តាមការអញ្ជើញរបស់លោកជំទាវ ហ្វេដេរីកា ម៉ូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ និងជាអនុប្រធាននៃគណៈកម្មការអឺរ៉ុប និងឯកឧត្តម ហ្សង់ អាសេលប៊ន (Jean Asselborn) រដ្ឋមន្រ្តីការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសលុចសំបួ(Luxembourg) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុបលើកទី ១២ (The 12th Asia-Europe Foreign Ministers’ Meeting - ASEM FMM 12) ក្រោមប្រធានបទ “ធ្វើការរួមគ្នាដើម្បីអនាគតប្រកបដោយចីរភាព និងសន្តិសុខ” ពីថ្ងៃទី០៥ ដល់ ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅប្រទេសលុចសំបួ។
គួរកត់សំគាល់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងរដ្ឋមន្រ្តីការបរទេសជប៉ុន ត្រូវបានជ្រើសរើសតាំងជាតំណាងអោយប្រទេសអាស៊ីទាំង ២១ ប្រទេសដែលជាសមាជិករបស់ “ កិច្ចប្រជុំអាស៊ី - អ៊ឺរ៉ុប ” (ASEM) ដែលជាវេទិកាដ៏សំខាន់មួយសំរាប់ការសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយនិងការផ្លាស់ប្តូរវប្បធម៌ និងសង្គម រវាងអាស៊ី- អ៊ឺរ៉ុប ។
“ក្នុងឋានៈជាវាគ្មិននាំមុខ” ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គៈ “ ការផ្លាស់ប្តូរអាកាសធាតុ របៀបវារៈឆ្នាំ ២០៣០ សំរាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយនិងការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ“ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ដែលក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ៖
ការប្រែប្រួលអាកាសធាតុ បានក្លាយជាការប្រឈមដ៏ធំបំផុតមួយរបស់មនុស្សជាតិ។ យើង បានឃើញមានការផ្លាស់ប្តូរអាកាសធាតុយ៉ាងខ្លាំង ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការធ្លាក់ភ្លៀងច្រើនលើសលុប ទឹកជំនន់ដែលមិនធ្លាប់មាន ភាពរាំងស្ងួត និងការរញ្ជួយដី សឹងតែជា រៀងរាល់ថ្ងៃ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសកល។ ការវិវត្តន៍ទាំងនេះ បានបំផ្លិចបំផ្លាញមនុស្ស និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀង ហើយនិងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តា ប្រទេសកំពុងអភិវឌ្ឍន៍។
ខណៈពេលដែលបណ្តាប្រទេសឧស្សាហកម្ម បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណដ៏ច្រើនបំផុត ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកជាចំបងលើវិស័យកសិកម្ម និងធនធាន ធម្មជាតិ បានទទួលរងដោយវិសមមាត្រ នូវបន្ទុកនៃផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងបានក្លាយជាជនរងគ្រោះដំបូងនៃការថយចុះផ្នែកបរិស្ថាន ថ្វីត្បិតពួកគេបានបញ្ចេញនូវសារធាតុកាបូនឌីអុកស៊ីតក្នុងបរិមាណតិចតួចក៍ដោយ ។
ដូចយើងបានដឹងហើយ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានទទួលរងខ្លាំងជាងគេនូវផល ប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដោយសមត្ថភាពរបស់ប្រទេសទាំងនោះក្នុង ការឆ្លើយតបទៅនឹងផលប៉ះពាល់នេះនៅមានកំរិត។ ដូចនេះ បណ្តាប្រទេសទាំងនោះត្រូវការ ការគាំទ្រផ្នែកស្ថាប័ន បច្ចេកទេស និងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ សំរាប់ការកាត់បន្ថយ និងការបន្សាំ ជាមួយការប្រែប្រួលអាកាសធាតុ។
នៅអាស៊ីអាគ្នេយ៍ ការប្រែប្រួលអាកាសធាតុបានក្លាយជាគ្រោះមហន្តរាយធំមួយ។ ក្នុង ឋានៈជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ “សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០១៤” ដែលបានអំពាវនាវឲ្យ “ពង្រឹងសមត្ថភាព ឆ្លើយតបឆាប់រហ័សរបស់អាស៊ាន ដើម្បីឲ្យមានប្រសិទ្ធភាព និងសកម្មជាងមុន ក្នុងពេលមាន គ្រោះមហន្តរាយធម្មជាតិ តាមរយៈយន្តការដែលមានក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ ហើយនិងប្តេជ្ញាចិត្តអនុវត្តតាមសម័យប្រជុំ លើកទី២១នៃភាគីសន្និសិទ នៅទីក្រុងប៉ារីសសំរាប់រយៈកាលក្រោយឆ្នាំ២០២០” ។
ក៏ដូចគ្នាដែរ បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ក៏ងាយរងគ្រោះចំពោះការប្រែប្រួល អាកាសធាតុដែរ។ ពួកគេបានបង្កើតឡើងនូវយន្តការសហប្រតិបត្តិការជាមួយនឹងដៃគូអភិវឌ្ឍ សំខាន់ៗមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ កិច្ចសហប្រតិបត្តិការមេគង្គ-ឥណ្ឌា គំនិតផ្តួចផ្តើមមេគង្គក្រោមមេគង្គ-អាមេរិក ហើយ និងកិច្ចសហប្រតិបត្តិ គោលបំណង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់ការប្រែប្រួលអាកាសធាតុក្នុងអនុតំបន់ មេគង្គ។
កម្ពុជាបានអនុម័តនៅឆ្នាំ១៩៩៦ នូវអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការ ប្រែប្រួលអាកាសធាតុ។ នាយករដ្ឋមន្ត្រីរបស់យើងខ្ញុំ សមេ្តចតេជោ ហ៊ុន សែន ក្នុងឋានៈជា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុម័តថ្មីៗនេះនូវ ផែនការយុទ្ធ- សាស្រ្តរបស់កម្ពុជាស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០១៤-២០១៨ ដែលជាឯកសារ នយោបាយជាតិទូលំទូលាយលើកដំបូងរបស់ប្រទេសយើងខ្ញុំ។ ផែនការយុទ្ធសាស្ត្រនេះ គឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើសមាហរណកម្មការប្រែប្រួលអាកាសធាតុ ទៅក្នុ្ងងផែនការ អភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិឆ្នាំ២០១៤-២០១៨។
ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្ររបស់កម្ពុជាឆ្លើយតបដោយប្រសិទ្ធភាព ចំពោះ ”គោល- ដៅទី១៣” នៃរបៀបវារៈសំរាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលបានអំពាវនាវ ឲ្យ៖ “ធ្វើសមាហរណកម្មវិធានការប្រែប្រួលអាកាសធាតុទៅក្នុងនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិ ហើយនិងកែលំអរការអប់រំ ការលើកកម្ពស់ការយល់ដឹង ហើយនិង សមត្ថភាពរបស់ស្ថាប័ន និងមនុស្សក្នុងការកាត់បន្ថយ ការបន្សាំ ការបន្ថយផលប៉ះពាល់ និងការជូនព័ត៌មានឆាប់រហ័យ អំពីការប្រែប្រួលអាកាសធាតុ”។
ម្យ៉ាងទៀតកម្ពុជាក៏បានអនុម័ត យុទ្ធសាស្ត្របរិស្ថានជាតិ និងផែនការសកម្មភាពមួយ ដែលជាវិធានការមួយផ្សេងទៀត ដើម្បីសំរេចបានកិច្ចអភិវឌ្ឍន៍កំណើនបៃតងប្រកបដោយចីរ- ភាពរបស់ខ្លួន។ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង ”កម្មវិធីបរិស្ថានស្នូលមហាអនុតំបន់មេគង្គ“ ។
ការប្រែប្រួលអាកាសធាតុគឺជាការដាស់ស្មារតី ដែលរំលឹកយើងថា វាជាតំរូវការបន្ទាន់ក្នុង ការចាត់វិធានការ និងធ្វើសកម្មភាពឲ្យបានជាក់លាក់។ យើងចំបាច់ត្រូវផ្លាស់ប្តូរឥរិយាបថ ក្នុងការគិតគូរ និងការអនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយនិង ផលវិបាករបស់វានៅពាសពេញពិភពលោក។ បើមិនដូច្នេះទេ ខ្ញុំជឿជាក់ថា មនុស្សជំនាន់ ក្រោយនឹងទទួលរងផលវិបាកកាន់តែធ្ងន់ធ្ងរថែមទៀតពីកំណើនកំដៅពិភពលោក ដែលមាន ភាពកាន់តែអាក្រក់ទៅពីមួយឆ្នាំទៅមួយឆ្នាំ។
ដូចនេះ ខុសប្លែកពីសម័យប្រជុំលើកមុននៃភាគីសន្និសីទដែលបានលើកឡើងនូវការសន្យា និងការប្តេជ្ញាចិត្តជាច្រើន ក៏ប៉ុន្តែជាអកុសលមិនបានអនុវត្ត កម្ពុជាទន្ទឹងចាំដោយក្តីអន្ទះសារ ចំពោះសន្និសីទលើកទី២១នៃភាគីរបស់អនុសញ្ញាក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស ក្នុងខែក្រោយ ថានឹងសំរេចបាន លទ្ធផលដែលមានលក្ខណៈបង្ខំឲ្យអនុវត្ត (binding) ស្របតាមគោលការណ៍ “ការទទួល ខុសត្រូវរួម ប៉ុន្តែមានភាពផ្សេងៗគ្នា” ដើម្បីដោះស្រាយដោយប្រសិទ្ធភាពចំពោះការគំរាម កំហែងជាសកលរបស់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នានាមកលើសុខុមាលភាព ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ក៏បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំមិនចំហរ(Retreat Session) ផងដែរ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ តាមសំនើសុំរបស់ភាគីមិត្ត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានជួបទ្វេភាគីជាមួយ ៖ រដ្ឋមន្រ្តីការបរទេសហូឡង់ រដ្ឋមន្រ្តីការបរទេសហុងគ្រី អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញ និងអគ្គលេខាធិការក្រសួងកាបរទេសអេសតូនី ។ ការពិភាក្សាបានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនិងការផ្លាស់ប្តូយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ។