Tuesday, June 04, 2024

ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា៖ ការធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងទាក់ទាញវិនិយោគិន​ និងទេសចរ​​ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង



នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប លោក ខេលវិន ម៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអរគុណចំពោះការសម្របសម្រួលរបស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជា​ប្រកបដោយភាពរលូន​ និងជោគជ័យ​ នាឱកាសនេះ។ លោក ខេលវិន ម៉ូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី។ ជាមួយគ្នានេះ លោក ខេលវិន ម៉ូ ក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរ​​ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ បន្ថែមលើនេះ លោកខេលវិន ម៉ូ បានគោរពជម្រាបជូនសម្ដេចធិបតី ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ខេលវិន ម៉ូ និងគណៈប្រតិភូ និងអបអរសាទរ លោក ខេលវិន ម៉ូ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន ហើយបច្ចុប្បន្នកំពុងត្រូវបានបង្កើតបន្ថែមនៅប្រទេសបារាំង និងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ ជាក់ស្តែង​ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ បានដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាវិនិយោគិនផងដែរ។ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ​ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួន២ រួមមាន៖ (១) ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា​​ និង (២) គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា ក៏ដូចជាការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។


មុននឹងបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ព្រមទាំងបានគូសរំលេចពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌​ និងភាសាបារាំង ថ្នាក់តំបន់ នៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការផ្សព្វផ្សាយវប្បធម៌​បារាំង និង​ ការបណ្តុះបណ្តាលភាសាបារាំង​ ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។


ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយកាលានុវត្តធុរកិច្ច​​ និងពាណិជ្ជកម្ម​​ រវាងប្រទេសកម្ពុជា និងកាណាដា ផងដែរ៕











អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្រើនរម្លឹកមន្រ្តីទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលនិងស្មារតីបុរេសកម្ម

 


ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់មន្ទីពេទ្យទាំងឡាយ ត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះ ដើម្បីយកមកអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព កម្រិតអតិបរមា។ ការលើកទឹកចិត្ដរបស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្នុងដើមខែមិថុនានេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងក្រើនរម្លឹក អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន។


ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយបុរេសកម្ម តាមដាន អភិបាលកិច្ច និងការកែលម្អគ្រប់ចំណុចដែលបានរកឃើញដើម្បីធានាបានប្រសិទ្ធភាព និងចីរភាព៕






ស្របតាមចក្ខុវិស័យសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន

 



នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ តំណាងក្រសួង ស្ថាប័នទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈជាច្រើនរូប។


ជាមួយគ្នានេះដែរ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជាទស្សនវិស័យ ចំណេះដឹងបន្ថែម និងគុណវុឌ្ឍ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដើម្បីរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ឱ្យទទួលបានប្រសិទ្ធភាព គុណាធិបតេយ្យ និងប្រកបដោយបរិយាបន្ន។


ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីសារៈសំខាន់នៃការវិភាគមុខងារ និងភាពសំខាន់នៃក្រសួងមុខងារសាធារណៈក្នុងការដឹកនាំការងារវិភាគមុខងារ ពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យសម្តេចធិបតី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 


បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ចំនួន៦ ជូនទៅដល់អង្គសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ 

ទី១. ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយឈរលើអភិក្រម ផ្តោតលើការរៀបចំផ្ទះរបស់យើង ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ជាជាងការពង្រីក រចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ទី២. ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ត្រូវឈរលើភាពជាម្ចាស់ ការទទួលខុសត្រូវតាមបន្ទាត់ គណនេយ្យភាព និងការរក្សាផលប្រយោជន៍របស់មន្ត្រី។ 

ទី៣. ការវិភាគមុខងារ និងរចនាសម្ព័ន្ធឱ្យបានច្បាស់លាស់របស់ក្រសួង ស្ថាប័ន ត្រូវគិតគូរដល់ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែង ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ 

ទី៤. ក្រសួង ស្ថាប័ន ត្រូវរៀបចំធ្វើការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រី រាជការស៊ីវិល ដើម្បីឆ្លើយតបឱ្យគ្រាន់ពេលវេលាដែលបានកំណត់។ 

ទី៥. ក្រសួងមុខងារសាធារណៈ បានរៀបចំក្រុមការងារបច្ចេកទេសគាំទ្រតាមវិស័យ ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការ អនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ដែលក្រុមការងារនេះនឹងជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន ប៉ុន្តែដើម្បីសម្រេចកិច្ចការនេះក្រសួង ស្ថាប័ន ត្រូវឈរលើស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវ ផ្តល់កិច្ចសហការ និងការ ចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់។ 

ទី៦. ក្រសួង ស្ថាប័ន ត្រូវរៀបចំផ្តល់នូវរបាយការណ៍វឌ្ឍនភាពជាប្រចាំ មកក្រសួងមុខងារសាធារណៈលើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ដើម្បីក្រសួងមុខងារសាធារណៈអាចមាន លទ្ធភាពជួយផ្តល់ការសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស បន្ថែមឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការបូកសរុបរបាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាល៕








ឯកឧត្ដមរដ្ឋលេខាធិការ កាន់ ផារិទ្ធ ទទួលសារតាំងពីលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំកម្ពុជា



នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ លោកស្រីបានប្រគល់ជូននូវសារតាំងរបស់លោកស្រី ដែលអង្គការសហប្រជាជាតិបានតែងតាំងលោកស្រី ជាតំណាង  UNHCR ប្រចាំកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងបាងកក។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់ UNHCR នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅអនាគត។


His Excellency KAN Pharidh, Secretary of State, receives Credential from Mrs. Tammi Lynn Sharpe, Representative of the United Nations High Commissioner for Refugees (UNHCR) to Cambodia

On 3 June 2024, His Excellency Kan Pharidh, Secretary of State of the Ministry of Foreign Affairs and International Cooperation, received a courtesy call by Mrs. Tammi Lynn Sharpe, Representative of the United Nations High Commissioner for Refugees (UNHCR) for Cambodia, at the Ministry. In the courtesy meeting, Mrs. Tammi Lynn Sharpe presented her Credential as an appointed Representative of UNHCR for Cambodia, based in Bangkok. Both sides exchanged views on the cooperation of the UNHCR in Cambodia and were also committed to further strengthening cooperation in the future.