Thursday, September 03, 2020

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន

 គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដោយបានបញ្ជាក់ថា គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្រ្តីរាជការក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំ ឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។

សូមអានផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិដូចខាងក្រោម៖






(Video)៖ បាតុកម្មខុសកាលៈទេសៈដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាននៃ សង្គមខ្មែរ

 


ខណៈពេលដែល ប្រជាពលរដ្ឋកំពុងត្រៀមប្រារព្ធពិធីកាន់បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនដែលដាក់ចេញដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុនៃការសុំធ្វើបាតុកម្មរបស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ឲ្យដោះលែងលោក រ៉ុង ឈុននិងមនុស្សមួយចំនួនទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការ បំភ្លើសមួលបង្កាច់រឿងព្រំដែននិងបញ្ហាមួយចំនួនទៀត។ 

ក្រុមនេះបានហៅការចាប់ខ្លួនទាំងនោះថាជារឿងអយុត្តិធម៌និងជាការបំពានសិទ្ធិមនុស្ស។ ប៉ុន្តែ តាមការពិត គឺក្រុមមនុស្សមួយក្តាប់តូចដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចចាប់ខ្លួន នោះទេដែលជាអ្នក រំលោភច្បាប់ ជាអ្នកចង់បំផ្លាញភាពសុខសាន របស់ប្រជាពលរដ្ឋតាមរយៈការញុះញង់ឲ្យមានជម្លោះដែលអាចឈានដល់ភាពវឹកវរក្នុងសង្គម បង្កអរិភាពជាមួយប្រទេសជិត ខាងដែលជាឈ្នួនផ្ទុះអោយមានជម្លោះប្រដាប់អាវុធ។

មានហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោមដែលយើងត្រូវពិនិត្យមើលដើម្បីឆ្លុះបញ្ចាំងពីគោលបំណងទុច្ចរិតរបស់ក្រុមជ្រុលនិយមនេះ៖

ទី១៖ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដើម្បីធ្វើរបងការពារផ្ទៃដីខ្មែរ ១៨១ ០៣៥ កីឡូម៉ែត្រក្រឡាឲ្យបានគង់វង្ស។ ប៉ុន្តែក្រុមជ្រុលនិយមប្រកាន់ពូជ សាន៍ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី បែរជាចង់បង្កទំនាស់ដើម្បីបង្អាក់កិច្ចការងារបោះបង្គោលព្រំដែនទៅវិញតាមរយៈការដើរញុះញង់ថា ខ្មែរបាត់ដីទាំងដែលខ្លួនមិនយល់អំពីការងារបោះបង្គោលព្រំដែននិងមិនចេះមើលផែនទីផង។ 

ទី២៖ កន្លងមកថ្មីៗនេះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែលដែល មាននិន្នការប្រឆាំងរដ្ឋាភិបាល បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ៧៩% ដែលបានចូលរួមស្ទង់មតិបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើលោក 
រ៉ុង ឈុន និងបុគ្គលមួយចំនួននោះ គឺជារឿងត្រឹមត្រូវនិងមិនបំពានសិទ្ធិមនុស្សទេ។ មានតែ ២១% ប៉ុណ្ណោះដែលអះអាងថា ចំណាត់ការនោះបំពានសិទ្ធិមនុស្ស។ លទ្ធផលស្ទង់មតិនេះពិតជាបានបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងជាមួយជនជ្រុលនិយមមួយចំនួនដែលចូលចិត្តបង្កព្យុះភ្លៀងនិងបំផ្លាញជាតិខ្លួនឯង។ 

ទី៣៖ សហគមន៍អន្តរជាតិដែលកំពុងប្រឆាំងកាន់តែខ្លាំងឡើងទៅនឹងការស្អប់ខ្ពើមពូជសាន៍មិនគាំទ្រទង្វើទាំងឡាយណាដែលជាការញុះញង់ឲ្យមានការ រើសអើងពូជសាន៍ឡើយទោះជាក្នុងទម្រង់ណាមួយក៏ដោយ។ ដូច្នេះហើយបានជាសហគមន៍អន្តរជាតិនិងបណ្តាប្រទេសជា មិត្តកម្ពុជាទាំងអស់នៅតែ
កៀកស្មាជាមួយរដ្ឋាភិបាល ភ្នំពេញដើម្បីប្រយុទ្ធប្រឆាំង 
កូវីដ ១៩ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសង្គមនិងដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញក្រោយពេលកូវីដរលត់រលាយទៅនៅពេលខាងមុខ។ 

ទី៤៖ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កា ទប់ស្កាត់ការឆ្លងរាលដាលជំងឺ
កូវីដ ១៩ ចូលក្នុងសហគមន៍។ វិធានការនានាត្រូវបានដាក់ចេញជាពិសេសក្នុងពេលមានពិធីបុណ្យធំៗដូចជាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាដើមពីព្រោះវាជាពេលវេលាដែលមនុស្សជួបជុំ គ្នាដែលងាយនឹងឆ្លងកូវីដ ១៩។ 

ទី៥៖ រដូវកាន់បិណ្ឌនេះគឺជា ពេលវេលាដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាត្រូវការភាពស្ងប់ស្ងាត់ និងសប្បាយរីករាយដើម្បីភាពជ្រះថ្លាក្នុងការធ្វើបុណ្យទាន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជា ពិធីបុណ្យដ៏ធំមួយសម្រាប់ការជួបជុំគ្រួសារខ្មែរ។ មានតែពួក ទមិឡឥតសាសនាទេដែលយកឱកាសនេះទៅបង្កបញ្ហាអុកឡុក បង្កអនាធិបតេយ្យដើម្បីតែ មហិច្ឆតានយោបាយរបស់ខ្លួន។ 

ដូច្នេះ ការសុំធ្វើបាតុកម្មក្នុងកាលៈទេសៈបែបនេះគឺបាន បង្ហាញពីចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតក្នុងការបំផ្លាញភាពសុខសានរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌផង និងប្រឆាំងជាមួយវិធានការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ផង។ អំពើបែបនេះមិនគួរត្រូវ បានអត់ឱនអោយឡើយ។ 

ក្នុងកាលៈទេសៈបច្ចុប្បន្ន ការរក្សាជីវិតឲ្យបានរស់រួចផុតពីកូវីដ ១៩ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋឲ្យរួចផុតពីការបំផ្លាញដោយសារកូវីដ ១៩ ត្រូវបានគេចាត់ទុកជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗក៏ដូចជាសម្រាប់ពលរដ្ឋម្នាក់ៗ។ 
ក្នុងន័យនេះ ចំណាត់ការទៅលើជនណាដែលប៉ុនប៉ងបំផ្លាញភាព សុខសានរបស់ពលរដ្ឋ និងបំពានទៅលើវិធានការប្រឆាំងកូវីដ ១៩ ក៏ជាចំណាត់ការជាអាទិភាពមួយ ដោយចៀសមិនផុតដែរ។

 ចំណាត់ការនេះពិតជាទទួល បានការគាំទ្រពីពលរដ្ឋភាគច្រើនលើសលប់ដែលប្រាថ្នាចង់ឃើញ ប្រទេសជាតិមានសន្តិភាព, ភាព ស្ងប់សុខ និងចៀសផុតពីកូវីដ ១៩។ ការធ្វើបាតុកម្មណាមួយ សំដៅទាមទារឲ្យដោះលែងជនជ្រុលនិយមទាំងនោះគឺជា ទង្វើប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរ។

ដូច្នេះ អាជ្ញាធរមិនគួរបណ្តែត បណ្តោយឲ្យជនជ្រុលនិយមមួយក្តាប់តូចក្រឡុកសភាពការណ៍ក្នុងប្រទេសក្នុងស្ថានភាពដ៏លំបាក នេះឡើយ។ យើងជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំណាត់ការនានារបស់អាជ្ញាធរដើម្បីការពារសុខ សន្តិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមថ្កោលទោសចំពោះជនទាំងឡាយណាដែលប៉ុនប៉ងឆ្លៀតឱកាសជាន់ពន្លិចជាតិខ្លួនឯងក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខដោះស្រាយវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយកូវីដ ១៩។ ការធ្វើបាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿងបែបនេះ គឺជារបៀបវារៈ នយោបាយដ៏ខ្មៅងងឹតដែលមិនត្រូវអត់ឱនអោយបានឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

លោក កែ គឹមយ៉ាន៖ រក្សាសុខភាពឱ្យបានល្អបន្តខិតខំបង្កើនផលកសិកម្ម និងរួមគ្នាការពារ ថែរក្សាសន្តិភាពឱ្យបានគង់វង្ស

 បន្ទាយមានជ័យ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក សង្កាត់ ឃុំ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានបានអញ្ជេីញចុះពិនិត្យការជួសជុលផ្លូវក្រាលថ្មមិច និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ ប្រគេននិងជូនពរជ័យពីលោក សាយ ឈុំ លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគេននិងជូនចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងគ្រប់សាសនា ដែលបានចូលរួមក្នុងការស្ថាបនាផ្លូវ ប្រពន្ធលូបង្ហូរទឹក និងលូ រំដោះទឹក ទីលានចាក់សំរាម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាកែប្រែមុខមាត់ប្រកបដោយមោទននៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជានៅទូទាំងខេត្ត។

ឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីរលេីផ្លូវត្រូវប្រទេសមានសុខសន្តិភាព រីកចម្រេីនគ្រប់វិស័យប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្តសម្បូរសប្បាយ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាក ហេីយមិនធ្វេីការដោះស្រាយនោះឡេីយ។

ជាពិសេសដំណាក់កាលកម្ពុជាក៏ដូចជាប្រទេសស្ទេីរតែទាំងអស់លេីលោក ជួបបញ្ហាជំងឺកូវីដ-១៩ បានចេញវិធានការប្រកបដោយប្រសិទ្ធិ ភាព ហ្មត់ចត់ និងដាច់ខាត ដើម្បី បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានចែកជាបី សមរភូមិ៖ (ទី១)-ការទប់ស្កាត់មិនឱ្យមានការបន្តនាំ ជំងឺចូលមកកម្ពុជា (ទី២)-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង(ទី៣)-ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ និងបាន ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ មានប្រមាណ ៥៦ មឺនគ្រួសារ ដែលរាជរដ្ឋាភិបាលបានចំណាយប្រមាណជាង១០០ ប៊ីលាន រៀល ឬប្រមាណ២៥លានដុល្លារក្នុង០១ខែៗសម្រាប់ការផ្តល់នេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាព ថែរក្សាសុខភាព ចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈីក បញ្ហាគ្រឿងញៀន និងបន្តពង្រឹងពង្រីកមុខរបរកសិកម្មដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វដេីម្បីបង្កេីនចំណូលចិញ្ចឹមគ្រួសារ ។

ចំពោះទឹកចិត្តសប្បុររសចូលរួមសម្រាលទុក្ខលំបាកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន:
១.ប្រគេនទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃចំនួន៧វត្ត ក្នុង១វត្តៗទទួលបាន អង្គរ២០០គីឡូក្រាម ទឹកសុទ្ធ ១០កេស ទឹកភេសជ្ជ:១០កេស មី៩កេស ទឹកស៊ីអុីវ -ទឹកត្រី ២០យួរ និងបច័្ចយ១លានរៀល។
២.ផ្តល់ការជួសជុលផ្លូវប្រវែង៥០គីឡូម៉ែត្រ ដេីម្បីបញ្ចប់គម្រោងជួសជុលផ្លូវដែលមានប្រវែងសរុបជិត១០០គីឡូម៉ែត្រ ។
៣.ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនប្រជាពលរដ្ឋ៤០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះតូច ទឹកសុីវអុីវ១យួរ ប៊ីចេង១កព្ចាប់ ស្ករស ១គីឡូក្រាម ប្រេងឆា ១ដប សាប៊ូ១គីឡូក្រាម សារុង១ ថវិកា១មុឺនរៀល។
៤.ផ្តល់ជូនក្រុមការងារជួសជុលផ្លូវ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល
៥.ផ្តល់ជូននគរបាលការពារ កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ ប្រជាការពារក្រុមយុវជនក្នុង១ក្រុម /អង្គភាពទទួលបាន៥០០.០០០រៀល៕





រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងថ្មី

ស្វាយរៀង៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងលោក សុខ សុទ្ធាវុធ ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ជំនួសលោក ថាច់ រតនា ដែលបានចូលនិវត្តន៍ ពិធីនេះប្រព្រឹត្តិទៅនៅ សាលាខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីនេះ លោកអភិបាលខេត្តបានថ្លែងថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
លោកបានបន្តថា ក្រោយពីរបបប៉ុលពត បានដួលរលំ បានប្រែក្លាយយ៉ាងឆាប់រហ័សឲ្យខេត្តស្វាយរៀងក្លាយជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទឹកដី នៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនេះ បើទោះបីជាបញ្ហាកូវីដ-១៩ នៅតែបន្តនាពេលបច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តស្វាយរៀង បាននិងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលសរបញ្ជាក់ឲ្យឃើញតាមរយៈលទ្ធផល នៃកំណើនបរិមាណផលទទួលបានពីផលិតកម្មសត្វ វារីវប្បកម្ម ការកើនឡើននូវការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជាពិសេសផលិតផលពីដំណាំកសិ-ឧស្សាហកម្ម និងផលស្រូវដែលទទួលបានមានការកើនឡើងជាលំដាប់ ដែលស្ដែងឡើងតាមរយៈបរិមាណតុល្យភាពស្បៀងខ្ពស់លើសពីតម្រូវការ និងសល់សម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាង ហើយបច្ចុប្បន្នខេត្តក៏បានក្លាយជាមូលដ្ឋានផលិតបន្លែសុវត្ថិភាពដ៏ចម្បងផងដែរ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងស្រុកផងដែរ។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។ ទន្ទឹមនោះ លោកបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។

ក្នុងបរិបទនៃស្ថានភាពជំងឺកូវិដ-១៩ លោកក៏បានផ្តល់ជាអនុសាសន៍ផ្តាំផ្ញើរនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ។
២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។
៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។
៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។
៥-បន្តជម្រុញប្រជាពលរដ្ឋដាំនូវដំណាំណាដែលមានប្រយោជន៍ក្នុងការផ្គត់ផ្គងទៅដល់ទៅផ្សារ ដើម្បីទ្រង់ជីវភាពក្នុងកំឡុងពេលនៃផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕








ពិធីសម្ពោធដាក់នូវឧបករណ៍លំហាត់ប្រាណចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួលដល់សុខភាពប្រជាពលរដ្ឋ

 កោះកុង៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញបើកសម្ពោធដាក់នូវឧបករណ៍លំហាត់ប្រាណចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួលដល់សុខភាពប្រជាពលរដ្ឋ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង ជាអំណោយ របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ម៉ា ទី មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង និងសប្បុរសជន សម្រាប់ដាក់នៅសួនច្បារមុខសាលាខេត្ត គឺទុកសម្រាប់បងប្អូនធ្វើលំហាត់ប្រាណ ជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ លោកស្រីអភិបាលខេត្ត ក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសការពារជម្ងឺកូវីដ-១៩។ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមហាត់ប្រាណទាំងអស់គ្នា និងសូមជួយថែរក្សាឧបករណ៍ហាត់ប្រាណទាំងអស់នេះឲ្យល្អដើម្បីសុខភាពយើងគ្រប់ៗគ្នា៕








ក្រសួងសុខាភិបាល៖ មានអ្នកជំងឺកូវីដ១៩ចំនួន០៥នាក់បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មីនោះទេ។

អ្នកជាសះស្បើយទាំង០៥នាក់រួមមាន៖

* បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

* បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

បុរសជនជាតិចិនទាំង០៤នាក់ខាងលើ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីនមកកម្ពុជានៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧១នាក់ (ស្រី៥៤នាក់ និងបុរស២១៧នាក់) និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៣នាក់៕




អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិរីករាយជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទំាងប្រទេស

 បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុ រាត្រី អមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពុទ្ធបរិស័ទ បានអញ្ជើញសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី០១ នៅវត្តសិលារាមភគ្គិនេសន៍ ឃុំសឿ ស្រុកមង្គលបូរី។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងភរិយា មានសទ្ធាជ្រះថ្លាប្រគេនទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យកសាងផ្ទាល់ខ្លួនចំនួន ៤ ០០០ ០០០ រៀល បច្ច័យចូលរួមរបស់មន្ទីរ អង្គភាពចំនួន ៣ ៦០០ ០០ រៀល បច្ច័យបួនព្រះសង្ឃក្នុង១អង្គ ៥០០០០ រៀល លោកតា លោកយាយប្រជាពុទ្ធបរិសទ័ថវិកាក្នុង១នាក់ ១០០០០ រៀល។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិរីករាយជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ។ យើងអាចនឹងភ្លេចកូវីដ-១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។ សូមបងប្អូន កូនក្មួយទំាងអស់ការពារខ្លួនជាប់ជានិច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។ ម្យ៉ាងវិញទៀតសូមមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅនៅក្នុងការធ្វើដំណើរ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋនិងទេសចរក្នុងកំឡុងពេលបុណ្យភ្ជុំ

 ថ្ងៃទី៣ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ នេះបើយោងតាមខ្លឹមសារដែលបានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដដែលនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

លោក ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាស់ក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជា ដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០៕