Monday, May 30, 2016

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយ លោក ហូ ហៅវ៉ា អតីតប្រធាននៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិនចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា

យោង​តាមទំព័រ​ហ្វេសប៊ុ​ករបស់​សម្តេ​ចតេជោ ហ៊ុន សែន ដែលមា​នឈ្មោះ​ថា Samdech  Hun Sen, Cambodian Prime Minister ចុះ​​ផ្សាយ នៅព្រឹក​ថ្ងៃទី៣០ ខែឧស​ភា ឆ្នាំ២​០១៦ ​​នេះ          បាន​ឲ្យ​ដឹង​ថា សម្តេ​ច​តេជោ ហ៊ុន សែ​ន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណា​​ចក្រក​ម្ពុ​ជា បា​ន​អនុញ្ញាតអោ​យ លោក​ ហូ ហៅ​វ៉ា (Ho Hou Wah ) អតីត​ប្រធាននៃ​រដ្ឋបាល​ពិសេ​សទីក្រុ​ងម៉ា​កាវ និងជា​អនុស​ភានយោ​បាយចិន​ចូលជួប​សំដែងការគួ​រសម និងពិ​ភាក្សា​ការងារ​នៅវិមានរដ្ឋ​សភា រាជធានីភ្នំ​ពេញ។
លោក ហូ ហៅវ៉ា ក៏បា​នគោរពជម្រា​បជូនស​ម្ដេចតេជោអំ​ពីវត្តមានរបស់​លោក និងគ​ណៈប្រតិ​ភូម​កកាន់កម្ពុជាពេ​លនេះ គឺដើម្បី​ចូលជួ​បសម្ដែងការ​គួរសម​ជាមួយស​ម្ដេចតេជោ ដែល​ឆ្លើយតប​នឹ​ងដំណើរ​ទស្សន​កិច្ចរបស់​សម្ដេច ទៅកាន់​ទីក្រុងម៉ា​កាវកាល​ពីខែតុលា ឆ្នាំ២​០១៥កន្លងទៅ​នេះ និងម្យ៉ា​ងទៀតគឺម​កចូល​រួមសិក្ខា​សាលានិង​ស្វែងយល់​ពីសក្តានុ​ពលវិនិយោ​គនៅ​កម្ពុជា​ជាមួ​យសហគ្រិ​នវ័យក្មេង​ជាង១០០​នាក់ពីម៉ាកាវ តប​តាមការ​អំពាវនា​វរបស់​សម្ដេច​តេជោ។ ទន្ទឹ​មនឹងនេះ គឺដើម្បី​ពង្រឹងទំនាក់ទំ​នងស​ហប្រតិប​ត្តិការរវា​ងកម្ពុជា និងទីក្រុ​ងម៉ាកាវ​ឲ្យកាន់​តែ​ប្រ​សើរ​ឡើង។
សម្ដេ​ចតេ​ជោ ហ៊ុន សែ​ន ក៏បានស្វា​គមន៍ចំពោះ​ដំណើរ​ទស្សនកិ​ច្ចរបស់​លោក ហូ ហៅ​វ៉ា និងគណៈ​ប្រតិភូ ហើយ​សម្តេចបានជំ​រុញឲ្យអ្ន​កវិនិយោ​គម៉ាកាវ មកស្វែង​យល់អំពីឱ​កាសវិនិយោគ​នៅកម្ពុជា ព្រោះប្រទេ​សយើងមា​នសក្ដានុព​លច្រើនក្នុង​នោះដូចជា​ ទេស​ចរណ៍ និង កសិកម្ម​ជាដើម។ ជាជំហ​រគឺកម្ពុជា-ចិ​នបានប្តេ​ជ្ញាជំរុ​ញទំហំពា​ណិជ្ជកម្ម​រវាងប្រទេ​សទាំង​ពីរអោយ​ឡើង​ដល់ ៥ ពាន់លា​ន ដុល្លា​រនៅឆ្នាំ ២០១៧។
សម្តេ​ចតេជោ ក៏បា​នជំរុញឲ្យមា​នជើងហោះ​ហើរត្រង់ពីម៉ា​កាវមកកា​ន់កម្ពុជាឲ្យបា​នកាន់តែច្រើន​ផងដែរ ហើយជា​ពិសេស​សម្តេចតេ​ជោ បានស្នើឲ្យ​ម៉ាកាវទិ​ញកសិផល​ពីកម្ពុជា ជាពិសេស​អង្ករ ហើយយ​កប្រទេស​កម្ពុជាធ្វើ​ជាកន្លែង​ឃ្លាំងកែច្នៃ​រក្សាទុកអ​ង្ករស​ម្រា​ប់នាំចេ​ញទៅកាន់​ទីផ្សារអន្ត​រជាតិ និងទៅ​ប្រទេសមួ​យចំនួនដែ​លទទួលជំនួ​យស្បៀងពី​មិត្តចិន។
លោក​ ហូ ហៅវ៉ា ពេញ​ចិត្តយ៉ាងខ្លាំ​ងចំពោះ​ការលើកឡើ​ងរបស់​សម្តេចតេ​ជោ លោក​នឹងយ​កទៅពិភាក្សា​នៅម៉ា​កាវ។

បច្ចុប្ប​ន្ននេះចិ​នបាន​ក្លាយជាប្រ​ទេសទី​មួយ ដែលមា​នការ​វិនិយោ​គធំជា​ងគេ ផ្តល់ជំ​នួយធំ​ជាងគេ និងមា​នទេស​ចរណ៍ចិន​ច្រើនជា​ងគេ។ ឆ្លៀតក្នុ​ងឱកា​សនោះ      សម្តេច​តេជោ ហ៊ុន សែន បានអ​ញ្ជើញ លោក ហូ ហៅវ៉ា ចូលរួ​មនៅក្នុងវេទិ​កាសេដ្ឋ​កិច្ចពិភព​លោក ដែ​លនឹង​ធ្វើនៅ​កម្ពុជា​ឆ្នាំក្រោ​យនេះ៕






រដ្ឋសភា​បាន​អនុម័ត​ករណី​ចោទ​ប្រកាន់​លើ ឯកឧត្តម កឹម សុខា និងបាន​បោះឆ្នោត​ជ្រើស តំាង​ឯកឧត្តម ខៀវ មុត ជាសមាជិក​ព្រឹទ្ធសភា

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ខែឧសភា ឆ្នាំ២០១៦នេះ បានបើក សម័យប្រជុំលើកទី៦ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំមានចំនួន៦៨រូប។
អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន០៤មកពិភាក្សានិងអនុម័ត ដោយសំឡេងចំនួន៦៨ រួមមាន ១- ការសម្រេចករណី ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវក្រសួងមានសមត្ថកិច្ចធ្វើការចោទប្រកាន់។ ២- ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាចំនួន ០១រូប។ ៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងទី៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។
គិតមកដល់ម៉ោង៩:០០នាទី អង្គសភាបានអនុម័តយល់ព្រម ឲ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធី លើចោទប្រកាន់ ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ចំនួន៦៨ សំឡេង និងបានការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ មុត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៣ ចំនួន៦៨សំឡេង ជំនួសសមាជិកព្រឹទ្ធសភា ០១រូប ដែលបានសុំលាលែង។
អង្គសភាបានកំពុងបន្តពិភាក្សានិងអនុម័តលើរបៀបវារៈផ្សេងៗ។ នៅពេលរដ្ឋសភាបញ្ចប់អង្គ ប្រជុំ អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា ទំាងមូល៕




អ្នកអង្គរ ៖ រវល់ការងារច្រើនយ៉ាងណា តែមិនចោលប្រពៃណី

  ទំនៀម​ទម្លាប់​ប្រពៃណី​គឺជា​អត្ត​សញ្ញា​ណ​មួយ ដែល​ធ្វើ​ឲ្យអ្នក​អង្គរ​មាន​ភាព​ប្លែក​ពីតំ​បន់ដ​ទៃទៀត។ បើ​និយាយ​ពី​ប្រ​ពៃណី​របស់អ្នក​អង្គរ​សព្វថ្ងៃ យើង​សឹង​តែ​អាច​និយាយ​បាន​ថា វាជា​ផ្នែក​មួយ​នៃអវៈ​យវៈរបស់​ពួកគាត់​ទៅហើយ ពោលគឺ មិន​អាច​ខ្វះ​បាន​ក្នុង​ជីវភាព​ប្រ​ចាំថ្ងៃ។ ពេលខ្លះ​ យើង​សង្កេត​ឃើញ​ថា បើគាត់​រវល់ណាស់​ធ្វើអ្វីធំដុំ​មិនទាន់ ក៏គង់​ធ្វើអ្វី​តូចមួយមក​ជំនួសឲ្យ​សមនឹង​កិច្ចពិធី​នោះៗដែរ។ តែទោះ​យ៉ាង​ណា ក៏មិន​ចោល​ទំនៀម​ទម្លាប់ប្រ​ពៃណី​ដែរ។
  ជាក់​ស្តែង​ អ្នកភូមិ​ក្រវ៉ាន់ ដែល​ស្ថិត​នៅជាប់​នឹង​ប្រាសាទ​ក្រវ៉ាន់​នៃតំបន់រ​មណីយដ្ឋាន​អង្គរ ទើ​បតែប្រារព្ធពិ​ធីឆ្លង​ចេត្រ ដែលជា​បុណ្យប្រពៃ​ណីប្រចាំ​ឆ្នាំរបស់ខ្លួន នៅថ្ងៃ​ទី៣០ ខែឧស​ភា ឆ្នាំ២០១​៦នេះ។ ពិធី​បុណ្យឆ្លង​ចេត្រ ជាធ​ម្មតា គេតែង​សង្កេត​ឃើញ​អ្នកអង្គរ​ប្រារព្ធធ្វើក្រោ​យពីពិធីចូល​ឆ្នាំហើយ​មិនយូរប៉ុន្មាន ឬបើយូ​រណាស់ក៏គង់មិ​នហួ​សខាងខ្នើ​តខែពិ​សាខនោះ​ដែរ ព្រោះ​ពិធីនេះ ជា​ពិធីឆ្លងវដ្តរ​ដូវនៃការងា​​រកសិ​កម្ម ពោលគឺ​បញ្ចប់រដូវប្រក​បរបរស្រែច​ម្ការក្នុងឆ្នាំ​ចាស់ និងត្រៀ​មខ្លួនដើម្បីធ្វើ​ស្រែក្នុងឆ្នាំ​ថ្មីទៀត។
  តាមការ​បញ្ជាក់របស់​អ្នកភូមិ ការយឺត​យ៉ាវប្រារព្ធពិ​ធីឆ្លងចេត្រក្នុ​ងឆ្នាំនេះ ដោ​យសារអា​ចារ្យអ្នក​ដឹកនាំរៀប​ចំកម្មវិធីមា​នការរវល់ ដោយអ្ន​កភូមិអញ្ជើ​ញទៅរៀប​ចំពិធីបុណ្យ​ផ្សេងៗច្រើ​នពេក រកពេ​លទំ​នេរមិន​បាន ទើបចេះ​តែពន្យារមួយថ្ងៃ​ហើយមួយថ្ងៃទៀ​ត រហូតធ្លាយ​មកដល់រនោ​ចខែពិសាខដូ​ច្នេះ។ បើទោះជា​ធ្វើក្នុងខែពិសា​ខ ហើយស្ទើ​រតែដល់ចុងខែ​ពិសាខដូច្នេះក្តី ក៏ពិ​ធីនេះ នៅតែមា​នឈ្មោះថា ពិធី​ឆ្លងចេត្រ​ដដែល ព្រោះដូចខា​ងដើមហើយថា ពិធីនេះ​ជាពិធីឆ្លង​វដ្តរដូវនៃ​ការធ្វើស្រែ​ចម្ការ មិនសំ​ខាន់តែ​លើខែចេ​ត្រនោះ​ម្យ៉ាងនោះទេ។
  ទោះជា​រាងយឺតយ៉ា​វបន្តិចក្តី អ្ន​កភូមិក្រវ៉ាន់​នៅតែប្រារ​ព្ធពិធី​ឆ្លងចេត្រយ៉ា​ងសប្បា​យរីករាយ​ដូចរាល់​ឆ្នាំដែរ។ ក្នុងរយៈ​ពេលពីរថ្ងៃ​មួយយប់​នៃពិធីនេះ នៅថ្ងៃ​ទី១នៃពិធី យើង​ឃើញមានការរៀ​បចំពិធីសំ​ខាន់ៗដូចជា ការរៀប​ចំពិធីប្រុង​ពលី លើង​ទង់ ពិធីបួ​សួង ពិធីបំ​បួសភ្នំ​ខ្សាច់ និមន្តព្រះ​សង្ឃចម្រើ​នព្រះប​រិត្ត ហើយរាំ​លែងកម្សា​ន្តក្នុងពេ​លរាត្រី។ កម្មវិធីពេ​លព្រឹក គេរៀបចំ​ប្រគេន​យាគូ នំបញ្ចុ​ក នំបាញ់​ឆែវចំពោះ​ព្រះសង្ឃពេ​​លព្រឹក សម្តែ​ងព្រះធម៌​ទេសនា និង​រៀបចំដា​ក់បាត្រ​ឆ្លងពេ​លថ្ងៃ ដាក់​ទង់ និង​ផ្សឹកភ្នំ​ខ្សាច់​​ដើម្បីប​ញ្ចប់កម្មវិ​ធីបុណ្យ។

  នេះ​ជាពិធី​មួយ ក្នុងចំ​ណោមពិ​ធីដែលជាទំ​នៀមទម្លា​ប់ជាច្រើនរា​ប់មិនអស់​របស់អ្ន​កស្រុក​អង្គរ។ តាមរយៈ​ប្រពៃណី​ទាំងអស់នេះហើ​យ ដែលធ្វើ​ឲ្យអង្គរទាំ​ងមូលមាន​ឈ្មោះថា មត៌ក​រស់។ ការរ​ក្សាបាន​នូវមត៌​ករស់ដែ​លមានអាយុ​កាលដ៏យូ​រលង់នេះ គឺជាមោ​ទនភាពដ៏ក្រៃ​លែងរបស់​ជាតិខ្មែរ ព្រោះ​ថា ជនជា​តិខ្មែរមា​នទំនៀម​ទម្លាប់ មានវប្ប​ធម៌ មានពូជអំ​បូរជារបស់​ខ្លួនពិតប្រា​កដ។ សូមចូ​លរួមថែរក្សា​មត៌ក​វប្បធម៌រ​បស់យើ​ងទាំងអស់គ្នា! ៕