គណៈប្រតិភូក្រុមធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កោតសរសើរ ពីប្រសិទ្ធិភាពការងារ
របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស ជាពិសេសការរក្សាបាននូវស្ថិរភាព នយោបាយ
រួមទាំងស្ថិរភាពសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការ ធ្វើអាជីវកម្មនៃបណ្តាក្រុមហ៊ុនធំៗ
របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
ការវាយតំលៃខ្ពស់អំពីស្ថានភាពល្អប្រសើរ
និងលំនឹងនៃស្ថិរភាពជាតិរបស់ គណៈ ប្រតិភូក្រុមធុរៈ កិច្ចសហរដ្ឋអាមេរិក-អាស៊ាន
បានធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ០៨
ខែឧសភា ឆ្នាំ ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី និងគណៈប្រតិភូក្រុមធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
ដែលដឹកនាំដោយ លោកស្រី Kathy
Samtillo នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ក្រុមគណៈ ប្រតិភូធុរៈកិច្ច សហរដ្ឋអាមេរិក-អាស៊ាន
ជាមួយគ្នានោះ ក្រុមគណៈប្រតិភូក៏បានជម្រាបជូន អំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែង
រវាងគណៈប្រតិភូក្រុមប្រឹក្សាធូរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងរាជរដ្ឋា ភិបាលកម្ពុជា
ដែលបានខិតខំធ្វើកន្លងមក។
គួរបញ្ជាក់ថា
ក្នុងចំណោមគណៈប្រតិភូទាំងអស់ មានគណៈប្រតិភូដែលមកពីក្រុមហ៊ុន អាមេរិកធំៗ មានដូចជា
Visa , GD , Big Belt ដែលជាក្រុមហ៊ុនធំនៅសហរដ្ឋអាមេរិក ដែលបានធ្វើទស្សនៈកិច្ចជាលើកទី១នៅកម្ពុជា
ហើយបានកត់សំគាល់ឃើញថា ការរក្សាបាន នូវស្ថិរភាពជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា
គឺបានផ្តល់នូវការទុកចិត្តនៃការបណ្តាក់ទុន របស់អ្នកវិនិយោគអាមេរិកនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត
សុខ អាន ក៏បានជម្រាបទៅកាន់គណៈប្រតិភូធុរៈកិច្ច សហរដ្ឋ អាមេរិក-អាស៊ាន ពីសន្តានុពលដែលកើតចេញពីប្រភពទេសចរ
ដោយឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានជម្រាបជូនថាកំណើនទេសចរមកកាន់កម្ពុជាមានកំណើនច្រើន
ឧទាហរណ៍ ជាក់ស្តែង គឺនៅឆ្នាំ១៩៩៣យើងមានតែ១០ម៉ឺននាក់ទេក្នុងមួយឆ្នាំ ហើយនៅឆ្នាំ២០០៣ឡើង
ទៅដល់ជិត ៧០០ពាន់នាក់ ជាមួយគ្នានេះ នៅឆ្នាំ២០១៣គឺឡើងដល់៤,២លាននាក់ និងនៅ ឆ្នាំ២០១៤
ឡើងដល់ ៤,៥លាននាក់ ដែលចូលមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ហើយក្នុង ឆ្នាំ២០១៥នេះ ចំនួនភ្ញៀវ ទេសចរ
តាមការព្យាករណ៍គឺអាចឡើងដល់១០%នៃឆ្នាំ២០១៤។
ជាមួយគ្នាដែរ ឯកឧត្តម
បណ្ឌិត សុខ អាន ក៏បានជម្រាបជូនទៅកាន់ក្រុមគណៈ ប្រតិភូថា នៅអាទិត្យក្រោយនេះ កម្ពុជានឹងទទួលបានពីសហរដ្ឋអាមេរិកមកវិញ
នូវរូបចម្លាក់ មួយហៅថា ហនុមាន្ត ដែលនឹងធ្វើមាតុភូមិនិវត្តន៍ វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ
បន្ទាប់ពីបានបាត់ក្នុងសម័យសង្គ្រាមកាលពីពេលកន្លងទៅនោះ ហើយកម្ពុជានឹងរៀបចំពិធី
ទទួលធំមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី។
សរុបមក គឺគណៈប្រតិភូធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
ដែលត្រូវបានឯកឧត្តម បណ្ឌិត សុខ អាន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម
និងពិភាក្សាការងារ គឺបាន វាយតំលៃខ្ពស់ទី១ ពីស្ថិរភាពជាតិ, ទី២ កំណើនសេដ្ឋកិច្ច និងទី៣
ឱកាសបណ្តាក់ទុន នៅកម្ពុជា។ នៅចុងក្រោយក្រុមគណៈប្រតិភូ ក៏បានលើកឡើងផងដែរអំពីច្បាប់
ពាក់ព័ន្ធនិង ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
ហើយជាពិសេសច្បាប់ថ្មី គឺច្បាប់អង្គការក្រៅ រដ្ឋាភិបាល ដែលជាធាតុសំខាន់មួយ
ផ្តល់ការទុកចិត្តបន្ថែមទៀតដល់ អ្នកបណ្តាក់ទុន នៃក្រុមធុរៈកិច្ចសហរដ្ឋអាមរិក-អាស៊ាន។
ក្រុមធុរៈកិច្ចជើងចាស់ដែលកំពុងតែដំណើរការ អាជីវកម្មរបស់ខ្លួននៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា
ដែលបាន បង្កនូវភាពងាយស្រួលក្នុងកិច្ចសហការ កិច្ចប្រតិបត្តិការ និងបានជួយសំរួលកិច្ចការងារ
របស់ក្រុមធុរៈកិច្ចសហរដ្ឋ អាមេរិក-អាស៊ាននេះកន្លងមក៕
អត្ថបទ៖ ច័ន្ទ ទេវី