Monday, July 15, 2019

ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះ មហន្តរាយ៧ខែ ដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត

កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ៧ខែដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់ខ្លួន ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញបច្ចេកទេស (គ.ជ.គ.ម)ថ្នាក់ជាតិ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក លោកមេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូ ប្រមាណ៤០០ នាក់។
ទន្ទឹមនឹងនេះដែរ លោកក៏បានរាយការណ៍ពីស្ថានភាព៦ខែ ដើមឆ្នាំ២០១៩នេះ ខេត្តកំពង់ធំបានជួបប្រទះនូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន៣៣ខ្នង, រន្ទះបាញ់មនុស្សស្លាប់ចំនួន៥នាក់ និងរបួសចំនួន៣នាក់, អគ្គីភ័យឆេះផ្ទះទាំង ស្រុង ចំនួន១២ខ្នង និងលង់ទឹកបាត់បង់អាយុជីវិតមនុស្សចំនួន១៤នាក់។ រីឯវិស័យកសិកម្មក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ មិនមានបញ្ហាប្រឈមវ័យគួរឲ្យកត់សម្គាល់នោះទេ។
ចំពោះទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺបន្តតាមដានជាប្រចាំនូវស្ថានភាពបាតុភូតធម្មជាតិផ្សេងៗដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ទាក់ទងនឹងគ្រោះមហន្តរាយទៅដល់មូលដ្ឋានឲ្យកាន់តែបានទូលំទូលាយ, បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងការត្រៀមបង្ការឆ្លើយតប និងស្ដារឡើងវិញពេលមានគ្រោះមហន្តរាយកើតឡើង។
ជាមួយគ្នានោះទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសហគមន៏និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតប បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។
បន្ថែមពីនោះលោកទេសរដ្ឋមន្រ្តី បានស្នើពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ “ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)” នឹងការលើកម្ពស់ការត្រៀមបង្ការ ការឆ្លើយបតបន្ទាន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា៕





រដ្ឋមន្ត្រីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

បាត់ដំបង៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់និងបានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពមិនអាចទទួលយកបានខាងសីលធម៌ និងភាពបែកបាក់នៃសង្គម និងបានដាក់ចេញនិងអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យដូចមានចែងនៅក្នុងយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណជាបន្តបន្ទាប់ ដែលបច្ចុប្បន្នបានកំពុងអនុវត្តយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ និងបន្តឈានទៅអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីជំរុញកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះគឺជាកត្ដាគន្លឹះសម្រាប់ ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០១៦-២០៣០) និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ខេត្តបាត់ដំបង ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។
សូមជម្រាបផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ សហការរៀបចំដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ និងមន្ទីរផែនការខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីរាជការតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ចូលផងដែរ។
លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មករាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុងសម្រាប់ការងារនេះ។ កន្លងទៅថ្មីៗនេះ ដោយសារកម្ពុជា អនុវត្តប្រកបដោយជោគជ័យនូវចំណុចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សពី ៤៧% នៅក្នុងឆ្នាំ២០០៧ និងរង្វង់ ១៤% នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិជ្រើសជាប្រទេសគំរូសម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ នោះក៏មានប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍អំពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងផែនជាសេនាធិការ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ)ជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដោយបានកំណត់នូវអាទិភាពនានា សូចនាករ ពេលវេលា និងធនធានច្បាស់លាស់សម្រាប់ការអនុវត្ត និងមានកំណត់យន្តការសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើក្របខ័ណ្ឌលទ្ធផល និងអំពីការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នទៅតាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពី១%ក្នុងមួយឆ្នាំ និងដើម្បីទទួលបានផលចំណេញខ្ពស់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឈានឡើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដែលជាសក្ខីភាពបញ្ជាក់អំពីការយកចិត្ដទុកដាក់ត្រៀមសហការ និងផ្ដល់ការគាំទ្រដល់ដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅខេត្តបាត់ដំបង និងត្រៀមទទួលយកនូវទិន្នន័យគ្រួសារក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា និងពិគ្រោះយោបល់ ដើម្បីកំណត់គោលដៅក្នុងការផ្ដល់សេវា និងជំនួយផ្សេងៗដល់គ្រួសារក្រីក្រ ក៏ដូចជាការងាររៀបចំផែនការ និងការអភិវឌ្ឍផ្សេងៗនៅមូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍បន្ថែមថា នៅក្នុងដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ យើងក៏ត្រូវការជាចាំបាច់នូវការចូលរួម និងកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធពីអាជ្ញាធរដែនដី មន្ទីរអង្គភាពនានា អង្គការជាតិ អន្ដរជាតិ សង្គមស៊ីវិល។ ដូច្នេះការចូលរួមរបស់ លោក លោកស្រី ក្នុងកិច្ចប្រជុំថ្ងៃនេះ ពិតជាមានសារៈសំខាន់ និងផ្ដល់ជាកម្លាំងចលករដ៏មានប្រសិទ្ធភាព ដោយផ្តើមចេញពីការយល់ដឹងដែលទទួលបានពីកិច្ចប្រជុំនេះ ក្នុងការចូលរួមចំណែកតាមដាននិងផ្តល់ការណែនាំ ដើម្បីឱ្យដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅខេត្ដបាត់ដំបង ទទួលបានជោគជ័យ និងទទួលបាននូវទិន្នន័យគ្រួសារក្រីក្រ ដែលមានលក្ខណៈសុក្រឹត្យ ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨ នាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ បានអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ បានចំនួន១២ជុំរួចមកហើយ។ សម្រាប់ឆ្នាំ២០១៩នេះ នាយកដ្ឋានអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ នឹងដំណើរការធ្វើបច្ចុប្បន្នភាពទិន្នន័យវគ្រួសារក្រីក្រជុំទី១៣ នៅក្នុងខេត្ដចំនួន៨ រួមមាន ៖ ខេត្ត កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កណ្តាល តាកែវ ៕





សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បាននាំយកទៀនព្រះវស្សា ប្រគេនដល់វត្តចំនួន៣ នៅក្នុងឃុំច្រេស

ស្វាយរៀង៖ លោក ចាប ភក្ដី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តស្វាយរៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារចុះជួយឃុំច្រេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនព្រះវស្សា ប្រគេនដល់វត្តចំនួន៣ នៅក្នុងឃុំច្រេស។
សូមជម្រាបផងដែរថា សម្ភារៈដែលប្រគេនព្រះសង្ឃ រួមមាន៖ វត្តមួយទៀនវស្សា១គូ, ទឹកក្រូច៥កេស, ទឹកសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ៥យួរ, ប្រេង៣០លីត្រ, ស្ករស៥គីឡូក្រាម, អង្ករ២០០គីឡូក្រាម, ត្រីខ១០០កំប៉ុង, មី៥កេស។ ប្រគេនបច្ច័យ១វត្ត ចំនួន១,០០០,០០០រៀល, ព្រះសង្ឃ១៨អង្គ ស្មើនឹង៩៥០,០០០រៀល, ប្រគេនស៊ីម៉ង់៣តោន សម្រាប់ជួសជុលសាលាឆាន់។
ក្នុងឱកាសនោះ លោក ចាប ភក្ដី បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែ នាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកបានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋ ឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕







សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បាននាំយកទៀនព្រះវស្សា ប្រគេនដល់វត្តចំនួន៣ នៅក្នុងឃុំច្រេស

ស្វាយរៀង៖ លោក ចាប ភក្ដី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តស្វាយរៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារចុះជួយឃុំច្រេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនព្រះវស្សា ប្រគេនដល់វត្តចំនួន៣ នៅក្នុងឃុំច្រេស។
សូមជម្រាបផងដែរថា សម្ភារៈដែលប្រគេនព្រះសង្ឃ រួមមាន៖ វត្តមួយទៀនវស្សា១គូ, ទឹកក្រូច៥កេស, ទឹកសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ៥យួរ, ប្រេង៣០លីត្រ, ស្ករស៥គីឡូក្រាម, អង្ករ២០០គីឡូក្រាម, ត្រីខ១០០កំប៉ុង, មី៥កេស។ ប្រគេនបច្ច័យ១វត្ត ចំនួន១,០០០,០០០រៀល, ព្រះសង្ឃ១៨អង្គ ស្មើនឹង៩៥០,០០០រៀល, ប្រគេនស៊ីម៉ង់៣តោន សម្រាប់ជួសជុលសាលាឆាន់។
ក្នុងឱកាសនោះ លោក ចាប ភក្ដី បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែ នាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកបានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋ ឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕





ប័ណ្ណបើកបរចំនួន៥៨ ត្រូវបានប្រគល់ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ ត្រីប៉ូស Trispos Interational (Cambodia) Co.,Ltd

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានសហការជាមួយរោងចក្រ ត្រីប៉ូស Trispos Interational (Cambodia) Co.,Ltd បានរៀបចំពិធីប្រគល់ប័ណ្ណបើកបរ និងផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដោយមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច អាជ្ញាធរមូលដ្ឋាន និងតំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ ប្រមាណជា ៨៥នាក់ នៅស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។
សូមជម្រាបផងដែរថា ការប្រគល់ប័ណ្ណបើកបរខាងលើ ធ្វើឡើងក្នុងគោលបំណង ឱ្យអ្នកបើកបរយានយន្តដឹកកម្មករទាំងអស់មានប័ណ្ណបើកបរស្របតាមប្រភេទយានយន្ត និងចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។
យោងតាមរបាយការណ៍ចុះស្ថិតិអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតដែលអនុវត្តកាលពីឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកបើកបរកើនឡើងរហូតដល់ ៤ ៥៤៧នាក់ ក្នុងនោះមានប័ណ្ណបើកបរចំនួន ៤ ៤៨១នាក់ ស្មើនឹង ៩៨.៨% និងគ្មានប័ណ្ណបើកបរចំនួន ៥៦នាក់ ស្មើនឹង ១.២%។
ការប្រគល់ប័ណ្ណបើកបរនេះមានចំនួន ៥៨ប័ណ្ណ ក្នុងនោះប្រភេទ “ខ” ចំនួន ២២ប័ណ្ណ និងប្រភេទ “ឃ២” ចំនួន ៣៦ប័ណ្ណ៕





ម្លប់សន្តិភាព ធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចំរើន និងពុទ្ធបរិស័ទមានជីវភាពកាន់តែធូរធារ

កំពង់ឆ្នាំង៖ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយក ទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៨វត្ត នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន តាមពុទ្ធ ឱវាទរយ:ពេល៣ខែ ចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា៖ ការដង្ហែទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃ យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការ អភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវ កាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង។
នៅក្នុងឱកាសនោះគណៈអធិបតីប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៨វត្ត នៅក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងមួយវត្តប្រគេន អង្ករ៥០គីឡូក្រាម ទឹកត្រី១កេះ ទឹកស៊ីអ៊ីវ១កេះ មី២កេះ ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទៀនវស្សា១គូ សាដក១ និង បច្ច័យចំនួន ៣០ម៉ឺនរៀល ដោយឡែកវត្តអារញ្ញការ៉ាម លោក បានប្រគេនបច្ច័យចំនួន ៣លានរៀលផងដែរ ៕





កិច្ចប្រជុំបិទបញ្ចប់ឪសានវាទនៃការអនុវត្តអនុក្រឹត្យស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាល

ស្វាយរៀង៖ នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាប្រធានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសខេត្ត និងលោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គ-នាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទបញ្ចប់ឱសានវាទ នៃការអនុវត្តអនុក្រឹត្យ ស្ដីពីការ
លុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង។
អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ និងកងកម្លាំងសរុបវត្តមានចំនួន២៦៣នាក់។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តកិច្ចការសំខាន់ៗចំពោះមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស លោក លោកស្រីជាមន្ត្រីជំនាញ មន្ត្រីអនុវត្តច្បាប់ សមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១. អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តិនានាជាធរមាន។
២. ត្រូវចូលរួមសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវប្រកាសស្ដីពីការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសេចក្ដីណែនាំស្ដីពីការចេញ លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន៍។
៣. រដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវលិខិតបទដ្ឋានគតិយុត្តិទាំងពីរខាងលើដល់គ្រប់មុខសញ្ញាពាក់ព័ន្ធនឹងជនបរទេសអន្តោប្រវេសន៍ដែលមានការចាំបាច់ត្រូវមកទទួលនូវសេវាតម្រូវការទាំងនេះ និងតាមដាន ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវស្របតាមការណែនាំ ។
៤. ត្រូវចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ជាពិសេសប្រកាសស្ដីពីបែបបទ នីតិវិធីការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
៥. ត្រូវបន្តពង្រឹង និងជំរុញការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ឲ្យបានជាប់ជាប្រចាំ តាមរយៈការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថាន សិប្បកម្ម មូលដ្ឋានអាជីវកម្មនានា ការចុះធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន និងត្រូវធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះជនបរទេសដែលល្មើសច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ។
៦. អាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេសឲ្យបានច្បាស់លាស់។
លើសពីនោះគណៈអធិបតីក៏បានផ្តល់កិត្តិយសចែកមួុកសុវត្ថិភាពដល់អ្នកចូលរួមក្នុងកិច្ចប្រជុំនានេះផងដែរ៕







វិធានការក្តៅៗ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសចរាចរគ្រឿងញៀនខុសច្បាប់

ព្រះវិហារ៖ នៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីអបអសាទរខួបលើកទី៣២ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ក្រោមប្រធានបទសុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយកខេត្តជាច្រើនរូប។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានអានសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសាររបស់លោកប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តបានដាក់ចេញបន្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ហេីយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហេីយធានាថាគ្មានបញ្ហាគ្រឿងញៀននៅក្នុងគ្រប់អង្គភាព វត្តអារាម សាលារៀន ទីតាំងអាជីវកម្ម ក្លឹបកំសាន្ត មូលដ្ឋាន ភូមិឃុំសង្កាត់។
លោក ប្រាក់ សុវណ្ណ កោតសសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក មន្ទីរជុំវិញខេត្ត សហការយ៉ាងជិតស្និតទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសគ្រឿងញៀនក្នុងខេត្តបានយ៉ាងជោគជ័យ។ទន្ទឹមនឹងលោកអភិបាលខេត្តស្នើសុំបន្តខិតខំបន្ថែមទៀតនិងបានដាក់ចេញនូវវិធានការបង្កាទប់ស្កាត់គ្រឿងញៀនឲ្យបានម៉ឹងមាត់បំផុតចំនួន៨ចំណុចរួមមាន គ្រប់សមត្ថកិច្ច អាជ្ញាធរក្រុង ស្រុក ត្រូវសហការបន្តស្រាវជ្រាវត្រួតពិនិត្យនិងបំផ្លញ់ចោលគ្រឿងញៀនដែលកំពុងចរាចរ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពង្រឹងត្រួតពិនិត្យតាមបណ្តាច្រកទ្វាព្រំដែនលើសបទល្មើសគ្រឿងញៀននេះឲ្យបានខ្លាំងខ្លាបំផុត ។
លោកអភិបាល ក៏បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ព្រះសង្ឃ ចូលរួមផ្សព្វផ្សាយណែនាំដល់គ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន បំផ្លាញជិវិត អនាគតយុវជនយើងថែមទៀតផង ៕




កម្មវិធីផ្សព្វផ្សាយ ស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយ:ការចិញ្ចឹមមាន់

កំពង់ឆ្នាំង៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នឹងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ចើញជាអធិបតីភាព ក្នុងកម្មវិធី “ គម្រោងបញ្ជ្រាបយេនឌ័រ និងភាពអង់អាចផ្នែកសេដ្ឋកិច្ចស្រ្តីតាមរយៈការចិញ្ចឹមមាន់ ( PGM-WEE) “ ចំនួន ០៤ភូមិ ស្ថិតនៅភូមិតាំងគ្រង, ភូមិថ្នល់, ភូមិធ្នករលើង និងភូមិខ្នារទៃមោក ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីកញ្ញា ជួន វឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការចិញ្ចឹមមាន់ (PGM-WEE) អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនៃការចិញ្ចឹមមាន់ ( PGM-WEE) គឺដើម្បីអោយទទួលបានជាចំណេះដឹង និងបទពិសាធន៍ នៃការលាយចំណីមាន់ តាមរូបមន្តធម្មជាតិអោយមាន់ឆាប់ធំធាត់បានល្អ និងដើម្បីអោយប្រជាពលរដ្ឋនៅភូមិតាំងគ្រង ជាពិសេសស្រ្តី អាចរកប្រាក់ចំណូលបានមួយផ្នែកទៀត ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ៕



ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕


គណៈប្រតិភូស្ថានទូត ៣០ប្រទេស បានស្ងើចសរសើរ និងចាប់អារម្មណ៍លើសិលាចរិកនៃប្រាង្គប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ៖ ក្នុងដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជា ប្រតិភូស្ថានទូត ៣០ប្រទេសប្រចាំប្រទេសថៃ ក៍បានអញ្ជើញទស្សនៈកិច្ចប្រាសាទបន្ទាយឆ្មារ នារសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការទទួលស្វាគមន៍ ពី លោកស្រី ម៉ៅ មាល័យ កែគឹមយ៉ាន និងដឹកនាំបង្ហាញដោយ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ មគ្គទេសទេសចរណ៍ប្រចាំប្រាសាទផងដែរ។
ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ក៏បានជម្រាបជូនប្រតិភូស្ថានទូតទាំងនោះឱ្យដឹងទៀតថាខេត្តបន្ទាយមានជ័យជាខេត្តដែលជាប់ព្រំដែនកម្ពុជាថៃកាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។
ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ខេត្តបន្ទាយមានជ័យ បាននឹងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយដោយប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍន៍ឱ្យរីកចម្រើន។
អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា ខេត្តបន្ទាយមានជ័យមានស្រុកក្រុងចំនួន៩ ដោយមានច្រកអន្តរជាតិ២ និងច្រកតំបន់ព្រំដែនចំនួន២ រវាងកម្ពុជានិងថៃ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យភាគច្រើនប្រកមុខរបរកសិកម្មបច្ចុប្បន្ននេះខេត្តមានសក្តានុពលផ្នែកកសិកម្មជាពិសេសលើដំណាំឧស្សាហកម្ម។
លើវិស័យទេសចរណ៍រដ្ឋបាលខេត្តបាននឹងកំពុងធ្វើការរៀបចំទីកន្លែងសក្តានុពលទេសចរណ៍នានា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដូចជាការរៀបចំជួសជុល កែលម្អឡើងវិញ ប្រាសាទបុរាណនានា មានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព និងប្រាសាទមេបុណ្យដែលរងការខូចខាតបាក់បែក ដោយមានការដឹកនាំរៀបចំ និងជួយឧបត្ថម្ភពីសំណាក់លោកស្រី ម៉ៅ មាល័យ បាន រៀបចំប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធគមនាគមតភ្ពាប់ឲ្យបានល្អ សម្រាប់ភ្ញៀវ ភាពងាយស្រួល ។
ក្នុងឱកាសចុះទស្សនាប្រាសាទបន្ទាយឆ្មារនោះ បណ្តាអង្គទូទាំង៣០ប្រទេស និងឯកអគ្គរាជទូតកម្ពុជា បានស្ញើចសរសើ និងចាប់អារម្មចំពោះផ្ទាំងចម្លាក់ សិលាចរិកនានានៃប្រាសាទបន្ទាយឆ្មារ ដោយបានផ្តិយករូបភាពដោយស្នាមញញឹម សប្បាយរីករាយ ជាមួយការបង្ហាញពីមគ្គទេសទេសចរណ៍ ។
ប្រាសាទបន្ទាយឆ្មារ ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយ ស្ថិតក្នុងរចនាបថបាយ័ន (មានចម្ងាយ ៦៨គីឡូម៉ែត្រ ពីក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ) ដែលបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១ – គស ១២១៨?) ដើម្បីឧទ្ទិសដល់បុត្ររបស់ព្រះអង្គដែលបានសោយទិវង្គតពេលធ្វើសង្គ្រាមជាមួយទ័ពចាម។ ប្រាសាទនេះជាតឹកតាង និងជាមេរៀនបញ្ជាក់ពីការហ៊ានតស៊ូលះបង់របស់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលយើងជាខ្មែរជំនាន់ក្រោយគួរតែសិក្សារៀនសូត្រ។
ក្នុងថ្ងៃដដែលនោះដែរប្រតិភូក៍បានអញ្ជើញពិនិត្យនិងស្វែងយល់នៃសង្វាក់ផលិតកម្មនៅក្នុងរោងចក្រកិនស្រូវ មួយកន្លែងនៅចំណុចឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ៕