យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងជីងហុង ខេត្ត យូណានសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ នឹងពិភាក្សាលើការបង្កើតរចនាសម្ព័ន្ធរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយនឹងផ្លាស់ប្តូរយោបល់លើបញ្ជីគំរោងដែលឆាប់ទទួលបានផល ក្នុងកិច្ចប្រជុំសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានទឹកសុខភាពសាធារណៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវប្បធម៌។
កិច្ចប្រជុំនេះ ក៏នឹងពិនិត្យអំពីទំនាក់ទំនងរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹង ក្របខ័ណ្ឌអនុតំបន់ដទៃទៀតដូចជា កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ានអាងទន្លេមេគង្គផងដែរ៕

No comments:
Post a Comment