(សៀមរាប)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ បានយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ក៏មានការយាង និងអញ្ជើញចូលរួមដោយ សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អាជ្ញាធរជុំវិញខេត្ត ព្រមទាំងយាយជី ប្រជាពលរដ្ឋ សិស្សានិសិស្ស ជាច្រើនរូប។
ក្នុងឱកាសនោះ សម្តេចព្រះសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា ថ្លែងអំណរព្រះគុណព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»។
សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី មានព្រះបន្ទូលបន្តថា ព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបង្ហាញ យ៉ាងច្បាស់អំពីទឹកព្រះទ័យគោរពស្រឡាញ់បំផុត ចំពោះព្រះពុទ្ធសាសនា ដែលបានកំណត់ត្រាទុកនៅក្នុងរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំដល់ប្រជាជនខ្មែរ ឱ្យស្គាល់អំពីអត្តសញ្ញាណជាតិខ្មែរ លើកស្ទួយវិស័យវប្បធម៌ជាតិ និងជាពិសេសក៏ជាមន្ទីរពេទ្យសម្រាប់ព្យាបាលផ្លូវវចិត្តដ៏សំខាន់មួយ ដែលផ្នែកខាងវេជ្ជសាស្ត្រកម្រអាចព្យាបាលបាន។
សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលទៀតថា មណ្ឌលព្រះកម្មដ្ឋាននេះ មានទំហំសរុបចំនួន ១,០០៤ម៉ែត្រក្រឡា និងចាប់ផ្តើមដំណើការកសាងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ មណ្ឌលព្រះកម្មដ្ឋាននេះ កសាងឡើងតាមការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ដែលសាងសង់អំពីឈើប្រមាណ ៩៨ភាគរយ ក្នុងនោះមានដូចជា ធម្មសាលាមានបណ្តោយ ២៨ម៉ែត្រ ទទឹង ១៤ម៉ែត្រ កំពស់ ១២ម៉ែត្រ រោងធម្មមានបណ្តោយ ៩ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ១០ម៉ែត្រ និងកុដិ២ ទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ កំពស់ ៧ម៉ែត្រ បន្ទប់ទឹកចំនួន២ ទំហំ ៤ម៉ែត្រ គុណ ៣ម៉ែត្រ កំពស់៧ម៉ែត្រ។ មណ្ឌលព្រះកម្មដ្ឋាននេះ នឹងបម្រើពុទ្ធសាសនា និងសង្គមជាតិទាំងមូលយ៉ាងធំធេង ស្របតាមមាគ៌ានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យរីករាយក្រៃលែង ដែលបាមយាងមកចូលរួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ដែលជាព្រះសមិទ្ធផលថ្មី រៀបចំកសាងដោយសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី
និងមហាពុទ្ធបរិស័ទទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏មានព្រះរាជបន្ទូលនាំយកនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត ពីសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះសង្ឃរាជ បួរ គ្រី ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនគណៈអធិបតី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញចូលរួមក្នុងកម្មវិធី។
ជាមួយគ្នានោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសព្វព្រះរាជហឫទ័យចូលរួមវិភាគទាន ៥ពាន់ដុល្លារ សម្រាប់ទ្រទ្រង់មណ្ឌលព្រះកម្មដ្ឋាន និងបានផ្តល់អំណោយដល់យាយជី ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានផងដែរ៕