Wednesday, July 28, 2021

រាជរដ្ឋាភិបាល បិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។


សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។

ក្រុមការងាររាជរដ្ឋាភិបាលនេះ គឺមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រួមជាមួយអនុប្រធានប្រចាំការចំនួន ១ រូប អនុប្រធានចំនួ ន ៧ រូប និងសមាជិកចំនួន ៣៥ រូបទៀត ដែលមានតួនាទី-ភារកិច្ចដើម្បីដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ព្រមទាំងការងារចំពោះមុខផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖






រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤

 (ភ្នំពេញ)៖ ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់បង្ហាញដោយ រដ្ឋបាលរាជធានីភ្នំពេញហើយ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ដោយឡែកសម្រាប់ដូសទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ ដើម្បីបង្កើតភាពស៉ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕

ខាងក្រោមនេះជាទីតាំងចាក់វ៉ាក់សាំងដល់កុមារ អាយុចន្លោះ១២ដល់១៧ឆ្នាំ ក្នុងរាជធានីភ្នំពេញ៖


ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងបន្ថែម របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖

រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ខេត្តចំនួន៣ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ព្រមគ្នានឹងរាជធានីភ្នំពេញនោះ រួមមាន ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់នៅរាជធានីភ្នំពេញ ធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យកុមារជាតិ និងតាមបណ្ដាខណ្ឌទាំង១៤ផ្សេងទៀត ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក ដំណើរការចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល, កោះកុង និងព្រះសីហនុ ទីតាំងគឺស្ថិតក្រោមការជូនដំណឹងរបស់រដ្ឋបាលខេត្តទាំងបីជាបន្ដបន្ទាប់ ទាំងកាលបរិច្ឆេទ និងទីតាំង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

ក្រសួងសុខាភិបាល បង្កើតរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ (គ.អ.ក) ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើយោងតាម សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានលោក ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។

អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖

* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក

* ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើរបាយការណ៍ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក និង

* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក៕

សូមអានសេចក្តីសម្រេចខាងក្រោម៖



រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច តែងតាំងសមាសភាពនៃរចនាសម្ព័ន្ធចំណុះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់

 (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំង សមាសភាពនៃរចនាសម្ព័ន្ធចំណុះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់។ 

សូមអានសេចក្តីសម្រេចខាងក្រោម៖






ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត ខណៈចិនដើរតួសំខាន់ជួយកសាង និងអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបានក្លាយទៅជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។


ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានគូសរំលេចពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន នៅក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ វេទិកានេះត្រូវបានរៀបចំឡើយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

ឆ្នាំ២០២១នេះ កម្ពុជា និងចិន មានចំណងទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦៣ឆ្នាំហើយ។ ទំនាក់ទំនងកម្ពុជា និងចិន រយៈពេល៦៣ឆ្នាំមកនេះ តែងរក្សាបាននូវភាពជិតស្និទ្ធនឹងគ្នា ហើយបានពួតដៃគ្នាយ៉ាងណែនជម្នះនូវការលំបាកទាំងឡាយ ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងលើឆាកអន្តរជាតិ។

វេទិកាដែលរៀបចំឡើងនៅថ្ងៃនេះ មានក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន ក៏ដូជាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឱ្យកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសរបស់យើងទាំងពីរឱ្យកាន់តែល្អ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគូសបញ្ជាក់នៅក្នុងកម្មវិធីដែលធ្វើតាមអនឡាញ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងចិនថា ប្រទេសកម្ពុជា និងចិន ជាប្រទេសពីរដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរលង់ណាស់មកហើយ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានគូសរំលេចថា «ទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា»។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល»។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរពីការចូលរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការជួយកសាង និងអភិវឌ្ឍកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដែលក្នុងនោះគិតមកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង ៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។

«ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា សុទ្ធតែបានដឹង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បន្ថែមថា «ខ្ញុំជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។

ក្នុងវេទិកានាព្រឹកមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានលើកឡើងផងដែរពីការចូលរួមរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងស្ថានភាពលំបាក ដែលកម្ពុជាកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ចិនបានជួយដល់កម្ពុជាយ៉ាងក្លៀវក្លា ទាំងជំនួយផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំង និងបានសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងថែមទៀតផង៕














មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស៖ ជំនួយរបស់មិត្តចិនដល់កម្ពុជា ជាសក្ខីភាពថ្មីឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែបរវាងប្រទេស និងប្រជាជនទាំងពីរ

 

(ភ្នំពេញ)៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ទួត បញ្ញា អញ្ជើញចូលរួម ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា»។

លោកស្រី ទួត បញ្ញា បានឲ្យដឹងថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងត្រូវការជាចាំបាច់។

លោកស្រី ទួត បញ្ញា បានបន្ដទៀតថា កម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារៈបរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងចំនួនជាច្រើនលានដូស ក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ។

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសបានលើកឡើងថា ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ប្រទេសទាំងពីរ នឹងនៅតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត ក្នុងនោះមានដូចជា៖

១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

២៖ រួមគ្នាស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឲ្យបាន នូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លា នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម

៣៖ បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។

៤៖ បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ន នៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អនុគ្រោះ

៥៖ បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍដើម្បីទាំងអស់គ្នា ដោយផ្អែកលើគោលការណ៍សន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

៦៖ បន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ព្រមទាំងប្រកាន់ខ្ជាប់ពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល៕