Thursday, June 02, 2022

ទស្សនៈមិត្តអ្នកអាន៖ ការនិយាយថា ខ្មែរក្រទៅក្រទៅ គឺមិនត្រឹមត្រូវនោះទេ !

(ភ្នំពេញ)៖ ពាក្យថា « ខ្មែរក្រទៅក្រទៅ» នរណាក៏ធ្លាប់ស្តាប់លឺពាក្យនេះដែរ ហើយដល់ស្តាប់យូរទៅ ហើយថែមទាំងឃើញឡានលុចស៊ីស រ៉ូលរ៉យ ជិះពេញផ្លូវនៅក្រុងភ្នំពេញ ទន្ទឹមគ្នានឹងអ្នកដើរសុំទាននៅតាមភ្លើងស្តុប យើងក៏ប្រហែលជាអាចនឹកភ្នកក្នុងចិត្តថា តិចដូចគេថាមែនទៅ។ តើយើងគួរជឿតាមគេថា ឬគួរជឿតាមអារម្មណ៍ ដោយគ្មានការពិចារណាឬយ៉ាងណា?

ប្រាកដជាអត់ហើយ។ បើដូច្នេះ តើយើងមានអំណះអំណាង ឬសូចនាករអ្វីដើម្បីធ្វើជាមូលដ្ឋានវាស់វែងភាពមានក្រ និងដើម្បីវែកញែក ដោយសត្យានុម័តទៅលើសំណួរខាងលើនេះ?


ឥឡូវយើងពិភាក្សា និងពិចារណាលើបញ្ហានេះទាំងអស់គ្នា។

ដំបូង យើងយកតួលេខវិទ្យាសាស្ត្រមកពិនិត្យ។ ដើម្បីដឹងថាប្រទេសមួយក្រ ឬមាន ជាទូទៅគឺគេពិនិត្យមើលលើអត្រាភាពក្រីក្រ ពោលគឺភាគរយនៃចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលមានចំណូលតិចជាង១,៩ដុល្លារក្នុងមួយថ្ងៃ។ សូចនាករមួយទៀតគឺការពិនិត្យមើលទំហំនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស ឬ GDP) ឬចំណូលជាតិដុល (GNI) ក្នុងប្រជាជនម្នាក់ៗ។


តួលេខរបស់ធនាគារពិភពលោកបានបង្ហាញថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពី ពី ៥៣% ក្នុងឆ្នាំ២០០៤, មកនៅ ៤៧,៨% នៅឆ្នាំ២០០៧ និងមកនៅត្រឹម ១៣,៥%នៅឆ្នាំ២០១៤។ តួលេខនេះបានបន្តធ្លាក់ចុះនៅក្រោមកម្រិត ១០% នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ វាយលុក។ ដើម្បីទប់កុំឱ្យពលរដ្ឋជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រសាជាថ្មី ដោយសារវិបត្តិជំងឺកូវីដ រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជាង៤០លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភជីវភាពដល់ក្រុមគ្រួសារក្រីក្រជាង ៧សែនគ្រួសារ ឬស្មើនឹងប្រជាជនជាង ៣លាននាក់។


យ៉ាងណាក្តី យោងតាមការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ថ្មីៗនេះ កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ ២០១៩/២០២០ ហើយខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៅកម្ពុជា បច្ចុប្បន្នគឺស្មើនឹង ១០.៩៥១ រៀល ឬស្មើនឹង ២,៧ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ។ ជាមួយនឹងខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល ១៨% នៃប្រជាជនកម្ពុជាត្រូវបានកំណត់ថាជាអ្នកក្រីក្រ។


បើគ្មានវិបត្តិកូវីដកើតឡើងទេ អត្រាភាពក្រីក្ររបស់កម្ពុជាគឺធ្លាក់ថយចុះជាលំដាប់ ដូច្នេះ ការនិយាយថា ខ្មែរក្រទៅក្រទៅគឺមិនត្រឹមត្រូវនោះទេ។ កំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧% ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០១៩ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានកំណើនលឿនបំផុតមួយនៅក្នុងពិភពលោក និងបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងចំណោម ៦៩ ប្រទេស ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបាន ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីបួនលើការកាត់បន្ថយភាពក្រីក្រលឿនបំផុតក្នុងពិភពលោក។


ឥឡូវយើងពិនិត្យមើលតួលេខនៃចំណូលជាតិដុល (GNI) វិញម្តង។ យោងតាមតួលេខរបស់ធនាគារពិភពលោក GNI សម្រាប់ប្រជាជនម្នាក់ៗមានចំនួន ៤៧៣,៧ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០០០ ប៉ុន្តែតួលេខនេះបានកើនឡើងជាបន្តបន្ទាប់ដល់ ៨៥៣,៣ដុល្លារក្នុងឆ្នាំ២០១០, ១១៤០ដុល្លារក្នុងឆ្នាំ២០១៦ និងដល់ចំនួន ១៥៣០ដុល្លារក្នុងឆ្នាំ២០១៩។ ជាមួយនឹងកំណើននេះ ធនាគារពិភពលោកបានកំណត់ជាផ្លូវការថា កម្ពុជាបានចាកចេញពីប្រភេទប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦។ ធនាគារពិភពលោកបានកំណត់និយមន័យថា ប្រទេសដែលមានចំណូលទាប គឺសំដៅលើប្រទេសដែលមាន GNI សម្រាប់ប្រជាជនម្នាក់ៗតិចជាង ១០២៥ដុល្លារ។


ជួនកាលពេលយើងនិយាយពីតួលេខ និងស្ថិតិ យើងអាចពិបាកយល់ដែរ ហើយការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច ពេលខ្លះយើងពិបាកនឹងស្វែងយល់ដឹង នៅពេលដែលយើងមើលតែអ្វីដែលឃើញចំពោះមុខ។ ការកើនឡើងកម្រិតសេដ្ឋកិច្ច និងជីវភាពប្រជាជន គឺត្រូវមើលប្រៀបធៀបថយក្រោយ ទើបយ៉ាងអាចដឹងបានថា យើងដើរបានប៉ុណ្ណា យើងបានរីកចម្រើនប៉ុណ្ណាហើយ។


ឥឡូវយើងមើលពីការសង្កេតទិដ្ឋភាពជាទូទៅវិញ ដោយមិនចាំបាច់ប្រើចំណេះដឹងសេដ្ឋកិច្ច។ និយាយដោយសាមញ្ញ បើសិនជាកម្ពុជាមានអត្រាភាពក្រីក្រធ្លាក់ចុះ នោះក៏បានន័យថា កម្ពុជាមានចំនួនអ្នកមានកើនឡើង ឬមានចំនួនអ្នកមានចំណូលមធ្យមកើនឡើងដែរ ប៉ុន្តែ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច យើងពុំទាន់មានសូចនាករសម្រាប់វាស់ទំហំនៃអ្នកដែលមានចំណូលមធ្យម ឬចំនួនអ្នកមាននោះឡើយ។

ប៉ុន្តែ យើងគួរតែអាចប៉ាន់ស្មានបានដោយប្រយោលដោយសង្កេតមើលពីទំហំប្រជាជនដែលរស់នៅក្នុងទីក្រុង ជាពិសេសទីក្រុងធំៗ ដូចជារាជធានីភ្នំពេញ។ នៅឆ្នាំ២០០៨ ភ្នំពេញមានប្រជាជន ១,៣លាន ហើយតួលេខនេះបានកើនឡើងគុណនឹងពីរនៅឆ្នាំ២០១៩ ដែលស្មើនឹង ២,២៨លាននាក់ ឬ១៤,៧% នៃប្រជាជនសរុប។ មិនមែនប្រជាជននៅទីក្រុងភ្នំពេញទាំងអស់សុទ្ធតែអ្នកមាន ឬអ្នកវណ្ណៈកណ្តាលទាំងអស់នោះទេ ប៉ុន្តែ បើសិនជាពួកគេមិនមានចំណូលក្នុងកម្រិតណាមួយ ពួកគេមិនអាចទ្រទ្រង់ជីវភាពរស់នៅក្នុងទីក្រុងបានឡើយ។ បើពួកគេមកពីខេត្តផ្សេងៗ ពួកគេត្រូវចំណាយលុយលើផ្ទះជួល ការសិក្សារៀនសូត្ររបស់កូន ថ្លៃសាំងឡានសាំងម៉ូតូសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការហូបចុក ដែលមានកម្រិតថ្លៃជាងនៅតាមជនបទ។ បើពួកគាត់ក្រទៅក្រទៅ ពួកគាត់ពិតជាមិនអាចផ្លាស់ប្តូរមកនៅភ្នំពេញបានឡើយ ហើយមានអ្នកខ្លះក៏ចាប់ផ្តើមបង់រំលស់ផ្ទះនៅភ្នំពេញថែមទៀតផង។ យើងអាចនិយាយបានដូចគ្នាជាមួយនឹងប្រជាជននៅខេត្ត និងទីក្រុងសេដ្ឋកិច្ចធំៗ ដូចជានៅខេត្តកណ្តាល ក្រុងសៀមរាប និងក្រុងព្រះសីហនុ ដែលមានកម្លាំងសេដ្ឋកិច្ចខ្លាំង និងបានដើរតួនាទីជាដែកឆក់ប្រមូលផ្តុំនូវកម្លាំងពលកម្ម និងប្រជាជនពីខេត្តផ្សេងៗទៀត។


បើយើងក្រឡេកទៅមើលស្ថានភាពនៅតាមជនបទវិញ យើងអាចប្រៀបធៀបតាមការប្រែប្រួលស្ថានភាពផ្ទះរបស់ប្រជាជន។ យើងមើលទៅក្រោយវិញថា តើ១០ ឬ២០ឆ្នាំមុន តើមានផ្ទះប្រក់ស្បូវប៉ុន្មាន សង្កសីប៉ុន្មាន ក្បឿងប៉ុន្មាន? ប្រាកដណាស់ចំនួនផ្ទះប្រក់ស្បូវ និងសង្កសីបានថយចុះ ហើយចំនួនផ្ទះប្រក់ក្បឿងបានកើនឡើងជាលំដាប់។ ផ្ទះជាច្រើនត្រូវបានលើកសរសរឱ្យខ្ពស់ ហើយបានប្រក់ក្បឿងថ្មីក្រហមច្រាល។ មិនថាអ្នកជនបទ ឬទីក្រុង គឺសុទ្ធតែអាចសង្កេតមើលឃើញយ៉ាងជាក់ច្បាស់ នូវការប្រែប្រួលបែបនេះ។ តើការប្រែប្រួលនេះបង្ហាញថា ខ្មែរក្រទៅក្រទៅដែរឬទេ?


បើនិយាយពីការកើនឡើងនៃចំនួនអ្នកមាននៅកម្ពុជា យើងអាចសង្កេតឃើញថា នៅពេលដែលចិនចូលមកក្រុងព្រះសីហនុ និងភ្នំពេញ តើម្ចាស់ផ្ទះ ឬម្ចាស់ដី ប៉ុន្មានពាន់គ្រួសារដែលបានក្លាយជាសេដ្ឋីវាល់លាន ដោយសារតែដី និងផ្ទះឡើងថ្លៃ? តើអ្នកកំពង់ស្ពឺ កណ្តាល សៀមរាប មានប៉ុន្មានពាន់ ឬម៉ឺនគ្រួសារដែលត្រូវប៉ាន់ដី? តើអ្នកភូមិនៅជ្រោយចង្វារ នៅមុនពេលមានស្ពាន និងក្រោយពេលមានស្ពានមានជីវភាពប្រែប្រួលយ៉ាងណាដែរ? តើអ្នកស្រែចំការនៅអរិយក្សត្រ និងល្វាឯម ប៉ុន្មានគ្រួសារដែលមានជីវភាពធូរធារឡើងដោយសារការទិញលក់ដីធ្លី?


នៅពេលដែលផ្សារទំនើបអ៊ីអន (AEON) ជប៉ុនមកបើកនៅកម្ពុជា ម្នាក់ៗគេឆ្ងល់ថា តើប្រជាជននៅទីក្រុងភ្នំពេញមានលទ្ធភាពចំណាយដើរផ្សារទំនើបធំៗដែរឬយ៉ាងណា? ប៉ុន្តែ យើងមើលឃើញជាក់ស្តែងថា ផ្សារទំនើបអ៊ីអន បានបើកពង្រីកសាខារបស់ខ្លួនពីទីពីរ ដល់សាខាទីបី ពីកណ្តាលក្រុងភ្នំពេញ ទៅជាយក្រុងភ្នំពេញ។ នេះបានន័យថាម៉េច? នេះបានន័យថា អ្នកមានកម្រិតមធ្យមរបស់កម្ពុជាមានចំនួនកើនឡើង ហើយពួកគេមានសមត្ថភាព ចាយវាយកាន់តែខ្លាំងឡើងៗដែរ។

ពិតណាស់ថា ឱកាសសេដ្ឋកិច្ចវាមិនបានទៅដល់ទាំងអស់ស្របគ្នាទាំង១៦លាននាក់នោះទេ ប៉ុន្តែថា ស្ថានភាពសេដ្ឋកិច្ច ឬជីវភាពប្រជាជនខ្មែរកាន់តែក្រទៅក្រទៅ គឺវាប្រាស់ចាកពីការពិត ទាំងតួលេខវិទ្យាសាស្ត្រ និងការសង្កេតសង្គមជាទូទៅ។


វាគឺជាការធម្មតាទេ នៅក្នុងប្រទេសណាក៏មានអ្នកមាន និងអ្នកក្រដែរ។ ហើយនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី និងមូលធននិយម វាជាកត្តាសត្យានុម័ត ដែលឱកាសសេដ្ឋកិច្ចមានមិនស្មើគ្នានោះទេ ដូច្នេះហើយទើបរដ្ឋាភិបាលគ្រប់ប្រទេសតែងតែខិតខំប្រមូលពន្ធ និងទាញវិនិយោគ រោងចក្រ ឬគម្រោងអភិវឌ្ឍន៍នានា ទៅតាមទីជនបទ ដើម្បីខិតខំបែងចែកផលប្រយោជន៍ដែលកើតឡើងពីកំណើនសេដ្ឋកិច្ច។


បើចង់ឱ្យស្មើភាពដាច់ខាត នោះទាល់តែយើងប្រើសេដ្ឋកិច្ចផែនការ កុំម្មុយនីស្តផ្តាច់ការ ពេលនោះគឺយើងទាំងអស់គ្នាមានឋានៈស្មើគ្នា គ្មានអ្នកមាន គ្មានអ្នកក្រ។ និយាយឱ្យសាមញ្ញគឺទាំងអស់គ្នាក្រស្មើគ្នាតែម្តង។ ឬបើចង់បានស្មើគ្នាយុត្តិធម៌ឥតខ្ចោះ ទាល់តែធ្វើដូច ប៉ុល ពត គឺយកអ្នកមានទាំងអស់ទៅធ្វើស្រែ ឬសម្លាប់ចោលតែម្តង។


តាមពិតទៅ ក្នុងប្រទេសណាក៏មានគម្លាតមានក្រដែរ ទាំងក្នុងប្រទេសជឿនលឿន និងក្នុងប្រទេសកំពុងអភិវឌ្ឍ។ អាមេរិកមានអ្នកមានកម្រិតប៊ីលានដុល្លារ ដែលគ្រប់គ្រងឧស្សាហកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ក៏នៅតែមានអ្នកគ្មានផ្ទះនៅ ដើរដេកតាមចិញ្ចើមថ្នល់នៅតាមទីក្រុងធំៗដែរ។ អ្នកមានរបស់ឥណ្ឌាមានលុយដើរទិញក្រុមហ៊ុន និងដីធ្លីនៅទ្វីបអឺរ៉ុប តែទិដ្ឋភាពរបស់ប្រជាជននៅតំបន់អាណាធិបតេយ្យកណ្តាលទីក្រុងក៏លំបាកភ្នែកខ្លាំងណាស់ដែរ។ គម្លាតមានក្រនៅប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើម គឺយើងអាចមើលឃើញជាទូទៅ។ កុំភ្លេចថា ប្រទេសទាំងអស់នេះគឺសុទ្ធតែជាប្រទេសដែលមិនដែលមានសង្គ្រាមផង ហើយមានសេដ្ឋកិច្ចរីកចម្រើនយូរមកហើយ ក៏នៅតែមានបញ្ហាគម្លាតមានក្រដែរ។

បើគិតតាមតួលេខវិទ្យាសាស្ត្រ គឺយើងប្រើប្រាស់មធ្យមភាគជីនី (Gini Coefficient) ដើម្បីវាយតម្លៃគម្លាតមានក្រ។ យោងតាមការសិក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មធ្យមភាគជីនី សម្រាប់ការចំណាយរបស់កម្ពុជា បានធ្លាក់ចុះពី ៤០,៤% នៅឆ្នាំ ១៩៩៧ មកនៅត្រឹម ២៩% នៅឆ្នាំ ២០១២ ដែលតួលេខនេះគឺទាបជាងមធ្យមភាគទូទៅនៅតំបន់អាស៊ាន។ នេះបានន័យថា គម្លាតមានក្រនៅក្នុងប្រទេសកម្ពុជាគឺមានកម្រិតទាបជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។


តាមរយៈការពិភាក្សាខាងលើ ខ្ញុំគ្រាន់តែចង់ផ្តល់នូវទុននៃការពិភាក្សាមួយចំនួនប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងឡាយអាចពិចារណាដោយខ្លួនឯង ទៅលើការអះអាងថា ខ្មែរក្រទៅក្រទៅ ហើយគម្លាតមានក្រកាន់តែធំទៅធំទៅនោះ គឺជាការនិយាយដែលត្រឹមត្រូវឬយ៉ាងណា។ សូមពិចារណាផងចុះថា តើការនិយាយបែបនេះ វាយុត្តិធម៌ដែរឬទេ សម្រាប់ប្រវត្តិសាស្ត្រនៃវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕


ដោយ៖ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)



សេចក្តីណែនាំ របស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត ស្តីពី ការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 

ស៊ែរបន្ទាន់! សារឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផ្ញើជូនបងប្អូនដែលជាអតីតគណបក្សសង្គ្រោះជាតិ «គណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិមិនមែនជាគណបក្សតែមួយនោះទេ»

 ប្រភពពីផេកហ្វេសប៊ុក យុត្តិធម៌សង្គម

វីដេអូ៖ «ប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»

 

វីដេអូ៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

 

វីដេអូ៖ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍ»

 

វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន

 (ភ្នំពេញ)៖ «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កម្ពុជា ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈ ប្រកបដោយបេះដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុត លើសុខភាពប្រជាជនទូទៅ ដែលធ្វើឱ្យប្រទេសកម្ពុជាមិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។

នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖

១៖ ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេល ដែលកំពុងតែមានការរាតត្បាតខ្លាំង នៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក
២៖ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
៣៖ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរ ដោយយកចិត្តទុកដាក់ក្នុងការ សម្រួលឱ្យបងប្អូនខ្មែរ ដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀត ចូលមកកាន់កម្ពុជា
៤៖ ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។

ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លា ដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។

ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្ដាប់ដៃដែកថែបរបស់ សម្ដេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញ ក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំង ក្នុងនាវាខ្នាតយក្ស និងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខាពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្ដាប្រទេសនានា និង ពិភពលោកទាំងមូលថា កម្រមានប្រទេសណា ដែលគ្រប់គ្រងស្ថានការណ៍បានរហ័ស លឿនទាន់ពេលវេលា និងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់ និងល្អប្រសើរ ដូចមេដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះទេ។

ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅ ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរៃ និងពីសង្គ្រាមអត់សមោលនៃសត្រូវកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនទូទៅ បានវិលត្រឡប់មករស់នៅសភាពធម្មតា តាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។

គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់មានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជាមានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដ ក្នុងការប្រយុទ្ធជាមួយសត្រូវអត់ស្រមោលកូវីដ-១៩ នេះផងដែរ៕

ដោយ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល