Tuesday, October 20, 2020

លិខិតមិត្តអ្នកអាន៖ «ពេលពលរដ្ឋខ្មែរមាន ទុក្ខ សម រង្ស៊ី បែរទៅជួយឈឺឆ្អាលក្រុមបាតុករនៅ ស្រុកថៃធ្វើព្រងើយ»

 ក្នុងនាមពលរដ្ឋខ្មែរម្នាក់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែរ ខ្ញុំពិតជាទប់ចិត្តនិងទ្រាំមិន បានឡើយចំពោះ

អាប្បកិរិយាគ្មានវិចារណញ្ញាណបែប រវើរវាយនិងឆ្កួតលេលា របស់ទណ្ឌិតសម រង្ស៊ី។
នៅពេលដែល ប្រជាពលរដ្ឋខ្មែរកំពុងរងគ្រោះដោយទឹកជំនន់ស្ទើរតែគ្រប់ទីកន្លែង
សម រង្ស៊ី និងគូកន មិនត្រឹមតែមិនបានជួយ
ឬក៏សម្តែងសមានចិត្តជួយ សម្រាលការលំបាកដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែ សម រង្ស៊ី បែរជាទៅជួយឈឺឆ្អាលនឹងក្រុមបាតុករ នៅឯប្រទេសថៃទៅវិញ។
សម រង្ស៊ី បានបង្ហោះសារ និងលើកម្រាមដៃ៣ ដើម្បីសម្តែងការគាំទ្រចំពោះបាតុករនៅ ប្រទេសថៃធ្វើព្រងើយដោយមិនខ្វល់ខ្វាយពី សុខទុក្ខរបស់ពលរដ្ឋខ្មែរដែលកំពុងលិចលង់ ដោយទឹកជំនន់នោះឡើយ។

ចាប់តាំងពីផ្តើមកើតមាន វិបត្តិកូវីដ-19 មកម៉្លេះ សម រង្ស៊ី មិនដែលយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវីញ សម រង្ស៊ី អង្គុយបន់ស្រន់ឲ្យកម្ពុជា រងគ្រោះខ្លាំងដើម្បីអាចអោយខ្លួនមានលេស បន្ទោសរដ្ឋាភិបាលលោក ហ៊ុន សែន។ ទង្វើរបស់ សម រង្ស៊ី គឺពិតជាកំហុសដ៏ធ្ងន់ធ្ងរបំផុត គឺខុសទាំង នយោបាយក្នុងស្រុកនិងទាំងនយោបាយការបរទេស។

សូម្បីអំណោយមួយកញ្ចប់ក៏គ្មាន, ថវិកាមួយ សេនក៏អត់ និងសូម្បីទឹកចិត្តចូលរួមសម្រាលការ លំបាកឬក៏ជួយលើកទឹកចិត្តដល់អ្នកជួយពលរដ្ឋរងគ្រោះក៏
សម រង្ស៊ី មិនបានធ្វើដែរ។ ផ្ទុយទៅវិញ សម រង្ស៊ី និងគូកនឱបដៃឈរមើល ពលរដ្ឋខ្លួនឯង រងទុក្ខ ដោយមិនខ្វល់ ហើយថែមទាំងប្រើសម្តីចាក់ដោត មួលបង្កាច់បំភ្លៃការពិត មើលបំណាំ និងចាំតែស្តីបន្ទោស
និងបញ្ឆេះកំហឹងទៅវិញ។ នេះគឺជាអាកប្បកិរិយារបស់មនុស្សគ្មានសីលធម៌, គ្មានគុណធម៌ គ្មានទឹកចិត្ត និងគ្មានបេះដូងដែលមិនសមជាអ្នកនយោបាយទាល់តែសោះ។

មើលចុះថ្នាក់ដឹកនាំរដ្ឋាភិបាលរាប់តាំងពីនាយករដ្ឋមន្ត្រី ប្រធានកាកបាទក្រហម រហូតដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអ្នកជំនួញតូចធំ តារាល្បីៗ យុវជន យុវនារីរហូតដល់ប្រជាពលរដ្ឋសាមញ្ញៗ គេបាននាំគ្នាសស្រាក់សស្រាំបរិច្ចាគទាំងកម្លាំងកាយចិត្ត ទាំងថវិកា សម្ភារៈ និងគ្រឿង ឧបភោគបរិភោគគ្រប់ប្រភេទដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅគ្រប់ទិសទី។
ចម្លែកអីតែសម រង្ស៊ី និងគូកន បែរជាសម្ងំចាំតែ រកមើលចំណុចខ្សោយ ឬកំហុសឆ្គងរបស់គេ ដើម្បីជាន់ពន្លិចទៅវិញ។ នេះបានហៅថាជាក្រុមមនុស្ស«មិនជួយចូកមិនជួយចែវ បែរជា យកជើងរាទឹក»។

អាក្រក់ជាងនេះទៅទៀត
សម រង្ស៊ី ថែមទាំងបាន បញ្ឈឺចិត្តប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរតាមរយៈការ បង្ហាញពីក្តីខ្វាយខ្វល់ជា មួយក្រុមបាតុករនៃ ប្រទេសជិតខាងទៅវិញ។ ខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរយល់ច្បាស់ណាស់ថា គឺដោយ សារតែអាកប្បកិរិយាបែបនេះ ហើយដែលនាំឲ្យ
សម រង្ស៊ី គ្មានទីតាំងឈរជើងក្នុងឆាក នយោបាយនៅកម្ពុជា។

ជាការពិត សម រង្ស៊ី ដែលធ្វើនយោបាយតាំងពីមាន បក្សនយោបាយ និងមានវត្តមាន នៅក្នុងប្រទេសរហូតដល់បក្សនយោបាយរលាយ និងសូម្បីតែខ្លួនឯងក៏មិនអាចឈរជើងនៅកម្ពុជា បានដូច សព្វថ្ងៃ គឺជា លទ្ធផលនៃកំហុសដែលសម រង្ស៊ីខ្លួនឯងបានសាងឡើងទាំងអស់។ កំហុសរបស់ សម រង្ស៊ី មានច្រើន រាប់មិនអស់ ហើយជាកំហុសធំធេងដដែលៗ ម្តងហើយម្តងទៀត រាប់ទាំងកំហុសជាយុទ្ធសាស្ត្រ កំហុសនយោបាយក្នុងប្រទេស និងកំហុសនយោបាយការបរទេស៖

ទី១៖ កំហុសជា យុទ្ធសាស្ត្រ៖
សម រង្ស៊ី គឺជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រនិងគ្មានចក្ខុវិស័យសម្រាប់អនាគត នយោបាយរបស់ខ្លួនឡើយពោលគឺសម រង្ស៊ីធ្វើនយោបាយដើម្បីតែ សងសឹកគំនុំគ្រួសារខ្លួនតែប៉ុណ្ណោះ។
ចាប់តាំងពីពេលបង្កើតគណបក្សជាតិខ្មែរនៅឆ្នាំ ១៩៩៥ មក សម រង្ស៊ី ចេះប្រើវិធីតែម្យ៉ាងគត់ គឺប្រឆាំងជាមួយរដ្ឋាភិបាលជាពិសេស គឺប្រឆាំងដោយផ្ទាល់ជាមួយលោក ហ៊ុន សែន។
សម រង្ស៊ី បានប្រើ នយោបាយប្រឆាំងផ្កាប់មុខគឺប្រឆាំងដើម្បីបំផ្លាញជាអាវុធដើម្បីស្វែងរកប្រជាប្រិយភាពដោយមិនបានគិតគូរទាល់តែសោះអំពីគោលនយោបាយ
អំពី យុទ្ធសាស្ត្រ និងផែនការសម្រាប់ដឹកនាំប្រទេសឡើយ។ ហេតុដូច្នេះហើយ បានជារាល់ទង្វើរបស់
សម រង្ស៊ី គឺចេញមកម្តងៗ គឺភ្លាវៗនិងមិនត្រូវសភាពការណ៍ ទាល់តែសោះ។

ជាក់ស្តែង ករណីដែល សម រង្ស៊ី លើក ម្រាមដៃ៣គាំទ្រក្រុម
បាតុករនៅប្រទេសថៃខណៈពេលដែលពលរដ្ឋរបស់ខ្លួនកំពុងរងគ្រោះដោយទឹកជំនន់ពេញផ្ទៃប្រទេស គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរណាស់សម្រាប់អ្នកនយោបាយ។

ទី២៖ កំហុសនយោបាយជាតិ៖ ចាប់តាំងពីធ្វើនយោបាយមក
សម រង្ស៊ី មិនដែលលើក មកបង្ហាញប្រាប់ ប្រជាពលរដ្ឋអំពីគោលនយោបាយជាតិ របស់ខ្លួនឡើយថា តើពេលឈ្នះឆ្នោត គណបក្សរបស់ខ្លួនមានគោលនយោបាយយ៉ាងដូចម្តេចខ្លះទៅលើវិស័យកសិកម្ម, វិស័យឧស្សាហកម្ម, វិស័យបច្ចេកវិទ្យា, វិស័យអប់រំ, វិស័យសេដ្ឋកិច្ចសង្គមកិច្ច។ល។ និង។ល។ ហេតុអ្វីបានជាមិនបាន បង្ហាញនូវគោលនយោបាយទាំងនោះ? ពីព្រោះតែគណបក្សដែលដឹកនាំដោយ សម រង្ស៊ី តាំងពីឆ្នាំ ១៩៩៥ មក មិនដែលមានគោលនយោបាយអ្វីទាំងអស់។ ទើបតែនៅ ពេលថ្មីៗកន្លងទៅនេះទេ នៅពេលដឹងថាខ្លួនគ្មានគោលនយោបាយនិងដឹងថាបក្សខ្លួនគ្មានធនធាន មនុស្សដែលចេះសរសេរគោលនយោបាយ ទើបអតីតគណបក្សប្រឆាំងនេះនឹកឃើញពឹងចៅហ្វាយនាយបរទេសអោយជួយសរសេរគោលនយោបាយឲ្យគណបក្សរបស់ខ្លួន។
រឿងនេះត្រូវបាន
កឹម សុខាយកមកនិយាយដោយមោទនភាពនិងអួតក្អេងក្អាងជាសាធារណៈដោយឥតអៀនខ្មាសថា «មានប្រទេស មហាអំណាចមួយបានសរសេរគោលនយោបាយអោយគណបក្សយើងដើម្បីដឹកនាំប្រទេស .... » ។

មកដល់ចំណុចនេះ យើងអាចស្រមៃនិងពិចារណាមើលថា គណបក្សមួយដែលសូម្បីតែគោលនយោបាយមិនចេះសរសេរខ្លួនឯងផង ហើយរត់ទៅពឹងបរទេសឲ្យជួយដែរ តើគណបក្សបែបនេះអាចដឹកនាំប្រទេសបាន ដោយរបៀបណា? ហើយជាពិសេស បើ គោលនយោបាយរបស់បក្សខ្លួនត្រូវបានតាក់តែងដោយបរទេស តើបក្សនោះនឹងមិនបម្រើអោយបរទេស ឬជាអាយ៉ង ឬជាកូនអុករបស់បរទេសនោះទេឬ?

ទី៣៖ កំហុសនយោបាយការបរទេស៖ សម រង្ស៊ី មិនមែនមិនដឹងទេថា
រដ្ឋធម្មនុញ្ញកម្ពុជាបានគូសបន្ទាត់នយោបាយការបរទេសអព្យាក្រិត្យដោយមិនយកប្រទេសណា ឬប្លុកណាជាសត្រូវឡើយ។ ប៉ុន្តែ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន សម រង្ស៊ី បានតាំងខ្លួនឯងជាអ្នកឈរនៅខាងលោកសេរីហើយចាត់ទុកពិភពកុម្មុយនិស្តជាសត្រូវ ជាពិសេស ប្រទេសចិន។ តើសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងដូច ម្តេច បើខ្លួនចាត់ទុកចិន ដែលជាមហាអំណាចតំបន់ជាសត្រូវនិងចាត់ទុក វៀតណាមនិងថៃដែលជាប្រទេសភូមិផង របងជាមួយជាសត្រូវទៅ ហើយនោះ? កំហុសនយោបាយការបរទេសដ៏ធ្ងន់ធ្ងរបែបនេះ ទោះបីជា សម រង្ស៊ី ធ្វើនយោបាយប៉ុន្មានឆ្នាំតទៅទៀតក៏គ្មានបានលទ្ធផលអ្វីដែរពីព្រោះពលរដ្ឋខ្មែរ យល់ថា មនុស្សបែប
សម រង្ស៊ី នេះ បើ បណ្តោយអោយមក ដឹកនាំប្រទេស នោះភ្លើងសង្គ្រាមនឹងកើតឡើងជាក់ជាមិនខានជាមួយប្រទេសជិតខាងហើយម្យ៉ាងទៀត នយោបាយបែបនេះក៏គ្មានការគាំទ្រពីសហគមន៍ក្នុងតំបន់និងអន្តរជាតិដែរ។

សរុបមកវិញ ការរលាយរលត់ទៅនៃគណបក្សនយោបាយដែលដឹកនាំដោយ សម រង្ស៊ី និងការភៀសខ្លួនរត់ចោលស្រុកយ៉ាងអាម៉ាស់របស់
សម រង្ស៊ី និងគូកនគឺជាលទ្ធផលនៃកំហុសនយោបាយដែលខ្លួន បានសាងឡើងទាំងអស់។ រហូតមកដល់ពេលនេះ សម រង្ស៊ី គ្មាននៅសល់អ្វីក្រៅពីសំបកខ្លួនឡើយ ពោលគឺ បាត់បង់ទាំងគណបក្សនយោបាយ ទាំងទីតាំងឈរជើង នៅកម្ពុជា បាត់ទាំងការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងទាំងការគាំទ្រពី សហគមន៍អន្តរជាតិ។
នេះហើយជាលទ្ធផល នៃនយោបាយបែប រវើរវាយ គ្មានទស្សនៈវិស័យជាក់លាក់ គ្មានយុទ្ធសាស្ត្រនិងជាពិសេស ការធ្វើនយោបាយសើចចំអក ដល់ប្រជាពលរដ្ឋខ្លួនឯង៕

ដោយ : អ្នកនយោបាយតុកាហ្វេ



ស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចែកអំ ណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោ យទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

 បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមាន ជ័យ ពិធីចែកអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២០៖

*គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវ ជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី
*គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

សូមរំលឹកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានធ្វើដំណើរតាម ផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកនឹងបំពេញ បេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕







ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន២នាក់ លើជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ (ជាស្វាមី) និងស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ (ជាភរិយា និងមានកូន អាយុ០៣ឆ្នាំ) មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលជាស្វាមី និងភរិយាទាំងពីរនាក់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ១០៨នាក់ (ស្រី៣៤នាក់ កុមារ ០៣នាក់ និងទារក០១នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិខ្មែរអាយុ ៣៣ឆ្នាំ និង ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំដែលរកឃើញកូវីដ១៩ផងដែរ។ រីឯអ្នក ដំណើរចំនួន១០៦នាក់ ដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលកងទ័ពអាកាស។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៥នាក់ (ស្ត្រី ៥៨នាក់ និងបុរស២២៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨០នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕