បន្ទាប់ពីហេតុការណ៏ ស្ត្រីទេសចរម្នាក់ឈ្មោះ Vermaat ជនជាតិ ហូឡង់ បានបង្ករការបំផ្លិចបំផ្លាញព្រះពុទ្ធបដិមានៅកណ្តាលប្រាង្គប្រាសាទបាយ័នឲ្យមានការបែកបាក់ជាច្រើនបំណែកកាលពីថ្ងៃទី០៩ តុលាកន្លងមកនេះ អីឡូវត្រូវបានអាជ្ញាធរអប្សរាប្រមែប្រមូលបំណែក ទាំងនោះមកជួសជុលបានរួចរាល់ និងបានដង្ហែរមកតំកល់ទុកនៅទីកន្លែងដើមវិញហើយនៅប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៤នេះ។
មន្ត្រីនគរបាលនាយកដ្ឋានការពារបេតិកភណ្ឌ ប្រចាំនៅអង្គភាពនគរបាលការពារបេតិកភណ្ឌខេត្តសៀម លោកវរៈសេនីយឯកម៉ាន់ ឈឿន បានឲ្យដឹងថា ហេតុការណ៏ដែលនាំឲ្យមានការបែកបាក់ព្រះពុទ្ធបដិមាកន្លងមកនេះគឺជាចេតនាផ្ទាល់ដែលបង្កឡើងដោយស្ត្រីអ្នកទេសចរណ៏ជនជាតិហូឡង់ ពិតប្រាកដមែន។លោកវរៈសេនីយ៍ឯក ម៉ាន់ ឈឿន ក៏បានឲ្យដឹងផងដែរថា « បន្ទាប់ពីបានប្រមែរប្រមូលភស្តុតាងគ្រប់គ្រាន់ និងក៏ឃើញមានការចុះផ្សាយតាមសារព័ត៌មានមកថា ស្ត្រីទេសចរជនជាតិហូឡង់ ម្នាក់នេះបានសារភាពថា ខ្លួនគេពិតជាបានធ្វើឲ្យបែកបាក់ព្រះពុទ្ធបដិមាមកមែន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ សមត្ថកិច្ចរបស់លោក ក៏បានដាក់ពាក្យបណ្តឹងរួចហើយទៅតុលាការខេត្តសៀមរាម ស្របតាមមាត្រាទី៦៣ នៃច្បាប់ស្តីពីការការពារបេតិកភណ្ឌ ដែលពេលនេះលោក នៅរង់ចាំចំណាក់ការពីតុលាការបន្តទៀត»។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរអប្សរា បាននាំដល់ក្រុមការងារបច្ចេកទេសយកបំណែកបែកបាក់ទាំងនោះទៅកាន់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឲ្យក្រុមការងារអភិរក្ស និងជួសជុលថ្ម រៀបចំផ្គុំព្រះពុទ្ធបដិមានេះឡើងវិញា ។ លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្ម បានឲ្យដឹងថា ក្រុមការងាររបស់លោក បានខិតខំប្រមែរប្រមូលនូវបំណែកទាំងតូចទាំងធំ និងបានធ្វើការសិក្សា ផ្គុំបញ្ចូលគ្នាផ្សំជាមួយវត្ថុធាតុដើម ហើយលោកជឿជាក់ថា ពុទ្ធបដិមាក្រោយពីការជួលជុលហើយ នឹងមានគុណភាពរឹងមាំជាងរូបដើមទៅទៀត។
ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអជ្ញាធរអប្សរា បានឲ្យដឹងថា ពេលនេះព្រះបដិមាដែលជនល្មើសបានបង្ករឲ្យបែកបាក់នោះ ត្រូវបានជួសជុលកែលម្អរបានរួចរាល់អស់ហើយ និងបានប្រារព្វពិធីពុទ្ធាភិសេកតាមបែបសាសនា និងដង្ហែមកតំកល់នៅកន្លែងដើមវិញ។ ឯកឧត្តម ប៊ុន ណារិទ្ធ បានមានប្រសាសន៍ថា ក្រោយពីបានតម្កល់ ពុទ្ធបដិមានៅកណ្តាលប្រាសាទបាយ័នវិញរួចហើយនេះ អាជ្ញាធរអប្សរា នឹងខិតខំពង្រឹងការងារគ្រប់គ្របបន្ថែមទៀត ដើម្បី បញ្ចៀសនូវបញ្ហា កុំឲ្យកើយមានសារជាថ្មី។ ឯកឧត្តម ប៊ុន ណារិទ្ធ បានបន្ថែមថា ចំពោះជនជាប់សង្ស័យប្រព្រឹត្តបទល្មើស បំផ្លាញសម្បត្តិបេតិកភណ្ឌ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ ជាចាស់ទុំផ្ទាល់នៅជិតប្រាសាទបាយ័ន បានសំដែងនូវទឹកព្រះទ័យ និងទឹកចិត្តសប្បាយរីករាយចំពោះការនាំព្រះពុទ្ធបដិមានេះមកតំកល់ទុកនៅកន្លែងដើម។ ព្រះចៅអធិការវត្តគោកធ្លក បានមានសង្ឃដីកាថា នៅតាមបណ្តាប្រាសាទនានា សុទ្ធតែមានព្រះពុទ្ធបដិមា សម្រាប់ទុកជាការគោរពបូជាដ៏ខ្ពង់ខ្ពស់របស់ពុទ្ធបរិស័ទ និងជាតិជាតិ អន្តរជាតិ ។ ព្រះអង្គក៏បានអំពាវនាវឲ្យគ្រប់គ្នាមានការចូលរួមថែរក្សាពុទ្ធបដិមា ដើម្បីឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។
សូមរំលឹកថា ហេតុការណ៏បង្កការអន្តរាយដល់ព្រះពុទ្ធបដិមារូបនេះ គឺជាបទពិសោធន៏មួយ ដែលនឹងជំរុញឲ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័គ្រប់ផ្នែក បង្ហាញពីការប្តេជ្ញាចិត្តថែមទៀត ក្នុងការខិតខំរឹតបន្តឹង លើការងារថែរក្សាការពារ គ្រប់គ្រង សម្បត្តិបេតិកភណ្ឌនៅតាមតំបន់ប្រាសាទនានាក្នុងការធានាឲ្យមានសុវត្ថិភាពល្អ ដើម្បីចៀសវាងកុំឲ្យកើតមានករណីបែបនេះជាបន្តទៅទៀត៕