Thursday, March 07, 2024

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំដោយ UNDP

 ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ថាបនាអនាគតរបស់យើង៖ ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” (2024 Regional Human Development Report : “Making our Future: New Directions for Human Development in the Asia Pacific) ដែលបានរៀបចំឡើងដោយកម្មវីធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាតំបន់ គំរូមួយ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវបញ្ហាប្រឈមជាសកលស្រួចស្រាលនានា ពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុបានបន្ទុចបង្អាក់ការអភិវឌ្ឍ ពិសេសការអភិវឌ្ឍមូលធនមនុស្ស។ ដូច្នេះ យើងត្រូវត្រៀមខ្លួនទប់ទល់បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំងនេះ ហើយយើងច្បាស់ជាត្រូវពឹងផ្អែកលើកត្តាមនុស្ស ដើម្បីនាំយើងឱ្យអាចឆ្លងផុតនូវដំណាក់កាលដ៏ប្រឈមមួយនេះនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ចំពោះមុខ យើងត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់យើង ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមាន៖ ការអប់រំ, សុខាភិបាល, ចំណេះដឹង, ជំនាញ, សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ការសម្រេចបាននូវកិច្ចការទាំងអស់នេះ ទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍នេះក៏ទាមទារឱ្យមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ទស្សនៈចំនួន ៥ ចំណុច ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា ដូចខាងក្រោម៖
ទី១- បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនយើង។
ទី២- ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់របស់យើង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព និងដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM
ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។
ទី៣- អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ដែលឆ្លើយតបទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយមនុស្សធម៌។
ទី៤- លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋ
ឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា, និង
ទី៥- ជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀងគរធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗ ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ បានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដោយបានកំណត់ "មនុស្ស" ជាអាទិភាពសំខាន់បំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រនេះ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលជាលទ្ធផលបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ និងលំហសារពើពន្ធធំទូលាយ សម្រាប់បម្រើឱ្យការវិនិយោគក្នុងវិស័យសង្គមកិច្ច ពិសេសការអភិវឌ្ឍមូលធនមនុស្សតែម្តង។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ បានកាត់បន្ថយភាពក្រីក្រពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកត្រឹមប្រមាណ ១០% ក្នុងឆ្នាំ២០១៩។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រ
បញ្ចកោណ ដំណាក់កាលទី១ ហើយជាថ្មីម្តងទៀត “ប្រជាជន” នៅតែជាបេះដូងនៃយុទ្ធសាស្ត្រនេះ ហើយ ត្រូវបានរៀបចំឡើង ដោយផ្តោតលើលទ្ធផលជាធំ (result-oriented) ដើម្បីធានាថា ប្រជាជនបានទទួលផលជាក់ស្តែង ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ឯកឧត្តមបានបន្ថែមទៀតថា មនុស្ស គឺជា៖ (១).គោលដៅចុងក្រោយសំខាន់បំផុត មានន័យថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនា និង (២).ជាដើមទុនសំខាន់បំផុតរបស់សង្គមជាតិ មានន័យថា ប្រជាជនត្រូវតែទទួលបាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាពល្អ និងសីលធម៌ ដើម្បីលើកកម្ពស់សក្តានុពល និងបង្កើនការរួមចំណែកជាអតិបរមាក្នុងការកសាងសង្គមជាតិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជាក់ស្តែង បញ្ចកោណចំនួន ៣ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលមានបច្ច័យផ្ទាល់ចំពោះប្រជាពលរដ្ឋធំជាងគេ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញអំពីអាទិភាព និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ប្រទេសកម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់។ ក៏ប៉ុន្តែទាមទារឱ្យមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ពីគ្រប់
តួអង្គពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ និងយន្តការសម្របសម្រួលមួយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្ត និងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើយុទ្ធសាស្ត្រ, គោលនយោបាយ និងផែនការដែលបានដាក់ចេញ ដើម្បីធានាថាយើងពិតជាអាចសម្រេចបានតាមគោលដៅដែលបានកំណត់។
ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រាលជូនចំពោះ UNDP ដែលបានរៀបចំសិក្ខាសាលានេះ និងបានរៀបចំរបាយការណ៍អភិវឌ្ឍមនុស្សបានទាន់ពេលវេលា។


















អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសន្តិសុខឌីជីថល

 អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសន្តិសុខឌីជីថល ដែល សរសេរជាអក្សរកាត់ថា គ.ស.ខ. ក្នុងគោលបំណងធានាប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការបំពេញមុខងារ ដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើយតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

សកម្មភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹង អញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ”

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការអាទិភាព៨ចំណុចដើម្បីពង្រឹងសមភាពយេនឌ័រដល់ស្រ្តី និងក្មេងស្រីគ្រប់រូប


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវធានាថា ការបន្តពង្រឹងសមភាពយេនឌ័រ នៅតែជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញនិងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្គមនិងសេដ្ឋកិច្ចកម្ពុជា។


នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយជាតិរដ្ឋបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារដែលជាការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។


នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ  រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម៖

ទី១- រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រដើម្បីពង្រឹង និងពង្រីក វិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គ្រប់រូបនៅក្នុងក្របខណ្ឌគោលនយោបាយនិងនៅក្នុងសង្គម តាមរយៈការដាក់ចេញនូវអភិក្រមក្នុងការធ្វើបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងការលើកកម្ពស់ផ្នត់គំនិតជាវិជ្ជមាន ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះស្រ្តី និងសាធារណជន។ 

ទី២- រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញនិងជំរុញការអនុវត្តវិធានការ គោលនយោបាយគាំទ្រ ដល់សហគ្រិនស្រ្តីដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

ទី៣- រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្នតាមរយៈការពង្រីក វិសាលភាពនៃការអនុវត្តក្របខណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងធានាបាននូវការសម្រេចលើការគ្របដណ្តប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

ទី៤- រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រនៅក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត គណិតវិទ្យា (STEM)។

ទី៥- រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធរួមទាំងវិស័យឯកជន និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារ និងការងារ និងការទទួលស្គាល់ពីតម្លៃនៃការងារផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានាដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តីនិងក្មេងស្រី និងផ្តល់ជម្រើសច្រើនដល់ស្រ្តី។

ទី៦- រាជរដ្ឋាភិបាល បន្តលើកកម្ពស់វប្បធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរដែលជាយន្តការអន្តរក្រសួង ស្ថាប័ន បន្តពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីនិងក្មេងស្រី។

ទី៧- រាជរដ្ឋាភិបាល បន្តអនុវត្តកម្មវិធីនិងវិធានការក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិតនិងគ្រប់វិស័យដើម្បីធានាថា ប្រជាជនគ្រប់រូបទាំងស្រី និងប្រុស មានសិទ្ធិនិងឱកាសពេញលេញក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិប្រកបដោយបរិយាបន្ននិងចីរភាព។

ទី៨- រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាព និងមានវិធានការ គោលនយោបាយសមស្របដែលអនុញ្ញាតឱ្យស្រ្តីជាអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារនៅមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ ឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា ដោយសុខសន្តិភាព បានបង្កើនស្ថានភាពអំណោយផល ធ្វើឱ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគ ជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីគោលនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្រ្តីឱ្យបានកាន់តែទូលំទូលាយ។


នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល អាណត្តិមុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។


នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់និងសកលលោក បាននិងកំពុងសម្របខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយចរន្តនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាគន្លឹះ ដ៏ចាំបាច់មួយដើម្បីពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានបង្កើតឡើងទាំងកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីៗនៅគ្រប់ទិដ្ឋភាពដែលតម្រូវឱ្យមានការអភិវឌ្ឍ និងធ្វើទំនើបកម្មស្ថាប័នសំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ហាទាំងនោះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្រ្តីគឺជាស្នូល។


នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ កម្ពុជា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងសារៈសំខាន់នៃការចូលរួមនិងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។


នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រចំពោះមូលបទខាងលើនេះ ដោយខ្លឹមសារនៃមូលបទ បានឆ្លើយតបនឹងបរិបត្តនៃការវិវត្តរបស់សង្គម នៅក្នុងយុគសម័យឌីជីថល ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងក្របខណ្ឌគោលនយោបាយនៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី៕

ប្រសាសន៍ដើមទាំងស្រុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី

ប្រសាសន៍ដើមទាំងស្រុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី

ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤

សុន្ទរកថា សម្តេចមហាបទរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស អបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ បេសកកម្មនេះ បានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។ 

គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។

ខ្លឹមសារបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល…!



សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់​កម្ពុជាវិញ​ហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន


(ភ្នំពេញ)៖ នៅម៉ោង១១​ជិតកណ្តាលអាធ្រាត្រថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាពហើយ បន្ទាប់​ពី​ធ្វើដំណើរលើយន្តហោះរយៈពេលប្រមាណជា១០ម៉ោង ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ស្មារតី និងក្តីត្រេកត្រអាលចង់នាំសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន បានជំរុញឱ្យសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រឹងប្រែងមិនសំចៃកម្លាំង មិនគិតពីពេលវេលាថ្ងៃ ឬយប់​នោះឡើយ។ កិច្ចខិតខំទាំងស្តែងឃើញច្បាស់តាមរយៈកម្មវិធីការងារប្រចាំថ្ងៃរបស់សម្តេចធិបតី មិនថាពេលនៅក្នុង ឬនៅក្រៅប្រទេសនោះឡើយ។

ជាក់ស្តែងក្នុងដំណើរបំពេញការងារនៅប្រទេសអូស្ត្រាលីនាពេលនេះ កម្មវិធីផ្លូវការ គឺកិច្ចប្រជុំកំពូល​ពិសេស​រវាងអាស៊ាន និងអូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ទំនាក់ទំនងដៃ​គូសន្ទនារយៈ​ពេល​៥០​ឆ្នាំ ដែលមានរយៈពេលប្រមាណពីរថ្ងៃប៉ុណ្ណោះ។ តែដោយមិនចង់ឱ្យខាតជើងនៃការធ្វើដំណើរដ៏វែង​ឆ្ងាយ និងដើម្បីចាប់យកឱកាសពង្រីកការទូតផ្នែកនយោបាយ និងសេដ្ឋកិច្ចផងនោះ សម្តេចធិបតី បានរៀបចំកម្មវិធីរហូតដល់ទៅ៦ថ្ងៃ ជាមួយកម្មវិធីដ៏ច្រើនមិនសល់ពេលទំនេរនោះឡើយ។

ក្នុងនោះសូម្បីពេលវេលាធ្វើដំណើរទាំងពេលទៅ និងពេលត្រឡប់មកវិញ សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត យកចិត្តជ្រើសរើសយកការធ្វើដំណើរវេលាយប់ ពោលរើសពេលវេលាយ៉ាងណា​ឱ្យហោះ​ដល់​ប្រទេស​អូ​ស្ត្រា​លី ចំពេលភ្លឺ ហើយអាចធ្វើការបានតែម្តង។ ដោយឡែកពេលហោះមកវិញក៏ដូចគ្នា គឺបានកំណត់​កម្ម​វិធី​ការ​ងាររហូតដល់វេលាយប់នៅអូស្ត្រាលីតែម្តង ទើបឡើងយន្តហោះធ្វើដំណើរមកកម្ពុជាតែម្តង។

តាមរយៈកម្មវិធីការងារ ក៏ដូចជាពេលវេលាធ្វើដំណើរនេះ គឺបានស្តែងឱ្យឃើញឆន្ទៈដ៏មោះមុតរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចការដឹកនាំជាតិ។

ក្នុងកម្មវិធីនៅប្រទេសអូស្ត្រាលីនាពេលនេះ ក្រៅតែពីការចូលរួមកម្មវិធីផ្លូវការនៃកិច្ចប្រជុំកំពូលពិសេស​អា​ស៊ាន និងអូស្ត្រាលីហើយនោះ សម្តេចធិបតី បានជួបមេដឹកនាំប្រទេសជាមិត្ត ជួបជាមួយប្រធាន​ក្រុម​ហ៊ុន​ធំៗ​របស់អូស្ត្រាលី ដែលកម្មវិធីទាំងអស់សរុបជាង២០កម្មវិធី។

មេដឹកនាំប្រទេសជាមិត្តចំនួន៦រូប ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ឆ្លៀតជួបទ្វេភាគីជាបន្តបន្ទាប់ ដើម្បី​បន្ត​ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែល្អ​ប្រសើរ សម្តៅឆ្ពោះទៅ​ពង្រីក​ការធ្វើធុរកិច្ចនាំប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាជន។ មេដឹកនាំប្រទេសជាមិត្ត​ដែល​សម្តេច​ធិបតី បានជួបរួមមាន៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វី​លីពីន, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី, លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោក Christopher Luxon នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីរបស់វៀតណាម។

ដោយឡែកថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនធំៗ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យជួប​សម្តែង​ការគួរសម និងពិភាក្សាការងារនោះរួមមាន៖

១៖ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy។ ក្រុមហ៊ុន FreshStart Energy គឺជាបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន Fresh Start Australia ដែលធ្វើ​អាជីវកម្ម​លើថាមពលកកើតឡើងវិញ ដោយបានចូលរួមចំណែកគិតគូរលើ ការរក្សានិរន្តរភាព និងបរិយាបន្នសម្រាប់ពេលអនាគត។

២៖ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education។ IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងការផ្តល់សេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ ក្នុងឧស្សាហកម្មនេះ IDP Education បានជួយសិស្សជិត ៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាង​គេ​បំផុត​របស់កម្ពុជា សម្រាប់ការធ្វើតេស្ត IELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេស​កម្រិត​ខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។

IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង ៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ ជារៀង​រាល់​ឆ្នាំ។

៣៖ លោក Peter Fox ប្រធានប្រតិបត្តិ ក្រុមហ៊ុន Linfox។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៦ ដែលមានបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ទសវត្សរ៍មកហើយ។

Linfox គឺជាក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានក្រុមហ៊ុនក្នុងប្រទេស​ចំនួន ១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤,០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និងអាស៊ីអាគ្នេយ៍។

៤៖ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពល​ស្អាត ការកាត់បន្ថយការ​បំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ផ្តល់​ដំណោះ​ស្រាយថាមពល​សម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត។

៥៖ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group។ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហារ​របស់ប្រទេស​អូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗ​នៅសហ​រដ្ឋ​អាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីក​ទីផ្សារ​​នៅទូទាំងអឺរ៉ុប និងអាស៊ី។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ប្រទេសផងដែរ ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះ​កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។

៦៖ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia។ ក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការ​ផលិត​ឱសថប្លាស្មា។ ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុ​ភារ​កម្ម។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។

៧៖ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia)។ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យ​ឯកជន​ដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ហើយផ្ដល់ឱកាសការងារជាង១លាន​កន្លែង។

៨៖ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group។ ក្រុមហ៊ុន SPC Group គឺជាក្រុម​ហ៊ុន​ដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុត​របស់​ប្រទេស​អូស្ត្រាលីនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផល ដែលផលិតដោយក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់​ថាមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

៩៖ លោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI)។ ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូល​ដ្ឋាននៅប្រទេស​ហ្វី​លី​ពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្មលើវិស័យគ្រប់គ្រងកំពង់ផែ ដោយមាន​ប្រតិ​បត្តិការ​អាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះ​ ត្រូវ​បានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ICTSI ក៏បាននិងកំពុងពង្រីកឱកាសវិនិយោគនៅកម្ពុជា​បន្ថែមទៀត​លើ​វិស័យកំពុងផែ។

ការស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា គឺជាកិច្ចដ៏​សំខាន់​ក្នុងបេសកកម្ម​ដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរបំពេញបេស​ក​កម្មការងារ​ក្រៅប្រទេស​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មែនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជា​វេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្រៅពីជួបជាមួយប្រធានក្រុមហ៊ុនធំៗរបស់អូស្ត្រាលីហើយនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅលើកកម្ពស់ការធ្វើ​ធុរកិច្ច​រវាងកម្ពុជា និង​អូស្ត្រាលី។ ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុន។

ក្នុងវេទិកានេះ សម្តេចធិបតី បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែលមានប្រមាណ​៧​ទស​វត្សរ៍មកនេះ។ សម្តេចធិបតី បានរំលឹកពីតួនាទីរបស់អូស្ត្រាលី ដែលបានចូលរួមក្នុងដំណើរស្វែងរក​សន្តិ​ភាព​នៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាតាំងពី​មានកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសទៅលើវិស័យសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មជាដើម។

សម្តេចធិបតី ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជា ដែលនាំឱ្យអ្នក​វិនិ​យោគអាចទទួលបានផលល្អប្រសើរពីការវិនិយោគរបស់ពួកគេ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល កត្តាភូមិសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង​កម្ពុជា ជាមួយបណ្តាប្រទេសនានា ដែលធ្វើឱ្យទីផ្សារផលិតផលមានទំហំធំ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រាលី ចូលមកកាន់កម្ពុជាសិក្សាស្វែង​យល់​ពីឱកាសនៃការវិនិយោគ។ សម្តេចធិបតី ប្រកាសរង់ចាំស្វាគមន៍អ្នកវិនិយោគរបស់អូស្ត្រាលី ប្រកប​ដោយក្តីសោមនស្សរីករាយ។

ក្នុងវេទិកាធុរកិច្ចនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖

១៖ អនុស្សរណៈ​យោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម​វិទ័រ​រៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រ​កម្ពុជា និងប្រទេសអូស្រ្តាលី។

២៖ អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។

អូស្ត្រាលីជាប្រទេសមួយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើន ភៀសខ្លួនទៅជ្រកកោនពេលកម្ពុជាជួបវិបត្តិ​សង្គ្រាម​ ហើយបច្ចុប្បន្នក៏មាននិស្សិតជាច្រើនកំពុងសិក្សារៀនសូត្រ។ ដោយការនឹករលឹកក្រោម​ស្មារ​តី​ផ្សារ​ភ្ជាប់សាច់ឈាម និងទំនាក់ទំនងខ្មែរគ្រប់ទីកន្លែងឡើងវិញ ក្នុងសម័យស្រុកទេសមានសុខសន្តិភាព​នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសំណេះសំណាលសួរសុខទុក្ខ និងជម្រាបពីស្ថានភាព​របស់ប្រទេសជាតិដល់ពួកគេផងដែរ។ ជំនួបនេះមានខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ចូល​រួមរហូត​ដល់ទៅជាង ១ពាន់នាក់។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតគូសរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាល​នីតិ​កាលថ្មី ដែលជាគោលនយោបាយផ្តល់ការគិតគូរខ្ពស់ទៅសុខមាលភាព និងជីវភាពប្រជាពលរដ្ឋជា​ចម្បង។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះ​ឆន្ទៈ​មនសិការស្នេហាជាតិ និងគិតគូរប្រជាពលរដ្ឋជាធំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ ដោយ៖ Fresh News