Wednesday, June 02, 2021

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ

 នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុកពេល១ថ្ងៃឱ្យម្ចាស់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅខាងក្រោម៖




ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ពីនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

 ព្រះសីហនុ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីលោក នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

អំណោយឧបត្ថម្ភរួមមាន៖
១- អង្ករចំនួន ១០.០០០គីឡូក្រាម
២- ទឹកពិ សាបរិសុទ្ធ ចំនួន ២០០កេស
៣- មីជាតិ ចំនួន ២០០កេស
៤- ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ និង
៥- ថវិកា ចំនួន ១០.០០០.០០០រៀល។

លោក គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអំឡុងបិទខ្ទប់កន្លងមក យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមក្នុងយុទ្ធនាការបិទខ្ទប់ កុំឱ្យឆ្លងរាលដាលធ្ងន់ធ្ងរបន្តទៀត ក៏ប៉ុន្តែមកដល់ពេលនេះ ក្រុង ស្រុក របស់យើងមិនមានតំបន់ក្រហមទៀតទេ គឺមានតែលឿង ដោយសារយើងបានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់ ហើយនៅសេសសល់តែគ្រួសារណាដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ដែលពួកគាត់មិនបានការពារ តាមការណែនាំ ៣ការពារ និង ៣កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅតែបន្តបិទខ្ទប់ទីតាំងប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ដោយសារលទ្ធផលនៃការការបិទខ្ទប់របស់ទទួលបានជោគជ័យ ៕







ពិធីចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅវិទ្យាស្ថានសុខាភិបាល ២០២១

 ក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រ ជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ.១៩ ក្រសួងការពារជាតិ បានបញ្ចប់ចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី១ និងដូសទី២ ប្រកបដោយជោគជ័យ និងបានធ្វើពីធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ និយោជិត បន្ទាប់ពីប្រជាពលរដ្ឋមកទទួលសេវាចាក់វ៉ាក់សាំងដូសទី២ រួច កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានវត្តមានចូលរួមពី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ និងប្រជាពលរដ្ឋ កម្មករ កម្មការីដែលមកទទួលប័ណ្ណ ប្រមាណជា ១២៨១នាក់។

ក្នុងរបាយការណ៍ស្វាគមន៍ ដែលអានដោយ ឧត្តមសេនីយ៍ទោ ង៉ែត សួន នាយករង វិទ្យាស្ថាន បានបញ្ជាក់ថា៖ ដោយមានការដឹកនាំផ្ទាល់ពីនាយកវិទ្យាស្ថានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ វិទ្យាស្ថានបានចាត់បញ្ជូនកម្លាំងក្រុមគ្រូពេទ្យ និងក្រុមជំនួយការ សរុប ចំនួន ១០២នាក់ បានចេញប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ.១៩ (Sinopharm) ដូស១ ចាក់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ភូមិសាស្ត្ររាជធានីភ្នំពេញ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចាប់ថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី១១ ឧសភា ចាក់ជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៨ នាក់ ខណៈចាក់លើកទី២ គឺចាប់ពីថ្ងៃទី១៧ ឧសភា ដល់ថ្ងៃទី ២៥ឧសភា បានចំនួន ១២.៣០០នាក់។

លោកបានបញ្ជាក់ថា៖ កម្លាំងក្រុមគ្រូពេទ្យវិទ្យាសា្ថន បានបន្តចុះប្រតិបត្តិការ ២ គោលដៅ បន្ថែមទៀតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ១ គ្រូពេទ្យវិទ្យាសា្ថនបានចុះចាក់វ៉ាក់សាំងដូសទី១ វគ្គទី២ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី៣០ ឧសភា បានសរុបចំនួន ១៤.០០០នាក់។

លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យកងទ័ព ចុះប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ ដោយផ្ទាល់ដល់ទីតាំងដែលនៅជិតនឹងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង៦រួចមក។

ក្នុងនោះ លោក នឹម មាលា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលបានអនុវត្តតាមបទបញ្ជាក្នុងការចាក់វ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបានបញ្ជាក់ថា៖ ថ្ងៃនេះគ្រូពេទ្យវិទ្យាស្ថាន បានប្រគល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ជូនបងប្អូនប្រជាពលរដ្ឋ មានចំនួន ១.៤២២ ប័ណ្ណ ហើយក្នុងពេលកន្លងមកបានចែកចំនួន ១៣២ប័ណ្ណរួចហើយ ហើយក្រុមការងារ បានទំនាក់ទំនងផ្ទាល់អោយបងប្អូនមកទទួលប័ណ្ណ ចំនួន៨៩១ នាក់។

ជាមួយគ្នានោះ លោកក៏បានលើកពីគុណតម្លៃនៃប័ណ្ណចាក់វ៉ាក់សាំងកូវី.១៩ របស់ក្រសួងការពារជាតិ ដែលត្រូវផ្តល់ឲ្យនាពេលនេះ គឺមានគុណតម្លៃយ៉ាងធំធេង ដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាបាល ចំពោះអាយុជីវិត និងការការរពារសុខភាព ជូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ផងដែរ៕




អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល និងផ្តល់អំណោយជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក

 បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសំណេះសំណាល និងចែកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ២០ គ្រួសារ នៅឃុំបន្ទាយឆ្មារ និង ឃុំគោករមៀត ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ។

សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាលនិងអនុវត្តឲ្យបានតាម អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ៣ការពារ និង ៣កុំ។

អំណោយទទួលបានក្នុងមួយគ្រួសារៗ រួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ១០កំប៉ុង មី ០១កេសតូច ទឹកសុីអុីវ ៣ដប មុង ០១ ភួយ ០១ សារុង ០១ ក្រមា ០១
និងអាវយឺត ០១ ក្នុងនោះគ្រួសារសពរន្ទះបាញ់ អង្ករ ៥០គីឡូក្រាម,មី២កេស ទឹកសុីអុីវ ២យួរ ត្រីខ២០កំប៉ុង និងថវិកា ២០មឺនរៀល៕





អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤

 សៀមរាប៖ វត្ថុបុរាណចំនួន៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង៥ប្រភេទនេះ ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

វត្ថុបុរាណដែលអាជ្ញាធរជាតិអប្សរា បានទទួលក្នុងឱកាសនោះរួមមាន៖ ១-សសរពេជ្យមួយកំណាត់តូច ២-កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣-ឆ្នាំងថ្នាំមួយ ៤-ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥-បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណ ពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនានាដែលបានប្រទះ ឃើញនិងស្ម័គ្រប្រគល់ ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ ក្រោយបានឃើញ៕






សេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ស្តីពីករណីបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច

 រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ-១៩ជូនពួកគាត់។

ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម÷