Tuesday, October 01, 2019

យុទ្ធនាការលើកម្រាម៩ ជាយុទ្ធនាការគាំទ្រផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ! សមត្ថកិច្ចអាចចាត់វិធានការតាមច្បាប់លើអ្នកចូលរួមយុទ្ធនាការនេះ!

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ថា យុទ្ធនាការលើកម្រាម៩ ជាយុទ្ធនាការគាំទ្រផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលសមត្ថកិច្ចអាចចាត់វិធានការតាមច្បាប់លើអ្នកចូលរួមលើយុទ្ធនាការនេះ។ លោក គឹម សន្តិភាព បានពន្យល់ថា ក្រុមមេខ្លោងរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានបង្កើតយុទ្ធនាការលើកម្រាម៩ ដែលតាមការបញ្ជាក់របស់គេ គឺមានន័យថាគាំទ្រថ្ងៃវិលត្រឡប់របស់ទណ្ឌិតសម រង្ស៉ី ៩ វិច្ឆិកា ដែលការពិតនោះមានន័យស្មើនឹងគាំទ្រថ្ងៃកំណត់របស់ក្រុមនេះ ដើម្បីមកធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ហេតុនេះអ្នកចូលរួមក្នុងយុទ្ធនាការលើកម្រាម៩ គឺមានន័យថាចូលរួមគាំទ្រក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោស (បទរួមគំនិតក្បត់) តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ! អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចអនុវត្តរាល់វិធានការច្បាប់ ទៅលើជនទាំងនោះ។
ទន្ទឹមនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់បុគ្គលមួយចំនួន ដែលលង់ខ្លួនក្នុងចលនាប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ឱ្យដកខ្លួនមករាយការណ៍ជូនសមត្ថកិច្ច នោះបុគ្គលមួយចំនួននោះ នឹងទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោសតាមមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ការចេញមុខមកបញ្ជាក់ផ្នែកច្បាប់ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីក្រុមមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានដាក់ចេញនូវយុទ្ធនាការមួយទៀត ដោយបង្ហាញការគាំទ្រចំពោះសកម្មភាពវិលត្រឡប់របស់លោក សម រង្ស៉ី នៅថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ពួកគេបានលើកម្រាមដៃ៩ ថតបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីជាសញ្ញាបង្ហាញការគាំទ្រ។ រាជរដ្ឋា​ភិបាល បានចាត់ទុកថា ផែនការវិលត្រឡប់ជាមួយនឹងការប៉ុនប៉ងផ្តួលរំលំនេះ គឺជារដ្ឋប្រហារខុសច្បាប់ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕




លោក ប្រាក់ សុខុន៖ ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើងហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាងនៃការជ្រៀតជ្រែកផងនិងជាឧបករណ៍នយោបាយអន្តរជាតិផង

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអ.ស.ប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងអំពីតថភាពនៃពិភពលោក ពហុប៉ូល និងភាពផុយស្រួយនៃពហុភាគីនិយម ដោយសារកិច្ចគាំពារនិយម និងឯកតោភាគីនិយម និងការបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ។ លោកបន្តថា ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះ អំណាងនៃការជ្រៀតជ្រែកផង និងជាឧបករណ៍នៃនយោបាយអន្តរជាតិផង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការគោរពគោលការណ៍សមភាព និងអធិបតេយ្យភាព ការគោរពសិទ្ធិក្នុងការចាត់ចែងជោគវាសនាដោយខ្លួនឯង និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញ អ.ស.ប មានសារៈសំខាន់ចាំបាច់ក្នុងការធានាឱ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកនូវមាគ៌ាសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងវឌ្ឍនភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គមហាសន្និបាតអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តោតជាសំខាន់លើគុណភាព និងបរិយាប័ន្ននៃការអភិវឌ្ឍឈរលើស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ» ការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តគាំទ្រលើពហុភាគីនិយម ពាណិជ្ជកម្មសេរី និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងមាន អ.ស.ប ជាស្នូល។
គួរបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអ.ស.ប ក្រោមមូលបទ៖ «ជំរុញកិច្ចប្រឹងប្រែងពហុភាគីសម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕





កិច្ចប្រជុំស្តីពីការចុះពិនិត្យសិក្សាពីផលប៉ះពាល់ខូចខាតដោយសារគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ

ក្រចេះ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក ជាមួយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីសិក្សាពីតម្រូវការក្នុងការស្តារឡើងវិញតាមវិស័យនីមួយៗ ជាពិសេសគឺវិស័យកសិកម្មអាចផ្តល់ពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញនៅពេលដែលទឹកកំពុងតែស្រកចុះវិញនេះ ហើយបន្ទាប់មកលោក បានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន និងបានបន្តសិក្សាស្វែងយល់ពីផលប៉ះពាល់ និងដើម្បីជួបពិភាក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋមូលដ្ឋាន ពីតម្រូវការជាក់ស្តែងក្រោយពីទឹកជំនន់។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន បានសម្រេចជាបន្ទាន់ផ្តល់ស្រូវពូជសម្រាប់ប្រជាពលរដ្ឋធ្វើការស្តារឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះគឺជាប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ទន្ទឹមនេះចំពោះតំបន់ភូមិសាស្ត្រដែលមិនអាចដាំដុះស្រូវទាន់ពេលវេលាបានគឺត្រូវសិក្សាលទ្ធភាពជាក់ស្តែងក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការគាំទ្រការស្តារឡើងវិញក្នុងវិស័យកសិកម្មនេះគឺត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រ បំផុតដោយត្រូវផ្តល់ជាកញ្ចប់ដែលមានពូជ ទឹក បច្ចេកទេស និងផ្នែកខ្លះត្រូវមានប្រេងផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តសហការជាពិសេសគឺក្រសួងកសិកម្ម និងក្រសួងធនធានទឹកដើម្បីជួយដល់ ប្រជាពលរដ្ឋក្នុងការងារស្តារឡើងវិញ នេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីព្រោះនេះគឺជាផ្នែកសំខាន់មួយនៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕









Video ៖ រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ចេញទស្សនានៅទូទាំងប្រទេសមានជាង ១លាន៤សែននាក់

លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥%។លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤%។

លោក ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិ សម រង្ស៉ី ថា «មិនហ៊ានចេញមុខការពារនូវអ្វីដែលខ្លួនបាននិយាយ»

ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បដិសេធមិនហ៊ានភ្នាល់ជាមួយខ្លួន លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចំអកឱ្យទណ្ឌិត សម រង្ស៉ី ដែលមិនហ៊ានចេញមុខការពារនូវអ្វីដែលលោកបាននិយាយ។ លោកចាត់ទុកថា ការដកថយរបស់លោក សម រង្ស៉ី នាពេលនេះ បានបង្ហាញអំពីកម្រិតនៃភាពក្លាហានរបស់ លោក សម រង្ស៉ី ក្នុងការការពារសម្តីរបស់ខ្លួនតែម្តង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងលើ Facebook យ៉ាងដូច្នេះថា៖ «ពាក្យថា មិនចាំបាច់ភ្នាល់ គឺមានន័យស្មើនិង មិនហ៊ានភ្នាល់ :)។ កាលពីម្សិលមិញ ខ្ញុំបានចោទសួរទៅ លោក សម រង្ស៉ី ថាតើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ។ សូមអរគុណលោក សម រង្ស៉ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពី កម្រឹតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក»។
លោកបានបន្តថា «លោក សម រង្ស៉ី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេ គឺមានន័យស្មើនឹង លោក សម រង្ស៉ី មិនហ៊ានភ្នាល់ !!! ពោលគឺមិនហ៊ានចេញមុខ ការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ។ ការនិយាយថា មិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរប្រធានបទពីការការពារអំណះអំណាងរបស់លោក ចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថាជាវិធីសាស្ត្រដកថយ ដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ។ ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៉ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ។ សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ!» ។
សាររបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ពុំហ៊ានភ្នាល់ តាមការបបួលរបស់លោក ក្រោយពីចោទថា សញ្ញាបត្រយោធាពី សាកលវិទ្យាល័យ West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ។
លោក សម រង្ស៉ី បានបដិសេធការភ្នាល់នេះ តាមរយៈបណ្តាញសង្គម Facebook របស់លោក កាលពីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយសរសេរយ៉ាងដូច្នេះថា៖ «ចំណេះដឹង និងជំនាញពិតប្រាកដ ត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្តែង និងស្មារតីទទួលខុសត្រូវ មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នា ដូចកូនក្មេងទេ»។
ចំពោះការភ្នាល់នេះ លោក ហ៊ុន ម៉ាណែត បានដាក់លក្ខ ខណ្ឌ២ចំណុច គឺថា បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោ បាយជារៀងរហូត៕




សូមអញ្ជើញទស្សនាវីដេអូ ៖ សម រង្ស៊ី បានឆ្លងផុតបន្ទាត់ក្រហមប្រជាធិបតេយ្យ ហើយកំពុងអនុវត្តផែនការរដ្ឋប្រហារ!




នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ចេញវីដេអូមួយទៀត ដែលមានចំណងជើងថា «សម រង្ស៊ី បានឆ្លងផុតបន្ទាត់ក្រហមប្រជាធិបតេយ្យ ហើយកំពុងអនុវត្តន៍ផែនការរដ្ឋប្រហារ» មានរយៈពេល ២៣នាទី និង០៤ វិនាទី។

រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ចេញទស្សនានៅទូទាំងប្រទេសមានជាង ១លាន៤សែននាក់

លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥%។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤%។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។
លោករដ្ឋមន្រ្តី ថោង ខុន បានអះអាងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា៖
– ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។
– អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
– បើទោះបីនៅតែជាបញ្ហាស្មុគស្មាញតែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។
– បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។
លោក ថោង ខុន បានបន្ថែមថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរណ៍នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕









ប្រាសាទកណ្តាលស្រះស្រង់ប្រារព្ធពិធីក្រុងពាលីគ្រោងនឹងដំណើរការជួសជុលនាឆ្នាំក្រោយ!

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងលោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពាលីដើម្បីសុំការអនុញ្ញាត ពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
តាមប្រសាសន៍លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធិផលទី២បន្ទាប់ពីរហាត់ទឹកដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីបណ្ឌិត សៀង ចាន់ហេង ដែលបានរួមចំណែកក្នុងការជួសជុលបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។
តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោក ក៏សូមថ្លែងអំណរគុណដល់លោកស្រីនិងក្រុមការងារដែលជាអ្នកវិនិយោគទុនក្នុងវិស័យឯកជន តែងបានគិតគូរដល់វិស័យបេតិកភណ្ឌដែលកំពុងត្រូវការការរួមចំណែកពីសប្បុរសជនគ្រប់ទិសទីដើម្បីជួសជុលមរតកវប្បធម៌ជាតិជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណនិងការដាំកូនឈើដើម្បីលើកកម្ពស់ភាពបៃតងក្នុងតំបន់អង្គរ។ កិច្ចការនេះដែរ គឺលោកស្រីពិតជាគំរូមួយដែលបានបំពេញកាតព្វកិច្ចយ៉ាងល្អក្នុងនាមជាកូនខ្មែរមួយរូប ដែលត្រូវតែមានចំណែកក្នុងការការពារ ថែរក្សាមរតកដូនតាដោយខានពុំបាន។
ក្នុងនាមសប្បុរសជនជួយជួសជុលប្រាសាទកណ្តាលស្រះស្រង់ លោកស្រីបណ្ឌិត សៀង ចាន់ហេង បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី ទសបារមីនៃតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យមានភាពរូបរាងឡើងវិញរួចចាកផុតពីភាពខ្ទេចខ្ទាំ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានឱ្យវិស័យឯកជនរួមចំណែកក្នុងកិច្ចការពារ ថែរក្សា កសាង អភិរក្សនូវសមិទ្ធិផលមរតកបេតិកភណ្ឌដែលដូនតាបន្សល់ទុកឱ្យ ហើយលោកជំទាវនឹងបន្តកិច្ចការនេះជាបន្តបន្ទាប់ទៅតាមលទ្ធភាពនិងឱកាសដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ដែរថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនបានរួមដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។ ដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំង ព្រោះទឹករីង ងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរានឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន













លោក សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ហ្សាក់ ហ្ស៊ីរ៉ាក់ (Jacques Chirac) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

នារសៀលថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ហ្សាក់ ហ្ស៊ីរ៉ាក់ (Jacques Chirac) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅស្ថាន ទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោក ហ្សាក់ ហ្ស៊ីរ៉ាក់ (Jacques Chirac) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានទទួលមរណភាពកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៦ឆ្នាំ និងចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនបារាំង៕






លោក ប៊ិន ស៊ីនាថ ត្រូវបាន​​ផ្ទេរភារ​កិច្ច​ជា​​មន្ត្រី​​ការិយា​ល័យ​អធិការ​កិច្ច​នៅ​មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកប៊ិន ស៊ីនាថ ដែលជាប្រធានការិយាល័យរៀបចំដែន​ដីនគរូបនី​យកម្ម​សំណង់ និងភូមិបាលខណ្ឌពោធិសែនជ័យ​ត្រូវ​បាន​ផ្ទេរភារ​កិច្ចទៅបម្រើការងារ ជាជាមន្ត្រីការិយាល័យ​អធិការកិច្ច​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញវិញ។















ប្រមុខរដ្ឋស្តីទីចង់ឱ្យកម្ពុជា-អាល្លឺម៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរក្នុងអាណត្តិឯកអគ្គរដ្ឋទូតថ្មី

លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានបង្ហាញគោលបំណងចង់ឱ្យកម្ពុជា-អាល្លឺម៉ង់ខិតខំពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ព្រមទាំងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងអាណត្តិការងាររបស់ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជា។ លោកបានលើកឡើងដូចនេះក្នុងឱកាសទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានព្រឹទ្ធសភា។
លោក Christian Berger បានជម្រាប លោកប្រមុខរដ្ឋស្តីទីថា លោកធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ១៩៩១ ដែលពេលនោះប្រទេសកម្ពុជានៅជួបបញ្ហាលំបាកជាច្រើន ហើយប្រៀបដូចជាកូនដើមឈើមួយដើមដែលកំពុងប្រឹងរស់។ តែក្រោយរយៈពេល២០ឆ្នាំ កន្លងទៅ និងនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ អាល្លឺម៉ង-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសអាល្លឺម៉ង់ចង់ជួយឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។ ទន្ទឹមនេះ លោកក៏នឹងខិតខំជួយជំរុញឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជាមួយនឹងសហគន៍អឺរ៉ុបឱ្យកាន់តែប្រសើឡើងដែរ។ ក្នុងន័យនេះ លោកនឹងខិតខំប្រឹងប្រែងជួយដោះស្រាយរាល់បញ្ហា ដែលអាចកើតមានរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុបឱ្យបានល្អផងដែរ។
ប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោកនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីនាំមកនូវប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិរបស់កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕