សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ ដល់និស្សិត ១៩៩៧នាក់
មកពី វិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពី លោក
ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី រាយការណ៍ឱ្យដឹងពីចំនួនជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក៏ដូចជាការខិតខំរបស់វិទ្យាស្ថានរួចមកវិទ្យាស្ថាន សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តលើកទឹកចិត្ត ជំរុញឱ្យមានការយកចិត្តទុកដាក់អភិវឌ្ឍ កសាងធនធានមនុស្សឱ្យកាន់តែរីកចំរើនទាំងបរិមាណ និងគុណភាព ព្រោះថាធនធានផ្នែកខួរក្បាលនេះ គឺសូម្បីតែនៅក្នុងរបប ប៉ុល ពត ដែលគេអាចដកហូតនូវកម្មសិទ្ធិទ្រព្យសម្បត្តិ
អាយុជីវិតរបស់មនុស្ស តែគេមិនអាចដកហូតនូវចំណេះដឹងខាងបញ្ញាខួរក្បាលរបស់មនុស្សបានទេ។ ក្នុងន័យនេះ សម្តេចបានជំរុញឱ្យបន្តការខិតខំក្នុងការបណ្តុះបណ្តាលតទៅទៀត។
ទាក់ទងនឹងគម្លាតនៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ដែលពាក់ព័ន្ធ នឹងអតុល្យភាព ដូចដែលសម្តេចធ្លាប់បានលើកឡើងរួចមកហើយនោះ ក្នុងបញ្ហានេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ប្រទេសរបស់យើងសព្វថ្ងៃ គឺកំពុងតែបង្កើតនូវវប្បធម៌នៃការសន្ទនា ដែលត្រូវជាប្រធានបទ នៃការពិភាក្សា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជាពិសេស រវាងសម្តេចផ្ទាល់ ជាមួយនឹងឯកឧត្តម សម រង្ស៊ី គឺការខិតខំបង្កើតនូវវប្បធម៌នៃការសន្ទនានៅក្នុងសភាជាច្រើនដង ដែលបាននិយាយអំពីបញ្ហានេះជាមួយគ្នា ហើយថ្ងៃមុនសម្តេចក៏បានលើកឡើង អតុល្យភាព១២យ៉ាងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ហើយបញ្ហានេះ ឯកឧត្តម សម រង្ស៊ី ក៏បានសរសេរសំបុត្រមួយ មកសម្តេចដោយគាំទ្រចំពោះការលើកឡើងនូវអតុល្យភាព១២យ៉ាងនោះ។
ប៉ុន្តែឯកឧត្តម សម រង្ស៊ី ក៏បានលើកនូវអតុល្យភាពចំនួនពីរទៀត នោះគឺទី១.គម្លាតរវាងអ្នកមាន និងអ្នកក្រ ទៅលើបញ្ហាទ្រព្យសម្បត្តិ
និងទី២.គឺគម្លាតរវាងធនធានធម្មជាតិ និងការធ្វើអាជីវកម្ម ។ ការលើកឡើងបន្ថែមនូវបញ្ហាពីរចំណុចទៀតនេះ សម្តេចក៏បានយល់ស្រប និងបានសរសេរសំបុត្រជូនឯកឧត្តមសមរង្ស៊ីវិញផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ លើកឡើងថា ការបង្កើតនូវវប្បធម៌សន្ទនាគឺជំនួសឱ្យការដើរជេរគ្នានៅតាមចិញ្ចើមផ្លូវ ដែលប៉ុន្មានថ្ងៃនេះ គេបានទៅស្រែកជេរនៅកន្លែងមួយចំនួន។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្តថា ការចេះតែដើរស្រែកជេរបែបនេះ ប្រយ័ត្នសម្លេងភាគច្រើន គេបុកទំលាក់នោះ។ សម្តេចតេជោបន្តថា គេឱ្យធ្វើជាអនុប្រធានសភា ឬប្រធានសភាគឺកុំភ្លេច តួនាទី របស់ខ្លួនព្រោះប្រធានសភា ឬអនុប្រធានសភានោះជាអ្នកសម្របសម្រួល រវាងបណ្តាអ្នកតំណាងរាស្ត្រ គឺមិនមែនឱ្យអ្នកឯងដើរតែជេរគេនោះឡើយ ហើយបើចង់ផ្តល់យោបល់ទៅលើបញ្ហាអ្វី គឺតាមរយៈប្រធានក្រុមអ្នកតំណាងរាស្ត្រនោះ ហើយប្រធានក្រុមអ្នកតំណាងរាស្ត្រយកមកជជែកជាមួយនាយករដ្ឋមន្ត្រី ឬជាមួយប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានបន្តលើកឡើងអំពីការដោះស្រាយគម្លាតរវាងអ្នកមាន និងអ្នកក្រ គឺយើងមិនអាចធ្វើតាមប៉ុលពត បំផ្លាញចោលអ្នកមានឱ្យទៅជាក្រ ដូចគ្នាទាំងអស់គឺមិនអាចទេ ដូច្នេះវិធីដោះស្រាយបញ្ហានេះ មានវិធានការ ច្រើនរាប់ទាំងបញ្ហាប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ការបំពានទៅលើទ្រព្យសម្បត្តិរដ្ឋ ឬទ្រព្យសម្បត្តិអ្នកដទៃដើម្បីធ្វើមានធ្វើបាន គឺយើងត្រូវខិតខំ ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើង បានទទួល ពីការអភិវឌ្ឍនោះ ក្នុងនោះ សម្តេចនៅតែចាត់ទុកថា ការកាត់បន្ថយគម្លាតខាងបញ្ញាគឺជាតម្រូវការសំខាន់ ព្រោះការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិគឺវាមិនងាយទេ ប៉ុន្តែការកាត់បន្ថយគម្លាតខាង ខួរក្បាលអាចងាយនឹងធ្វើបាន។ ដូច្នេះ សម្តេចនៅតែបន្តការលើកទឹកចិត្តជំរុញអភិវឌ្ឍផ្នែកធនធានខួរក្បាលនេះ៕