Sunday, October 15, 2023

សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិក្នុងប្រទេស និងនិស្សិតនៅអ៊ីស្រាអែល អំពីការរៀបចំផ្លាស់ទីនិស្សិតទៅកាន់តំបន់មានសុវត្ថិភាព(ជាប់ប្រទេសអេហ្ស៊ីបនិងហ្សកដេន) តាមការស្ម័គ្រចិត្ត

 CMF:

ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។

ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំ​បន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ​ និងហាត់ការ​មួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗទាំងអស់នៅទីនោះ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅប្អូនៗនិស្សិតទាំងអស់ ដែលកំពុងមានវត្តមាន​នៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ ក៏សូមឲ្យពួកគាត់ចុះឈ្មោះ​តាមប្រព័ន្ធដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្តរបស់ពួកគាត់។ ជាលទ្ធផល គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៤ តុលា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង ៧ ព្រឹក នៅប្រទេសអ៊ីស្រាអែល មានប្អូនៗនិស្សិតចំនួន ៤២២ នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ និងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ។

ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា រួមទាំង​ការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់មានសុវត្ថិភាពតាមការចាំបាច់។

ខ្ញុំសូមអំពាវនាវសាជាថ្មីចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗនិស្សិតសូមគោរពឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែង ដើម្បីធានា​សុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ។ សូមប្អូនៗមានលំនឹងក្នុងចិត្តថា រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ។ តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយអាជ្ញាធរអ៊ីស្រាអែល។

ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេស ប្អូនៗនិស្សិតដែលមានវត្តមាននៅក្នងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់។ សូមអរគុណ!

មីទ្ទិញមហាជន ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ និងខួប២០ឆ្នា

វីដេអូ៖ គណៈប្រតិភូតាមបណ្តាក្រសួង ស្ថាប័ននានាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ

 

វីដេអូ៖ គណៈប្រតិភូតាមបណ្តាក្រសួង ស្ថាប័ននានាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ

ខួបលើកទី១១ឆ្នាំ នៃព្រះរាជពិធីបុណ្យ ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣

ខួបលើកទី១១ឆ្នាំ នៃព្រះរាជពិធីបុណ្យ ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ******** (កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ ដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តុលា (១៩២២ - ២០១២)