Tuesday, June 11, 2024

កម្ពុជា-ជប៉ុន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គម ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី



នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ 

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ (ILO)  បានជួបពិភាក្សាការងារជាមួយលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។


ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជា និងជប៉ុនដែលបានប្រារព្ធកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន ដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជាជននៃប្រទេសទាំងពីរ។


បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែមពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។ 


ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។


ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិតរមួតក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕





ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងដើរទាក់ម៉ូយនៅសហភាពអឺរ៉ុប


ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា បាននិងកំពុងធ្វើដំណើរទៅកាន់ប្រទេស​ជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។


ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុបនេះ លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួង​ពាណិជ្ជកម្ម ប្រទេសអេស្ប៉ាញ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបលោកស្រីរដ្ឋលេខាធិការ អំពីសក្តានុពលវិជ្ជមាន​របស់​កម្ពុជា ដែលមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពល​កម្មកម្ពុជា ដែលមានភាពវ័យក្មេងប្រកបដោយថាមពលនិងថាមវន្ត មានរាជរដ្ឋាភិបាលជួយគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថា កម្ពុជានិងអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមាន​សន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។


ជាមួយគ្នានេះ លោកស្រី Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍មកកាន់លោក​ឧបនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូកម្ពុជាចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញក្នុងពេលនោះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញអាចនឹងវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជា។


បន្ទាប់ពីជំនួបនេះរួចមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ដដែល លោក ស៊ុន ចាន់ថុល និងលោកស្រី Amparo Lopez Senovilla បានអញ្ជើញបើកសិក្ខាសាលាស្តីពីការ​វិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាព​វិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំ និងមានការ​ចូលរួមពីសភាពាណិជ្ជកម្មអេស្ប៉ាញ សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE) គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។


ថ្លែងក្នុងសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។


ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមរយៈបទបង្ហាញនិងវគ្គសំណួរចម្លើយរបស់លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក កសិកម្មនិងកសិ-ឧស្សាហកម្ម សុខាភិបាលនិងឱសថ ថាមពលកកើតឡើងវិញ ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕