(ភ្នំពេញ)៖ អាណត្តិទី៥ ជាអាណត្តិនៃកំណែទម្រង់ដ៏ស៊ីជម្រៅរស់រវើក និងរឹតតែអាចសង្ឃឹមខ្លាំងឡើងពីប្រសិទ្ធភាពខ្ពស់ ក្នុងការងាររបស់រាជរដ្ឋាភិបាល។ ទោះបីជានាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះឆ្នោតជាប់ៗគ្នា៥អាណត្តិហើយក៏ដោយ ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា នាយករដ្ឋមន្ត្រី មិនបានព្រងើយកន្តើយ និងកិច្ចខិតខំប្រឹងប្រែងក្នុងការងារដឹកនាំប្រទេសរបស់ខ្លួននោះទេ។ ជាពិសេសបទពិសោធន៍ដ៏គួរឱ្យព្រួយបារម្ភ ជុំវិញការធ្លាក់នូវសំលេងគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៣កន្លងទៅ គឺបានដាស់ស្មារតី មេដឹកនាំកម្ពុជាកាន់តែខ្លាំងឡើង។
ទោះជាយ៉ាងណា ការធ្លាក់នូវសំលេងគាំទ្រពីពលរដ្ឋតាមរយៈការបោះឆ្នោត មិនបានធ្វើឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន បាក់ទឹកចិត្តឡើយ ប៉ុន្តែការធ្លាក់ចុះនូវសំលេងគាំទ្រនេះ បានប្រែក្លាយជាកំលាំងចលករ រុញច្រានបុរសខ្លាំងនៅកម្ពុជារូបនេះ ឱ្យកាន់តែពុះពារជម្នះរាល់ឧបសគ្គ និងភាពរាំងស្ទះទាំងឡាយទាំងពួង ដោយខិតខំរិះរកមធ្យោបាយ ដើម្បីកែទម្រង់នូវចំនុចខ្វះខាត ក្នុងការដឹកនាំរបស់ខ្លួនឡើងវិញ។ ទន្ទឹមនិងការប្រឹងប្រែងកែទម្រង់កាន់តែខ្លាំងក្លាឡើង របស់រដ្ឋាភិបាល គណបក្សប្រឆាំងដែលដណ្តើមសំលេងបានច្រើនគួរសម ពីគណបក្សកាន់អំណាចនៅឆ្នាំ២០១៣ កំពុងត្រូវបានគេមើលឃើញថា បានចុះខ្សោយ និងធ្លាក់កូដខ្លាំងដោយសារតែភាពគ្មានទំនួលខុសត្រូវក្នុងការងារ ការមិនឱ្យតម្លៃសកម្មជន និងអ្នកគាំទ្រ។
តាមការរំពឹងទុករបស់អ្នកវិភាគនយោបាយមួយចំនួននៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា បើរដ្ឋាភិបាល ពិតជាមានឆន្ទៈមោះមុតក្នុងការធ្វើកំណែទម្រង់មែននោះ បក្សប្រឆាំងអាចនិងពិបាកក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាច ព្រោះចំណុចខុសគ្នារវាងគណបក្សទាំងពីរ ដែលពលរដ្ឋម្ចាស់ឆ្នោតយកមកពិចារណា គឺគណបក្សកាន់អំណាច ជាអ្នកដែលបានកាន់ការងារជាតិ បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន។ ផ្ទុយទៅវិញបក្សប្រឆាំងបានត្រឹមតែរិះគន់ វាយប្រហារ នូវចន្លោះប្រហោង ដែលរដ្ឋាភិបាល មិនទាន់អាចបំពេញបាន និងទាក់ទាញការគាំទ្រពីពលរដ្ឋ ប៉ុន្តែជាក់ស្តែងពួកគេមិនដែលមានស្នាដៃអ្វីបន្តិចសោះ សម្រាប់ជាតិមាតុភូមិ។
មួយវិញទៀតអ្នកវិភាគសង្គមជាច្រើនយល់ឃើញស្របគ្នាថា ការធ្លាក់ចុះនូវប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចកន្លងមក មិនមែនដោយសារតែភាពខ្លាំងរបស់គណបក្សប្រឆាំងនោះទេ ប៉ុន្តែការធ្លាក់ចុះនោះ គឺដោយសារតែកំសោយការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោម ពិសេសមន្ត្រីដែលកាន់ការងារនៅមូលដ្ឋាន ដែលបានបង្កការមិនពេញចិត្តពីពលរដ្ឋ និងការមិនសូវចាប់អារម្មណ៍លើបណ្តាញសង្គម Facebook។ មួយវិញទៀត ការធ្លាក់ចុះនូវសំលេងឆ្នោតគាំទ្រគណបក្សកាន់អំណាច ក៏មិនឆ្លុះបញ្ចាំងថា ពលរដ្ឋកម្ពុជាមិនពេញចិត្តរដ្ឋាភិបាលនោះដែរ ព្រោះពលរដ្ឋខ្មែរភាគច្រើន នៅតែបន្តបោះឆ្នោតគាំទ្របក្សកាន់អំណាចឱ្យដឹកនាំប្រទេសដដែល។
អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បានបង្ហាញទស្សនៈដូចៗគ្នាថា នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដែលបានផ្តល់នូវការជឿជាក់ និងទំនុកចិត្តកាន់តែខ្ពស់ដល់ពលរដ្ឋ។ រដ្ឋាភិបាលបានរុះរើគណៈរដ្ឋមន្ត្រី ដោយបានផ្លាស់ប្តូរដំណែងរដ្ឋមន្ត្រីសំខាន់ៗជាច្រើន ហើយបានជំនួសដោយរដ្ឋមន្ត្រីថ្មីៗ ដែលមានសមត្ថភាពបំពេញការងារកាន់តែខ្ពស់។ រដ្ឋាភិបាល បានធ្វើកំណែទម្រង់គ្រប់វិស័យ ឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការប្រមូលពន្ធ វិស័យអប់រំ យោធា បរិសា្ថន កសិកម្ម ពាណិជ្ជកម្ម ការបរទេស មហាផ្ទៃ ទេសចរណ៍។ល។ ក្រៅពីនេះការកែសម្រួលកាន់តែប្រសើរឡើង នូវសេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយរឹតបណ្តឹងកាន់តែខ្លាំងឡើង ចំពោះភាពអសកម្មរបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន នៅតាមភូមិឃុំជាដើម។
ជាងនេះទៅទៀត យុទ្ធនាការ២៥រាជធានី ខេត្ត ក្រុង របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេយល់ឃើញថា ពិតជាមានប្រយោជន៍យ៉ាងខ្លាំង ក្នុងដំណើរការប្រមូលព័ត៌មានពិត របស់រដ្ឋាភិបាលដើម្បីកែទម្រង់កិច្ចការរបស់ខ្លួន។ លើសពីនេះពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។ ពលរដ្ឋកម្ពុជានៅតាមបណ្តារាជធានីខេត្តនានា គ្រប់និន្នាការនយោបាយបានសម្តែងសុទិដ្ឋិនិយមដូចគ្នាថា វត្តមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាផ្តល់ផលប្រយោជន៍ជាច្រើនដល់ពួកគាត់។
ជាក់ស្តែងគឺមានដំណោះស្រាយភ្លាមៗ និងមានប្រសិទ្ធភាពខ្ពស់ ដូចជាការសាងសង់ផ្សារតាមបណ្តាខេត្តមួយចំនួន និងបានចេញសារាចរ ស្តីពីការគ្រប់គ្រងផ្សារទូទាំងប្រទេស ដោយបងប្អូនអាជីវករទាំងអស់អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់តកូនតចៅបាន។ កំឡុងពេលចុះតាមបណ្តាខេត្តនេះដែរ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់នូវសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ដោះស្រាយបញ្ហាដីធ្លី រួមទាំងសំណូមពរជាច្រើនទៀតយ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះ ការប្រើប្រាស់បណ្តាញសង្គម Facebook របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ជាយុទ្ធសាស្ត្រនៃកំណែទម្រង់ដ៏ពេញនិយម ដែលបានដោះស្រាយបញ្ហានានាជាច្រើនជូនពលរដ្ឋ និងទទួលបានការគាំទ្រខ្លាំង ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង។
ងាកមកមើលគណបក្សប្រឆាំងវិញ គេសង្កេតឃើញថា បក្សមួយនេះ ទទួលរងការរិះគន់ពីអ្នកវិភាគនយោបាយ និងសង្គមយ៉ាងច្រើនពិសេសនៅអាណត្តិទី៥នេះ។ ជាក់ស្តែងអ្នកវិភាគឯករាជ្យជាច្រើនដែលគេតែងដឹងថា បានគាំទ្របក្សប្រឆាំងនោះ ក៏បានសំដែងការខកចិត្ត និងស្តីបន្ទោសជាញឹកញយចំពោះមេដឹកនាំបក្សប្រឆាំង។ បក្សប្រឆាំងត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលមេដឹកនាំបក្សនេះ សន្យាថា មិនចូលសភា ប៉ុន្តែពួកគេបែរជាចូលសភាទៅវិញ ដោយសារតែអំណាច តួនាទី និងប្រាក់ខែ (ក្បត់ឆន្ទៈរាស្ត្រ) ហើយពេលបានចូលសភា បើកប្រាក់ខែមួយខែៗជាង១០ម៉ឺនដុល្លារ ប៉ុន្តែអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺមិនបានទៅបំពេញការងារតាមតួនាទី ដែលពលរដ្ឋបោះឆ្នោតឱ្យឡើយ។ បក្សប្រឆាំង បានបង្ហាញកន្ទុយកាន់តែច្បាស់ ដោយបញ្ចេញនូវចេតនាបំផ្លាញពលរដ្ឋខ្មែរខ្លួនឯង ព្រោះតែចង់ធ្វើបាបរដ្ឋាភិបាល ដោយពួកគេកាន់តែបើកចំហរឡើងនូវភាពអាក្រក់របស់ខ្លួន ដូចជាការទាមទារឱ្យបរទេសដាក់គំនាបលើកម្ពុជា ផ្តាច់ជំនួយ និងបិទទីផ្សារជាដើម។
មេដឹកនាំបក្សប្រឆាំង មិនដែលបានហៅអ្នកវិនិយោគគិន មកវិនិយោគនៅកម្ពុជានោះទេ ប៉ុន្តែពួកគេបែរជាធ្វើឱ្យកម្មករអស់សង្ឃឹម តាមរយៈការញុះញង់ បណ្តេញអ្នកវិនិយោគចេញពីកម្ពុជាទៅវិញ។ ការសន្យាខ្យល់មិនបានអនុវត្តតាម ក៏ជាដើមចមនៃការខឹងសម្បារបស់អ្នកគាំទ្របក្សប្រឆាំងដែរ ព្រោះគោលនយោបាយ សន្យាខ្យល់គ្មានការពិតរបស់ពួកគេ ត្រូវបានលាតត្រដាងបន្តិចម្តងៗ ដូចជាសន្យាផ្តល់លុយឱ្យចាស់ៗ១ខែ៤ម៉ឺនរៀល ការសន្យាចែកមេគោឱ្យពលរដ្ឋ ការសន្យាទាមទារប្រាក់ខែឱ្យកម្មករ ១៦០ដុល្លារ និងការសន្យាដំឡើងប្រាក់ខែមន្ត្រីរាជការ១លានរៀល។
ប៉ុន្តែចំណុចមួយចំនួន ដែលបក្សប្រឆាំងយកទៅឃោសនាបោកពលរដ្ឋ បែរជារដ្ឋាភិបាលយកទៅអនុវត្តទៅវិញ ជាក់សែ្តងការចរចារដំឡើងប្រាក់ខែកម្មករកាន់តែខ្ពស់ ការសំរួលដល់ជីវភាពកម្មករ តាមរយៈការបញ្ចុះថ្លៃអគ្គិសនី ទឹក និងផ្ទះជួល និងការដំឡើងបៀវត្សជូនមន្ត្រីរាជការស៊ីវិលជាដើម។ ការធ្លាក់ចុះនូវប្រជាប្រិយភាព កាន់តែខ្លាំងពីអ្នកគាំទ្រ របស់បក្សប្រឆាំង គឺមេដឹកនាំបក្សនេះ បានសន្យាថា និងរួមធ្វើកិច្ចការជាមួយរដ្ឋាភិបាល ដោយប្រើប្រាស់វប្បធម៌សន្ទនាជាយន្តការជួយ អភិវឌ្ឍន៍ជាតិ ប៉ុន្តែទីបំផុតមេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នបានក្លាយជាទណ្ឌិត បានបំផ្លាញការសន្យារបស់ខ្លួនចោល ដោយជាន់ឈ្លីវប្បធម៌សន្ទនា ដោយខ្លួនឯង។ សកម្មជនបក្សប្រឆាំងជាច្រើនត្រូវបានគេមើលឃើញថា បានបាក់ទឹកចិត្តយ៉ាងខ្លាំង នៅពេលដែលមេដឹកនាំរបស់ខ្លួន បានត្រឹមតែរុញពួកខ្លួនឱ្យជាប់គុក ដោយគ្មានដំណោះស្រាយ (មេដឹកនាំគ្មានទំនួលខុសត្រូវ)។ ជាមួយនេះបក្សប្រឆាំងក៏កំពុងជួបវិបត្តិក្បាលម៉ាស៊ីនដឹកនាំ ជម្លោះរវាងបក្សទាំងពីរ ដែលបញ្ចូលគ្នាជាបក្សតែមួយ បញ្ហាអំពើពុករលួយ បក្ខពួកនិយមក្នុងបក្ស អំពាវឱ្យប្រជាពលរដ្ឋឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលទាត់ចោលតម្លៃអ្នកចាស់ ធ្វើឱ្យបាក់ទឹកចិត្ត រហូតមានសកម្មជនតាមខេត្តមួយចំនួន បានសុំចុះចូលជាមួយបក្សកាន់អំណាច។ ជាងនេះទៅទៀត ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មេដឹកនាំបក្សប្រឆាំងកាន់តែធ្លាក់ចុះខ្លាំង ដោយម្នាក់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្រីញី និងម្នាក់ទៀតមានបណ្តឹងរួតរឹតពេញខ្លួន ធ្វើឱ្យអ្នកគាំទ្រអស់ជំនឿ ហើយមេដឹកនាំបក្សប្រឆាំងទាំងពីរ គឺជាអ្នកបញ្ចប់ជីវិតនយោបាយរបស់ខ្លួនដោយខ្លួនឯង។
សរុបមក មជ្ឈដ្ឋានទូទៅទាំងពលរដ្ឋ និងអ្នកវិភាគសា្ថនការណ៍នយោបាយនៅកម្ពុជា មើលឃើញស្រដៀងគ្នាថា បើគណបក្សកាន់អំណាចកាន់តែខំប្រឹងបំពេញ ការងាររបស់ខ្លួនបានកាន់តែល្អ គឺបក្សប្រឆាំងនឹងកាន់តែចុះខ្សោយទៅៗ ហើយកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គេរំពឹងថា អាចទម្លាក់ប្រជាប្រិយភាពរបស់បក្សប្រឆាំង ឱ្យធ្លាក់ដល់កម្រិតទាបបំផុត ឬស្ទើរតែរលាយបក្ស។ ដូច្នេះក្រៅពីធ្វើនយោបាយជេរបញ្ចោរ វាយប្រហារ បំភ័ន្តបំភ្លៃ លាបពណ៌ និងដុតកំហឹងជាតិសាសន៍លើបក្សកាន់អំណាច បក្សប្រឆាំងគួរតែបង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច ជាពិសេសត្រូវគិតគូរឡើងវិញពីបេក្ខភាពថ្មី ដើម្បីដឹកនាំក្បាលម៉ាស៊ីនបក្ស ជំនួសឱ្យមេបក្ស ដែលជាទណ្ឌិតបាត់បង់សិទ្ធិធ្វើនយោបាយ៕
ដោយ៖ អ្នកវិភាគតុកាហ្វេ