជាប់ខ្លួនរាប់មិនអស់។ ប្រជាពលរដ្ឋខ្មែរមិនគាំទ្រ ខណៈដែលវិធានការផ្លូវច្បាប់ត្រូវបានអនុវត្តចំពោះអ្នកបំពានច្បាប់។ ការយករឿងនយោបាយបកបិទបាំង កាឡៃ ដើម្បីការពារអ្នកនយោបាយឬសកម្មជនដែលបំពានច្បាប់ក៏គ្មានប្រសិទ្ធភាពទៀតដែរ។
សរុបសេចក្តីមក សារប៉ុន្មានឃ្លាដែលលោកបណ្ឌិត សុខ ហាច បានបង្ហាញពីតជាមានអត្ថន័យធំធេងដែលលោកចង់ប្រដៅបក្សភ្លើងទៀន និងអ្នកនៅពីក្រោយបក្សនេះឲ្យភ្លឺភ្នែកនិងបញ្ឈប់សកម្មភាពចាស់ដ៏អាក្រក់តាមទម្លាប់ដែលពួកគេធ្លាប់ធ្វើជាបន្ទាន់ប្រសិនបើពួកគេចង់មានតម្លៃក្នុងក្រសែភ្នែកពលរដ្ឋខ្មែរ។
កន្លងទៅគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសនិងដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងប្រាថ្នាចង់ឃើញបក្សនយោបាយ ប្រកួតគ្នាដោយគោលនយោបាយ ប៉ុន្តែ បក្សប្រឆាំងមិនព្រមកែចរិតយកការជេរប្រមាថ និងបរិហារ លាបពណ៌មកធ្វើជាដើមទុននយោបាយនោះឡើយ។ សង្ឃឹមថា លោកបណ្ឌិត សុខ ហាច អាចក្លាយជាចំណែកមួយក្នុងការកែប្រែអត្តចរិតរបស់ក្រុមប្រឆាំងដើម្បីឲ្យងាកមកដើរលើផ្លូវត្រូវវិញ។
ហើយក៏សង្ឃឹមថា បក្សប្រឆាំងដែលអួតក្តែងៗមិនដាច់ពីមាត់ថា ជាអ្នកប្រជាធិបតេយ្យ នឹងមិនលាបពណ៌លោកបណ្ឌិត សុខ ហាច ថាជា«មនុស្សរបស់ ហ៊ុន សែន» តាមទម្លាប់ដែលពួកគេធ្លាប់ធ្វើកាលពីពេលកន្លងទៅនោះឡើយ៕
ដោយ៖ វញ្ញវន្តខ្មែរ