Wednesday, July 28, 2021

ក្រសួងការងារ ប្រកាសបើកឧបត្ថម្ភជូនកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាង៥ម៉ឺននាក់ទៀត

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ចំនួន ៥៩, ០១២នាក់ នៃរោងចក្រ ចំនួន ១៧៥ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ (ជំហានទី២ ទី៣ និងទី៤) ។

ក្រសួងការងារ បានបញ្ជាក់ថា ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០ (ដប់ប្រាំមួយម៉ឺន) រៀលតែមួយលើកគត់ ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។

ក្រសួងការងារ បានជម្រាបជូនរបៀបបើកប្រាក់ឧបត្ថម្ភថា៖ ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ចំពោះករណីនេះ បងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ ចំនួន ១៧៥ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង ឬមានចម្ងល់ផ្សេងៗនោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម តាមរយៈក្រុមតេឡេក្រាម https://t.me/KhmerWorkerChat ឬទូរសព្ទលេខ ១២៩៧៕


No comments:

Post a Comment