Friday, February 16, 2024

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាពេលកន្លងមក




នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ 


ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែល លោក ជំទាវ បញ្ចប់អណត្តិការទូតនៅ ព្រះរាជាណាចក្រ កម្ពុជា  ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី  និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន  នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។






ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់ អ្នកបោះឆ្នោតដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា «បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសមាជិកគណបក្ស នឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់….. ។ល។

ក្រសួងបានបញ្ជាក់ថា យោងតាម មាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាល ឃុំ សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការគំរាមកំហែងដល់ អ្នកបោះឆ្នោត ជាអំពើដែលត្រូវផ្តន្ទាទោសតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានានូវដំណើរការរដ្ឋបាល នៃរដ្ឋបាលឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រសួងមហាផ្ទៃ បានប្រកាស ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន។

ក្រសួងមហាផ្ទៃ សូមអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយចៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕



គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោតឆ្នោតទទួលបានជោគជ័យ។

គ. ជ.ប បានគូសបញ្ជាក់ថា ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

គ.ជ.ប បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ។ គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា« ... គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ...»