Thursday, February 09, 2017

ទំព័រហ្វេសបុក សី ហា បន្តទម្លាយរឿងអាស្រូវលោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាមួយលេខាក្រមុំ ក្នុងបន្ទប់ ៣០៨

មុននេះបន្តិច ទំព័រហ្វេសបុកដែលមានឈ្មោះថា សី ហា ដែលតែងតែបានទម្លាយនូវរឿងអាស្រូវជាច្រើនរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះ ឥលូវបានបន្តទម្លាយរឿងអាស្រួវមួយទៀតរបស់លោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាមួយលេខាក្រមុំ កញ្ញា គង់ វណ្ណា ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
ដោយឃើញថាមានគ្នាយើងទម្លាយរឿង យ៉ែម ប៉ុញ្ញឬទ្ធិ រួមរ័ក្សជាមួយ គង់ វណ្ណា ក្នុងបន្ទប់តំណាងរាស្ត្ររដ្ឋសភាហើយនោះ ខ្ញុំបាទដែលដឹងរឿងលួចលាក់ដ៏ស្មោគគ្រោកនេះដែរ ក៏សូមទម្លាយរឿងថោកទាបមួយទៀតដែរគឺ យ៉ែម ប៉ុញ្ញឬទ្ធិ តែងតែដេកជាមួយអា វណ្ណា លេខាគាត់រាល់ពេលទៅខេត្តជាមួយគ្នាម្តងៗ។
លោក យ៉ែម ប៉ុញ្ញឬទ្ធិ តែងតែនិយាយថា គាត់ត្រូវចុះទៅខេត្តដើម្បីពិនិត្យភាពមិនប្រក្រតីនៅតាមបណ្តាខេត្ត! ស្តាប់ទៅហំហានណាស់ ប៉ុន្តែតាមពិតគាត់ទៅខេត្តពិនិត្យអ្វីផ្សេងសោះ និយាយឱ្យចំគឺយកលេសទៅខេត្តគេចពីប្រពន្ធកូន បើកលុយបេសកកម្មទៅរួមរ័ក្សជាមួយលេខាស្រីគាត់។ យ៉ែម ប៉ុញ្ញឬទ្ធិ និង អា វណ្ណា តែងតែដេកបន្ទប់មួយម្នាក់ឯង និងជាទម្លាប់ទៅហើយដែល យ៉ែម ប៉ុញ្ញឬទ្ធិ ចេញចូលបន្ទប់អា វណ្ណា ជួនកាលចូលពីព្រលប់ ចេញពេលព្រលឹមក៏មាន ឆ្លៀតមកងូតទឹកបន្ទប់អាវណ្ណាក៏មាន ពិតជាពូកែឆ្លៀតណាស់។ ដែលហួសហេតុនោះគឺ ពេលចុះខេត្ត នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយ អ្នកណាមិនឆ្ងល់លោកអើយ! យ៉ែម ប៉ុញ្ញឬទ្ធិ ដេកដល់បន្ទប់លំដាប់ VIP ប៉ុន្តែគ្មានបន្ទប់ទឹកទេឬ បានជាមកងូតទឹកតែនៅបន្ទប់លេខ ៣០៨ របស់អាវណ្ណា? តាមពិតរួមរ័ក្សសោះ។ ខ្ញុំពិបាកនឹងរករូបអាវណ្ណា និង យ៉ែម ប៉ុញ្ញឬទ្ធិ ថតជាមួយគ្នាមកបង្ហាញគ្នាយើងណាស់ ព្រោះគេប្រយ័ត្ន ហើយណាមួយអា វណ្ណា ជាអ្នកកាន់កាមេរ៉ាថតរូបឱ្យ យ៉ែម ប៉ុញ្ញឬទ្ធិ ទៀត មិនសូវមានរូបទេ។
គិតៗទៅថ្នាក់លើយើងស្រួលម្យ៉ាងដែរ ឱ្យតែមានខ្សែ មានលុយ សូកបានក្លាយជាប្រធានគណកម្មការរដ្ឋសភាទៅការងារមិនបាច់ធ្វើ យកតែមប្រធានគណកម្មការរដ្ឋសភាប្រើយ៉ាងរំភើយ បើកលុយបេសកកម្ម ទៅរួមរ័ក្សយ៉ាងសប្បាយ ហើយបានលេសប្រាប់ប្រពន្ធម៉ាអេមទៀត ឯអ្នកគាំទ្រដែលមិនដឹងរឿងជឿផ្កាប់មុខ៕
សូមស្តាប់ទាំងអស់គ្នា ខាងក្រោមនេះជាសំឡេងនៃការឆ្លើយឆ្លងគ្នារវាង យ៉ែម ប៉ុញ្ញឬទ្ធិ និងលេខាក្រមុំ គង់ វណ្ណា៖

លោក ឃឹម ប៊ុនសុង ចូលរួមបើកកិច្ចប្រជុំការងារអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅបន្ត ឆ្នាំ២០១៧

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមក្នុង កិច្ចប្រជុំការងារអនុវត្តផែនការ សកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្ត សៀមរាប នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក៏មានការចូលរួមពីលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារី និងកុមារ ឃុំ សង្កាត់ និងអង្គការដៃគូចូលរួមផងដែរ។
នៅក្នុងពិធីបើកកិច្ចប្រជុំនោះ លោក ឃឹម ប៊ុនសុង ក៏បានកោតសរសើរពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និងកុមារ ព្រមទាំងបង្កើន ភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ការអនុវត្តតួនាទីភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រសហការល្អរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខ និងការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារដើមី្បសម្របសម្រួលផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អនុវត្តតួនាទីភារកិច្ចចាប់តាំងពីអាណត្តិទី១ ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់ កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍខេត្ត និងកម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល។
ក្នុងនោះដែរលោក ឃឹម ប៊ុនសុង ក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់  ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណ ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពដើមី្បលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ឃឹម ប៊ុនសុង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងផ្តល់ឱ្យអ្នកចូលរួម មានការទំនាក់ទំនងគ្នាល្អក្នុងការលើកកម្ពស់កិច្ចសហការ និងការជំរុញការបញ្ជ្រាបយេនឌ័រ ក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីដើមី្បឱ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព ក្នុងការរៀបចំផែនការសកម្មភាពថវិកាប្រចាំឆ្នាំ ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និងកុមារ គឺជាទំពាំងស្នងឬសី្សនៃប្រទេសជាតិ៕



លោក ផៃ ស៊ីផាន ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសអំពីស្ថានភាពនយោបាយនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៍ដល់ លោក Paul Gate ជាផលិតកររបស់សារព័ត៌មាន ALJAZEERA អំពីស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការរំលាយគណបក្ស CNRP និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
លោក ផៃ ស៊ីផាន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គ្មានបំណង ឬប្រាថ្នារំលាយ CNRP ដូចការលើកឡើងរបស់ក្រុមបរទេស និងបក្ខពួក ដែលមាននិន្នាការប្រឆាំងនិង CPP នោះទេ។ CNRP ក្រៅពីបុគ្គលប្រព្រឹត្តបទល្មើសនឹងច្បាប់ ក៏ដូចជាប៉ះពាល់នឹងសីលធម៌ គឺគណបក្សនេះ មានធនធានមនុស្ស និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែង។ នេះជាឱកាសសម្រាប់ CNRP ក្នុងការអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាឱកាសសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងបក្សបន្តវេន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ CNRP ស្វែងរកនូវចំណុចអវិជ្ជមាន ដើម្បីលាក់បាំងនូវការមិនគាំទ្រពីប្រជាពលរដ្ឋ។ CNRP ជាក្រុមបង្កើតបញ្ហានៅតាមស្ថានីយ៍បោះឆ្នោត និងប្រើប្រាស់ការប្រកាន់ពូជសាសន៍ (យួន) ដើម្បីជាយុទ្ធនាការនយោបាយបោកប្រាស់មតិសាធារណៈ។
លោក ផៃ ស៊ីផាន ក៏បានថ្លែងថា កម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចាក់ឬសនៅកម្ពុជារួចហើយ នៅក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ ដែលជាប្រវត្តិនយោបាយថ្មីរបស់កម្ពុជា និងមិនធ្លាប់មាននៅសង្គមកម្ពុជាពីមុនមក។ នេះគឺជាជោគជ័យរបស់កម្ពុជា។
ពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅសម័យលន់ នល់ លោក ផៃ ស៊ីផាន បានថ្លែងថា នៅមានគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកជាច្រើន មិនទាន់ផ្ទុះដែលក្រុមការងារ CMAC ទើបតែរកឃើញ ហើយរដ្ឋាភិបាលបានស្នើសុំឱ្យសហរដ្ឋអាមេរិកពិចារណាការលុបចោលបំណុល និងប្រាក់កម្ចី ដែលបន្សល់ទុកពីរបប លន់ នល់ ផងដែរ៕


ធនាគារ​ជាតិនៃ​កម្ពុជា រៀប​ចំការប្រលង​លើក​ទី១១ វគ្គ​ជំនាញ​ត្រួតពិនិត្យ​ធនាគារ ​(NBC-FSI Connect) តាម​ប្រព័ន្ធ Online

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជាបានរៀបចំការប្រលងលើកទី១១ វគ្គជំនាញត្រួតពិនិត្យធនាគារ (NBC-FSI Connect) តាមប្រព័ន្ធ Online ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ហើយការប្រលងនេះ នឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់បញ្ចប់តាមកម្រិតនីមួយៗ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជំនឿទុកចិត្តលើលទ្ធផល ។
សូមជម្រាបផងដែរថា វគ្គជំនាញត្រួតពិនិត្យធនាគារ FSI Connect គឺជាវគ្គបណ្ដុះបណ្ដាល ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (FSI) ក្នុងគោលបំណងពង្រឹងសមត្ថភាពត្រួតពិនិត្យដល់មន្រ្តីធនាគារជាតិ ដើម្បីធានាឱ្យបានប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យប្រព័ន្ធធនាគារឱ្យមានសុខភាពល្អរឹងមាំ៕


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សន្យាជំរុញឱ្យអង្គការ USAID បន្តជួយកម្ពុជា លើសេវាព្យាបាល នៅតាមមន្ទីរពេទ្យបន្តទៀត

ភ្នំពេញ៖ លោក វីលាម ហេត (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងថា លោកគាំទ្រ និងខិតខំជំរុញដល់អង្គការ USAID ឱ្យបន្តជួយលើសេវាព្យាបាលតាមមន្ទីរពេទ្យបន្តទៀត។
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក វីលាម ហេត (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា  អមដោយមន្រ្តីស្ថានទូតអាមេរិក លោកស្រីអភិបាលរង លោកនាយក លោកនាយករងសាលាខណ្ឌ ព្រមទាំង ចៅសង្កាត់ច្បារអំពៅទី១ បានអញ្ជើញមកទស្សនកិច្ច នៅមន្ទីពេទ្យបង្អែកខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងក្តីរំភើបនូវការ ស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងប្រធានមន្ទីរពេទ្យ បុគ្គលិក ដោយលោក William Heidt បានថ្លែងថា លោកធ្លាប់តែជួបមន្ត្រីថ្នាក់លើ និយាយអំពីវិស័យសុខាភិបាល ខណៈលោកចុះផ្ទាល់នេះ ឃើញថាមន្ទីរពេទ្យនេះសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរក្រីក្រ ដែលមកទទួលសេវាព្យាបាលនៅទីនេះ ដោយមានគ្រូពេទ្យជំនាញ ចាំផ្តល់ប្រឹក្សា និងព្យាបាលជូនដោ រីករាយ៕


រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក បើក​កិច្ច​ប្រជុំ​ពិភាក្សា​ការងា​រ ជាមួយ​មន្រ្តី​ ២៥រាជ​ធានី​-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥រាជធានី-ខេត្ត សរុបចំនួន១០៣រូប ។
សូមជម្រាបផងដែរថា ក្នុងពេលកន្លងមក ក្រសួងរៀបចំឱ្យមានក្រុមការងារចំនួន១៣ក្រុម ដើម្បីចុះសិក្សា និងបង្កើតឡើងនូវទស្សនវិស័យសម្រាប់ការគ្រប់គ្រងការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ទិន្នន័យព័ត៌មានដែលក្រុមការងារបានរៀបចំ និងចងក្រងឡើងត្រូវបានលើកយកមកប្រជុំពិភាក្សា នៅថ្ងៃនេះរួមមាន៖ ១-ក្តាប់នូវសក្តានុពលទឹកឱ្យបានគ្រប់ជ្រុងជ្រោយ និងឈានទៅគ្រប់គ្រងឱ្យបានល្អប្រសើរ ២-បង្កើតនូវទស្សនវិស័យសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ប្រកបដោយលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រតាមបែបទំនើប ៣-គ្រប់គ្រង សម្របសម្រួល និងបែងចែកទឹកឱ្យបានសមស្រប និង៤-ពិនិត្យ វាយតម្លៃលើសមិទ្ធផលដែលបានសាងសង់រួច ដើម្បីធ្វើការបំពេញបន្ថែមឱ្យក្លាយជាប្រព័ន្ធដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធ្វើការថែទាំឱ្យបានល្អ សំដៅប្រើប្រាស់ឱ្យបានយូរអង្វែង។
កិច្ចប្រជុំការងារនេះ គ្រោងធ្វើក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ០៩-១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ៕

អង្គ​ការសហ​ប្រជា​ជាតិ ចេញ​សេចក្តី​ប្រកាស​ទទួល​ស្គាល់ការ​ផ្តល់សច្ចាប័ន​ដល់កម្ពុជា​ទៅ​លើ​កិ​ច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីកា​រប្រែប្រួល​អាកាស​ធាតុ

អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសទទួលស្គាល់ការផ្តល់សច្ចាប័នដល់កម្ពុជាទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការផ្តល់សច្ចាប័ននេះនឹងចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ពោលគឺរយៈពេល៣០ថ្ងៃ បន្ទាប់ពីអង្គការសហប្រជាជាតិបានទទួលយកលិខិតូបករណ៍ផ្តល់សច្ចាប័នពីកម្ពុជាទៅតម្កល់ទុក។ អត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជារំពឹងថានឹងទទួលបានពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យាដែលមេត្រីភាពជាមួយអាកាសធាតុ និងបរិស្ថាន និងការកសាងសមត្ថភាព ដែលអាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ តាមរយៈការអនុវត្តសកម្មភាពបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពរបស់ជាតិ។
គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តនៅក្នុងសន្និសីទបណ្តាភាគីលើកទី២១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីពង្រឹងការឆ្លើយតបជាសកល ទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ នៅក្នុងបរិបទនៃការអភិវឌ្ឍដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ ដែលរួមមាន ៖ ១-ការកំហិតកំណើនសីតុណ្ហភាពមធ្យមពិភពលោកឱ្យនៅត្រឹមក្រោម ២អង្សាសែលស៊ុស ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកំហិតកំណើនសីតុណ្ហភាពឱ្យនៅត្រឹមក្រោម ១,៥អង្សាសែលស៊ុស ២-ការបង្កើនសមត្ថភាពដើម្បីបន្ស៊ាំ និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍបញ្ចេញកាបូនទាប ដែលមិនបង្កការគំរាមកំហែងចំពោះផលិតកម្មស្បៀង និង ៣-ធ្វើឱ្យមានលំហូរហិរញ្ញវត្ថុប្រកបដោយសង្គតិភាព ជាមួយដំណើរការអភិវឌ្ឍ ដែលធន់នឹងអាកាសធាតុ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប៕

លោក វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយលោក Michael Hesketh អ្នកនិពន្ធ និងទីប្រឹក្សាមកពីចក្រភពអង់គ្លេស

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Michael Hesketh អ្នកនិពន្ធ និងទីប្រឹក្សាមកពីចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារលើការរៀបចំចងក្រងសៀវភៅពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក Michael Hesketh បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក បានមានប្រសាសន៍ថា លោក ចាប់អារម្មណ៍ នឹងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសវិស័យកសិកម្មដែលជាវិស័យអាទិភាពមួយ នៃវិស័យដទៃទៀត ដែលមានការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោក បានធ្វើការស្នើសុំនូវទិន្នន័យវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលរួមមាន ការវិវឌ្ឍនៃដំណាំកសិកម្ម ការវិវឌ្ឍនៃការចិញ្ចឹមសត្វ ការវិវឌ្ឍនៃដំណាំកៅស៊ូ និងស្វាយ ការវិវឌ្ឍនៃការគ្រប់គ្រងព្រៃឈើ និងការវិវឌ្ឍនៃការគ្រប់គ្រងធនធានជលផល ដើម្បីធ្វើការចងក្រងជាឯកសារ និងធ្វើការបោះពុម្ពផ្សាយជាសាធារណៈនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះការចូលជួបរបស់លោក Michael Hesketh ហើយ លោករដ្ឋមន្រ្តី ក៏មានភាពសប្បាយរីករាយផងដែរចំពោះការចាប់អារម្មណ៍របស់លោក ក្នុងការរៀបចំចងក្រងជាឯកសារសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងផុតពីដំណាក់កាលខ្វះខាតស្បៀង រហូតដល់មានស្បៀងគ្រប់គ្រាន់ និងឈានទៅធ្វើការនាំចេញ។ តាមរយៈរបាយការណ៍បូកសរុបចុងក្រោយបានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជា បានធ្វើការនាំចេញអង្ករប្រមាណជាង ៥៤៥ ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ និងស្រូវនាំចេញប្រមាណជាង ៣លានតោន។
លោករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងបច្ចេកទេស និងសក្តានុពលផលិតក្រោយការប្រមូលផល ទន្ទឹមនឹងនេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មមួយចំនួន ក៏នៅមានកម្រិតនៅឡើយ ជាពិសេសប្រព័ន្ធស្រោចស្រពនៅកម្ពុជាពុំទាន់បានរៀបចំពេញលេញនៅឡើយ និងតំបន់មួយចំនួនកំពុងធ្វើការអភិវឌ្ឍ។ ពាក់ព័ន្ធ នឹងតំលៃផលិតផលកសិកម្ម កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ ផ្តល់នូវទុនបន្ថែមដល់ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់វិស័យឯកជននៅកម្ពុជា ក្នុងការអន្តរាគមន៍ដោះស្រាយនូវបញ្ហាទីផ្សារ និងតម្លៃកសិផលរបស់ប្រជាកសិករ។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាកំពុងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដោយសហការជាមួយសហគមន៍កសិកម្ម ក្នុងការជំរុញពាណិជ្ជូបនីយកម្ម កសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាទំនើប និងប្រើប្រាស់កម្លាំងពលកម្មអប្បបរមា។ ចំពោះអនុវិស័យផ្សេងៗទៀត លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជារួមថា ការចិញ្ចឹមសត្វ ដំណាំកៅស៊ូ ស្វាយ និងកិច្ចការជលផល មានការកើនឡើងជាវិជ្ជមាន ដោយឡែកកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាទីផ្សារ ហើយរាជរដ្ឋាភិបាល កំពុងរៀបចំដាក់ចេញនូវគោលនយោបាយបន្ទាន់ដើម្បីពង្រឹងតុល្យភាពនៃការនាំចូល និងការផលិតក្នុងស្រុកឱ្យមានប្រសិទ្ធភាព។ ចំពោះអនុវិស័យព្រៃឈើនៅកម្ពុជា រាជរដ្ឋាភិបាល បានរៀបចំគណៈកម្មាការអន្តរក្រសួងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដោយមានការចូលរួមយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធ និងដោយឡែកកម្ពុជា ក៏កំពុងជំរុញការដាំឈើឡើងវិញ ដើម្បីបំពេញតម្រូវការកែច្នៃឈើទាំងក្នុងស្រុក និងក្រៅស្រុក៕


ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយ ចាប់បានទំនិញខូចគុណភាពជាង៦០០គីឡូក្រាម

បន្ទាយមានជ័យ៖ ក្រោមការបញ្ជាពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សាខាកាំកុងត្រូលខេត្ត សហការជាមួយកម្លាំងគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យទំនិញក្នុងផ្សារ និងបានដកហូតទំនិញខូចគុណភាពជាង៦០០គីឡូក្រាម។
លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា ទំនិញដែលដកហូតបានមាន កន្ទួតត្រាំ១៤គីឡូក្រាម ទំពាំងបាយជូរត្រាំ ២៤គីឡូក្រាម ស្វាយត្រាំ ៧០គីឡូក្រាម ផ្លែម្ដេញត្រាំ ២៨គីឡូក្រាម ដំណាប់កន្ទួត ៦០៥គីឡូក្រាម។
ក្រៅពីត្រួតពិនិត្យគុណភាពទំនិញកម្លាំងមន្រ្តីពាក់ព័ន្ធ ក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករឱ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងចូលរួមការពារសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ក្រោយដកហូតទំនិញខូចគុណភាពបានហើយ កម្លាំងកាំកុងត្រូលខេត្តបាននាំទៅរក្សាទុក ដើម្បីត្រៀមកម្ទេចចោលនៅពេលក្រោយ៕


បទបាឋកថា អំពីការងារកំណែទម្រង់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំ

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធកម្មពិធី បទបាឋកថា អំពីការងារកំណែទម្រង់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំផ្ដោតលើបញ្ហាប្រឈម យុទ្ធសាស្ត្រ និងកត្តាជោគជ័យ នៃប្រទេសសិង្ហបុរី ដោយលោកសាស្ត្រាចារ្យ Lee Sing Kong ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមដោយ លោក លោកស្រីដែលជាប្រធានអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមគរុនិស្សិតជាងមួយពាន់នាក់៕


តំណាង​អង្គការ​មូល​និធិ​ប្រជាជន​នៃ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា កោត​សរសើរ​ពីការរីកចម្រើន និងសុខសន្តិភាពដ៏ល្អចំពោះជីវភាពរបស់ប្រជាពលរដ្ឋនៅ​កម្ពុជា

ភ្នំពេញ៖ លោកស្រី Lene Kroll Christiansen តំណាងថ្មីរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា រួមជាមួយនឹងសុខសន្តិភាពដ៏ល្អប្រសើរ ហើយជីវភាពប្រជាជន ក៏ត្រូវបានលើកកម្ពស់បន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោកស្រី Lene Kroll Christiansen នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះការបំពេញការងារក្នុងការជួយដល់ប្រជាជន ដោយលោកជឿជាក់ថា បទពិសោធន៍ទាំងនេះ នឹងជួយដល់ប្រជាជនកម្ពុជាផងដែរ។
លោកស្រី Lene Kroll Christiansen បានមានប្រសាសន៍ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺផ្តោតសំខាន់ទៅលើការជួយដល់ស្ត្រី ព្រមទាំងការអនុវត្តគម្រោងផ្សេងៗទៀត ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិប្រជាជននាពេលកន្លងមក ជាពិសេស អត្រាមរណៈមាតាក្នុងពេលឆ្លងទន្លេ ត្រូវបានកាត់បន្ថយយ៉ាងច្រើននៅកម្ពុជា។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា អង្គការ UNFPA បានបង្កើតការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ ដោយមានគម្រោងជាច្រើន ត្រូវបានសហការអនុវត្តរវាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាជាមួយនឹងអង្គការមូលនិធិប្រជាជននេះ។ គម្រោងចុងក្រោយរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ ដែលកំពុងជួយដល់កម្ពុជាពីឆ្នាំ២០១៦ ដល់ ២០១៨ គឺមានទំហំទឹកប្រាក់ជាង ២៤លានដុល្លារអាមេរិក។ គម្រោងនេះផ្តោតសំខាន់ចំពោះសុខភាពផ្លូវភេទ សុខភាពក្នុងការបន្តពូជ មនុស្សពេញវ័យ យុវវ័យ សមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្ត្រី និងសក្តានុពលប្រជាជន៕


ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំផែនការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖​ ថ្ងៃទី០៩​ ខែកុម្ភះ​ ឆ្នាំ២០១៧​ ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន ​ឧបនាយករដ្ឋមន្រ្តី​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដឹកនាំកិច្ចប្រជុំ​ឆ្លងផែនការសកម្មភាពផ្សព្វផ្សាយអប់រំ បង្ការការប្រើបំពានគ្រឿងញៀន​។

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងថា គោលបំណងដើម្បីអនុវត្តភារកិច្ចរបស់គណៈ​កម្មការទទួលបន្ទុកការងារផ្សព្វផ្សាយអប់រំឱ្យមានប្រសិទ្ធភាព​ និងទទួលបានការចូលរួមគាំទ្រគ្រប់សមាសភាពនៃសង្គម​ ដោយផ្តោតទៅលើគោលដៅប្រជាពលរដ្ឋ​ ក្រុមប្រឈម​ បានយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន​ ឱ្យចេះការពារខ្លួន​ និងចលនាឱ្យមានការចូលរួមការ​ពារបងប្អូន​ញាតិមិត្ត​ អ្នកជិតខាងកុំឱ្យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន​ លើកទឹកចិត្តឬបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល​ និងស្តារនីតិសម្បទា​៕




នាយឧត្តមសេនីយ៍ នាង ផាត ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាប្រទេសប៉ាគីស្ថាន

កងទ័ពប៉ាគីស្ថានមានបំណងចង់ជួយ និងគាំទ្រដល់កងទ័ពកម្ពុជាមិនថា លើវិស័យហ្វឹកហ្វឺនអប់រំ និងស្រាវជ្រាវនោះទេ គឺចង់ជួយលើគ្រប់វិស័យនូវអ្វីៗដែលកងទ័ពប៉ាគីស្ថានអាចជួយបាន។ នេះជាការលើកឡើងរបស់លោកវរៈសេនីយ៍ឯក សាគីម កាម៉ា អនុព័ន្ធយោធា ប៉ាគីស្ថានប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងការចូលជួបបង្ហាញមុខ និងសម្ដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការពារជាតិ។
លោកវរៈសេនីយ៍ឯក សាគីម កាម៉ា បានបានបញ្ជាក់ថា បច្ចុប្បន្នប៉ាគីស្ថាន គឺជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពទៅចូលរួមបំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួនច្រើនជាងបណ្តាប្រទេសផ្សេងៗ គឺបានបំពេញភារកិច្ចនេះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។ កាលពីមុនប្រទេសប៉ាគីស្ថាន មិនសូវមានទំនាក់ទំនងជិតស្និទល្អជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ឡើយ ទាំងនេះគឺបណ្តាលមកពីមានទំនាស់គ្នានៅតាមបណ្តោយព្រំដែន។
លោកក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប៉ាគីស្ថាន បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងនេះ ឱ្យកាន់តែល្អថែមទៀត។ ចំពោះទំនាក់ទំនងរវាងប្រទេសយើងទាំង ២ កម្ពុជា និងប៉ាគីស្ថាន លោក កាម៉ា បានបញ្ជាក់ថា វត្តមានរបស់លោកនាពេលនេះ គឺមិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតតែប៉ុណ្ណោះទេ ដោយឡែកវិស័យយោធា នឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ គឺហេតុផលដោយប្រទេសយើងទាំង ២កងទ័ពទាំង ២ មានទំនាក់ទំនងល្អជាមួយប្រទេសចិនដូចគ្នា។
ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ នាយឧត្ដមសេនីយ៍ នាង ផាត ជួសមុខឱ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកវរៈសេនីយ៍ឯក សាគីម កាម៉ា ព្រមទាំងជូនពរឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានលើកឡើងនូវទំនាក់ទំនងរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប៉ាគីស្ថាន គឺមានតាំងពីដើមរៀងរហូតមក ហើយសង្ឃឹមដែរថា កងទ័ពប៉ាគីស្ថាន នឹងជួយជាស្មារតី និងសម្ភារៈ ថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទផងដែរ៕


លោក ​នាយឧត្តមសេនីយ៍ សៅ សុខា៖ ដឹកនាំកិច្ចប្រជុំវិធានការ​ យន្តការផែនការយុទ្ធសាស្ត្រទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចូលរួមបើកកិច្ចប្រជុំ បូកសរុបវឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការ យន្តការ ផែនការ យុទ្ធសាស្ត្រ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការជាតិ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានសមាជិកនៃគណៈកម្មជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំបូកសរុប វឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការយន្តការ ផែនការ យុទ្ធសាស្ត្រទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ។
នៅក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គស្នងការរងនគរបាលជាតិ រដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងទេសាន ក្រសួងយុត្តិធម៌ ក្រសួងរ៉ែនិងថាមពល អភិបាល អភិបាលរងរាជធានី ខេត្ត និង នាយទាហាន ជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ៕


ហ្វេសប៊ុក សី ហា៖ លោក សម រង្ស៊ី ទទួលស្គាល់សំឡេងរបស់ខ្លួនក្នុងការផ្ទុះរឿងអាស្រូវផ្លូវភេទ! (មានវីដេអូ)

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សី ហា បានបង្ហោះផ្សាយទស្សនៈមួយដែលសរសេរដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម នៅខេត្តកំពង់ចាម ដោយបានដាក់ចំណងជើងថា «លោក សម រង្ស៊ី ទទួលស្គាល់សំឡេងរបស់ខ្លួនក្នុងការផ្ទុះរឿងអាស្រូវផ្លូវភេទ!»។

ម្ចាស់គណនីហ្វេសប៊ុក សី ហា បានសរសេរថា៖ ប្រធានគណបក្សសង្គ្រោះជាតិដែលអស់អំណាចដោយសារពូកែបង្ករឿងហើយរវល់តែរត់ចោលស្រុកនោះ ទីបំផុតបានទទួលស្គាល់ថា សារសំឡេងដែល បែកធ្លាយរឿងអាស្រូវ ដែលត្រូវគេបង្ហោះ ព្រោងព្រាត តាមហ្វេសប៊ុកនោះ ថាពិតជាសំឡេងរបស់ខ្លួនមែន។ ក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៥ កុម្ភៈ លោកសម រង្ស៊ី សរសេរថា « ខ្ញុំឆ្ងល់ណាស់ ពួកពូកែទើស មកទើសរឿងគេ ~ …..សំឡេងអ្នកណា ក៏ដោយ ជារឿងរបស់ បើជាសំឡេងរបស់ខ្ញុំតើវាយ៉ាងម៉េចនេះជាសិទ្ធិរបស់ខ្ញុំ ជាសេរីភាពរបស់ខ្ញុំ តើវាមានអីទាក់ទងនឹងអស់លោក…… ។

ការ Comment របស់លោក សម រង្ស៊ី បែបនេះបានធ្វើឡើង ជាការឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ សីហា ដែលបានបង្ហោះការបែកធ្លាយ ខ្សែអាត់ សំឡេងលោក សម រង្ស៊ី ទាក់ទងនារីរត់តុក្នុងភោជនីយដ្ឋានមួយដើម្បីរួមភេទ។ គណនីហ្វេសប៊ុកនេះ បានបង្ហោះរឿងអាស្រូវផ្លូវភេទរបស់លោក សម រង្ស៊ី ពីរភាគហើយគិតត្រឹមថ្ងៃទី ០៨ កុម្ភៈ។ ក្នុងខ្សែអាត់សំ​ឡេងនោះ បុរសដែលគេស្គាល់សំឡេងថាជាលោក សម រង្ស៊ី បានឧស្សាហ៍ចេញចូលភោជនីយដ្ឋានមួយ ហើយបានទាក់ទងនារីអ្នករត់តុដែលជាស្ត្រីវ័យក្មេងដើម្បីបបួលទៅរួមភេទ។
 
សាររបស់លោកសម រង្ស៊ី ដែលទទួលស្គាល់សំឡេងរបស់ខ្លួនហើយអះអាងថាជាសិទ្ធិ និងជាសេរីភាពរបស់ខ្លួនដែលអ្នកផ្សេងមិនត្រូវចេះដឹងនោះ សបញ្ជាក់ថា លោក សម រង្ស៊ី កំពុងបង្ហាញថា ខ្លួនគាត់គាំទ្រឲ្យបុរសៗផិតក្បត់ប្រពន្ធ លួចសាហាយស្មន់ប្រពន្ធគេ និងក៍ជាសារដែលបង្ហាញថា គាត់មិនគោរពច្បាប់ មិនគោរពសីលធម៌ និងប្រពៃណីទំនៀមទំលាប់ពូជសា​សន៍ និងសង្គមខ្មែរបន្តិចណាទាល់តែសោះ។ លោក សម រង្ស៊ី កំពុងបញ្ឈឺចិត្តភរិយារបស់គាត់ដោយត្រង់ៗហើយមេដឹកនាំបក្សប្រឆាំងរូបនេះក៍កំពុងធ្វើជាគំរូអាក្រក់យ៉ាងខ្លាំងដល់បុរសៗទាំងឡាយថា ការមានស្រីញីក្រៅផ្ទះ ផិតក្បត់ប្រពន្ធ គឺជាសេរីភាពរបស់មនុស្សប្រុស។ 
តើបងប្អូនដែលជាស្ត្រីខ្មែរទាំងឡាយគួរគាំទ្រចំពោះអ្នកនយោបាយអសីលធម៌បែបនេះដែរឬទេ? 

នេះឬជាសីលធម៌របស់គណបក្សសង្គ្រោះជាតិប្រហែលជាមានមេដឹកនាំបែបនេះហើយបានជាមន្ត្រីបក្សសង្គ្រោះជាតិស្ទើរគ្រប់គ្នារចាប់តាំងពីមេដឹកនាំកំពូល មានលោកប្រធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា រហូតដល់តំណាងរាស្ត្រ មានដូចជាលោក យ៉ែម ប៉ុញ្ញឬទ្ធិ មានសហាយស្មន់ជាមួយលេខារបស់ខ្លួនរហូតប្រព្រឹត្តអនាចារក្នុងបន្ទប់ធ្វើការរបស់រដ្ឋសភាទៀត។ លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រដែលជាមនុស្សបែបរោគចិត្ត និយាយស្តីចេញមកដូចមនុស្សយូកូមបាតផ្សារ មាក់ងាយស្ត្រីភេទ ប្រើពាក្យអាសអាភាសគួរឲ្យព្រឺក្បាល។ ក្រៅពីនោះ នៅមានលោក យឹម សុវណ្ណ ផិតក្បត់ សាហាយស្មន់ ដូរប្តីប្រពន្ធគ្នាយ៉ាងអនាចារបំផុត។ លោក ហូរ វ៉ាន់ លួចមានស្រីក្មេងជាកម្មការិនីរោងចក្រកាត់ដេរ រហូតដល់គេរៀបការរួចក៏នៅតែញ៉ែ លួងលោមគេចង់រួមភេទដោយឥតអៀនខ្មាសដែលខ្លួនមានវ័យចំណាស់ជិតចូលម​ឈូស​ទៅហើយ។ នៅមានរឿងរ៉ាវអាស្រូវផ្លូវភេទ អាស្រូវល្បែង ដូចជាលោក អេង ឆៃអ៊ាង លោក ឡុង រី ជាដើម។ 

ខ្ញុំយល់ថាកត្តាទស្សនៈយល់ឃើញ បញ្ច្រាស់ជើងបែបនេះហើយបានបណ្តាលអោយមេដឹកនាំរបស់ពួកគេសុទ្ធតែល្មោភកាម ហើយចាត់ទុកអំពើពាលា ផិតក្បត់ទាំងអស់នោះវាជារឿងបុគ្គល ជាសេរីភាព និងជាសិទ្ធិរបស់ខ្លួន។ ឆ្លងតាមរយៈរឿងអាស្រូវដ៏ស្មោកគ្រោកទាំងអស់នេះ និងតាមរយៈ Comment របស់ខ្លួនក្នុងហ្វេសប៊ុកដូចខាងដើមនេះ បានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា លោក សម រង្ស៊ី គ្មានតម្លៃជាមនុស្សប្រុស គ្មានតម្លៃជាអ្នកនយោបាយ គ្មានតម្លៃជាអ្នកដឹកនាំសូម្បីតែបន្តិចណាទាល់តែសោះ ពីព្រោះគាត់ និងមន្ត្រីរបស់គាត់មិនបានផ្តល់តម្លៃដល់ស្ត្រី មិនផ្តល់តម្លៃដល់សីលធម៌សង្គម និងមិនផ្តល់តម្លៃដល់ប្រពន្ធ និងកូនរបស់ខ្លួនឡើយ។ 

ពាក្យ Comment របស់លោក សម រង្ស៊ីខាងលើនេះបានបង្ហាញពីមុខមាត់ ចរិតនិងសារជាតិពិតរបស់គាត់ និងមន្ត្រីនៅជុំវិញគាត់ដែលសុទ្ធតែជាមនុស្សស្មោកគ្រោក ខុសពីការសម្តែងនៅខាងក្រៅទាំងស្រុង។ ខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែមិនគាំទ្រមនុស្សប្រភេទនេះទេ តែថែមទាំងថ្កោលទោសយ៉ាងខ្លាំងដល់ពួកគេថែមទៀតផង ជាពិសេសគឺស្ត្រីខ្មែរទាំង​ឡាយដែលមិនចង់ឲ្យប្តីរបស់ខ្លួនរៀនសូត្រគំរូអាក្រក់របស់លោក សម រង្ស៊ី លោក កឹម សុខា និងមន្ត្រីតំណាងរាស្ត្របក្សប្រឆាំងដូចបានរៀបរាប់ខាងដើមនោះឡើយ៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម

រដ្ឋម​ន្រ្តី​ក្រសួង​​កសិកម្ម ចុះ​ទៅ​បង្ហាញ​ការ​ច្នៃ​ប្រឌិត​​ឧបករណ៍​​កសិក​ម្មដល់​ក​សិករ ខេត្តតា​កែវ​

លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានបង្កើតគំនិតច្នៃប្រឌិតនូវឧបករណ៍កសិកម្មមួយចំនួន សម្រាប់សម្រួលការងារបង្កបង្កើនផលរបស់ប្រជាកសិករនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះកសិកម្ម គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលមានប្រជាជនជាង ៨០% ជាកសិករ។
លោក ហ៊ាន វណ្ណហន បានឱ្យដឹងទៀតថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចុះទៅបង្ហាញពីការប្រើប្រាស់ឧបករណ៍កសិកម្ម និងម៉ាស៊ីនកសិកម្មដែលផលិតដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៅមជ្ឈមណ្ឌលវិស្វកម្ម កសិកម្មក្បាលពោធិ៍ នៅក្នុងឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះ លោក វេង សាខុន បានបញ្ជាក់ពីគោលបំណងសំខាន់ នៃការបង្ហាញឧបករណ៍ទាំងនេះថា ទី១-ដើម្បីផ្សារភ្ជាប់ការអភិវឌ្ឍប្រទ្បាយជើងក្អែបក្រោមគំនិតផ្តើមរបស់ក្រសួងកសិកម្ម ជាមួយការធ្វើទំនើបកម្មកសិកម្ម ទី២-បង្ហាញពីបច្ចេកទេសផ្សេងៗគ្នាលើការប្រើប្រាស់ឧបករណ៍កសិកម្ម និងគ្រឿងយន្តកសិកម្មក្នុងផលិតកម្មកសិកម្មនាពេលបច្ចុប្បន្ន ដែលឆ្លើយតបកង្វះខាតកម្លាំងក្នុងផលិតកម្មមួយនេះ ដែលអាចទទួលបានផលចំណេញច្រើន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោក ហ៊ាន វណ្ណហន បានបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ គឺជាការផ្តល់នូវឱកាសដ៏ល្អ បង្កលក្ខណៈឱ្យកសិករបានពើបប្រទះដោយផ្ទាល់ភ្នែក បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងមានឱកាសសួរសំណួរដើម្បីបំបាត់ចម្ងល់នានា ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាថ្មីៗដទៃទៀត ដែលបានដាក់បង្ហាញនាពេលនេះ៕


លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានធ្វើការសំណូមពរដល់មន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកទេសរដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីពីរ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី និងរបាយការណ៍សរុបលទ្ធផលនៃកិច្ចការផ្នែកសាធារណការ និងសំណូមពរពិនិត្យសម្រេចកិច្ចការដែលត្រូវរៀបចំធ្វើបន្ត។ មុនចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពី ការចូលជាសមាជិករបស់កម្ពុជាក្នុងកម្មវិធីហិរញ្ញប្បទាន Blended Finance វឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១០ ១១ និង១២ ខែឧសភាឆ្នាំ២០១៧ ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការពន្យាពេលបើកការដ្ឋានជួសជុលស្ពានជ្រោយចង្វាររហូតដល់ក្រោយការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ដើម្បីសម្រួលដល់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក៏ដូចជាការបោះឆ្នោតនេះផងដែរ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ រចនាសម្ព័ន្ធថ្មីនេះ នឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវភាពប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួនដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូន២៥រាជធានីខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបគ្រលុកសំបុកមាន់នៅទូទាំងប្រទេសនិ ងបានណែនាំឱ្យបន្តសកម្មភាពនេះបន្តទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រសួង បានទិញរ៉ឺម៉កដែលបំពាក់ដោយឧបករណ៍ចំនួន២៤គ្រឿង ដើម្បីចែកជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូនបន្ថែមទៀតដើម្បីពន្លឿនដល់ការងារថែទាំ និងជួសជុលផ្លូវថ្នល់របស់យើង៕


រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាសួនច្បារប្រជាធិបតេយ្យ​

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាសួនច្បារប្រជាធិបតេយ្យ មានទីតាំងស្ថិតនៅ សួនច្បារសូគីម៉ិច ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញហើយ។
ការស្ថាបនានេះ ចាប់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ បើតាមការចុះផ្សាយរបស់ Facebook ផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ឱ្យដឹងពីសាលារាជធានីភ្នំពេញ សួនច្បារនេះស្ថាបនាឡើងដោយបែងចែកជាទីធ្លាការឺឡា សួនច្បារ ចំណតរថយន្ត បង្គន់អនាម័យ បង្គោលហ្វាបំភ្លឺ និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត។
គួរបញ្ជាក់ថា នាឱកាសអបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និង សន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងវត្តភ្នំ និងទីលានប្រជាធិបតេយ្យ សម្រាប់ការសម្តែងសិល្បៈ ការប្រគុំតន្រ្តីជនពិការ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ តាមផ្លូវសាធារណៈ ហើយបង្វែរទៅទីលានប្រជាធិបតេយ្យទៅសាងសង់នៅខណ្ឌឬស្សីកែវវិញ៕


អគ្គិស​នីកម្ពុជា​ផ្អាក​ផ្គត់ផ្គង់​ចរន្ដ​អគ្គិសនី​ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃ​នេះដល់ថ្ងៃ​ទី១២ ខែ​កុម្ភៈ នៅ​តំបន់​ខ្លះនៃ​ភ្នំពេញ និង​ខេត្ត​កណ្តាល

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុជួសជុលផ្លាស់ប្ដូរ និងរុះរើគន្លងខ្សែបណ្ដាញក្នុងការពង្រីកផ្លូវ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម ៖


ពិធី​ប្រកាស​ឱ្យ​ដំណើរ​ការជា​ផ្លូវការនូវ​វេទិកា​អភិបាល​កិច្ចវិស័យ​ឧស្សា​ហកម្ម​និស្សារ​ណកម្ម (EIGF)

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យដំណើរការជាផ្លូវការនូវវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម (EIGF) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនឯកជន និងតំណាងសង្គមស៊ីវិល សរុបប្រមាណចំនួន ៨០រូប។
សូមជម្រាបផងដែរថា អភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម គឺជាយន្តការអភិបាលកិច្ចថ្មីមួយដ៏សំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន សហគមន៍ និងអង្គការសង្គមស៊ីវិល ធ្វើការក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជាមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាគ្នាអំពីបញ្ហាគោលនយោបាយ អភិបាលកិច្ច និងដំណោះស្រាយជាបទអន្តរាគមន៍នានាក្នុងវិស័យរ៉ែ និងប្រេងកាតក្នុងគោលបំណងជំរុញការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការធ្វើអាជីវកម្ម ផលិតកម្មរ៉ែ ប្រេងកាត និងឧស្ម័ន។
ការបង្កើតអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម គឺជាសក្ខីភាព និងជាការឆ្លើយតបកម្មវិធីកំណែទម្រង់របស់ក្រសួងរ៉ែនិងថាមពលក្រោមចក្ខុវិស័យថ្មី “ធនធានដើម្បីទាំងអស់គ្នា” សម្រាប់វិស័យឧស្សាហកម្មនិស្សារណកម្មក្នុងអាណត្តិ២០១៤-២០១៨៕


មន្ត្រីនាំពាក្យ CPP ៖ កុំបៀមឈាម ព្រូសដាក់គេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានមានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីគណបក្សនយោបាយ កំពុងត្រូវបានក្រុមអ្នកច្បាប់សិក្សា និងពិនិត្យធ្វើវិសោធនកម្ម ដើម្បីឱ្យស្របតាមសភាពការណ៍ថ្មីនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្ន។
លោក សុខ ឥសាន បន្តថា ខណៈដែលច្បាប់នេះកំពុងត្រូវបានពិនិត្យ ស្រាប់តែមានឥស្សរជនម្នាក់ នៅក្នុង គ.ជ.ប បានប្រកាសថា គាត់នឹងលាឈប់ពីតំណែងដោយមិនស្តាយស្រណោះ បើសិនជា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយគណបក្សប្រជាជនកម្ពុជានោះ។ គួរឱ្យសោកស្តាយណាស់ចំពោះពាក្យសំដីដែលខ្វះការយល់ដឹង ដែលមិនទាន់អីផង ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាទៅហើយថា ជាអ្នករំលាយគណបក្សផ្សេងទៅវិញ។
បើតាមអ្នកនាំពាក្យ CPP រូបនេះ គណបក្សប្រជាជនកម្ពជា មិនមានសិទ្ធិរំលាយគណបក្សណាទេ។ លោកថា បើសិនជាលោកអសមត្ថភាពធ្វើការមិនកើត លោក មានសិទ្ធិលាឈប់ពីការងារដោយផ្ទាល់ខ្លួន មិនចាំបាច់ឆ្លៀតដាក់កំហុសលើអ្នកដទៃធ្វើអី? សូមចាំថា មានតែច្បាប់ទេ ដែលមានសិទ្ធិរំលាយគណបក្សនយោបាយ បើសិនជាគណបក្សនោះប្រព្រឹត្តល្មើសច្បាប់ ឬរំលាភច្បាប់ ជាពិសេសពេលច្បាប់នោះ ត្រូវបានស្ថាប័ននីតិប្បញត្តិអនុម័តរួច ហើយមានព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ។
ខាងលើនេះគ្រាន់តែជាការពន្យល់ឥស្សរជន ដែលយល់ច្បាប់ហើយធ្វើជាមិនយល់ឱ្យយល់ កុំអាងស្អីឆ្លៀតដាក់កំហុសលើអ្នកដទៃដោយគ្មានការពិចារណានោះ៕

ក្រសួងការងារ បញ្ចូលសេវា បង្ការសុខភាពនៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសស្តីពីការដាក់បញ្ចូលសេវា បង្ការសុខភាពនៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ នេះបើយោងតាមសេចក្តីប្រ​កាសរបស់ក្រសួងការងារចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីប្រកាសនេះ មានគោលបំណងដាក់បញ្ចូលសេវាបង្ការសុខភាពនៅក្នុងរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ។
សេវាបង្ការសុខភាព ដែលត្រូវដាក់បញ្ចូលក្នុងប្រកាសនេះដូចជា៖ សេវាចាក់វ៉ាក់សាំងការពារ ជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស សេវាចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពក ក សេវាពិនិត្យឈាមកំណត់អបោធាតុមហារីក។
សូមអានសេចក្តីប្រកាសរបស់ក្រសួងការងារខាងក្រោម៖



សាលាឧទ្ធរណ៍​ តម្កល់​ទោស​លោក​ សម​ រង្ស៊ី​ ករណី​ចោទ​ថា​លោក ហ៊ុន សែន ទិញ Facebook Like​

(ភ្នំពេញ)​៖ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​នេះ​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ករណី​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចោទ​ថា​ Facebook Like លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់​ បាន​មក​ពី​ការ​ទិញ​ ឬ​ ក្លែង​បន្លំ​។
លោក​ សំរិទ្ធ​ សុផល​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បានយល់​ថា​ ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ត្រឹមត្រូវ​ ហើយ​ប្រសិន​បើ​មេធាវី​មិន​សុខចិត្ត​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បាន។
សូមជំរាបថា សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់ ​ចំពោះ​លោក​សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចំនួន​១០លាន​រៀល​ និង​សងសំណង​ជំងឺ​ចិត្ត ​ដល់​ដើម​បណ្ដឹង​ចំនួន​១៥លាន​រៀល​ រឿង​ចោទ​ថា​ Facebook Like ​ ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់​ បាន​មក​ពី​ការ​ទិញ​ ឬ​ក្លែង​បន្លំ​។​ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​នេះ​ ជា​សាធារណៈ​តាម​ប្រព័ន្ធផ្សព្វផ្សាយចំនួន​៣ថ្ងៃ​ផងដែរ​៕