Sunday, August 13, 2023

ទស្សនមិត្តអ្នកអាន៖ កម្ពុជា របត់ថ្នាក់ដឹកនាំថ្មីជាមួយនឹងទំនាក់ទំនងមិត្តដែកថែបមហាអំណាចចិន


(ភ្នំពេញ)៖ យុវជន សិស្ស និស្សិតបញ្ញវន្ត ប្រជាជនគ្រប់មជ្ឍដ្ឋានបានសាទរ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ នាយករដ្ឋមន្រ្តីថ្មី ពិសេសឥរិយាបទខាងការទូតរបស់កម្ពុជាក្នុងអាណត្តិទី៧ នេះ!។

ជាការពិតណាស់ ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាន នៅក្នុងប្រទេសមានសន្ដិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីប្រកួតប្រជែង ស្របតាមបទប្បញ្ញត្តិច្បាប់។ ពិសេសម្រាប់អាណត្តិទី៧នេះ កម្ពុជាបានបើកទំព័រប្រវត្តសាស្រ្តជាថ្មីម្តងទៀត ដោយមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លៀសវៃបំផុតគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់ ស្របតាមកត្តាភូមិសាស្រ្ត និងការអំណោយផលផ្នែកធនធានមនុស្ស រួមជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ជាគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល។


ខណៈនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលថ្មីនឹងត្រូវប្រកាសចូលកាន់តំណែង ជំនួបការទូតដំបូងគេបំផុតរវាងថ្នាក់ដឹកនាំចាស់ និងថ្នាក់ដឹកនាំបន្តវេនមុនពេលអាណត្តិទី៧នេះ បានជួបគឺប្រទេសមហាអំណាចដែលជាមិត្តដែកថែបរបស់កម្ពុជាគឺប្រទេសចិន។ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណប្រតិភូមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែសីហានេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាបំផុត ក្នុងនោះ «ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា»។


ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួលបានពីសំឡេងឆ្នោតគាំទ្រចំនួន ៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។


ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ។


ជាក់ស្ដែងតាមរយៈដំណើទស្សនកិច្ចរយៈពេលពីរថ្ងៃនៃថ្នាក់ដឹកនាំកំពូលកាទូតចិនមកកាន់កម្ពុជានាពេលនេះស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ ក៏បានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរផងដែរ៕


ដោយ៖ បណ្ដុំអង្គការសង្គមស៊ីវិល

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

 នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ។


នៅក្នុងជំនួបនេះ, ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។


ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិនទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ ។


ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោ ។

ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។

ឯកឧត្តម វ៉ាង យី ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដោយប្រជាជនជាង ៨០% ទៅបោះឆ្នោត នោះសរបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានប្រើប្រាស់សិទ្ធិពេញលេញ ខណៈប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។

ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី បានគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផងដែរ នៅពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា បានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ៕




បទអត្ថាធិប្បាយ៖ បើសិនជាអ្នកនយោបាយជប៉ុនមួយចំនួនតូច ទទូចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន នោះប្រៀបដូចជាសត្វមមាចប្រលែងភ្លើង ដែលគង់តែដុតសម្លាប់ខ្លួនឯង


(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក ASO Taro អនុប្រធានបក្សសេរីប្រជាធិបតេយ្យ និងជាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើដំណើរទៅកាន់តំបន់ចិនតៃវ៉ាន់ ក្នុងន័យញុះញង់ឱ្យតៃវ៉ាន់ “ត្រៀមចិត្តដើម្បីធ្វើសង្គ្រាមជាមួយមហាដីគោកចិន” ប្រការនេះរងការរិះគន់យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋាននានា ។ មតិមហាជននៅតោះតៃវ៉ាន់បានថ្កោលទោសថា លោក ASO Taro មិនត្រឹមតែមិនបានសូមអភ័យទោសពីការកាន់កាប់អាណានិគមនៅកាលពីមុនចំពោះតៃវ៉ាន់ទេ ថែមទាំងញុះញង់ឱ្យតៃវ៉ាន់អភិវឌ្ឍកម្លាំងយោធានិងត្រៀមរៀបចំធ្វើសង្គ្រាម ទង្វើនេះគឺរុញច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុង «ភ្លើងសង្គ្រាម»។

ក្នុងមជ្ឈដ្ឋាននយោបាយ ក្នុងនាមជាតំណាងស្និទិ្ធជាមួយតៃវ៉ាន់ លោក ASO Taro ធ្លាប់ប្រើពាក្យសំដីមិនសមរម្យជាច្រើនលើក ។ កាលពីឆ្នាំ២០២១ លោកធ្លាប់ឃោសនាបំប៉ោងថា «អាមេរិកនិងជប៉ុនត្រូវរួមគ្នាការពារតៃវ៉ាន់»។ នៅខែមិថុនា ឆ្នាំនេះ លោកក៏បានអះអាងថា «តៃវ៉ាន់ជាខ្សែជីវិតរបស់ជប៉ុន» ។ ក្នុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់លើកនេះ លោកបានញុះញង់ដោយបើកចំហរ ឱ្យតៃវ៉ាន់ប្រើប្រាស់អាវុធ ប្រការទាំងនេះបានលាតត្រដាងនូវទិសដៅសម្ដៅ ទៅរកគ្រោះថ្នាក់របស់ចក្រពត្តិនិយមជប៉ុន ដែលពិបាករលាយសាបសូន្យ ។ ដូច្នេះ ប្រជាជននៅកោះតៃវ៉ាន់បាននិយាយថា ស្ដាប់នូវ “ទ្រឹស្ដីប្រើប្រាស់អាវុធ”របស់លោក ASO Taro គួរឱ្យភ័យខ្លាចណាស់ ដោយសារពាក្យសំដីទាំងនេះធ្វើឱ្យគេនឹកឃើញឡើងវិញ ពីប្រវតិ្តសាស្ត្រអាណានិគមរបស់ជប៉ុន នៅកោះតៃវ៉ាន់ដ៏ឈឺចាប់អស់រយៈពេលពាក់កណ្តាលសតវត្សរ៍។

តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មកម្លេះ ជប៉ុនក៏បានឈ្លានពានតៃវ៉ាន់ ដោយបានចាត់ទុកការនេះជាគោលដៅជាអាទិភាព ដើម្បីកាន់កាប់អាស៊ីខាងកើត និងធ្វើអនុត្តរភាពនៅសកលលោក ព្រមទាំងបានអនុវត្តការវាតទីដោយយោធាមួយចំនួន ។ កាលពីឆ្នាំ១៨៩៥ រាជរដ្ឋាភិបាលនៃរជ្ជកាលឆេងទទួលបរាជ័យក្នុងសង្គ្រាមចិន-ជប៉ុន ហើយបានចុះហត្ថលេខាដោយបង្ខំលើ «សន្ធិសញ្ញា Shimonoseki » ។ ចាប់ពីពេលនោះមក ជប៉ុនបានទន្ទ្រានកាន់កាប់អាណានិគមនៅកោះតៃវ៉ាន់និងប្រជុំកោះ Penghu អស់រយៈពេល៥០ឆ្នាំ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនរាប់មិនអស់។

ដើម្បីពង្រឹងការគ្រប់គ្រងអាណានិគម អ្នកឈ្លានពានជប៉ុនបានប្រើប្រាស់វិធី ដូចជាចាត់តាំងអគ្គទេសាភិបាល កងទ័ព កងរាជអាវុធហត្ថនិងប៉ូលីសជាដើម បង្រ្កាបយ៉ាងសាហាវទៅលើការតស៊ូប្រឆាំងជប៉ុនរបស់ប្រជាជនកោះតៃវ៉ាន់ ។ តាមស្ថិតិមិនពេញលេញ ក្នុងអំឡុងពេលជប៉ុនធ្វើអាណានិគម បានសម្លាប់រង្គាលប្រជាជនកោះតៃវ៉ាន់ប្រហែល៦សែននាក់ គិតជាមធ្យម ក្នុងចំណោមប្រជាជនកោះតៃវ៉ាន់ចំនួន៦នាក់ ក៏មានម្នាក់ស្លាប់បាត់បង់ជីវិត ។ ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី លោក ASO Taro មិនអាចមិនដឹងពីពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនចំពោះប្រទេសចិនឡើយ ។ ប៉ុន្តែលោកបានប្រព្រឹត្តផ្ទុយពីនិន្នាការ ហើយឆ្ការដៃឆ្ការជើងចំពោះកិច្ចការតៃវ៉ាន់ ដោយប្រកាន់អាកប្បកិរិយាក្រអឺតក្រទមរបស់អ្នកអាណានិគម ព្រមទាំងបានបញ្ចេញមតិដ៏មានគ្រោះថ្នាក់ ដែលបានល្មើសនឹងគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយទាំង៤ច្បាប់រវាងចិននិងជប៉ុន ហើយបានបង្កឧបសគ្គកាន់តែច្រើ នដល់ទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ។

ក្នុងនាមជាអនុប្រធានបក្សសេរីប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចរបស់ជប៉ុន ដំណើរទស្សនកិច្ចរបស់លោក ASO Taro លើកនេះបានបង្ហាញដោយប្រយោលពីទិសដៅមួយចំនួនរបស់រដ្ឋាភិបាលជប៉ុន ហើយក៏បានតំណាងឱ្យអាកប្បកិរិយារបស់ កម្លាំងពួកស្តាំរបស់ជប៉ុន ដែលចង់បដិសោធប្រវត្តិសាស្ត្រនិងបដិសេធកែកំហុសរបស់ខ្លួន។ ប៉ុន្តែ ពួកគេបានប៉ាន់ប្រមាណខុសពីស្ថានភាពអន្តរជាតិ និងការប្រៀបធៀបខាងកម្លាំង ។ បើសិនជាខួរក្បាលរបស់អ្នកនយោបាយជប៉ុន មួយចំនួនតូចនៅតែស្ថិតនៅក្នុងកាលពីជាង១រយឆ្នាំមុន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយសម្ដែងឬកពារជាអ្នកអាណានិគម នោះវាប្រៀបដូចជាសត្វមមាចប្រលែងភ្លើង មិនយូរមិនឆាប់គង់តែដុតសម្លាប់ខ្លួនឯង។ ប្រទេសចិននឹងសម្រេចបាននូវ ការបង្រួបបង្រួមប្រទេសជាតិ នេះជានិន្នាការប្រវតិ្តសាស្ត្រដែលមិនអាចរារាំងបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន



លោក វ៉ាង យី ជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន


(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បា​នជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី ក៏មានកម្មវិធីចូលលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជាផងដែរ ដោយផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួមផងដែរ៕







លោក សុខ ចិន្តាសោភា៖ ទំនាក់ទំនងការទូត បង្កើតបានជាមិត្តពដែកថែប ចិនក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា



(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូត ដែលបានបង្កើតជាមិត្តភាពដែកថែបកម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

ការលើកឡើងរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ក្នុងជំនួបនោះ លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក វ៉ាង យី ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកបានថ្លែងអំណរគុណដល់លោក វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកពិភាក្សាការងារដោយផ្ទាល់ ដែលបានផ្តល់ឱកាសដល់លោកបានជម្រាប ជូនអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោក សុខ ចិន្តាសោភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយនៅជំនាន់មុន ហើយដែលត្រូវបានពង្រឹង និងលើកកម្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ រហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០១០។

បន្ថែមពីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ក្នុងឆ្នាំ២០២៣ នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន  និងបានឯកភាពបង្កើតក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

លោក វ៉ាង យី បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេសគឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។

លោក វ៉ាង យី ក៏បានរំលេចនូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

នាឱកាសនោះលោក សុខ ចិន្ដាសោភា និងលោក វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងការផ្តល់ផលប្រយោជន៍រួមផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរមានជំនឿជឿជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌគតិយុត្តសម្រាប់អនុវត្តច្បាប់នេះដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ក៏ដូចការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលល្អត្រចះត្រចង់បន្ថែមទៀត៕










លោក វ៉ាង យី ជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល


(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកវ៉ាង យី បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀល ថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា ដោយនឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។

បន្ថែមពីនេះ លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរផងដែរ៕

លោក វ៉ាង យី ជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា ក្នុងដំណើរទស្សនកិច្ចថ្ងៃទី១

FN (ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការថ្ងៃដំបូង នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកវ៉ាង យី បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀល ថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយលោកក៏ចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា ដោយនឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួមផងដែរ៕