Tuesday, February 27, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព


(ម៉ាឡេស៊ី)៖ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការ ជាមួយកម្មវិធីដ៏មមាញឹកពេញមួយថ្ងៃ នៅប្រទេស ម៉ាឡេ ស៊ី មកដល់ក្បាលព្រលប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចនេះហើយ ជាមួយលទ្ធផលដ៏គាប់ប្រសើរ ជាប្រយោជន៍ សម្រាប់  ជាតិ និងប្រជាជនកម្ពុជា។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានឈប់សម្រាកនៅម៉ាឡេស៊ីនោះ ឡើយ គឺដឹកនាំគណៈប្រតិភូ ធ្វើដំណើរត្រឡប់មកកម្ពុជាវិញទាំងយប់ផងដែរ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង១០៖៣០នាទី។











ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ចាត់ទុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា


នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី និងគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមក ដោយឯកឧត្តមបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចាត់ទុក សម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយឯកឧត្តមតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ីនិងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានរដ្ឋសភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧  កាលពីខែកក្កដា  ឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលកន្លងមក ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា  ដែលទេីបកន្លងទៅថ្មីៗនេះ  ផងដែរ៕












ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយាងតម្កល់ក្នុងមញ្ជូសារ

នាល្ងាចថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា និងពិធីចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងរៀបចំពិធីថ្វាយតាមបវេណីព្រះពុទ្ធសាសនានៅលើព្រះវិហារធំវត្តឧណ្ណាលោម ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ 

ព្រះសពរបស់សម្តេចបាននឹងកំពុងរៀបចំថ្វាយព្រះសពនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញរយ:ពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២៧ ខែកុម្ភ: ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។















លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank សម្ដែងនូវការកោតសរសើរចំពោះការយល់ដឹងស៊ីជម្រៅ របស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ


នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato' Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប លោកប្រធាន និង ជានាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។ សម្ដេចធិបតីបានជំរុញឱ្យធនាគារបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។ 

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។








សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

(ម៉ាឡេស៊ី)៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រី​ម៉ា​ឡេស៊ី បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីជំហរនយោបាយនៃការធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ​លើកដំបូងរបស់សម្តេចនៅម៉ាឡេស៊ី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ឆ្នាំនេះគឺជាខួបលើកទី៦៧ នៃទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងនេះបានកើនឡើងដល់កម្រិតថ្មីនៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងសេដ្ឋកិច្ច អន្តរកម្មកម្រិតខ្ពស់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ។

ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ការគាំទ្រ និងការចូលរួមនៅក្នុងវិស័យចម្រុះ ព្រមទាំងការយក​ចិត្តទុក​ដាក់ និងការសម្របសម្រួលដ៏ល្អ ជូនពលករកម្ពុជារស់នៅក្នុងប្រទេសម៉ាឡេស៊ី។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែរក្សាក្នុងក្រអៅបេះដូង​នូវការរួមចំណែកដ៏មានតម្លៃ​របស់​កង​រក្សាសន្តិភាពម៉ាឡេស៊ី ចំពោះប្រទេសកម្ពុជា ក្នុងអំឡុងដំណើរការសន្តិភាពរបស់​នៅដើមទស​វត្សរ៍​ឆ្នាំ​១៩៩០។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា ទៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣ ហើយដំណើរទស្សនកិច្ចរបស់សម្តេចនៅថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ជំនួបពិភាក្សាការងាររវាងសម្តេច និងនាយករដ្ឋមន្ត្រី អាន់វ៉ា បានពិភាក្សាលើបញ្ហាជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើ​គ្រប់​វិស័យ។

សម្តេចធិបតី បានលើកឡើងដែរថា ក្នុងជំនួបសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានកត់សម្គាល់ជាមួយការពេញចិត្ត និងការបោះជំហានជាវិជ្ជមាន ចាប់តាំងពីដំណើរ​ទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា មកកាន់ប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ។

សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះ បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យចាំបាច់ដូចខាងក្រោម៖

ទី១៖ លើផ្នែកនយោបាយ៖ សម្តេចធិបតី បានធានាចំពោះមុខលោកនាយករដ្ឋមន្ត្រី អាន់វ៉ា នូវការបន្តវិធី​សាស្រ្ត​វិជ្ជមាន និងបរិយាបន្នរបស់កម្ពុជា ចំពោះសហគមន៍ឥស្លាម។ កម្ពុជាស្វាគមន៍ចំពោះការសម្រេច​ចិត្ត​របស់ម៉ាឡេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះ និងចាប់ផ្តើមការពិភាក្សាលើគណៈកម្មាការរួមរបស់​ប្រទេសទាំង​ពីរសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសង្ឃឹមថានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ​មុនពាក់​កណ្តាលឆ្នាំនេះ ដើម្បីចាប់ផ្តើមដំណើរការនៃការចូលរួមក្នុងវិស័យផ្សេងទៀត។

ទី២៖ លើផ្នែកសេដ្ឋកិច្ច៖ សម្តេចធិបតី បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរ បានបង្ហាញ​ឱ្យឃើញនូវនិន្នាការកើនឡើង ហើយនៅតែមានសក្ដានុពលដែលមិនទាន់បានប្រើប្រាស់ ក្នុងការពង្រឹងភា​ព​ជាដៃគូសេដ្ឋកិច្ចបន្ថែមទៀត។ សម្តេចធិបតី បានលើកឡើងផងដែរថា សម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនប្រទេសទាំងពីរ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត។

ពាក់ព័ន្ធសេដ្ឋកិច្ចនេះ សម្តេចធិបតី បានថ្លែងថា សម្តេចបានស្នើម៉ាឡេស៊ីឱ្យពិចារណាពីលទ្ធភាព​នៃការ​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ។ សម្តេច និងលោកនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាលើ​បញ្ហានេះ ដើម្បីស្វែងរកតម្លៃបន្ថែម និងបញ្ចូលថាមពលថ្មីទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បន្ថែមពីលើនោះ សម្តេច និងលោកនាយករដ្ឋមន្ត្រីបានពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ទំនៀមទម្លាប់ ឧស្សាហកម្មអាហារហាឡាល និងលទ្ធភាពនៃការពង្រីកការនាំចូលផលិតផលកសិកម្មនៅក្នុងប្រទេសទាំងពីរ។

ទី៣៖ ការទទួលស្គាល់សារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់៖ បញ្ហានេះ សម្តេច និងលោក​នាយករដ្ឋមន្ត្រី បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យទេសចរណ៍ និង​ការសម្រួលការហោះហើរត្រង់បន្ថែម ដូចដែលលោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានលើកឡើងមុននេះ ជាពិសេសសម្រាប់គោលដៅបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ​រវាង​ប្រជាជនទាំងពីរ ក៏ដូចជាភ្ញៀវទេសចរមកពីប្រទេសទីបី មកកម្សាន្តនៅប្រទេសទាំងពីរ។

ទី៤៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៖ បញ្ហានេះ សម្តេច និងលោកនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង​រក្សា​កិច្ចសហការប្រកបដោយនិរន្តរភាព រួមទាំងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាប្រឈម​ក្នុងតំបន់​ដែលបង្កឡើងដោយការបោកប្រាស់តាមអ៊ីនធឺណិត។ ចំពោះវិស័យថាមពល កម្ពុជាបាន​កោត​សរសើរ​ចំពោះគោលការណ៍របស់ម៉ាឡេស៊ីចំពោះការជួយសម្រួលដល់ឡាវ-កម្ពុជា-សិង្ហបុរី លើថាមពល​ក្រោម​សមុទ្រ គម្រោងខ្សែបញ្ជូនឆ្លងកាត់តំបន់ឆ្នេរ។ លើសពីនេះ កម្ពុជាបានស្នើម៉ាឡេស៊ីឱ្យពិចារណា​លើការ​ចូលរួមក្នុងគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនីលើសមុទ្រ និងក្រោមសមុទ្រ រវាងកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់សន្តិសុខថាមពលក្នុងតំបន់។

សម្តេចធិបតី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា សម្តេច និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា មាន​សុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេច និងលោកនាយករដ្ឋមន្ត្រី បន្ត​ជួប និងចែលរំលែកជាទៀងទាត់នូវទិដ្ឋភាពនៃការបង្កើនកម្រិតទំនាក់ទំនងទៅកាន់កម្រិតថ្មី៕








សម្រង់ប្រសាសន៍ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងសេចក្តីថ្លែងការណ៍ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត


 (ម៉ាឡេស៊ី)៖ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែល​បានស្វាគមន៍សម្តេចធិបតី ក្នុងនាមជាមិត្ត និងបន្តទំនាក់ទំនងដ៏អស្ចារ្យដែលម៉ាឡេស៊ី មានជាមួយ​សម្តេច ហ៊ុន សែន អស់ជាច្រើនទសវត្សរ៍។

ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយសម្តេចធិបតី មានការពិភាក្សាប្រកប​ដោយ​ផ្លែផ្កាលើបញ្ហាជាច្រើន។ ឯកឧត្តមបន្តថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់​គ្នារវាងធនាគារជាតិ​កម្ពុជា និងធនាគារកណ្តាលរបស់ម៉ាឡេស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាសសរស្តម្ភមួយក្នុ​ង​ចំណោមសសរស្តម្ភទាំងឡាយទាក់ទងបញ្ហារូបិយប័ណ្ណ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលជោគជ័យលើកិច្ចសហប្រតិបត្តិការ​រូបិយប័ណ្ណ​ជាមួយប្រទេសចិន និងជាមួយប្រទេស​ថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ នឹងកាត់​បន្ថយបន្ទុកនៃការពឹងផ្អែកតែលើប្រាក់ដុល្លារអាមេរិក។

ឯកឧត្តម អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញការកត់សម្គាល់ចំពោះការវិវឌ្ឍន៍យ៉ាងលឿនហួស​ការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ ឯកឧត្តម អាន់វ៉ា បានអះអាងថា ស្ថាប័នគយប្រទេសទាំងពីរ នឹងជួយសម្រួលការផ្លាស់ប្តូរទំនិញ ហើយប្រទេសទាំងពីរបានចាប់ផ្តើមពិភាក្សាគំនិតផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័ន គយនៃប្រទេសទាំងពីររួចហើយ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម ប្រេងដូង និងអង្ករ។ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រើប្រាស់​វេទិកា​គណៈកម្មាធិការបច្ចេក​ទេសដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និង​ទេសចរណ៍កាន់តែល្អប្រសើរ។ សម្រាប់ការវិនិយោគ វិញ ឯកឧត្តម អាន់វ៉ា រំពឹងថា នឹងមានការវិនិយោគកាន់​តែច្រើន​ក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ី។

ពាក់ព័ន្ធការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនី ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ក្រសួង និង​ស្ថាប័ន ដែលមានចំណាប់អារម្មណ៍នឹងចំណាយការសាងសង់បំពង់ថាមពល​បាតសមុទ្រប្រវែង ១,០០០គីឡូម៉ែត្រ ដែលជួយសម្រួលការបញ្ជូនថាមពលកកើតឡើងវិញពីកម្ពុជា និងឡាវ ទៅសិង្ហបុរី។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយដោះស្រាយបញ្ហារបស់ជនជាតិម៉ាឡេស៊ី រងគ្រោះដោយការបោកប្រាស់ការងារ។ ឯកឧត្តម អាន់វ៉ា បានអរគុណកម្លាំងនគរបាល និងមន្ត្រីអន្តោប្រវេសន៍របស់កម្ពុជា ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។

ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ដែរថា ម៉ាឡេស៊ី និងកម្ពុជា នឹងធ្វើការរួមគ្នាជាមួយ​សហគមន៍​ឥស្លាមគាំទ្រ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនានា ដែលជាតម្រូវការរបស់កម្ពុជា។

ពាក់ព័ន្ធការហោះហើរវិញ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ៤៧ជើង ក្នុងមួយសប្តាហ៍ពីកម្ពុជា ទៅទីក្រុងកូឡាឡាំពួរ និងពីកូឡាឡាំពួរ មកកម្ពុជា។ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា ឯកឧត្តមបានយល់ព្រមពិចារណា ពង្រីកការហោះហើរព្រោះវាមានសក្តានុពលដ៏ធំសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ដែរថា ឯកឧត្តម និងសម្តេចធិបតី ទទួលស្គាល់ការពិតថា អាស៊ានបានកត់ត្រាពីកិច្ចសហប្រតិបត្តិការដ៏គួរឱ្យចាប់អារម្មណ៍ក្នុងវិស័យមួយចំនួន ប៉ុន្តែពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសមាជិកអាស៊ាន នៅមានកម្រិតទាបខ្លាំង ដែលគួរត្រូវបានពង្រឹង ដើម្បីផ្តល់អត្ថប្រយោជន៍​ដល់ប្រទេសទាំងពីរ៕






ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីសម្រេចមួយ បង្កើតអនុគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាសេចក្តីសម្រេច៖