Wednesday, June 02, 2021

ពិធីចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅវិទ្យាស្ថានសុខាភិបាល ២០២១

 ក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រ ជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ.១៩ ក្រសួងការពារជាតិ បានបញ្ចប់ចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី១ និងដូសទី២ ប្រកបដោយជោគជ័យ និងបានធ្វើពីធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ និយោជិត បន្ទាប់ពីប្រជាពលរដ្ឋមកទទួលសេវាចាក់វ៉ាក់សាំងដូសទី២ រួច កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានវត្តមានចូលរួមពី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ និងប្រជាពលរដ្ឋ កម្មករ កម្មការីដែលមកទទួលប័ណ្ណ ប្រមាណជា ១២៨១នាក់។

ក្នុងរបាយការណ៍ស្វាគមន៍ ដែលអានដោយ ឧត្តមសេនីយ៍ទោ ង៉ែត សួន នាយករង វិទ្យាស្ថាន បានបញ្ជាក់ថា៖ ដោយមានការដឹកនាំផ្ទាល់ពីនាយកវិទ្យាស្ថានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ វិទ្យាស្ថានបានចាត់បញ្ជូនកម្លាំងក្រុមគ្រូពេទ្យ និងក្រុមជំនួយការ សរុប ចំនួន ១០២នាក់ បានចេញប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ.១៩ (Sinopharm) ដូស១ ចាក់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ភូមិសាស្ត្ររាជធានីភ្នំពេញ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចាប់ថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី១១ ឧសភា ចាក់ជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៨ នាក់ ខណៈចាក់លើកទី២ គឺចាប់ពីថ្ងៃទី១៧ ឧសភា ដល់ថ្ងៃទី ២៥ឧសភា បានចំនួន ១២.៣០០នាក់។

លោកបានបញ្ជាក់ថា៖ កម្លាំងក្រុមគ្រូពេទ្យវិទ្យាសា្ថន បានបន្តចុះប្រតិបត្តិការ ២ គោលដៅ បន្ថែមទៀតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ១ គ្រូពេទ្យវិទ្យាសា្ថនបានចុះចាក់វ៉ាក់សាំងដូសទី១ វគ្គទី២ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី៣០ ឧសភា បានសរុបចំនួន ១៤.០០០នាក់។

លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យកងទ័ព ចុះប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ ដោយផ្ទាល់ដល់ទីតាំងដែលនៅជិតនឹងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង៦រួចមក។

ក្នុងនោះ លោក នឹម មាលា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលបានអនុវត្តតាមបទបញ្ជាក្នុងការចាក់វ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបានបញ្ជាក់ថា៖ ថ្ងៃនេះគ្រូពេទ្យវិទ្យាស្ថាន បានប្រគល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ជូនបងប្អូនប្រជាពលរដ្ឋ មានចំនួន ១.៤២២ ប័ណ្ណ ហើយក្នុងពេលកន្លងមកបានចែកចំនួន ១៣២ប័ណ្ណរួចហើយ ហើយក្រុមការងារ បានទំនាក់ទំនងផ្ទាល់អោយបងប្អូនមកទទួលប័ណ្ណ ចំនួន៨៩១ នាក់។

ជាមួយគ្នានោះ លោកក៏បានលើកពីគុណតម្លៃនៃប័ណ្ណចាក់វ៉ាក់សាំងកូវី.១៩ របស់ក្រសួងការពារជាតិ ដែលត្រូវផ្តល់ឲ្យនាពេលនេះ គឺមានគុណតម្លៃយ៉ាងធំធេង ដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាបាល ចំពោះអាយុជីវិត និងការការរពារសុខភាព ជូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ផងដែរ៕




No comments:

Post a Comment