Saturday, July 16, 2016

លិខិតមិត្តអ្នកអាន៖ សម្រែកវិញ្ញាណ កែម ឡី ! «សូមឲ្យព្រលឹងខ្ញុំ ឆាប់បានទៅចាប់ជាតិផង» ! (ប្រភពពី Fresh News)

(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញសពរបស់លោក កែម ឡី ត្រូវបានតម្កល់ទុកអស់រយៈពេលជិតសប្តាហ៍មកហើយនៅក្នុងវត្តចាស់ ដោយមិនព្រមដង្ហែទៅបញ្ចុះ និងបានប្រកាសពន្យារពេលដង្ហែគ្មានពេលកំណត់ គ្រាដែលសភាពសពកំពុងមានភាពហើមខ្លាំងនោះ មិត្តអ្នកអានរបស់អង្គភាព Fresh News ម្នាក់ បានសរសេរអត្ថបទខ្លីមួយមានចំណងជើងថា «សម្រែកវិញ្ញាណ កែម ឡី! សូមឲ្យព្រលឹងខ្ញុំ បានទៅចាប់ជាតិជាមនុស្សផង!»។

នៅក្នុងលិខិតនេះមិត្តអ្នកអាន បានបង្ហាញការយល់ឃើញថា ការតម្កល់សពរបស់លោក កែម ឡី ហាក់មានការជាប់ពាក់ព័ន្ធការចង់គេចចំណេញលើ ផ្នែកនយោបាយ ពីគណបក្សនយោបាយណាមួយ ហើយចង់ឲ្យក្រុមគ្រួសារយកសពលោក កែម ឡី ធ្វើការបញ្ចុះសព ឲ្យបានឆាប់ ដើម្បីឲ្យដួងវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ឆាប់បានទៅកាន់សុគតិភព។

ដោយសុំមិនធ្វើអត្ថាធិប្បាយ, ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃអត្ថបទរបស់មិត្តអ្នកអាន ដែលផ្ញើមកកាន់អង្គភាពយើងខ្ញុំ៖

យើង កែម ឡី មិនអាចអត់អោនបានទេ ចំពោះព្រះសង្ឃក្តី សម រង្សី ក្តី ពលរដ្ឋណាក្តី ដែលបាន និងកំពុងតែគំរាម ភរិយាយើង មិនឲ្យហែរយកសពយើងទៅបញ្ចុះ នៅស្រុកកំណើតរបស់យើង។ ពួកអ្នកសាហាវណាស់ ឃោរឃៅណាស់ ដែលធ្វើបែបនេះ! យើងមហាសែនឈឺចាប់បំផុត ដែលអស់លោកបាញ់សម្លាប់យើងហើយ ថែមទាំងចាប់យើងដាក់ខ្នោះឃ្នាង មិនឲ្យយើងបានទៅចាប់ជាតិជាមនុស្សថែមទៀតផង។

តើអស់លោកអ្នកកាន់សាសនាអ្វីទៅ តើលោកអ្នកមានគិតដល់ការលំបាករបស់គ្រួសារយើងដែរ ឬទេ?

ភរិយាយើង កូនៗយើង គ្នាត្រូវការពេលវេលាដើម្បីរៀនសូត្រ រកស៊ីចិញ្ចឹមជីវិត បន្តទៅទៀត តើចាំបាច់អី ដែលពួកអ្នកតាមចងកម្មចងពៀរជាមួយ នឹងក្រុមគ្រួសារយើង ដោយក្តីសាហាវយ៉ាងនេះអ៊ីចឹង។

យើង កែម ឡី មិនអាចអត់ឱនឲ្យពួកអ្នកបានទេ យើងនឹងដាក់ទំនាយឲ្យពួកអ្នកជួបតែ នឹងសេចក្តីទុក្ខសោកវិនាសប្រាសព្រាត់គ្នាក្នុងក្រុមគ្រួសារដូចជា គ្រួសារយើងអ៊ីចឹងដែរ។ ពិសេសគឺអ្នកដែលទៅចូលរួមបន្ទរ តាមគេដោយខ្វះការពិចារណា ក៏សូមឲ្យជួបនឹងក្តីវិនាសសោកសៅដូចគ្នា។

និយាយរួចហើយ លោក កែម ឡី ដោតធូបបីសរសៃទៅក្នុងផើងជើងធូប រួចហើយងាកមុខដើរចេញទៅអង្គុយ នៅចុងជើងសពរបស់គាត់ ដោយមានបង្ហូរ ទឹកភ្នែករហាម។ ខ្ញុំសែនខ្លោចចិត្ត ពេលឃើញលោក កែម ឡី វេទនាបែបនេះ ! ខ្ញុំប្រឹងបើកភ្នែកឲ្យធំសម្លឹងទៅមុខលោក កែម ឡី តែមិនមែនទេ គឺសម្លេងទូរស័ព្ទរបស់ខ្ញុំ វារោរិ៍ដាស់ខ្ញុំឲ្យភ្ញាក់ពីសុបិន្តដ៏អាណោចអធម្មនេះ។

«អនិច្ចា សង្ខា កែម ឡី» សត្រូវនយោបាយរបស់ សម រង្សី។


លិខិតមិត្តអ្នកអាន៖ តើមានអ្វីនៅពីក្រោយខ្នង នៃការពន្យារពេលដង្ហែសពលោក កែម ឡី ? (ប្រភពពី Fresh News)

(ភ្នំពេញ)៖ តាមគម្រោង និងការប្រកាសជាទូទៅរបស់ក្រុមគ្រួសារសព លោក កែម ឡី គឺសពនឹងត្រូវដង្ហែរយកទៅបញ្ចុះ នៅស្រុកកំណើតឯខេត្តតាកែវ នាព្រឹកអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ហើយតំណាងគ្រួសារសពក៏បានព្រមព្រៀង គ្នាជាមួយ សាលារាជធានីភ្នំពេញ រួចហើយដែរនៅថ្ងៃនេះ។

ប៉ុន្តែនាព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបាននិងកំពុងស្ថិតនៅក្នុងពិធីបុណ្យ សពលោកបណ្ឌិត កែម ឡី ក្នុងទីអារាមវត្តចាស់ ស្ថិតនៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ គឺមិនបានគិតអំពីបុណ្យបាប (សាកសពទុកយូរ) នោះទេ ចេញមុខមកប្រកាសថា ពិធីដង្ហែសព នឹងត្រូវលើកពេលទៅថ្ងៃមុនទៀត ដោយមិនកំណត់ថា ថ្ងៃណាជាក់លាក់នោះទេ។

សាច់ញាត្តិនៃគ្រួសារសព បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់សង្ឃ និងពិបាកចិត្តជាខ្លាំងក្រោយពីបានដឹងថា ពិធីដង្ហែរសព ត្រូវបានគេបន្ត លើកពេលដង្ហែ ហើយក្រុមសង្ឃកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងនៅក្នុងពិធីបុណ្យសព ដែលគេពិបាកនឹងពន្យល់ឲ្យយល់គ្នាណាស់។ ដូចលោកអភិបាល រាជធានីភ្នំពេញ បានលើកឡើងនៅក្នុង​ឱកាសអញ្ជើញ​ ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម ​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ​សែន​ជ័យថា សពរបស់បណ្ឌិត កែម ឡី កំពុងត្រូវបានគេយកធ្វើអាជីវកម្មទាំងនយោបាយ និងលាភសក្ការៈ ដោយពុំគិតក្រែងពីទឹកចិត្ត របស់គ្រួសារសព សោះឡើយ។

តើមានអ្វីនៅពីក្រោយខ្នង នៃការពន្យារពេលដង្ហែសពលោក កែម ឡី ?

ក្រុមអ្នកតាមព្រឹត្តិការណ៍បានលើកឡើងថា ការចេញមុខប្រកាសផ្លាស់ប្តូរផែនការតាមចិត្តរបស់សង្ឃ ប៊ុត ប៊ុនតិញ គឺបាន បង្ហាញនូវភាពប្រឆាំង នឹងការសម្រេចចិត្តរបស់ក្រុមគ្រួសារសពលោក កែម ឡី  ក្នុងចេតនាអ្វីមួយដែលត្រូវបានគេគិតថា៖

ទី១៖ ការពន្យាពេលនេះ ដើម្បីអូសបន្លាយពិធីបុណ្យសព ក្នុងគោលបំណងផ្តល់ឱកាសឲ្យគណបក្សសង្គ្រោះជាតិ កេងចំណេញខាងនយោបាយ។

ទី២៖ សាច់ញាតិគ្រួសារសព ដែលនៅកន្លែងរៀបចំពិធីបុណ្យបានបង្ហើបឲ្យដឹងថា សង្ឃ ប៊ុត ប៊ុនតិញ បានសហការគ្នាជាមួយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួន បញ្ចុះបញ្ចូលទឹកចិត្តក្រុមគ្រួសារសពលោក កែម ឡី ថា «កុំអាលទាន់ហែរសពយកទៅ បញ្ចុះនៅស្រុកកំណើតភ្លាមៗអី ដោយស្នើសុំពន្យាពេលទុក ឲ្យបានយូរទៅមុខទៀត» ដើម្បីទុកឱកាសមហាជនបន្តចូល បច្ច័យឲ្យបានច្រើនថែមទៀតសិន។

សពលោក កែម ឡី បន្ទាប់ពីឃាតករបាញ់សម្លាប់មកដល់ពេលនេះ បានទទួលប្រាក់ចូលបុណ្យពីសប្បុរសជនក្នុងនិងក្រៅ ប្រទេសបានចំនួនជាង១០ម៉ឺនដុល្លារ អាមេរិកហើយ ដែលជាចំនួនមួយច្រើនគួរឲ្យកត់សម្គាល់។ ប្រការនេះហើយអាចជា ឱកាសល្អ នៃមុខរបររបស់ក្រុមជនមួយចំនួន និងកំពុងចាត់ទុកសាកសពលោក កែម ឡី គឺជាមុខជំនួញដ៏កាក់កប។

ក្រុមអ្នកតាមដានអំពីព្រឹត្តិការណ៍នេះ អ្នកវិភាគខ្លះទៀត បានគិតថា មនុស្សមួយចំនួនដែលគេដឹងថា ជាសកម្មជនបក្សប្រឆាំង យល់ថា ការប្រើល្បិចពន្យាពេល ដង្ហែរសពលោក កែម ឡី ក៏អាចជាការវាស់ស្ទង់ចំនួនហ្វូងមនុស្សអ្នកចូលរួមកំរិតណា និងក៏អាចដើម្បីពួកគេងាយស្រួលបង្កការលំបាកដល់សមត្ថកិច្ច និងរក ឱកាសបង្កើតបញ្ហាវឹកវរចលាចលណាមួយក្នុងសង្គម ឲ្យកើតឡើងផងដែរ ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលជាថ្មីទៀត ស្របពេលដែលថ្នាក់ដឹកនាំបក្សប្រឆាំង បានកំពុងរងនូវការ សង្ស័យថា ជាមេក្លោងនៅពីក្រោយអំពើឃាតកម្មសម្លាប់លោក កែម ឡីផងនោះ៕


លិខិតមិត្តអ្នកអាន៖ ស្តង់ដារពីរនៃ Critical Thinking របស់អ្នកសារព័ត៌មាន (ប្រភពពី Fresh News)

(ភ្នំពេញ)៖ យោងតាមលិខិតរបស់លោក សម ពិនជីវ័ន ក្នុងនាមជាលិខិតមិត្តអ្នកអាន បានផ្ញើមកកាន់អង្គភាពយើងខ្ញុំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ និងបានយល់កាន់តែច្បាស់អំពីធាតុពិតរបស់វិទ្យុបរទេសមួយ លោកបានសម្រេចចិត្តសរសេរនូវអត្តបទមួយ ដោយលើកឡើងអំពី «ស្តង់ដារពីរនៃ Critical Thinking របស់វិទ្យុអាស៊ីសេរី» ដោយបានរៀបរាប់អំពីការផ្សព្វផ្សាយរបស់វិទ្យុមួយនេះ។

លោក សម ពិនជីវ័ន បានលើកឡើងនៅក្នុងលិខិតមិត្តអ្នកអានថា «តាមពិតគំនិត Critical Thinking នេះគឺគេចង់សំដៅឲ្យអ្នកកាសែតចេះពិចារណា ចេះដេញដោល កុំងាយជឿគេនិយាយពីព្រោះអ្នកនិយាយប្រាប់យើងអាចភូតកុហក ឬបំផ្លើស​ បំប៉ោងព័ត៌មាន, ប៉ុន្តែវិទ្យុបរទេសមួយនេះកំពុងបំផ្លើស និងបំប៉ោងព័ត៌មាន»។

ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម, សូមបង្ហាញលិខិតទាំងស្រុងដូចខាងក្រោម៖

ដើម្បីអួតខ្លួនថា ជាអ្នកសារព័ត៌មានល្អ ជើងចាស់ លោក ជុន ច័ន្ទបុត្រ តែងតែប្រើពាក្យ Critical Thinking ដើម្បីណែនាំអ្នកកាសែតរបស់ខ្លួន ក៏ដូចជាណែនាំ អ្នកកាសែតផ្សេងទៀត ដែលខ្លួនបាន​ជួបឲ្យអនុវត្តតាមខ្លួន។ តាមពិតគំនិត Critical Thinking នេះគឺគេចង់សំដៅឲ្យអ្នកកាសែតចេះពិចារណា ចេះដេញដោល កុំងាយជឿគេនិយាយពីព្រោះអ្នកនិយាយប្រាប់យើងអាចភូតកុហក ឬបំផ្លើស​ បំប៉ោងព័ត៌មាន។ និយាយឲ្យចំទៅ Critical Thinking នេះជា គោលការណ៍គ្រឹះមួយរបស់​អ្នកកាសែតអាជីព ដើម្បីការពារខ្លួនកុំឲ្យងាយចាញ់បោកគេ។

ប៉ុន្តែបើយើងពិនិត្យមើលការអនុវត្តជាក់ស្តែងរបស់លោក ជុន ច័ន្ទបុត្រ និយាយដោយឡែក ឬរបស់វិទ្យុអាស៊ីសេរី និយាយជារួម គេអាចឃើញយ៉ាងច្បាស់នូវស្តង់ដារ ខុសគ្នានៃ Critical Thinking ពោលគឺគោលការណ៍នេះត្រូវបានវិទ្យុអាស៊ីសេរី ប្រើតែសម្រាប់តែរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ជាក់ស្តែងបើមានមន្ត្រី ​រាជរដ្ឋាភិបាល ណាម្នាក់ឡើងប៉ុស្តិ៍អាស៊ីសេរី ចាំមើលគាត់ដេញដោល គាបសួរ កាត់សម្តី ចំអក​ឡកឡឺយ។ ប៉ុន្តែបើមានមន្ត្រីបក្សប្រឆាំងចូលជជែកវិញ អាស៊ីសេរីបើកឲ្យនិយាយម៉ាឆ្ងាញ់ មិនកាត់ មិនដេញដោល មិនគាប គឺមានតែសួរសំណួរបើកផ្លូវឲ្យថែមទៀត បើវាគ្មិន​រ​នឹកមិនឃើញពោល គឺនិយាយស្របគ្នារហូត។

ចំពោះការធ្វើព័ត៌មានទូទៅក៏ដូច្នោះដែរ។ បើព័ត៌មាននោះមានលក្ខណៈវិជ្ជមានចំពោះរាជរដ្ឋាភិបាល អាស៊ីសេរី មិនផ្សាយតែម្តង ឬបើផ្សាយវិញខិតខំស៊កសៀត ដើម្បីទាញឲ្យគេឃើញថា ជាការមិនពិត ឬការពិតតិចតួច។ តែបើព័ត៌មានមិនល្អរបស់មេបក្សប្រឆាំង ឬផ្ទៃក្នុងបក្សប្រឆាំងវិញ វិទ្យុអាស៊ីសេរី មានតែខំការពារ លាងគូថឲ្យទៅវិញ ដោយមិនជាន់បន្ថែមដូចដែលពួកគេធ្វើមកលើរាជរដ្ឋាភិបាលទេ។

ម្យ៉ាងទៀត ដោយឈរលើគោលការណ៍ Critical Thinking នេះដែរ បើកាលណាមានរបាយការណ៍អ្វីមួយ ដូចជារបាយការណ៍របស់ Global Witness នេះជាដើម អ្នកកាសែតត្រូវប្រុងប្រយ័ត្ន​មុនចេញផ្សាយ៖ ត្រូវផ្ទៀងផ្ទាត់ និងចេះសង្ស័យ តើរបាយការណ៍នោះពិតឬទេ? តើអង្គការនេះមានប្រវត្តិយ៉ាងដូចម្តេច? មានគោលដៅអ្វី? និងធ្លាប់មានបញ្ហាអ្វីជាមួយរាជរដ្ឋាភិបាលកម្ពុជាដែរឬទេ?
ការសង្ស័យទាំងអស់នេះមានសារៈសំខាន់ណាស់ដើម្បីពង្រឹងស្មារតីអ្នកកាសែតកុំឲ្យងាយចេញផ្សាយដោយធ្លាក់ក្នុងឧបាយកលរបស់គេ ឬត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបម្រើមហិច្ឆតារបស់គេ។

មិនតែប៉ុណ្ណោះបណ្តាញផ្សាយព័ត៌មានទាំងនោះបានខិតខំបន្ថែមល្បោយដើម្បីឲ្យព័ត៌មានរបស់គេកាន់តែពិសពុល លើសពីរបាយការណ៍ពិតទៅទៀត មានន័យថា បើគេនិយាយត្រឹម១០ ខ្លួនយកមកបំប៉ោងបន្ថែមឲ្យបាន១៥ ដោយប្រើសំឡេងរាយការណ៍ភ្ជាប់ដោយអារម្មណ៍ប្រឆាំង គុំគួន ដោយការប្រើពាក្យពេចន៍អុជអាល ញុះញង់ យ៉ាងអាក្រក់បំផុត។

ម្យ៉ាងទៀត ឲ្យតែលឺបរទេសណានិយាយមិនល្អពីខ្មែរ ពីប្រទេសជាតិរបស់ខ្លួន វិទ្យុអាស៊ីសេរី ក៏តាំងសប្បាយនឹងផ្សាយព័ត៌មានទាំងនោះ។ ផ្សាយហើយផ្សាយទៀត ដោយមិនដែលគិតថា ប្រភពព័ត៌មាននោះគួរឲ្យទុកចិត្តឬទេ? អ្នកបង្កើតព័ត៌មាននោះមានចេតនាអ្វីទេ ពោលគឺ ​អាស៊ីសេរី តែងតែសប្បាយនឹងឃើញបរទេស ជាន់ពន្លិចជាតិសាសន៍ខ្មែរ។ មានរឿងអ្វីបន្តិចបន្តួច វិទ្យុនេះតែងតែផ្តល់ក្បាលមេក្រូទៅជនបរទេស ដែលចង់បំផ្លាញខ្មែរដូចជា លោក ប្រែដ អាដាម ជាដើម។ ពេលណាក៏លឺប្រែដ អាដាម តាមរយៈវិទ្យុអាស៊ីសេរីដែរ។

ដូច្នេះអំណឹះតទៅ វិទ្យុអាស៊ីសេរី ឬលោក ជុន ច័ន្ទបុត្រ មិនចាំបាច់ប្រើពាក្យ Critical Thinking ទៅបង្រៀនគេទៀតទេ បើខ្លួនឯងមិនទាំងយល់ និងមិនទាំងចេះ ប្រើវាផង។ ឈប់តាំងខ្លួនជាអ្នកចេះដឹងខាងសារព័ត៌មាន ឬឈប់អួតថា វិទ្យុឯករាជ្យអីទៀតទៅ គ្មានអ្នកណាជឿទៀតទេ។ ប្រជាជនខ្មែរមិនល្ងង់ទេ។ ពួកគេស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ​ប្រទេស ដោយមិនត្រូវការ​ពួកអ្នកក្រឡុក អ្នកបំផ្លាញបែបនេះឡើយ។