Wednesday, May 08, 2024

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ រំលេចឡើងនូវចលនាជាតិដ៏ផុសផុលដែលកំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា

 


នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានប្រកាសយ៉ាងកងរំពង បង្ហាញឆន្ទៈមោះមុតឥតងាករេ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដ៏ធំនិងមានសក្តានុពលរបស់កម្ពុជា។ ការប្រកាសរបស់សម្តេច បានបង្កើតជា ចលនាជាតិដ៏ខ្លាំងក្លា ចេញពីប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទាំងអស់ ដែលស្ម័គ្រស្មោះ រួបរួមគាំទ្រ នូវគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជម្រុញឱ្យគម្រោងនេះលេចចេញជារូបរាងឡើងតាមការគ្រោងទុក។ ជាការំពឹងទុកក្រោយពេលសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹមសត្វជាដើម។ 

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកម្ពុជាដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមនសិការស្នេហាជាតិ ហើយសម្តេចធិបតីបាននិងកំពុងបន្តបេសកកម្មរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ ចេញជារូបរាងតាមផែនការ។ 

ដោយមើលឃើញពីតម្លៃដ៏ធំធេង និងគោលដៅដ៏ពិសិដ្ឋរបស់ប្រមុខដឹកនាំកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគម្រោងនេះ ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងដ៏ពិសិដ្ឋនេះ ដោយបានចេញសារ និងញាតិគាំទ្រយ៉ាងព្រោងព្រាត ដើម្បីសម្តែងមតិគាំទ្រលើគម្រោងដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំសម្រាប់ប្រទេសជាតិ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត៕

សូមទស្សនាវីដេអូ៖

ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត


នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប ឯកឧត្តម Khalid Ali Abdullah Abel បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្នុងអាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្តេជ្ញា ជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Khalid Ali Abdullah Abel និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយសម្តេចធិបតី បានគូសបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 


សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។


មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។ ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរឯកឧត្តមឯកអគ្គរាជទូត ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕






នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។


សូមជម្រាបថា ការងារជីកស្តារស្រះទំហំ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ៣ម៉ែត្រ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ដែលតាមរយៈគម្រោងនេះ ខេត្តកំពត បានទទួលគម្រោងជីកស្តារស្រះទឹក ទាំងស្រះសហគមន៍ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោងអនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និងស្រុកទឹកឈូ ១ស្រះ។ 

រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹកនៅជំហានទី១ សម្រេចបានប្រមាណ ៦០%។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិកនៃសហគមន៍កសិកររុងរឿង ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។


ជាមួយគ្នានោះដែរ បងប្អូនប្រជាកសិករនៃសហគមន៍កសិកររុងរឿងបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាតាមគ្រប់មធ្យោបាយដល់ពួកគាត់ និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលតែងចុះអន្តរាគមន៍ដោយផ្ទាល់។


គួរបញ្ជាក់ថា គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានជាគម្រោងរួមរបស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្តគោលដៅចំនួនបួន គឺខេត្តកំពត  ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ ស្រះ៕