លោក
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា
ឆ្នាំ២០១៦នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សុំកុំឲ្យមានការខឹងសម្បារលើ អាជ្ញាធរមានសមត្ថកិច្ចជាពិសេសគឺប៉ូលីសចរាចរណ៍។
លោកបានមានប្រសាសន៍បែបនេះ
ខណៈ អញ្ជើញទៅបង់ប្រាក់ពិន័យ ចំពោះការជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព
នៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ បន្ទាប់ពីលោកត្រូវបាននគរបាលចរាចរណ៍ ស្រុកស្រែអំបិល
ខេត្តកោះកុងផាកពិន័យ និងតម្រូវឲ្យបង់ប្រាក់តាមច្បាប់កំណត់។
ក្រោយពេលបង់ប្រាក់ពិន័យរួចហើយ
ភ្លាមៗនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ ថា៖ «ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋ
និងអ្នកគាំទ្រខ្ញុំទាំងអស់សុំកុំឲ្យមានការខឹងសម្បារ លើអាជ្ញាធរ មានសមត្ថកិច្ច
ជាពិសេសគឺប៉ូលិសចរាចរណ៍។ ផ្ទុយទៅវិញគាំទ្រពួកគាត់ ឲ្យគាត់បំពេញនូវតួនាទី
ភារកិច្ចក្នុងឋានៈជានគរបាល ទទួលបន្ទុកច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត
ជូនប្រជាពលរដ្ឋ ជាពិសេស សូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងប៉ុន្មាន បើស្រឡាញ់ខ្ញុំ
សូមគោរពច្បាប់ចរាចរណ៍។ ការស្រឡាញ់ខ្ញុំ គឺជារឿងមួយ តែស្រឡាញ់ជីវិតខ្លួនឯង
កុំឲ្យខ្លួនឯង មានគ្រោះថ្នាក់ ដល់ជីវិតគឺវាមានសារៈសំខាន់ ជាងការស្រឡាញ់ខ្ញុំ»។
ជាមួយគ្នានេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា មិនមែនគ្រាន់តែអ្នកគាំទ្រលោកទេ គឺត្រូវការការស់នៅ
ត្រូវការភាពសុខសាន្ត នៅក្នុងគ្រួសារ ដូចនេះលោកសង្ឃឹមថា អ្នកគាំទ្រលោកទាំងអស់គ្នា
នឹងគោរពច្បាប់ចរាចរណ៍៕