Monday, March 29, 2021

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩ »

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩ »។

ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេស កម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយថា ដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានពិពណ៌នាថា ការប្រយុទ្ធតទល់ជាមួយកូវីដ-១៩ ពិតជាអាចធ្វើបាន ដោយគ្រាន់តែយើងរួមគ្នាអនុវត្តនូវវិធានការ    អនាម័យ ៣កុំ និង៣ការពារ » ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺជាការស្រេច។

៣កុំគឺ កុំចាប់ដៃឬប៉ះពាល់គ្នា, កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅក្នុងបន្ទប់បិទជិត ដែលគ្មានខ្យល់ ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែកឯ៣ការពារ គឺត្រូវពាក់ម៉ាស់ជាប្រចាំ, ត្រូវលាងដៃ ជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយ នៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

 

វិធានការ៣កុំ និង៣ការពារនេះ មានលក្ខណៈសាមញ្ញ ប៉ុន្តែ វាគឺ ជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធ តតាំងជាមួយសត្រូវឥតស្រមោលកូវីដ-១៩ ប្រសិនបើយើងអនុវត្តឲ្យបានម៉ឺងម៉ាត់និងជាប្រចាំ។

ជាការពិត នរណាៗក៏ទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់មនុស្សជាតិលើភពផែនដី ក្នុងយុគ្គសម័យបច្ចុប្បន្នយើងនេះ។ សត្រូវនេះបាននិងកំពុងធ្វើការវាយប្រហារមិនរើសមុខមិនថាប្រទេសអ្នកមាន ប្រទេសក្រីក្រ ប្រទេសមហាអំណាច ឬប្រទេសទន់ខ្សោយនោះឡើយ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចបិទបញ្ចប់ទៅវិញក្នុងពេលខាងមុខប្រសិនបើយើងទាំងអស់គ្នាគ្រាន់តែចូលរួម អនុវត្តវិធានការ ៣កុំ និង៣ការពារ និងវិធានការផ្សេងៗមួយចំនួនទៀត ដែលដាក់ចេញដោយប្រមុខ រាជរដ្ឋាភិបាល។ ការចូលរួមចាក់វ៉ាក់សាំង និងការប្រើប្រាស់ QR Code Stop Covid ក៏ជាវិធានការដ៍ចាំបាច់មិនអាចមើលរំលង បានដែរ។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបត្រូវពួតដៃគ្នាជាធ្លុងមួយដើម្បីយកឈ្នះលើកូវីដ ១៩ដោយយើងត្រូវមានក្តី សង្ឃឹមជឿជាក់ យ៉ាងមុតមាំលើខ្លួន យើងថា«ខ្មែរពិតជា អាចធ្វើបាន»៕


សូមទស្សនាវីដេអូ ដូចតទៅ៖













(វីដេអូ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

 

រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងស្តីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយស្ត្រីជនជាតិខ្មែរ អាយុ៥៣ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ នៅស្រុករមាសហែក

 នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញអ្នកពាក់ព័ន្ធជាមួយស្ត្រីជនជាតិខ្មែរអាយុ៥៣ឆ្នាំ មានវិជ្ជមានជំងឺកូវីដ១៩ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅស្រុករមាសហែក។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង នៅខាងក្រោមដូចតទៅ៖



អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងចម្រុះទាំងអស់ត្រូវបង្កើនការទុកដាក់ឱ្យបានខ្ពស់ក្នុងកិច្ចការ ពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែនកម្ពុជា-ថៃ

 ប៉ៃលិន៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៍បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ។

លោកស្រីអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។

លោកស្រី បាន ស្រីមុំ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណៈភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់នានាផងដែរ ជាពិសេស សូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញកងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រជាជន និងប្រទេសជាតិ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានឧបត្ថម្ភស្បៀងអាហារ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លា ដល់កងកម្លាំងចម្រុះទាំង ២៥គោលដៅ នៅតាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន៕





ក្រសួងសុខាភិបាល៖ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ Sinopharm និង Astra Zeneca នៅទូទាំងប្រទេស កើនដល់ចំនួន ២៥២,៥០៧នាក់ គិតត្រឹមថ្ងៃទី២៨ ខែមីនា

 (ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖ សរុបទាំងអស់ទូទាំងប្រទេសចំនួន ២៥២,៥០៧នាក់។

ខាងក្រោមតារាងព័ត៌មានលម្អិតនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល៖