Thursday, September 26, 2024

តើការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA កម្ពុជាត្រូវបង់ប្រាក់ដែរឬទេ?


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA កម្ពុជា មិនបានចំណាយប្រាក់ទៅឱ្យប្រទេសឡាវ និងវៀតណាម ដូចការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួននោះទេ។


នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំង៣នៃកិច្ចសហប្រតិបត្តិការនេះ គឺប្រទេសទាំង៣ មានសិទ្ធិរៀងៗខ្លួនក្នុងការប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដោយគ្រាន់តែជូនដំណឹងផ្នែកការទូតឱ្យបាន៦ខែមុនជាការស្រេច។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការកន្លងមកនេះ ប្រទេសកម្ពុជាយើងបានអភិវឌ្ឍលើទឹកដីយើងបានច្រើនមកហើយ គឺល្មមដល់ពេលដែលយើងបន្តអភិវឌ្ឍដោយខ្លួនឯងបានហើយ ពោលគឺការដែលយើងសម្រេចបញ្ចប់នេះ គឺពុំមានជំពាក់ប្រទេសណាមួយនោះឡើយ៕




តើការបាត់បង់ទឹកដីខ្មែរកាលពីអតីតកាលដោយសារមូលហេតុអ្វី?




សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបាត់បង់ទឹកដីខ្មែរធំបំផុតកាលពីអតីតកាល គឺដោយសារតែការបែកបាក់សាមគ្គី បែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរខ្លួនឯង។


នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថា ជាតិនិយម និងស្នេហាជាតិ គឺជារឿងល្អ ដែលក្នុងនាមជាខ្មែរត្រូវតែមានចំពោះប្រទេសជាតិយើង ប៉ុន្តែមិនត្រូវជាតិនិយមជ្រុល ដែលធ្វើឱ្យខ្លួនឯងនិងប្រទេសជាតិធ្លាក់ទៅក្នុងការបែកបាក់ដូចកាលពីអតីតកាលនោះឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នា សាមគ្គីគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយើងជាបន្តទៀត៕




តើរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយអាទិភាពអ្វីខ្លះពាក់ព័ន្ធនឹងធនធានមនុស្ស?



នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយអាទិភាពមួយចំនួនពាក់ព័ន្ធនឹងធនធានមនុស្ស ដូចជា៖

ទី១-មនុស្សដែលមានសុខភាពល្អ

ទី២-មនុស្សដែលមានសមត្ថភាព

ទី៣-ការផ្តល់ឱកាសតាមរយៈការជំរុញនិងបង្កើនការងារជូនប្រជាពលរដ្ឋ (ការទាក់ម៉ូយ)


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រសិទ្ធភាពស្ថាប័នគឺអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ដែលផ្តោតលើសុខភាពនិងសមត្ថភាពជាចម្បង ជាពិសេសការរៀបចំជ្រើសរើសមន្ត្រីដំបូង និងបំពាក់បំប៉នមន្រ្តីដែលមានស្រាប់៕

តើហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យអប់រំ?



នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលរាជរដ្ឋាភិបាលវិនិយោគទៅលើវិស័យអប់រំ ព្រោះដោយចង់ឱ្យប្រជាពលរដ្ឋមានសមត្ថភាព មានលទ្ធភាពរស់ដោយខ្លួនឯង រស់ប្រកបដោយចីរភាព ហើយប្រជាពលរដ្ឋជាអ្នកកំណត់កម្លាំងរបស់ជាតិ តាមរយៈរូបភាពមួយចំនួន៖

ទី១-ចំណេះដឹងបង្កើនសមត្ថភាពមនុស្សក្នុងការប្រកួតប្រជែង

ទី២-ចំណេះដឹងជួយឱ្យមនុស្សមានឯករាជ្យភាពម្ចាស់ការក្នុងកំណត់ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ

ទី៣-ចំណេះដឹងក៏ធានាឱ្យយើងនូវភាពធន់ ភាពបត់បែននៅក្នុងការចាប់យកឱកាស។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគទៅលើវិស័យអប់រំបង្កលក្ខណៈឱ្យប្រជាជនយើងអាចប្រកួតប្រជែង និងឱ្យប្រទេសយើងកាន់តែប្រកួតប្រជែង ៕

តើមូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?




សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើង ដែលអាចឱ្យយើងចេះបត់បែន មានភាពធន់ និងមានការប្រកួតប្រជែង។


នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋាននៃចំណេះដឹង នឹងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ អាចសម្របខ្លួនទប់ទល់នឹងវិបត្តិផ្សេងៗបាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា នៅពេលដែលមនុស្សមានចំណេះដឹងនិងកម្រិតវប្បធម៌កាន់តែខ្ពស់ ធ្វើឱ្យពួកគេមានការយល់ដឹងកាន់តែទូលំទូលាយដែលអាចបត់បែនបានតាមស្ថានភាពប្រែប្រួលនៃសង្គមនិងពិភពលោក៕

តើមានកត្តាអ្វីខ្លះដែលផ្តល់ឱកាសឱ្យទទួលបានជោគជ័យក្នុងការអប់រំ?



សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានកត្តាជាច្រើនដែលបានផ្តល់ឱកាសឱ្យយើងទទួលបានជោគជ័យក្នុងការអប់រំ ដែលកត្តាសំខាន់ជាងគេនោះគឺ កត្តាសន្តិភាព ស្ថិរភាពនយោបាយ។


នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រៅពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលផ្តល់ឱកាសដល់ការអភិវឌ្ឍនោះ ក៏មានផងដែរកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងដែលធ្វើឱ្យពួកគេមានលទ្ធភាពចូលសិក្សានៅថ្នាក់ឧត្តមសិក្សា។


បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលក៏បានបើកចំហឱកាសចូលរួមអភិវឌ្ឍវិស័យអប់រំពីសំណាក់ដៃគូឯកជននិងបរទេសបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពយ៉ាងទូលាយក្នុងការទទួលបានការអប់រំផងដែរ៕