(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រធានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល » នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
អង្គភាព Grand News (GN) សូមធ្វើការដកស្រង់ខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចខាងក្រោម៖
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេគ ដែលបានមកចូលរួមក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ ដែលផ្តោតលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល »។
នេះជាលើកទី១១ហើយ ដែលខ្ញុំបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទប្រចាំឆ្នាំ ដ៏មានសារៈសំខាន់នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ ANZ Royal ដែលបន្តផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដែលបានអញ្ជើញថ្នាក់ដឹកនាំមកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា មកជួបជុំគ្នាធ្វើការពិនិត្យពីសមិទ្ធផលនាពេលកន្លងមក និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកវិធីធ្វើការជាមួយគ្នា ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ និងបានជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។
ជាងនេះ នៅក្នុងពិធីនេះ ខ្ញុំតែងតែយកឱកាស ដើម្បីចែករំលែកជូននូវស្ថានភាពសេដ្ឋកិច្ច និងចែករំលែកនូវទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះ និងក្នុងឆ្នាំបន្ត។ ជារួមចាប់ពីឆ្នាំ២០១៤ មកដល់ពេលនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា សម្រេចបានតាមការគ្រោងទុក ក្នុងនោះកំណើនសេដ្ឋកិច្ចសម្រេចបាន ក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចនៃឆ្នាំ២០១៤ និង២០១៥ ត្រូវបានគាំទ្រដោយ អនុវិស័យសំណង់ និងអចលនវត្ថុ ប៉ុន្តែត្រូវបានប្រទាញចុះ ដោយកំណើនទាបជាប់ៗគ្នា នៅក្នុងវិស័យកសិកម្ម ដោយសារមកពីអាកាសធាតុ និងការធ្លាក់ចុះ នៃទីផ្សារកសិផល ។ នៅឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជា សម្រេចបាន កំណើនក្នុងរង្វង់ ៧.១ភាគរយ ដែលបានទ្រទ្រង់ដោយការកើនឡើងនៃ វិស័យកសិកម្ម និងកំណើននៃវិស័យឧស្សាហកម្មផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ ខណៈដែលកំណើននៃវិស័យសំណង់ វិស័យកាត់ដេរ និងវិស័យអចលនវត្ថុ បានថមថយបន្តិចវិញ ដោយការរឹតបន្តឹងកំណើនឥណទានក្នុងវិស័យធនាគារ ការប្រែប្រួលនៃរបបពាណិជ្ជកម្ម និងការប្រែប្រួលបរិការណ៍តំបន់។
ជាមួយនេះ ពិតជាមិនអាចប្រកែកបានទេ ថាការសម្រេចបាននូវកំណើនថេរ ក្នុងរង្វង់ ៧ភាគ រយនេះ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ច ត្រឹមត្រូវពិសេស ពីកុសលនៃសន្តិភាព និងស្ថេរភាពនយោបាយ នៅទូទាំងប្រទេសដែលរាជរដ្ឋាភិបាលបានខំ ការពារដាច់ខាត នាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ តាមការព្យាករណ៍នៅ ឆ្នាំ ២០១៧ នេះ សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងរង្វង់ ៧ភាគរយ ក្នុងនោះកំណើនក្នុងវិស័យ កសិកម្ម រំពឹងថានឹងល្អប្រសើរឡើងបន្តិច។ ដូចគ្នានេះដែរ ចំពោះកំណើននៃវិស័យកាត់ដេរ នឹងងើបឡើងប្រសើរជាងឆ្នាំ២០១៦ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយកំណើន ដោយមានការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់នេះ។
ក្រៅពីនេះ កំណើននៃឧស្សាហកម្មផ្សេងៗ មិនមែនកាត់ដេរ រំពឹងថានឹងមានកំណើនខ្ពស់ ដែលអាចជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះ នឹងរំពឹងថាបន្តរហូត ដល់ ឆ្នាំ២០១៨ ដែលកំណើនសេដ្ឋកិច្ច អាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ ៧ភាគរយ។ ទោះយ៉ាងណាក៏ដោយ ចំពោះមុខនេះ សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងហានិភ័យ ពីខាងក្រៅមួយ ចំនួន ដូចជាភាពមិនប្រាកដប្រជា ពាក់ព័ន្ធនឹងការតម្លើងអត្រាការប្រាក់គោលរបស់ធនាគារ កណ្តាលសហរដ្ឋអាមេរិក ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអ៊ឺរ៉ុប ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងការថមថយនៃកំណើន របស់បណ្តា សេដ្ឋកិច្ចនៃប្រទេសដែលកំពុងរីកលូតលាស់ ភាពចំរ៉ូងចំរ៉ាស់ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងរដ្ឋកាលរបស់ប្រធានាធិបតីអាមេរិកថ្មី ក៏ដូចជាការកើនឡើងនូវកំដៅភូមិសាស្រ្តនយោបាយជាដើម ។ល។ លើសពីនេះ ការរំពឹងទុកនូវការងើបឡើងវិញនូវតម្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ហេតុផលទាំងនេះ បង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការធ្វើការកែទម្រង់ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងពិពិធកម្ម ក្នុងគោលដៅស្វែងរកតម្លៃ បន្ថែម ខ្ពស់ដល់សេដ្ឋកិច្ច និងបន្តស្ថិរភាពកំណើនក្នុងរយៈពេលមធ្យម និងវែង។
ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យ បាន៧ភាគរយ ដែលនឹងអាចឱ្យកម្ពុជាសម្រេចបានចក្ខុវិស័យ ប្រែក្លាយប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បី សម្រេចគោលដៅនេះ យើងត្រូវរួមគ្នាខិតខំអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ និងត្រូវចាត់ទុកថាជាយុទ្ធសាស្រ្ត កំណើនថ្មី ដែលជាមគ្គុទេសក៏ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដើម្បីឈានឡើង ទៅកាន់ ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសាកលលោក។
ជារួម កម្ពុជា ត្រូវធ្វើទំនើបកម្មនៃវិស័យឧស្សាហកម្មរបស់ខ្លួន ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយវិស័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងយុទ្ធសាស្រ្តកំណើនថ្មី ជាកម្លាំងចលករ និង ការជួយទ្រទ្រង់ ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែង ជាវិស័យដែលមានសក្តានុពល សម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលអាចឆក់ស្រូប យកការវិនិយោគបន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ប្រធានបទនៃសន្និសីទថ្ងៃនេះ ចំពេលល្អណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសការធ្វើ ឧស្សាហូបនីយកម្ម និងចក្ខុវិស័យរបស់យើង លើកំណើន និងការអភិវឌ្ឍប្រកបដោយចេរភាព។ ក្នុងគោលដៅនេះ កម្ពុជា ពិតជាត្រូវប្រឹងប្រែង ប្រកបដោយបុរេសកម្ម ក្នុងការធ្វើពិពិធកម្មនៅ មូលដ្ឋាន គាំទ្រកំណើន ពិសេសការរុញច្រាននូវដំណើរការផលិតកម្ម ចូលទៅក្នុងខ្សែសង្វាក់ បង្កើតតម្លៃសាកល។ ជាការពិត ខ្សែសង្វាក់បង្កើតតម្លៃសាកល បានក្លាយទៅជាចំណុច ដ៏សំខាន់មួយ នៃប្រព័ន្ធពាណិជ្ជកម្មសាកល ខណៈដែលខ្សែសង្វាក់បង្កើតតម្លៃសាកល នេះ បានធ្វើឱ្យសហគ្រាស ឈានមុខនានាលើពិភពលោក អាចរក្សាធាតុចូលកាន់តែមានតម្លៃទាប ច្រើនមុខ និងមានគុណភាពល្អ ហើយទាំងអស់នេះ បានរួមចំណែក បង្កើនប្រសិទ្ធភាព និងសមត្ថភាប្រកួតប្រជែង។
ជាក់ស្តែង ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចជាជប៉ុន កូរ៉េ ជាដើម គឺច្រើនតែផលិតនូវ គ្រឿងផ្សំផ្សេងៗ រួចនាំយកទៅប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះឡើង ដូចជា ចិន ថៃ វៀតណាម និងកម្ពុជា ដើម្បីផ្គុំតម្លើងជាផលិតផលសម្រេច សម្រាប់នាំចេញទៅទីផ្សារសាកល។ ជាងនេះទៀត មានភ័ស្តុតាងកាន់តែច្រើន បញ្ជាក់ពីទំនាក់ទំនងជាវិជ្ជមាន រវាងការចូលរួមកម្រិតខ្ពស់ ក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល ជាមួយនឹងសូចនាករសេដ្ឋកិច្ច ដូចជាផលិតភាពជោគជ័យ ក្នុងការនាំចេញ ចំនួនការងារ និងកំណើនសេដ្ឋកិច្ច ជាដើម។
ទន្ទឹមនឹងនេះ ការចូលរួមក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល ក៏អាចជួយបង្កើតការវិនិយោគផ្ទាល់ពីបរទេស ការអភិវឌ្ឍវិស័យឯកជន និងការបង្កើតការងារផងដែរ។ ជាក់ស្តែងក្នុងបណ្តាប្រទេស BRICS មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង និងបណ្តាប្រទេសកសាងឧស្សាហកម្មថ្មីៗ នៅអាស៊ីខាងកើតសុទ្ធតែផ្សារភ្ជាប់នឹងការចូលរួមប្រកបដោយជោគជ័យក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល។ ស្រដៀងគ្នានេះដែរ ជោគជ័យគួរជាទីមោទនៈ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា គឺជាឧទាហរណ៍មួយនៃការចូលរួមប្រកបដោយជោគជ័យនៅក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល។
ព្រមជាមួយនេះ យើងពិនិត្យឃើញថា វិស័យឧស្សាហកម្មកម្ពុជា មានការរីកលូតលាស់យ៉ាង លឿន ដោយឧស្សាហកម្មមានចំណែក ២៨.៩ភាគរយ នៃ ផ.ស.ស ក្នុងឆ្នាំ២០១៦គឺខ្ពស់បើ ប្រៀបធៀបទៅនឹងកំណើន ១៣.៥ភាគរយ ក្នុងឆ្នាំ១៩៩៤។ ត្រង់ចំណុចនេះ ពិតជាមិនអាចប្រកែកបានទេថា សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ព្រមទាំងការកែប្រែប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយជោគជ័យ ទៅជាសេដ្ឋកិច្ចទីផ្សារ ដោយ ជួយសម្រួលដល់ការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ពិតជាបានគាំទ្រដល់ ការរីកចម្រើន យ៉ាងលឿននៃសង្គមសេដ្ឋកិច្ចកម្ពុជា ។ ស្ថានភាពអំណោយផលបែបនេះ ធ្វើឱ្យ កម្ពុជាមានទស្សនៈចូលរួម ក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល ៤៩ភាគរយ គឺទាបជាងវៀតណាម និងហ្វីលីពីនបន្តិច។ ក្នុងតំបន់អាស៊ាន ប្រទេសសាំងហ្កាពួរ ម៉ាឡេស៊ី និងថៃមានការ ចូលរួមកម្រិតខ្ពស់ជាងគេ។ ដោយឡែក កម្ពុជា មានការចូលរួមសកម្មបំផុត ក្នុងខ្សែសង្វាក់ បង្កើតតម្លៃផ្នែកសំលៀកបំពាក់ និងស្បែកជើង ហើយកំពុងបង្កើតការចូលរួមក្នុងផ្នែកអេឡិក ត្រូនិច គ្រឿងស្វ័យប្រវត្តិ និងយានយន្ត។ ផលិតផលនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ឱ្យកម្ពុជា ធ្វើពិពិធកម្ម និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម ថែមទៀត។
លើសពីនេះ ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងផ្លាស់ប្តូរឈានទៅធ្វើឧស្សាហកម្ម កាន់ តែស៊ីជម្រៅ និងការតភ្ជាប់កាន់តែខ្លាំង ក្នុងនោះមហាអនុតំបន់មេគង្គ ក៏មានការធ្វើសមាហរណកម្ម កាន់តែខ្លាំងដែរ ហើយអាស៊ាន ក៏សម្រេបានជោគជ័យ ក្នុងការធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅ ជាសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចមួយ ក្នុងពិភពលោក មានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ហើយនឹងយន្តការរួមផ្សំផ្សេងៗ ដូចជាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងមូលនិធីវិថីសូត្រ ដែល អាចជះឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍ ក្នុងតំបន់ និងកម្ពុជា។ ជាមួយនេះ និន្នាការ កំពុងផុស ឡើងមួយទៀត គឺក្រុមហ៊ុនមកពីជប៉ុន សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប កូរ៉េខាងត្បូង អូស្រ្តាលី និងចិន កំពុងស្វែងរកកន្លែងមានតម្លៃទាប និងប្រសិទ្ធភាពក្នុងផលិតកម្ម។
ទន្ទឹមនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម កម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតភ្ជាប់កាន់តែច្រើនមានលក្ខណៈ រស់រវើកដែលតភ្ជាប់តំបន់ជនបទជាមួយទីក្រុងធំៗ ជាមួយតំបន់សេដ្ឋកិច្ចពិសេស និងជាមួយ បណ្តាប្រទេស ស្ថិតក្នុងខ្សែសង្វាក់បង្កើតតម្លៃក្នុងតំបន់ និងការកសាងប្រព័ន្ធច្បាប់ និង បទប្បញ្ញត្តិដែលញ៉ាំងឱ្យប្រតិបត្តិការរលូន ព្រមទាំងការអនុវត្តគោលនយោបាយបើកចំហរ ដល់ពាណិជ្ជកម្ម និងវិនិយោគ កិច្ចការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធនធានមនុស្សជាដើម។
នេះគឺជាឱកាសថ្មីសម្រាប់ ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្ម ធ្វើទំនើបកម្មខ្សែសង្វាក់បង្កើតតម្លៃសាកល។ ជាក់ស្តែង ថ្មីៗនេះ វត្តមានក្រុមហ៊ុន ពហុជាតិ ដូចជា Densol និង Yasaki, Nippon Express ជប៉ុន, មីនីបៀរ ជប៉ុន និងស៊ូស៊ីមិន ចិន ជាដើម បានចាប់ផ្តើមធ្វើ ប្រតិបត្តិការនៅកម្ពុជា ដែលជាភ័ស្តុតាងបង្ហាញថា យើងបានដើរចំទិសដៅ និងដើម្បីឈានទៅដំណាក់កាលមួយទៀតនៃឧស្សាហូបនីយកម្ម។ ដោយឡែក គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងជួយធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ចេញពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើសមត្ថភាពជំនាញ ការតភ្ជាប់ជាមួយខ្សែសង្វាក់បង្កើតតម្លៃក្នុងតំបន់ និងសាកល និងការបង្កើតបង្គំផលិតកម្មមានការតភ្ជាប់ គ្នា ដែលនឹងពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនផលិតភាព និងពិពិធកម្ម នៃឧស្សាហកម្ម ក្នុងស្រុក។
ចំពោះមុខនេះ យើងយល់ច្បាស់ថា ការធ្វើទំនើបកម្មឧស្សាហកម្មឱ្យបានសម្រេច ចាំបាច់ត្រូវ មានការបន្ស៊ីគោលនយោបាយនានាជាមួយគ្នា ដោយផ្សារភ្ជាប់គោលនយោបាយឧស្សាហកម្មជាមួយនឹងគោលនយោបាយតាមវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ អប់រំ ដឹកជញ្ជូន ឡូជីសស្ទិក វិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាជាដើម។ ដូច្នេះ ក្នុងគោលដៅឈានឡើង បង្កើតតម្លៃ និងការធ្វើឧស្សាហូបនីយកម្ម ដើម្បីជំរុញកំណើន និងការអភិវឌ្ឍដូចបានគូសបញ្ជាក់ខាងលើ ខ្ញុំសូមស្នើ ក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ស្រាវជ្រាវ និងស្ថាប័នសិក្សាអប់រំនានា ត្រូវមានកិច្ចសហប្រតិបត្តិការគ្នាឱ្យ បានជិតស្និទ និងជាប់ជាប្រចាំ។
ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរចំពោះ សន្និសីទប្រចាំឆ្នាំលើកនេះ ដែលនឹងចូលរួមចំណែក ក្នុងការបំផុសឱ្យមានការផ្លាស់ប្តូរទស្សនៈ និងការចូលរួមពិភាក្សាជាលក្ខណៈកសាងសម្រាប់ អនាគតនៃប្រទេសកម្ពុជា ពីសំណាក់ភាគីពាក់ព័ន្ធ គ្រប់វិស័យ និងគ្រប់ក្រុមចំណាប់អារម្មណ៍។ ខ្ញុំ រំពឹងថា សន្និសីទ នឹងរៀបចំលើប្រធានបទ ការឈានឡើងក្នុងខ្សែសង្វាក់ បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថលនេះ នឹងផ្តល់ជាអនុសាសន៍ និងគំនិតល្អៗ សម្រាប់ចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែង ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយចេរភាព។
នៅទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ សូមទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យ គ្រប់ភារកិច្ចរៀងៗខ្លួន។
សូមអរគុណ!