Tuesday, December 08, 2015

អាជ្ញាធរជាតិអប្សរាបង្ហាញថាមានកំណើនភ្ញៀវទេសចរ និងចំណូលពីការលក់ប័ណ្ណក្នុងឆ្នាំ២០១៥នេះ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់អាជ្ញាធរ​ជាតិអប្សរា ​ស្តីពីស្ថិតិភ្ញៀវ​ទេសចរនៅរមណីដ្ឋាន ​អង្គរប្រចាំ​ខែវិច្ឆិកា ​និង ១១​ខែឆ្នាំ២០១៥ ​ចេញផ្សាយថ្ងៃទី​០៨ ខែធ្នូ​ ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា​ ស្ថិតិភ្ញៀវទេសចរ​ចូលទស្សនា​រមណីដ្ឋានអង្គរ​ ប្រចាំខែវិច្ឆិកា​ ឆ្នាំ២០១៥ គឺមាន​ភ្ញៀវទេសចរ​ ទិញប័ណ្ណចំនួន​ ២០០,០៨៥នាក់​ កើនឡើង​ ៣.៥៤% បើធៀប​នឹងខែវិច្ឆិកា​ ឆ្នាំ២០១៤​, ចំណូលសរុប​ បានចំនួន​ ៥,៨៧៥​,៤០០ដុល្លារ ​កើនឡើង ៥.៧១%​ ប្រៀបធៀបនឹង​ ខែវិច្ឆិកា ​ឆ្នាំ២០១៤។​
ស្ថិតិភ្ញៀវទេសចរ​ចូលទស្សនា​រមណីដ្ឋានអង្គ​រ សម្រាប់១១​ខែឆ្នាំ២០១៥​ គឺមានភ្ញៀវ​ទេសចរ ទិញប័ណ្ណ ​ចំនួន ១,៨៧៧​,៤៣៧នាក់ កើន​ឡើង ២.២១%​ បើធៀបនឹង១១​ ឆ្នាំ២០១៤, ចំណូល​សរុប បានចំនួន​ ៥៣,៥៥៦,​៤៨០ដុល្លារ​ កើនឡើង​ ១.១៥% ប្រៀបធៀប​នឹង ១១ខែឆ្នាំ២០១៤​៕

សូមភ្ជាប់​មកជាមួយនូវ​តារាងដូចខាងក្រោម៖​

អ្នកនាំពាក្យព្រឹទ្ធសភា៖ ការពឹងបរទេសឲ្យលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា គឺជាទម្លាប់មួយដ៏គួរឲ្យខ្មាស់អៀន

នៅល្ងាច​ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៥ ​ឯកឧត្តម ម៉ម​ ប៊ុននាង​ អ្នកនាំពាក្យព្រឹទ្ធភា​ បានចេញ​សេចក្តីថ្លែងការណ៍​មួយលើកឡើងថា​ ដោយបានឃើញ​សេចក្តីថ្លែងការណ៍​ ចុះថ្ងៃទី ០៧​ ខែធ្នូ ឆ្នាំ២០១៥ របស់​សមាជិកព្រឹទ្ធ​សភាមកពីគណបក្ស​សមរង្ស៊ី​ ចំនួន០៧រូប ​អ្នកនាំពាក្យព្រឹទ្ធសភា​ សូមជម្រាបជូន​សាធារណជនថា​  ទោះបីសមាជិក​ព្រឹទ្ធសភាទាំង០៧រូប​ មកពីគណ​បក្សសមរង្ស៊ី​ ពុំបានបំពេញ​កាតព្វកិច្ចរបស់ខ្លួន​ ដើម្បីចូលរួម​ក្នុងសម័យ​ប្រជុំវិសាមញ្ញ​ ព្រឹទ្ធសភា​ កាលពីព្រឹក​ថ្ងៃទី ០៧ ខែធ្នូ​ ឆ្នាំ២០១៥ នេះក្តី​ ក៏មានសមាជិក​ព្រឹទ្ធសភាចំនួន​ ៤៦រូប នៃ​ចំនួនសមាជិក​ព្រឹទ្ធសភាសរុប​ ៦១រូប បានចូល​រួមប្រជុំ ដែល​ដំណើរការដោយរលូន​ តាមរបៀបវារៈដែល​បានគ្រោងទុក។
សេចក្តី​ថ្លែងការណ៍បន្តថា​ ប្រការដែលសមាជិក​ព្រឹទ្ធសភាមកពី​គណបក្សសមរង្ស៊ី​ ប្រកាន់យក ជំហរ​តាមមូលហតុ​  និងទឡ្ហីករណ៍​របស់សមាជិករដ្ឋ​សភាមកពី​គណបក្សសង្គ្រោះជាតិ​ ពុំមែនជា រឿង​ចម្លែកឡើយ។​ ការកសាងកម្ពុជា​ជានីតិរដ្ឋនឹងគ្មាន​ន័យឡើយ​ ប្រសិនបើអ្នក​ប្រព្រឹត្តខុស​ ពុំព្រមគោរព​ប្រតិបត្តិតាម​ច្បាប់ជាធរមានរបស់រដ្ឋ​ និងតាមសាល​ក្រមរបស់តុលាការ​។
ជាមួយគ្នានេះ​ ប្រការដែល​ក្រុមសមាជិក​ព្រឹទ្ធសភាគណ​បក្សសមរង្ស៊ី​ អំពាវនាវឲ្យ​បណ្តាប្រទេស និង​ស្ថាប័នអន្តរជាតិ​ឲ្យជួយអត្តរាគមន៍​ ដើម្បីលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុងកម្ពុជា​ ដែលជារដ្ឋ អធិបតេយ្យ​ គឺជាទម្លាប់​មួយដ៏គួរឲ្យ​ខ្មាស់អៀន​ ដោយអ្នកទាំងនោះ​ពុំបានគិតទាល់តែសោះ​ អំពីឧត្តម​ប្រយោជន៍ជាតិ​ និងប្រជា​ពលរដ្ឋយើង​៕

ភាគច្រើននៃជនពិការកម្ពុជាគឺដោយសារផលវិបាកនៃសង្គ្រាមរ៉ាំរ៉ៃ

ឯកឧត្តម​ កែវ រ៉េមី​ រដ្ឋលេខាធិការ ​និងជាប្រធានក្រុមការ​ងារសកម្មភាព​ជនពិការ ​នៃទីស្តីការ គណៈរដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី ​០៨ ខែធ្នូ ​ឆ្នាំ២០១៥ បាន​មានប្រសាសន៍​ នៅក្នុងពិធី​សំណេះ​ សំណាលជាមួយ​មន្ត្រីរាជការជា​ជនពិការ នៃ​ទីស្តីការគណៈរដ្ឋ​មន្ត្រី ក្នុងឱកាស​ទិវាជនពិការ​ កម្ពុជាលើកទី១៧​ និងទិវាជនពិការ​អន្តរជាតិលើក​ទី៣៣ថា​ ប្រទេសកម្ពុជា​មានអត្រាជនពិកា​រខ្ពស់ ដោយសារតែ​ប្រទេសយើង​បានជួបប្រទះនូវ​សង្គ្រាមរ៉ាំរ៉ៃយ៉ាងយូរ​ ដែលបានបន្សល់​ទុកនូវជន​ ពិការជាច្រើន រួមទាំង​គ្រាប់បែក​ និងគ្រាប់មិន​ទាន់ផ្ទុះស្ទើរពេញ​ផ្ទៃប្រទេស​។
ឯកឧត្តម​ កែវ រ៉េមី ​បានលើកឡើងថា​ បន្ទាប់ពីសង្គ្រាម​បញ្ចប់ ដោយសារ​តែប្រជាពលរដ្ឋ ​មានចំណេះដឹង​នៅមានកំរិត​ ហើយបាន​នាំគ្នារស់នៅ​ជាមួយគ្រាប់​មីនមិនទាន់ផ្ទុះ ​ទាំងមិនដឹង​ ពីគ្រោះថ្នាក់​ រហូតអ្នកខ្លះបាន​ច្នៃគ្រាប់មិនទាន់​ផ្ទុះទាំងនោះ ​ធ្វើជាឧបករណ៍​ប្រើប្រាស់ដែល​បាន បណ្តាល​ឲ្យមានមនុស្សស្លាប់​ និងរបួស​ ពិការ ជាបន្តបន្ទាប់។​ ឯកឧត្តមបន្តថា​ ជាមួយគ្នានេះ​ដែរ ក្រោយ​បញ្ចប់សង្គ្រាម​ ដោយសារ​ប្រទេសទាំងមូល​ ត្រូវធ្លាក់ចូលទៅ​ក្នុងភាពក្រីក្រ​កំរិតសូន្យ​ ធ្វើឲ្យ​ការអប់រំស្តី​ពីការថែរក្សាសុខភាព​ និងសេវាសុ​ខភាពនានា​ មានការខ្វះខាត​ ពិសេសចំពោះ​ ស្ត្រីដែលពពោះ​ និងទារកទើបកើត ​មិនមានវ៉ាក់សាំងចាក់​ការពារជំងឺផ្សេងៗ​បណ្តាលឲ្យ ​កើតមានជំងឺស្វិ​តដៃជើង កញ្ជ្រិល​ និងជំងឺជាច្រើនទៀត​ ដែលបង្កឲ្យ​ពិការភ្នែក​ និងអវយវៈ ​មួយចំនួនទៀត។​
ឯកឧត្តម​ ឃុន ជិនកេន​ អនុរដ្ឋលេខាធិការ ​និងជាអនុប្រធាន​ក្រុមការងារ​សកម្មភាពជនពិការ​ នៃទីស្តី​ការគណៈរដ្ឋមន្ត្រី ​បានមានប្រសាសន៍ថា​ ការរៀបចំ​ពិធីសំណេះ​សំណាលជាមួយ ​មន្ត្រីរាជការជាជន​ពិការនៃទីស្តី​ការគណៈរដ្ឋមន្ត្រី​ ប្រមាណ​ជាង៣០នាក់​ និងការផ្តល់ជូន​ ថវិកាម្នាក់ៗចំនួន​៥០០០០០រៀល​ សំរាប់មន្ត្រី​ដែលជាជនពិការ​នៅពេលនេះ​ គឺបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់​ខ្ពស់របស់រាជ​រដ្ឋាភិបាលកម្ពុជា​ ក៏ដូចជា​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រី ​និងជាប្រធានកិត្តិយ​សក្រុមការងារ​សកម្មភាពជនពិការ ​នៃទីស្តីការ គណៈរដ្ឋមន្ត្រី​លើសុខុមាល​ភាពជនពិការ។​
ឯកឧត្តម​ ឃុន ជិនកេន​ បានបន្ថែមថា​ តបតាមអនុសាសន៍របស់​ ឯកឧត្តមបណ្តិត​សភាចារ្យ សុខ អាន​ ក្រុមការងារ​សកម្មភាព​ជនពិការ​ នៃទីស្តីការគណៈរដ្ឋមន្ត្រី ​បាននឹងកំពុង​រៀបចំហិបមូល​និធិ ទ្រទ្រង់​ការងារពិការភាព​ នៅតាមសាលប្រជុំធំៗ​ នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ និងនៅវិមាន​សន្តិភាព សំរាប់​កិច្ចការពិការភាព​នៃទីស្តីកា​រគណៈរដ្ឋមន្ត្រី​។
ឯកឧត្តម​ ឃុន ជិនកេន​ បន្តថា តាមការ​ណែនាំរបស់​រាជរដ្ឋាភិបាល​ ទីស្តីការគណៈរដ្ឋមន្ត្រីបា​ន ដាក់ចេញ​នូវសេចក្តីជូន​ដំណឹងលេខ​ ៩៣០ ..ណ​.. ចុះថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៤​ ស្តីពីការអនុវត្ត​អត្រាជនពិកា​រចូលបំរើការងា​រតាមក្រសួងស្ថាប័នរដ្ឋ​ ដែលរាជ​រដ្ឋាភិបាល​សំរេចជា គោលការណ៍​ឲ្យក្រសួងស្ថាប័ន​រដ្ឋទាំងអស់ដែល​អនុវត្តពុំទាន់​គ្រប់ចំនួន​ គឺ២%នៃចំនួន​មន្ត្រីសរុប ត្រូវ​បន្តអនុវត្តឲ្យ​បានគ្រប់ចំនួន។​ ចំពោះទីស្តី​ការគណៈរដ្ឋមន្ត្រី បា​នខិតខំជ្រើសរើស​ជនពិការ​ ឲ្យចូលបំរើការងារ​ បានសរុបចំនួន​៣៦នាក់ស្មើ​នឹង២,% នៃមន្ត្រីរាជការ​សរុបនៃទីស្តីការ ​គណៈរដ្ឋមន្ត្រី​ដែលចំនួននៃ​គឺលើសពីការ​កំណត់របស់​រាជរដ្ឋាភិបាល៕​