Tuesday, February 20, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៨ ចំណុច ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព



ដើម្បីអោយការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនទទួលបានប្រសិទ្ធិភាពបន្ថែមសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដូចខាងក្រោម៖


ទី១-សំណូមពរអោយគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា

ទី២-អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងផ្សព្វផ្សាយបញ្ចៀតការយល់ដឹងតាមគ្រប់មធ្យោបាយទៅដល់គ្រប់វ័យ និងគ្រប់ស្រទាប់

ទី៣-អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេសក្រសួងមហាផ្ទៃ  ក្រសួងការពារជាតិនិងអគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវពង្រឹងការទប់ស្កាត់ និងការបង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន

ទី៤-មន្រ្តីអនុវត្តន៍ច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍

ទី៥-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយគណៈកម្មាធិការទទួលបន្ទុកព្យាបាល និងសា្តរនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ទី៦-ស្ថាប័នអនុវត្តន៍ច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងយុត្តិធម៌ត្រូវយកចិត្តទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនអោយបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត

ទី៧-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយក្រុមការងារអន្តរក្រសួងគ្រប់គ្រងសារធាតុញៀន សារធាតុគីមីផ្សំដែលរាជរដ្ឋាភិបាលទើបតែបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុបបំបាត់ករណីនាំចូលសារធាតុញៀន

ទី៨-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេរភាគី និងពហុភាគី ក្នុងតំបន់ និងសកលលោក ព្រោះថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកលដែលទាមទារអោយស្ថាប័នអនុវត្តន៍ច្បាប់ទាំងអស់ត្រូវបង្កើនកិច្ចសហការរួមគ្នា។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើអោយគណៈបញ្ជាការឯកភាពរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហានេះដែលត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំងទាំងឡាយណា ដែលអនុញ្ញាតអោយមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវក្តាប់អត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងចាត់វិធានការអោយដល់ឬសគល់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាច់ណាត់មិនឲ្យមានការវិនិយោគដាំកញ្ឆានៅកម្ពុជា



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានការវិនិយោគដាំដំណាំកញ្ឆានោះឡើយ ដោយសារកញ្ឆានេះពាក់ព័ន្ធនឹងគ្រឿងញៀន។ បើតាមសម្តេចធិបតី នេះជាសារបញ្ជូនទៅដល់អ្នកដែលមានគម្រោងស្នើសុំរាជរដ្ឋាភិបាល វិនិយោគដាំដំណាំកញ្ឆា ក្រោមហេតុផលបម្រើឲ្យវិស័យសុខាភិបាល ឲ្យបញ្ឈប់គម្រោងស្នើសុំវិនិយោគជាបន្ទាន់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណដាំដំណាំកញ្ឆានៅកម្ពុជាដាច់ខាត ដោយសារកញ្ឆាជាធាតុផ្សំម្យ៉ាងក្នុងការផលិតគ្រឿងញៀន។ សម្តេចថា សកម្មភាពនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីករាលពីទីក្រុងទៅជនបទ ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យគ្រប់ភាគីទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋត្រូវចូលរួមទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយសារបញ្ហានេះ គឺជាបញ្ហារួម ដែលបានកំពុងកើតឡើងនាពេលបច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាពិភពលោក។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឧទាហរណ៍ករណីនៅក្នុងប្រទេសសិង្ហបុរី ដែលអ្នកជាប់ពន្ធនាគារដោយសារបញ្ហាគ្រឿងញៀន ជាង ៤០% គឺបានប្រើប្រាស់គ្រឿងញៀនតាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយភាគច្រើនផ្តើមចេញពីការជក់កញ្ឆា។ សម្តេចធិបតីបញ្ជាក់ថា កម្ពុជាគ្មានហេតុផលអ្វីនឹងអនុញ្ញាតឲ្យមានអាជ្ញាបណ្ណដាំដំណាំកញ្ឆានោះទេ ហើយកម្ពុជាក៏មិនត្រូវការការវិនិយោគដាំកញ្ឆាលើផ្ទៃដីរាប់ម៉ឺនហិកតា ក្រោមលេសដើម្បីបម្រើឲ្យវិស័យសុខាភិបាលដែរ ព្រោះគ្មានចំណេញដល់ជាតិ និងប្រជាជនកម្ពុជាឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឱ្យតែរកឃើញករណីប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមតែម្តង




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញមានករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។


សម្តេចធិបតី បានថ្លែងបន្តថា ដើម្បីពង្រឹងវិន័យ ឯកភាព ក្នុងការអនុវត្តទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ អាវុធ គឺត្រូវមានក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ពីព្រោះត្រូវធ្វើជាគម្រូដល់គេ។ ដូចនេះមុនការអនុវត្តវិធាននេះ គឺផ្តើមចេញពីការសម្អាតផ្ទះរបស់ខ្លួនមុនគេ នេះជាគោលនយោបាយ អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧នេះទេ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការកម្ចាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវគិតគូរដើម្បីធានានូវអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង និងសម្រាប់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ដោយត្រូវរួមគ្នា គិត រួមគ្នាធ្វើ ក្នុងការកម្ចាត់បញ្ហាគ្រឿងញៀននេះឱ្យបាន ត្បិតបើយើងមិនធ្វើអ្វីសោះ នោះបញ្ហាគ្រឿងញៀននឹងរឹតតែមានភាពស្មុគស្មាញទៅថ្ងៃអនាគត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។


សម្តេចធិតបី បានថ្លែងបន្តថា កិច្ចការដែលយើងត្រូវធ្វើ គឺត្រូវប្រកបដោយចីរភាព មិនមែនធ្វើដូចការ «វែកចក» នោះទេ ព្រោះនៅពេលវែកចកចេញហើយ ចកបែរជាត្រឡប់មកព័ទ្ធយើងវិញដដែល ពោលគឺវែកមិនអស់នោះទេ។ ដូចនេះការដាក់ចេញនូវវិធានការផ្សេងៗពីមុន គឺយើងនៅបន្តធ្វើបន្ថែមទៀតនៅអាណត្តិទី៧ នេះ ដោយបញ្ចូលនូវក្របខ័ណ្ឌច្បាប់ ដោយត្រូវប្រើរយៈពេលយូរ និងភាពអំណត់ ធ្វើយ៉ាងណាកម្ចាត់ចកចេញឱ្យអស់ ឱ្យស្អាតពីបឹងរបស់យើង (សំដៅលើវិធានការច្បាប់ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន)៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាទិសដៅអាទិភាពចម្បងនៃយុទ្ធសាស្ត្របញ្ចកោណ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា  ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសយើងបាននិងកំពុងរីករាលដាលពីទីក្រុង ពីទីប្រជុំជន ទៅដល់តំបន់ជនបទមួយចំនួន ហើយអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនកាន់តែមានការកើនឡើងគួរអោយព្រួយបារម្ភ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ «បរិស្ថានគ្របដណ្តប់» និង «ស្នូលនៃយុទ្ធសាស្រ្ត» ថាជា «ការបន្តពង្រឹងសន្តិភាព ស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមសាធារណៈ» ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាទិសដៅអាទិភាពដ៏ចម្បងមួយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កម្ពុជានៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់ដោយសារការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដូចជាការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រែសណីយ៍។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយគ្នានេះដែរ ការរក្សាទុកកែច្នៃ ផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសក៏កើតមាន និងបន្តកើនឡើងជាហូរហែ។ ជាក់ស្តែង សារធាតុគីមីដែលអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារៈកែច្នៃ ផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងរឹបអូសបានជាបន្តបន្ទាប់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហាដាច់ឡែកនៅក្នុងប្រទេសកម្ពុជាមួយនោះទេ ប៉ុន្តែគឺជាបញ្ហាដែលកើតមាននៅគ្រប់តំបន់ គ្រប់ប្រទេសទាំងអស់ ហើយប្រទេសដែលមានច្បាប់ត្រឹមត្រូវ ដែលអ្នកជួញដូរត្រូវមានទោសប្រហារជីវិត ក៏នៅតែមានបញ្ហាចោទរឿងបញ្ហាគ្រឿងញៀននេះដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩។


សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសមហាអំណាចដែលបានចំណាយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅតែប្រឈមនឹងបញ្ហាគ្រឿងញៀនដែរ ដោយសារតែវាជាបញ្ហាស្មុគស្មាញ វិវដ្ដលឿនឆាប់រហ័ស។ ចំណុចនេះសួរថា តើកម្ពុជាត្រូវព្រលែងលែងកម្ចាត់គ្រឿងញៀនឬ? ការលើកឡើងបែបនេះ គឺស្មើនឹងភាពអស់សង្ឃឹម។ ចម្លើយគឺ «អត់ទេ» យើងគ្មានជម្រើស ហើយយើងក៏មិនអាចឱ្យកម្ពុជា ១០-២០ឆ្នាំទៀត ពោរពេញទៅដោយគ្រឿងញៀននោះដែរ៕

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ និងផ្សព្វផ្សាយយុទ្ធនាការលើកទី៩

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍនិងអង្គសមាជទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង ​“ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ “ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

ខ្ញុំជឿជាក់ថារយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ពិតជាបានចូលរួមចំណែកពិភាក្សាផ្លាស់ប្ដូរយោបល់និងឯកភាពគ្នាលើទិសដៅនានា បង្កើតជាលទ្ធផលផ្លែផ្កា ដើម្បីមានទស្សនវិស័យច្បាស់លាស់ក្នុងការចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីប្រទេសកម្ពុជា។

សន្និបាតប្រចាំឆ្នាំនៅពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលជាឱកាសប្រមូលផ្ដុំស្ថាប័ន ពាក់ព័ន្ធទាំងអស់, ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសម្រេចបាននាពេលកន្លងទៅ, ក៏ជាវេទិការដ៏សំខាន់មួយក្នុងការស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីមានដំណោះស្រាយនិងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តពេលអនាគត ធ្វើយ៉ាងណាឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃស្ថានភាពនយោបាយសង្គមនិងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់និងលើសកលលោក។

ខ្ញុំសូមយកឱកាសនេះ លើកកំពស់រំលឹកជូនអង្គពិធីទាំងមូលនូវអនុសាសន៍ផ្តាំផ្ញើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ, ដោយពេលនោះ សម្តេចបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅការងារអាទិភាព។

ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និងសូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី ៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ។

ខ្ញុំសូមថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យសាសនា វិស័យឯកជន និងសប្បុរសជន ទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងឆ្នាំ ២០២៣, ក្នុងនោះ សមទ្ធិផល៏សំខាន់មួយដែលយើងសម្រេចបានគឺកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការ FATF ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទំាងមូល!

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន និងថ្មីៗនេះបញ្ហាសង្រ្គាមនៅអ៊ីស្រាអែល ដែលសុទ្ធតែបានបង្កនូវការលំបាក និងផលប៉ះពាល់យ៉ាងធំធេង និងធ្ងន់ធ្ងរជាទីបំផុតលើគ្រប់វិស័យ, ពិសេសចំពោះបញ្ហាសុខុមាលភាពសង្គម និងសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ, ទាំងការរាតត្បាតដោយជំងឺកូវីដ-១៩ ទាំងសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល មិនបានបន្ទុចបង្អាក់ ឬ បង្កជាឧបសគ្គដល់សកម្មភាពខុសច្បាប់ទាំងឡាយនៃការផលិត, ការចរាចរ, ការជួញដូរ, ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ និងក្នុងពិភពលោកនោះទេ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ, ទោះបីជាព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ បានបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងណាក្តី ក៏ស្ថានភាពគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ និងតំបន់ នៅតែមានការកើនឡើង និងមានការវិវត្តប្រែប្រួលក្នុងរូបភាពស្មុគស្មាញ ដោយបង្កជាគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។ ក្រុមឧក្រិដ្ឋជន បានធ្វើការផ្លាស់ប្តូររូបភាព, កលល្បិច, វិធីសាស្រ្តថ្មីៗ ក្នុងការលួចលាក់ ការកែច្នៃផលិតគ្រឿងញៀន ដែលធ្វើឱ្យបរិមាណគ្រឿងញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចបង្រ្កាបបាន មានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ ។

ក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ នេះ កម្ពុជាយើងនៅតែបន្តរងប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់ ដោយសារការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ជាអាទិ៍៖ ការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក, ផ្លូវទឹក, ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។ ជាមួយគ្នានេះ, ករណីរក្សាទុក, កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសក៏កើតមាន និងបន្តកើនឡើងជាហូរហែ។ ជាក់ស្តែង, សារធាតុគីមីដែលអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារៈកែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ, បង្រ្កាប និងរឹបអូសបានជាបន្តបន្ទាប់។ ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេស បាន និងកំពុងរីករាលដាលពីទីក្រុង និងទីប្រជុំជនទៅដល់តំបន់ជនបទមួយចំនួន ហើយចំនួនអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន កាន់តែមានការកើនឡើងគួរជាការព្រួយបារម្ភផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ នៃស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បងផងដែរ ។ សលើសពីនេះ, រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន និង ៣ រូប ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានដាក់ចេញ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ និងការបង្កើតគណៈបញ្ជាការនិងអនុវត្តយុទ្ធនាការ ដោយបានចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធានគណៈបញ្ជាការ និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ជាអនុប្រធាន ដើម្បីដឹកនាំគណៈកម្មាធិការចម្រុះអន្តរស្ថាប័ន លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ។

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ ធ្វើការរៀបចំកែសម្រួលពង្រឹងយន្តការ និងដាក់ចេញនូវវិធានការជាក់ស្តែង និងប្រាកដនិយមមួយចំនួន សំដៅពង្រឹង លើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន មួយកម្រិតថែមទៀត។ ជាមួយគ្នានេះ, ខ្ញុំសូមគាំទ្រចំពោះការដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ ទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន ៖ (១) ការផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់, និង(៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានប្រសិទ្ធភាពបន្ថែមទៀត ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖

ទី១. ខ្ញុំសូមសំណូមពរឱ្យ គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ក្នុងន័យនេះ ចាប់ផ្ដើមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំអស់, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំ, ក្រើនរំលឹកពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា «ទេ» ដាច់ខាតចំពោះគ្រឿងញៀន!

ទី២. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយទៅដល់គ្រប់វិ័យនិងគ្រប់ស្រទាប់។ ជាមួយគ្នានេះ, ខ្ញុំសូមឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា និងក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀននេះ ដែលបានផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និងវេទិកានានា។

ទី៣​. អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និងការបង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និងបញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាង ធ្វើយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់រំហូរគ្រឿងញៀនពីខាងក្រៅមកចែកចាយក្នុងប្រទេស កម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធក៏ត្រូវបង្កើនការតាមដាន ឆែកឆេរនិងត្រួតពិនិត្យករណីសង្ស័យដឹកជញ្ជូនគ្រឿងញៀន នៅក្នុងប្រទេសដែលកន្លងមក ខ្ញុំសូមកោតសរសើរដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដែលបានរកឃើញនិងឃាត់បានយានយន្ត ដែលដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្ត្ររាជធានីខេត្ត មួយចំនួនផងដែរ ។

ទី៤. មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេស គណៈបញ្ជាការឯកភាពរាជធានីខេត្ត ដែលចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលកន្លងមកបានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត និងKTV។ ខ្ញុំសូមឱ្យ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំងទាំងឡាយណាដែលអនុញ្ញាតឱ្យមានការ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្តាប់ឱ្យបាននូវអត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់វិធានការឱ្យដល់ឬសគល់។ ចំពោះការប្រើប្រាស់គ្រឿងញៀនដែលរីករាលដាលតាមជនបទ, ខ្ញុំសូមដល់ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការលុបបំបាត់ដោយត្រូវបង្ក្រាបមេក្លោង បណ្តាញចែកចាយតាមភូមិ ឃុំ-សង្កាត់ និងត្រូវសហការជាមួយឪពុកម្តាយ-អាណាព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមកទទួលការបន្សាប, ព្យាបាល និងស្តារនីតិសម្បទានៅតាមមជ្ឈមណ្ឌលរដ្ឋនិងឯកជន។

ទី៥. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ គណៈកម្មាធិការទទួលបន្ទុកព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល ពង្រឹងគុណភាពនៃការបន្សាប ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយត្រួតពិនិត្យនៅក្នុងនោះត្រូវគិតគូរពីការរៀបចំស្តង់ដានីតិវិធីអនុវត្តន៍ (SOP) ឱ្យបានច្បាស់លាស់ ពីវិធីសាស្ត្រនៃការព្យាបាលអ្នកញៀន និងសហការជាមួយអង្គការសុខភាពពិភពលោក(WHO) ខិតខំស្រាវជ្រាវវិធីសាស្ត្រព្យាបាលថ្មីៗឱ្យកាន់តែមានប្រសិទ្ធភាពតាមស្ថានភាពបច្ចុប្បន្នលើសកលលោក ។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការវិនិយោគ និងការបើកមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាឯកជនដើម្បីចូលរួមចំណែកក្នុងការកសាងនធានមនុស្សឡើងវិញក្នុងសង្គមយើង, ក៏ប៉ុន្តែទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ស្ថាប័នពាក់ព័ន្ធ កំណត់ស្តង់ដា និងលក្ខខណ្ឌច្បាស់លាស់ក្នុងការគ្រប់គ្រង ហើយរាល់មជ្ឈមណ្ឌលឯកជនទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋ។

ទី៦. ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត ចៀសវាងការដោះលែងឧក្រិដ្ឋជនពាក់ព័ន្ធនឹងគ្រឿងញៀន ឬការបន្ធូរបន្ថយទោស។ កន្លងមកនេះ ខ្ញុំសូមគាំទ្រ ចំណាត់ការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការផ្សាយព័ត៌មានជាសាធារណៈអំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន ដើម្បីបង្ហាញពីតម្លាភាព នៃការផ្តន្ទាទោសបទល្មើសគ្រឿងញៀន។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, ខ្ញុំសូមឱ្យបន្តអនុវត្តទិសស្លោក ៣ កុំ ១ រាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

ទី៧. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ក្រុមការងារអន្តរក្រសួងគ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុបបំបាត់ករណីនាំចូលសារធាតុញៀន និងគីមីផ្សំស្របច្បាប់ ទៅលួចលាក់កែច្នៃ និងផលិតគ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវរៀបចំជាស្ដង់ដារនីតិវិធីអនុវត្ត SOP ច្បាស់លាស់ ក្នុងការត្រួតពិនិត្យ គ្រប់គ្រងធ្វើយ៉ាងណាកុំឱ្យសារធាតុញៀនទាំងនេះធ្លាក់ទៅដល់ដៃឧក្រិដ្ឋជនយកទៅកែច្នៃផលិត។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ទីតាំងណា ដែលសង្ស័យលួចកែច្នៃផលិតដូចជាឃ្លាំង ទីតាំងនៅតំបន់ដាច់ស្រយាល និងត្រូវបង្កើនការត្រួតពិនិត្យរដ្ឋបាលឱ្យហ្មត់ចត់ជាប្រចាំ។

ទី៨. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី, ពហុភាគី, ក្នុងតំបន់ និងសកលលោក ពីព្រោះថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ដែលទាមទារឱ្យស្ថាប័នអនុវត្តច្បាប់ទាំងអស់ ត្រូវបង្កើនកិច្ចសហការរួមគ្នា ប្រយុទ្ធប្រឆាំង។ ជាមួយនឹងកិច្ចសហការអន្តរជាតិនេះ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការផ្លាស់ប្តូរព័ត៌មានជាប់ជាប្រចាំ និងខិតខំកៀរគរជំនួយពីបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ លើការងារកសាងសមត្ថភាពមន្ត្រី, ជំនួយសម្ភារៈបច្ចេកទេសប្រឆាំងគ្រឿងញៀន និងការងារបន្សាបសារធាតុញៀនមុនពេលដុតបំផ្លាញ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការជួយជ្រោមជ្រែងពីបណ្ដាភាគីជាមិត្ត។

[ផ្ដើមសេចក្ដីអធិប្បាយ]

(១) មិនទុកអោយកម្ពុជាក្លាយជាប្រទេសមានគ្រឿងញៀនពាសពេញប្រទេសទេ

បន្ថែមទៅលើចំណុចក្នុងសុន្ទរកថាខាងលើ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍បន្ថែមបន្តិចអំពីបញ្ហាគ្រឿងញៀននេះ។ នៅក្នុងសុន្ទរកថា ក៏ដូចជារបាយការណ៍របស់ឯកឧត្ដម នេត សាវឿន (គ្រឿងញៀន)វាមិនមែនជាបញ្ហានៅក្នុងប្រទេសកម្ពុជាដាច់ដោយឡែកនោះទេ។ បញ្ហានេះមាននៅក្នុងតំបន់គ្រប់ប្រទេស សូម្បីតែប្រទេសដែលមានច្បាប់តឹង អ្នកជួញដូរត្រូវប្រហារជីវិតចោល ក៏នៅតែមានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាចចំ​ណាយ​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅតែប្រឈមនឹងបញ្ហានេះ។ វាជាបញ្ហាស្មុគស្មាញហើយកាន់តែកើនឡើង និងវិវត្តលឿនរហ័ស។ និយាយបែបនេះ សួរថា តើកម្ពុជាត្រូវព្រលែង(ការប្រឹងប្រែង និង)លែងធ្វើការងារ(ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ)ឬទេ? និយាយបែបនេះ បានន័យថាយើងអស់សង្ឃឹមឬទេ? អត់ទេ។ យើងគ្មានជម្រើសទេ។ យើងមិនអាចទុកឲ្យកម្ពុជា ក្នុង ១៥ ទៅ ២០ឆ្នាំទៀត ក្លាយជាប្រទេសមួយដែលមានគ្រឿងញៀនពាសពេញហ្នឹងនោះទេ។

(២) ស្អាតបរិស្ថានហើយ ត្រូវស្អាតសន្តិសុខទៀត

​ឯកឧត្ដម លោកជំទាវ នៅទីនេះ មិនថាក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល អង្គការសង្គមស៊ីវិល សុទ្ធតែមានប្រពន្ធ កូន ចៅ រស់នៅក្នុងសង្គម។ ផ្ទះរបស់យើងហ៊ុមព័ទ្ធដោយអ្នកផ្សេងទៀត គឺប្រជាពលរដ្ឋដែលចរាចរ/ចល័តរាល់ថ្ងៃ។យើងចង់ឲ្យស្រុក/ប្រទេសយើង ជាកន្លែងមួយដែលមានស្ថានភាពស្អាត … ស្អាតបរិស្ថានគឺល្អមួយហើយ ប៉ុន្តែស្អាតមួយនោះគឺស្អាតក្នុងរឿងសន្តិសុខសង្គម។ សន្តិសុខជាបញ្ហាសំខាន។ ប្រទេសយើងធ្លាប់មានសង្រ្គាម។ ឥឡូវសង្រ្គាម(ដោយអាវុធបាន)ចប់ហើយ។ ឥឡូវ(យើងមាន)សង្រ្គាមផ្លូវចិត្ត/កាយ។ សន្តិសុខសុវត្ថិភាពនេះ គឺជាបញ្ហាដែលចោទ។ អញ្ចឹងយើងគ្មានជម្រើសទេ។

(៣) ការចរាចរនិងផលិតគ្រឿងញៀន កាន់តែទំនើប មានឥទ្ធិពល ប្រទាក់ក្រឡាជាប្រព័ន្ធអន្តរជាតិ

វាជាបញ្ហាស្មុគស្មាញ ហើយវាកាន់តែស្មុគស្មាញ ដោយសារការចរាចរគ្រឿងញៀន និងការផលិតគ្រឿងញៀនវាកាន់តែប្រទាក់ក្រឡា កាន់តែទំនើប កាន់តែមានឥទ្ធិពល។ ពីមុន (ការជួញដូរ)លក់ដាច់ដោយដុំ។ ឥឡូវប្រទាក់ក្រឡាគ្នាមិនត្រឹម​តែក្នុងប្រទេស ប៉ុន្តែទៅជាប្រព័ន្ធអន្តរជាតិ។ យើងត្រូវទទួលស្គាល់ពីការវិវត្តន៍នេះ។ យើងគ្មានជម្រើសក្រៅពីត្រូវតែទប់​ទល់ ប្រយុទ្ធប្រឆាំងនឹងវាដើម្បី … ធានាអនាគតកូន/ចៅ និងបរិស្ថាននៅក្នុងប្រទេសយើង។ ឥឡូវវាមានបញ្ហាហើយ។ មិនមែនថាអត់បញ្ហាទេ ប៉ុន្តែបើយើងមិនធ្វើអីសោះ បញ្ហានេះនឹងទៅកាន់តែស្មុគស្មាញនៅថ្ងៃអនាគត។

(៤) ការងារប្រយុទ្ធគ្រឿងញៀនត្រូវការពេលនិងការអំណត់ ព្រមដោយវិធីសាស្ត្រ

បើយើងត្រូវធ្វើ(ការទប់ទល់) តើរកវិធីយ៉ាងណាដើម្បីឲ្យមានចីរភាព ចៀសឲ្យផុតពី(ពាក្យដែល)គេថា “វែកចក” នោះ។ ធ្វើវាធ្វើហើយ ប៉ុន្តែកុំឲ្យដូចវែកចក។ ពាក្យថា “វែកចក” គឺវែកហើយ វាមកព័ទ្ធយើងវិញដដែល។ អញ្ចឹងខ្ញុំគាំទ្រការដាក់ចេញនូវយុទ្ធសាស្រ្ត វិធានការផ្សេងៗ ដូចដែលបានដាក់ចេញនៅក្នុងអង្គប្រជុំ។ អាណត្តិមុនៗ ក៏យើងបានធ្វើកិច្ចការនេះដែរ។ សម្រាប់អាណត្តិទី៧ យើងនៅបន្តយន្តការនេះ ហើយដាក់ចេញនូវក្របខណ្ឌវិធីសាស្រ្តថ្មីដើម្បី(សម្រួចការងារនេះ)។ រាល់ការទប់ស្កាត់ ខ្ញុំតែងតែនឹកឃើញនូវការវែកចក។ (តើ)យើងវែកយ៉ាងណាទើបវាស្អាត? … យើងត្រូវទទួលស្គាល់ថាវាត្រូវប្រើពេលនិងការអំណត់ ប៉ុន្តែបើយើងគ្រាន់តែគិតរយៈពេល និងការអំណត់តែមួយគត់ ដោយគ្មានវិធីសាស្រ្ត ចកវាមិនទៅណា។ វានឹងនៅព័ទ្ធយើងរហូតអស់កម្លាំង។ ថ្ងៃណា​មួយ យើងលង់ … ឈរមើលវាពីចម្ងាយនៅពេលដែលវាកាន់តែរីកពេញបឹងហ្នឹង។

(៥) វិធានការទី៤ និងទី៥ ក្នុងចំណោមវិធានគន្លឹះទាំង៥ គឺលុបបំបាត់ការជួញដូរប្រើប្រាស់ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព

អញ្ចឹង នៅក្នុងវិធានការគន្លឹះ ៥ ជាអាទិភាពរបស់យើង ដែលជាការគិតគូរសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ វិធានការគន្លឹះទី៤ របស់យើង គឺការយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ/ ឃុំ/សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ វិធានគន្លឹះមានតែ ៥ ហើយក្នុងនោះ ១ ហើយគឺផ្ដោតទៅការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលជាមូលដ្ឋាននៅក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាពរបស់យើង។

(៦) អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឧបនាយករដ្ឋមន្រ្តី ៤ រូប បង្ហាញការយកចិត្តទុកដាក់ពីរដ្ឋាភិបាល

ក្នុងការអនុវត្តភារកិច្ចនេះ យើងបានរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន(ស្រាប់)ពីអាណត្តិទី៦ ហើយនៅក្នុងអាណត្តិនេះ យើងរៀបចំឧបនាយករដ្ឋមន្រ្តី ៤ រូបអោយធ្វើការនេះ។ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក្នុងនោះមានឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្ដម ទៀ សីហា និងឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ៤ ដើម្បីសហការលើការងារ ប្រទា​ក់ក្រឡាគ្នា រួមគ្នា(ដោះស្រាយ)។ ជាសារមួយដែលសំខាន់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ពីកិច្ចការនេះ។ ពីដើមឡើយ អាជ្ញាធរនេះដឹកនាំដោយទេសរដ្ឋមន្រ្តី ប៉ុន្តែក្រោយពីការវាយតម្លៃឡើងវិញ យើងបានលើកកម្រិតឲ្យមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី ៤ រូប ក្នុងនោះមានទេសរដ្ឋមន្រ្តីមួយជាប្រធានលេខាធិការដ្ឋានដឹកនាំ ក្នុងគោលដៅបង្កើនឥទ្ធិពលដោះស្រាយបញ្ហានេះ ដែលកំំពុងធ្ងន់ធ្ងរ ស្មុគស្មាញ ចាក់ស្រេះ ហើយដែលវាមានផលអាក្រក់ដល់សង្គមជាតិទាំងបច្ចុប្បន្ន និងទៅអនាគត។ ទាមទារយើងត្រូវផ្ដល់អាទិភាពចាំបាច់។

(៧) មានវិធានការច្បាប់ចំពោះអ្នកលក់ដូរ/អ្នកផលិត ត្រូវមានការអប់រំណែនាំអ្នកប្រើប្រាស់(គ្រឿងញៀន)

នៅក្នុងការងារនេះ ក្រៅពីរៀបចំយន្តការ តើយើងត្រូវធ្វើការយ៉ាងណា? … ឥឡូវវិធានការជាច្រើនយើងបានដាក់ចេញ … ប៉ុន្តែ … ដូចបានលើកក្នុងសុន្ទរកថាមុននេះ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបញ្ហារួមរបស់យើង អាជ្ញាធរ រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ច មានតួនាទី កាតព្វកិច្ចក្នុងការដឹកនាំកសាងច្បាប់ អនុវត្តច្បាប់ដើម្បីទប់ស្កាត់។ យ៉ាងណាក្តី កិច្ចការនេះមិនអាចធ្វើទៅរួចទេ បើគ្មានការចូលរួម។ ប្រទេសមហាអំណាចចាយលុយរាប់ពាន់លាន ក៏មិនទាន់ធ្វើបានដែរ។ ប្រទេសដែលមានច្បាប់ប្រហារជីវិតចំពោះអ្នកជួញដូរគ្រឿងញៀន នៅតែមាន(ការជួញដូរ)ដដែល។ អញ្ចឹងវាទាមទារនូវការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការអប់រំណែនាំ។ ធំបំផុតគឺការអប់រំណែនាំនៅផ្ទះហ្នឹងតែម្ដង។ ម្ដាយណែនាំកូនកុំឲ្យប្រើគ្រឿងញៀន​។ យើងមានវិធានការច្បាប់ចំពោះអ្នកលក់ដូរ/អ្នកផលិត(គ្រឿងញៀន) ប៉ុន្តែ(យើងក៏ត្រូវតែមានការអប់រំ)អ្នកប្រើប្រាស់។

(៨) គោលការណ៍សម្អាតផ្ទះ ២១ធ្នូ២០២៣ បញ្ចេញអ្នកពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀនពីក្របខណ្ឌ

នៅក្នុងច្បាប់ យើងចាត់ទុកអ្នកប្រើប្រាស់ជាជនរងគ្រោះដែលត្រូវទទួលការអប់រំ ណែនាំ ស្ដារនីតិសម្បទាឡើងវិញ និងធ្វើសមាហរណកម្ម ត្រូវការជួយ។ អញ្ចឹងត្រូវការសហគមន៍ជួយ ប៉ុន្តែតួនាទីរបស់រាជរដ្ឋាភិបាលនៅតែជាតួអង្គសំខាន់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែមានតួនាទីសំខាន់។ កាលពីថ្ងៃទី២១ ខែ១២ ឆ្នាំ២០២៣កន្លងទៅ នៅក្រសួងបរិស្ថាន ខ្ញុំបានដាក់ចេញនូវគោលការណ៍មួយគឺសម្អាតផ្ទះ ដែលក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនៅទីនេះបានអនុវត្ត ដើម្បីឲ្យមន្រ្តីអនុវត្តច្បាប់ មាននគរបាល កងទ័ព និងកងរាជអាវុធហត្ថ និងកងទ័ព ដែលមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ កន្លងមកបានអនុវត្តហើយៗ ក៏មានការអនុវត្ត​ពីក្របខណ្ឌក្រសួងការពារជាតិ ពិសេសក្រសួងមហាផ្ទៃក៏មានការចាត់តាំងលើការងារនេះ។ សួរថា យើងប្រកាន់យកជម្រើសគ្មានមនុស្សធម៌ឬ? យើងមិនអាណិតបងប្អូនទេឬ … (ដោយសារតែ)យើងអាណិតប្រ​ទេសនិងកម្លាំងទាំងមូល បានជាយើងត្រូវឲ្យអ្នកប៉ុន្មាននាក់នោះចេញដើម្បីទុកលំហនេះឲ្យអ្នកផ្សេង។ បើទុកអ្នកប្រើ អ្នកលក់ប្រហែលជាមាន(ឱកាស)ទៀតហើយ។ ជួនកាល អ្នកប្រើៗ ម្នាក់ឯង អត់សប្បាយទេ។ ទៅច្រៀងកេះមិត្តភក្តិសាកមើល។ អញ្ចឹងយកល្អកុំឱ្យមានតែម្តង …។

(៩) មន្ត្រីរាជការស៊ីវិលពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន ក៏ប្រឈមនឹងការបញ្ចេញពីក្របខណ្ឌ

ខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយ ដែលរាជរដ្ឋាភិបាលពន្លាតការអនុវត្ត(វិធានការណ៍)នេះទូទាំងរដ្ឋាភិបាលតែម្តង។ បានន័យថាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់​គ្រឿងញៀន ឬពាក់ព័ន្ធត្រូវតែបានបណ្តេញចេញពីក្របខណ្ឌ។ មិនទុកទេ។ កុំឱ្យថាម៉េចក៏ឱ្យតែប៉ូលិស និងទាហាន ចុះមន្ត្រីស៊ីវិល(មិនធ្វើ)។ (ធ្វើ)ដូចគ្នា ដើម្បីពង្រឹងវិន័យ។ ការឯកភាពក្នុងការអនុវត្តទាំងកងកម្លាំងប្រដាប់អាវុធទាំងស៊ីវិល ត្រូវឱ្យមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ព្រោះយើងជាគំរូ។ អញ្ចឹង ដើម្បីទៅអនុវត្តច្បាប់ យើងត្រូវចាប់ផ្តើមសម្អាតផ្ទះយើង។ នេះគឺគោលនយោបាយ No tolerance ឬអត់មានការអនុគ្រោះចំពោះបុគ្គលពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀននៅក្នុងជួររដ្ឋាភិបាល។

(១០) មិនប្រើប្រាស់គ្រឿងញៀន កាន់តែមានសុភមង្គលក្នុងគ្រួសារ

មានបងប្អូនខ្លះសួរថា … ទុកឱកាសលើកទី២ បានអត់? ខ្ញុំថាបើកាប់បន្លាកាប់ឱ្យវាដាច់ បើសិនជាកាប់មិនដាច់វានឹងមុតយើង។ គ្រោះថ្នាក់បំផុតដែលបញ្ជូនសារទៅមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធថា អ្នកឯងមានសិទ្ធិកុំប្រើ តែបើអ្នកឯងប្រើមានសិទ្ធិឱ្យ Free card ម្តង។ មិនដូចនោះទេ។ ហ្នឹងគឺដូចលើកទឹកចិត្តឱ្យប្រើអញ្ចឹង។ បានន័យថាគាត់មិនខ្លាច។ គាត់នឹងបបួលគ្នាសាកល្បង ត្បិតយ៉ាងច្រើនចាប់តែម្តង។ យើងសុំទោស។ ចប់។ បើដូចនោះ ចេះតែអនុគ្រោះទៅ តើប៉ុន្មាននាក់ដែលនៅតែបន្តមានបញ្ហា? ត្រូវតែអនុវត្តឱ្យដាច់ណាត់។ ខ្ញុំជឿថា មន្ត្រីរាជការរបស់យើង បើមិនបានប្រើប្រាស់គ្រឿងញៀន មិនដាច់ពោះស្លាប់ទេ។ បើមិនបានប្រើប្រាស់ មិនបានប៉ះពាល់នូវគ្រឿងបែបនេះ ប្រហែលជាកាន់តែមានសុភមង្គលគ្រួសារតទៅទៀតនោះ។ នេះក៏ជាវិធីសាស្ត្រមួយដែលសម្អាតតចកនៅក្នុងបឹង។

(១១) បង្កើតនិងចែករំលែក បញ្ជីទិន្នន័យពីអ្នកត្រូវចេញពីក្របខណ្ឌដោយគ្រឿងញៀននិងកំហុសធ្ងន់

ថ្ងៃមុនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកគំនិតផ្តួចផ្តើមមួយពិភាក្សាជាមួយ ឯកឧត្តម ទៀ សីហា។ ខ្ញុំបានចារឯកភាពឱ្យធ្វើទិន្នន័យដ្ឋាន ឬ Database មួយ។ សូមពិភាក្សាជាមួយក្រសួងការពារជាតិ ជាមួយក្រសួង មុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបញ្ជីមួយចែករំលែកទិន្នន័យអ្នកដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយគ្រឿងញៀននិងកំហុសធ្ងន់ៗ។ ត្រូវចែករំលែកទិន្នន័យនេះឱ្យដឹងកុំឱ្យដេញចេញពីមួយចូលទៅមួយ។ ដាក់ឱ្យជាប់តែម្តង ហើយឱ្យពិនិត្យជាមួយក្រសួងយុត្តិធម៌។ ឥឡូវយើងគ្រាន់តែចែករំលែកទេ។ ទៅមុខទៀតកំ​ពុងគិតគូរពីក្រមវិធានការ ផ្អែកទៅលើគោលការណ៍ច្បាប់ គោលការណ៍សន្តិសុខជាតិ គោលការណ៍សន្តិសុខសង្គម គោលការណ៍សិទ្ធិបុគ្គលនិងគោលការណ៍ផលប្រយោជនសង្គម ថាអ្នកទទួល(​ពិន័យ)ហ្នឹងហើយ ត្រូវទទួលតទៅទៀតកុំឱ្យរួចតែខ្លួន។ យើងមិនមែនផ្ដាច់ជីវិតគាត់ទេ។ មិនមែនផ្ដល់ឱកាសទី២ទេ។ ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ បើមិនអញ្ចឹង ពួកគាត់អត់សូវខ្លាច ដោយសារធ្វើហើយអាង … បើសិនជាយើងមាន(វិធាន)បែបនេះ បើគាត់លក់ឬប្រព្រឹត្តគ្រឿងញៀននៅកន្លែងហ្នឹង ក្រោយពីមានបញ្ហានិងចេញពីកន្លែងការងារ ស្រាប់តែបានមួយឆ្នាំ​ មនុស្សដដែលទៅចូលក្របខណ្ឌនៅកន្លែងមួយទៀត ហើយគាត់លក់/ប្រព្រឹត្តទៀតនៅកន្លែងនោះ ដោយយើងមិនបានដឹង។

(១២) ដាក់ចេញវិធានការសមស្របគិតគូរពីទិដ្ឋភាពច្បាប់ សង្គម សន្តិសុខ សិទ្ធិបុគ្គល ផលប្រយោជន៍សហគមន៍

អញ្ចឹងយើងប្រើវិធីគ្រប់គ្រងទិន្នន័យដើម្បីដឹង។ វិធានាការប្រើប្រាស់នេះយ៉ាងណា សុំឱ្យគិតគូរជាប្រចាំព្រោះយើងត្រូវគិតពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពសន្តិសុខ ទិដ្ឋភាពសិទ្ធិបុគ្គល ទិដ្ឋភាពផលប្រយោជន៍សហគមន៍ ផ្គុំគ្នាមកបានចេញទៅជាវិធានការសមស្រប។ តើគួរមានការទទួលខុសត្រូវអ្វីក្រោយពីធ្វើ(អំពើទាំងនោះ?)។ មិនមែនធ្វើហើយគ្រាន់តែផាកពិន័យបន្តិចចប់ទេ។ ត្រូវមាន(ទំងន់ទោស)ដើម្បីឱ្យគាត់ប្រយ័ត្នប្រយែង តែក៏មិនបិទច្រកមួយជិវិតដែរ។ ត្រូវគិតគូរស្អីទៀតដើម្បីគាត់អាចធ្វើសមាហរណកម្មមកក្នុងសង្គមក្នុងកម្រិតណាមួយ។ នេះត្រឡប់ទៅសួរវិញថា វែកចកយ៉ាងម៉េច បើបឹងហ្នឹងវាចូលគ្រប់កន្លែងទៅហើយ? បើយើងគ្រាន់តែថាកាន់សំណាញ់ចូលទៅ ដាក់វិធានការថាចង់វែកចកឱ្យអស់ពីបឹង … ចុះទៅកណ្តាលហ្នឹង ក៏វែកម៉េចមិនអស់ដែរ … វិធីសាស្ត្រខ្ញុំគិតអញ្ចេះ។ ផ្ទៃ(បឹង)មានតែប៉ុណ្ណឹង។ ចកវានៅកន្លែងហ្នឹង។ អញ្ចឹងគង់តែដល់ពេលមួយយើងត្រូវសម្អាតវាឱ្យអស់។ បើចូលទៅកណ្តាលហ្នឹង សម្អាតវាអត់អស់ទេ។ វាមកព័ទ្ធយើង។ ត្រូវចាប់ពីមួយជ្រុងណាមួយដែលយើងគ្រប់គ្រងបាន។ សម្អាតមួយជ្រុងហ្នឹងឱ្យអស់ ហើយដាក់រនាំងកុំឱ្យវាចូលទៀត។ កន្លែងហ្នឹងទឹកថ្លាមួយដុំ។ ស្អែកឡើងទៅកំណត់ទិសដៅណាប៉ុន្មានទៀត? … ផ្ទៃបឹងដែលមានចកហ្នឹងកាន់តែរួមតូច …។

(១៣) អនុវត្តវិធីសាស្ត្រសម្អាតការពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀនម្តងមួយដុំៗ និងគ្រប់គ្រងតាមវិធានច្បាប់

ឥឡូវ ក្នុងរដ្ឋាភិបាលទុកដូចជាមួយប្រអប់អញ្ចឹង។ បើជួររដ្ឋាភិបាលយើងស្អាត យើងបោសសម្អាតហើយ យើងដាក់វិធានការទប់ កន្លែងហ្នឹងវាលែងសូវមានចកហើយ។ អញ្ចឹងផ្ទៃដែលចករញ៉េរញ៉ៃវាកាន់តែតូច។ ថ្ងៃក្រោយយើងអាចប្រើប្រាស់ទិន្នន័យ ប្រើប្រាស់អីទៀតដាក់វិធានការកន្លែងផ្សេងទៀត។ ឧទាហរណ៍ អាជីវកម្មណា ថ្ងៃក្រោយដែលមានពាក់ព័ន្ធរឿងហ្នឹងដាក់ក្នុង Blacklist ប៉ុន្មានឆ្នាំ ឬមួយយ៉ាងម៉េច? ថ្ងៃក្រោយ បើសិនជាវិស័យឯកជនចូលរួម គាត់ឯកភាពអនុវត្តការងារនេះ មន្ត្រីរបស់គាត់ បុគ្គលិករបស់គាត់ មិនឱ្យមា(គ្រឿងញៀន)ហ្នឹង យើងកាន់តែមានកន្លែងស្អាតហ្នឹងច្រើន។ អញ្ចឹង បឹងហ្នឹងយើងមើលទៅឃើញកន្លែងទឹកថ្លាច្រើន។ នេះហើយដែលយើងបង្រួមចកនោះ។ យើងគិតថា បើយើងធ្វើមិនមានវិធីសាស្ត្រ ចកនឹងរុំយើងរហូត តែបើយើងសម្អាតវាមួយដុំៗ ហើយដាក់រនាំងកុំឱ្យវាចូលកន្លែងដែលយើងគ្រប់គ្រងបានតាមវិធានច្បាប់។ អញ្ចឹងបើយុទ្ធនាការនៅក្នុងទូទាំងរដ្ឋាភិបាលហោចណាស់ ២០ ឬ៣០ម៉ឺននាក់ យើងលែងមានអ្នកបែបហ្នឹងនៅក្នុងស្ថាប័នរដ្ឋហើយ។ អញ្ចឹងវាទៅជាប្រអប់មួយដែលស្អាត។ បើមកចូលមិនស្រួល យើងដកចេញ។ អញ្ចឹងបើសិនជាប្រអប់ហ្នឹងកើនកាន់តែច្រើន នេះយើងនឹងសម្អាតចកពីក្នុងបឹងធំ។

(១៤) សង្ឃឹមថាក្នុង ១៥ទៅ ២០ឆ្នាំទៀត ភាពរញ៉ីរញ៉ៃគ្រឿងញៀននឹងរួមកាន់តែតូច ឈានទៅបាត់ពីកម្ពុជា

ខ្ញុំគិតថាជាវិធីសាស្ត្រមួយដែលយើងអាចធ្វើបាន ហើយប្រើប្រាស់ភាពម៉ឺងមាត់ ភាពម៉ត់ចត់របស់យើង។ រឿងនេះមិនធម្មតាទេ។ ម៉ោងនេះយើងត្រូវអនុវត្តច្បាប់។ ការបង្ក្រាបរបស់យើង នៅប្រើប្រាស់សន្តិវិធី មិនទាន់ប្រើប្រាស់អាវុធទេ ចំពោះមន្ត្រី ប្រជាពលរដ្ឋ រួមទាំងអ្នកជួញដូរផង។ យើងមិនទាន់ឈានទៅដល់(ការប្រើប្រាស់អាវុធ)ទេ។ ប្រទេសខ្លះនៅក្នុងតំបន់ និងនៅប្រទេសមួយចំនួន ពេលដែល(ការជួញដូរ/ប្រើប្រាស់គ្រឿងញៀន)កន្លែងនេះចាក់ស្រេះ កម្លាំងសមត្ថកិច្ចគ្មានជម្រើសក្រៅពីចូលទៅដូចកងទ័ពវាយលើសមរភូមិអញ្ចឹង។ យើងសង្ឃឹមថា ក្នុង ១៥ ទៅ ២០ឆ្នាំទៀត កម្ពុជាមិនឈានទៅដល់(ស្ថានការណ៍បែប)នោះទេ។ ផ្ទុយទៅវិញ ១៥ឆ្នាំ ២០ឆ្នាំទៀត ចកឬភាពរញ៉េរញ៉ៃដោយសារគ្រឿងញៀន នឹងរួមកាន់តែតូចទៅៗ ឈានទៅដល់ការបាត់ពីទឹកដីរបស់យើង។

(១៥) បណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការបើរកឃើញថាពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន

នេះគឺជាក្តីសង្ឃឹម។ នេះជាគោលដៅ។ ប៉ុន្តែយើងមិនត្រឹមតែដេកស្រមៃទេ យើងត្រូវដាក់ចេញវិធានការច្បាស់លាស់ ផ្តើមចេញពីរដ្ឋាភិបាល។ ថ្ងៃនេះ ខ្ញុំចេញបទបញ្ជារដ្ឋាភិបាល សុំឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ អាជ្ញាធរទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជំរុញការងារនេះ។ អម្បាញ់មិញនៅក្នុងរបាយការណ៍ គឺគ្រាន់តែថាជួយជំរុញ ណែនាំ ដាស់តឿន ជួយបន្សាប។ ឥឡូវ នេះជាបទបញ្ជាថ្មី។ (បើសិនជារក)ឃើញ គឺបណ្តេញចេញតែម្តង។ នេះគឺសូមផ្តល់ជាគោលការណ៍។ អ្នកដែលប្រើ ក៏សូមកាត់ទៅ។ យើងសម្អាតផ្ទះយើងឱ្យមានពន្លឺ ដើម្បីយើងចេញទៅជួយប្រជាជនយើង។ នៅក្នុងនេះ បើខ្ញុំសួរនៅទូទាំងប្រទេស រួមទាំងអ្នកជួញដូរគ្រឿងញៀនថាបើចង់ឱ្យផ្ទះខ្លួនឯងព័ទ្ធទៅ(គ្រឿងញៀន) ឬមួយគ្រួសារខ្លួនឯង កូនចៅខ្លួនឯងប្រើ ក៏អត់មានអ្នកណាចង់​ដែរ។ អញ្ចឹងវាជាអ្វីដែលយើងមិនចង់បាន។ វាជាតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។

(១៦) ទិន្នន័យដ្ឋានអ្នកពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន ជួយតម្រង់ផ្លូវ និងការពារសិទ្ធសិទ្ធសហគមន៍សុខសន្តិភាព

វាជាយុទ្ធនាការដែលយើងបានធ្វើរាប់អាណត្តិមកហើយ។ នៅក្នុងអាណត្តិថ្មីនេះ មិនមែនធ្វើបដិវត្តទេ យើងត្រូវបន្តនិរន្តរភាព និងគោលនយោបាយដែលមានធ្វើពីមុនមក។ គោលនយោបាយភូមិ/ឃុំ សុវត្ថិភាព នេះយើងមានច្រើនអាណត្តិមកហើយ។ យើងត្រូវបន្តទៀត ហើយរៀបចំនូវវិធីសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាព និងមានការចូលរួម ហើយត្រូវមានភាពដាច់ណាត់ក្នុងការអនុវត្ត។ ទៅមុខទៀត យើងនឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយ។ សួរថាធ្វើដូចហ្នឹងមិនសាហាវពេកទេឬ? ដាក់អ្នកដែលលក់គ្រឿងញៀន អ្នកដែលប្រព្រឹត្តគ្រឿង​ញៀននៅក្នុងបញ្ជីរបស់រដ្ឋាភិបាល? ហ្នឹងមិនជាការធ្វើបាបគាត់និងបំបាត់សិទ្ធមនុស្សទេឬ។ តាមពិតគឺជាការការពារសិទ្ធមនុស្សទៅវិញទេ។ ទី១ យើងដឹងដើម្បីជួយគាត់ ដើម្បីតម្រង់ផ្លូវគាត់។ ទី២ ការពារសិទ្ធធំ គឺសិទ្ធសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាពនេះ។ សិទ្ធប្រជាពលរដ្ឋចង់រស់ដោយគ្មានគ្រឿង​ញៀននៅក្នុងសហគមន៍ ដែលកូនគាត់រស់ដោយគ្មានព្រួយបារម្ភ។ មែនអត់? អញ្ចឹងការទប់ស្កាត់នេះគឺជួយប្រជាពលរដ្ឋ ជួយបង្កើនសិទ្ធមនុស្ស ជួយអនុវត្តច្បាប់ និងជួយលើកតម្កើងច្បាប់។

(១៧) ការពារសង្គមជាតិពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន

បុគ្គលដែលធ្វើខុស ត្រូវតែទប់ស្កាត់ ហើយបុគ្គលត្រូវទទួលខុសត្រូវ។ យើងមិនមែនអមនុស្សធម៌ យកជនទាំងនោះទៅប្រហារជីវិតទេ។ នៅកម្ពុជាអត់មានច្បាប់ប្រហារជីវិតទេ ។ យើងមានការស្តារនីតិសម្បទា និងកម្មវិធីសមាហរណកម្មចូលក្នុងសង្គមវិញ ទៅតាមទោសកម្រិត/ប្រភេទនៃទោស ចំពោះអ្នកប្រើប្រាស់។ សូម្បីតែអ្នកលក់​ដូរក៏មានការទទួលពិន័យទោស ហើយខិតខំរកវិធីឱ្យធ្វើសមាហរណកម្ម ឲ្យគាត់ដូរអាជីព បន្ទាប់ពីរួចពីទោស។ ជោគជ័យ ឬមិនជោគជ័យ យើងត្រូវតែធ្វើ។ អ្វីដែលសំខាន់ គឺត្រូវការការពារអ្នកដែលមិនពាក់ព័ន្ធ ការពារប្រ​ទេសយើង ការពារសង្គមជាតិរបស់យើង ព្រោះ(ការពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន)ហ្នឹងជាប្រភពនៃបញ្ហាច្រើនណាស់។ ប្រជាពលរដ្ឋយើងមានកង្វល់ច្រើនអំពីកិច្ចការនេះ ដែលទាមទារឲ្យយើងគិតគូរអំពីវិធីសាស្ត្រវែកចក ទោះបីជាយឺតក៏ដោយ តែវែកឲ្យអស់ក្នុងពេលណាមួយ។ បើវែកមិនអស់ ក៏វាកាន់តែរួមតូចនៅក្នុងកន្លែងណាមួយ ដែលប្រជាពលរដ្ឋអាចមានទឹកថ្លាប្រើ មើលផ្ទៃដឹង មិនអាប់អួរ …។

(១៨) មិនអោយដាំកញ្ឆា ព្រោះគ្រប់គ្រងមិនបាន លួចដាំខុសច្បាប់ និងពាក់ព័ន្ធគ្រឿងញៀន

ខ្ញុំសូមលើករឿងមួយទៀតដែលពាក់ព័ន្ធដែរ។ វាក៏ប្រទាក់ក្រឡាគ្នា។ ខ្ញុំធ្លាប់បញ្ចេញសារតាមហ្វេសប៊ុកម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់បានទទួលសារ ព្រោះថ្មីៗនេះមាន ២ ឬ៣ នាក់ទៀត ចេះតែសួរមកខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា … ដើម្បីបំរើឲ្យវិស័យសុខាភិបាល។ ស្រុកគេធ្វើ ប្រទេសជិតខាងយើងក៏ធ្វើ។ គេធ្វើរឿងរបស់គេ។ ខ្ញុំប្រាប់ថា ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្ត្រី ច្បាប់នេះខ្ញុំអត់ឯកភាពទេ … រឿងនេះ សួរថាអាចគ្រប់គ្រងបានឬអត់? ដាំកញ្ឆាហ្នឹងដើម្បីបញ្ជូនយកទៅកាណាដាធ្វើថ្នាំធ្វើអី … ខ្ញុំមើលការយកព័ត៌មានមួយនៅអាមេរិក ប្រទេសមហាអំណាចធំជាងយើង រដ្ឋខ្លះគាត់ឲ្យច្បាប់ដាំ តែគ្រប់គ្រងអត់បាន ដោយសារជ្រុង ២ ជ្រុងទី១ គ្រប់គ្រងការប្រើប្រាស់អត់បាន ដោយវាមិនមែនយកទៅឲ្យ​ pharmacy ផលិត តែបែជាយកទៅជក់ពេញហ្នឹង។ ទី២ ឲ្យអាជ្ញាប័ណ្ណដាំតែ ១ ម៉ឺនហិកតាទេ ប៉ុន្តែ(ប្រមូលផល)មិនចេះអស់ ដោយសារគេទៅកាប់ព្រៃ លួច(ដាំ)នៅកន្លែងផ្សេងៗ។ នៅអាមេរិក នៅមានលួចដាំនៅក្នុងព្រៃផ្សេងៗ យកចេញមកតាមច្រកស្របច្បាប់កន្លែងខ្លះ។ ទី៣ រឿងកញ្ឆានេះវាពាក់ព័ន្ធនឹងគ្រឿងញៀន។

(១៩) ក្របខណ្ឌច្បាប់កម្ពុជាមិនអនុញ្ញាត និងមិនមានការកែសម្រួល ឱ្យមានការដាំកញ្ឆាឡើយ

លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរីមកដែរ។ ខ្ញុំមើលព័ត៌មានមួយតាម Channel News Asia ជា report of investigation រឿងអ្នកប្រើប្រាស់គ្រឿងញៀននៅសឹង្ហបុរី។ គេបានសំភាសន៍អ្នកជាប់គុករឿងប្រើប្រាស់គ្រឿងញៀននៅសិង្ហបុរី ដែលជាង ៤០ ភាគរយប្រើប្រាស់តាំងពីនៅក្រោមអាយុ ១៨ ឆ្នាំ ហើយគេសួរថាប្រើ(សារធាតុ)អ្វីមុនគេ? ជាង ៥០ ភាគរយចាប់ផ្តើមពីកញ្ឆា។ ដល់កញ្ឆាយូរៗ វិវឌ្ឍទៅគ្រឿងញៀនផ្សេងៗទៀត។ នេះនៅសិង្ហបុរីមានទោសប្រហារជីវិតផង នៅមាន(អ្នកប្រើប្រាស់)។ ហ្នឹងដោយសារវាថោក វាស្រួលរក អញ្ចឹងគ្រឿងញៀនចាប់ផ្តើមពីនេះទៅ។ សម្រាប់កម្ពុជា ខ្ញុំថាវាអត់ចំណេញអីទៅធ្វើវិនិយោគកសិកម្មរាប់រយរាប់ពាន់ រាប់ម៉ឺនហិកតាដាំកញ្ឆាដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតថ្នាំនៅកាណាដានោះទេ។ សរុបសេចក្តី ខ្ញុំជូនសារទៅអ្នកពីក្រៅប្រទេសដែលចង់មកវិនិយោគ(ដាំកញ្ឆា) នៅកម្ពុជា កុំចំណាយពេលវេលាជិះយន្តហោះមកអត់ប្រយោជន៍ … ខ្ញុំបញ្ជូនសារតាមហ្វេសប៊ុកម្តងហើយ។ រាងស្ងាត់ម្តងហើយ។ ឥឡូវមាន ២ ឬ៣ នាក់មកសួរខ្ញុំទៀត។ ក្របខណ្ឌច្បាប់របស់យើងក៏មិនអនុញ្ញាតិ ហើយក៏មិនមានការចាំបាច់នៅក្នុងការសម្របសម្រួលកែច្បាប់ឬមួយអីទេ។ កុំធ្វើតែម្តង …។

(២០) អស់អ្នកប្រើប្រាស់គ្រឿងញៀន អ្នកលក់ដូរក៏អាចនឹងថយចុះ

ឥឡូវកំពុងតែ(វីវក់នឹងការវែក)ចកនេះហើយ (បែជា)ទៅឲ្យចកប្រភេទផ្សេងចូលមកទៀត វានឹងពិបាក(កាន់តែខ្លាំងជាមិនខាន)។ (មិនតែប៉ុណ្ណោះ បើសិនជាអនុញ្ញាត) ចកបែបនេះគឺចកស្របច្បាប់តែម្តង។ អញ្ចឹងយើងទុកឱកាសដើម្បីរួមគ្នា មួយអាណត្តិ ពីរអាណត្តិនេះបើកលំហផ្ទៃបឹងរបស់យើងឱ្យលែងមានចក ដោយចាប់ផ្តើមសំ​អាតចកនៅតាមមូលដ្ឋាន នៅតាមតំបន់ នៅតាមផ្នែកនីមួយៗ ដែលយើងអាចធ្វើទៅបាន។ រើវាចេញហើយដាក់រនាំងកុំឲ្យចកហ្នឹងវាចូលមកទៀត។ កាត់បន្ថយផ្ទៃដែលមានចកបន្តិចម្តងៗ ហើយសង្ឃឹមថាមានការចូលរួមពីប្រ​ជាជន វិស័យឯកជននៅក្នុងការជួយកាត់បន្ថយបែបនេះ។ បើសិនជាយើងកាត់បន្ថយបែបនេះ គឺយើងកាត់បន្ថយនូវការប្រើប្រាស់។ កាត់បន្ថយអ្នកប្រើប្រាស់ច្រើននៅតាមកន្លែងនីមួយៗ។ អស់អ្នកប្រើប្រាស់ អ្នកលក់ក៏ប្រហែលជាថយទៅដែរ។

(២១) គួរគិតថាការប្រើប្រាស់គ្រឿងញៀន ប៉ះពាល់ឪពុកម្តាយ គ្រួសារ សុខភាព សហគមន៍

យើងអនុវត្តច្បាប់ចំពោះអ្នកផលិត … ឲ្យតែនិយាយពីការបង្រ្កាបគ្រឿងញៀន មើល comment បងប្អូនថាធ្វើម៉េចកុំឲ្យដូចវែកចក។ បានន័យថា រកវិធានការណាដែលមានចីរភាព និងនិរន្តរភាព ដើម្បីកាត់បន្ថយបន្តិចម្តងៗនូវបញ្ហានេះ ដើម្បីយកវាចេញពីក្នុងសហគមន៍ ដើម្បីអនាគតបងប្អូនប្រជាពលលរដ្ឋរបស់យើង ជាពិសេសយុវជនរបស់យើង។ បងប្អូនដែលគិតថាមានបានពីរបរហ្នឹងស្រួល សូមដូរអាជីពទៅ។ ហ្នឹងជាអំពើបាប។ យើងយកលុយហ្នឹងមកនាំកូននាំចៅទៅដើរលេង ទិញឡានជិះល្អ។ ប៉ុន្តែលុយហ្នឹង បានធ្វើឱ្យប៉ុន្មាននាក់វេទនា? ហ្នឹងខ្ញុំគ្រាន់តែផ្តល់យោបល់ថាសូមគិតពីជ្រុងមនុស្សធម៌ គិតពីជ្រុងគុណធម៌ផង។ សូមចូលរួមនិងភ្ញាក់រលឹកទាំងអស់គ្នា។ ម្សិលមិញ ខ្ញុំនិយាយរឿងដា​ក់បូលីសបាញ់ល្បឿន។ ទៅព្រួយអីប៉ូលីសបាញ់ល្បឿន ព្រួយតែពីរឿងកុំបើកលឿនហួសបុកគេទៅ។ កុំឲ្យបើកលឿនជ្រុលចង្កូត គ្រោះថ្នាក់មួយឡានរបស់យើង។ គិតអាហ្នឹងវិញ។ ជិះម៉ូតូកុំខ្លាចប៉ូលីសចាប់រឿងមិនពាក់មួក ត្រូវគិតថាពេលយើងធ្វើដំណើរហ្នឹងមានហានិភ័យ។ យើងទៅដល់ផ្ទះមើលកូនមើលប្រពន្ធឬអត់? អញ្ចឹងរឿងការប្រើប្រាស់គ្រឿងញៀន កុំគិតថាប្រើកន្លែងណាប៉ូលីសមិនចាប់ គួរគិតថាបើយើងប្រើទៅវាប៉ះពាល់ឪពុកម្តាយយើង គ្រួសារយើង សុខភាពយើង គួរតែចូលរួមទាំងអស់គ្នា។

(២២) គ្មានបំណង តែមិនរារែក នឹងអនុវត្តអភិក្រមទី៥

អញ្ចឹង យន្តការនិងការអប់រំបណ្តុះបណ្តាល ការថែទាំអប់រំ ផ្សព្វផ្សាយ ជាកិច្ចការដែលត្រូវធ្វើ។ ក្រៅពីនេះ នៅក្នុងកិច្ចការរដ្ឋ គឺមន្រ្តីរាជការត្រូវដើរតួនាទីជាអ្នកនាំមុខ។ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ប្រធានស្ថាប័នថ្នាក់ជាតិ ក្រោមជាតិ គណៈអភិបាលរាជធានីខេត្ត/ស្រុក សូមជំរុញកិច្ចការនេះ។ អត់ខាតយើងទេ។ ជួយឱ្យមានវិន័យឱ្យមានការអនុវត្តឯកភាពគ្នា/ជួយគ្នាសម្អាតម្ដុំហ្នឹង​។ បើយើងមិនបានចូលរួមសម្អាតមួយបឹងហ្នឹងទេ គឺសម្អាតមួយជុំវិញផ្ទះបាន(គឺ)ល្អហើយ។ យើងជួយសម្អាតប៉ុណ្ណឹង ទុកអោយកន្លែងផ្សេងគេធ្វើ។ រដ្ឋាភិបាលដើរជួយសម្អាតរួមទៅ ហើយសម្អាតជាន់ឱ្យជាប់កុំឱ្យវាចូលវិញ។ វែកចកកុំឱ្យវាចូលមកវិញ គឺដាក់រនាំងទប់ឱ្យជាប់តែម្ដង ដោយផ្អែកលើការភ្ញាក់រលឹក និងការចូលរួមទាំងអស់គ្នា។ រាជរដ្ឋាភិបាលគ្មានគោលបំណងអនុវត្តអភិក្រមទី៥ ដោយញឹកញាប់នោះទេ។ អភិក្រម៤ត្រូវអនុវត្តអោយញឹកញាប់ ប៉ុន្តែបើគ្មានជម្រើស ឈានដល់ទី៥ យើងក៏មិនខ្លាចនៅក្នុងការអនុវត្តដែរ។ យើងត្រូវរួមគ្នាដោះស្រាយ ព្រោះជាបញ្ហារួមរបស់ប្រជាពលរដ្ឋនិងយើងទាំងអស់គ្នា។

[ចប់សេចក្ដីអធិប្បាយ]

១១. ជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រចបានកន្លងទៅ ហើយសូមថ្លែងអំណរគុណសាជាថ្មីដល់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះអាជ្ញាធរជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំរនាពេលកន្លងទៅ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់ស្ថាប័ន-ក្រសួង, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្តល់កិច្ចសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមទិសស្លោក “រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន!”។

១២. ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ “ផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩”, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល, សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing session of 2023 Review Meeting on Drugs, and Ninth Directives Setting and Dissemination Campaign for 2024

[Unofficial and translations]

**********

CMF:

(1) Will not let Cambodia become a country of clean environment and social security

Drugs is not a problem in Cambodia alone. This problem exists in every region, even in countries with strict laws, where drug traffickers/traders are being executed, or superpowers with ability to spend billions of dollars a year […] it is complicated, growing and evolving fast. Having said this, one may ask does it mean that Cambodia should stop (its effort) working (in the fight against drug)? Does that mean we are hopeless? That is not the case. We have no other choice but fight against it. We cannot let Cambodia – in another 15 to 20 years – become a country plagued with drugs […] we want our district/country to be a place where our living condition is clean environmentally and in terms of social security […]

(2) Drug production and trafficking has become advanced, influential and interlacing internationally

[…] (Drugs trafficking and use) is a complex problem and even more complicated because the drug trafficking and drug production has become more interlacing, advanced, and influential. Previously (trafficking catered to) sale in separate locations. Now they have interwoven not only in the country but into the international system. We need to acknowledge this evolution. We have no choice but to fight it to […] ensure a future for our children/grandchildren and for the environment in our country […] among the five priority measures prepared by the Royal Government of the 7th legislature, the 4th key measure is to pay attention to strengthening the implementation of village/commune/sangkat policies, especially to reduce and eventually eliminate drug trafficking in the community […]

(3) The 21-December-2023 house-cleaning principle to dismiss those involved in/used drugs from the government

Both the superpowers who spend billions and the countries that observe death penalty for drug traffickers, they still face (drug trafficking issue) […] this suggests that it requires the participation of the people through education and guidance, and most important of all is home education. Parents advise their children not to use drugs. We have legal measures against dealers/producers (of drugs) but (we must also educate) consumers. In the law, we consider consumers as victims who need to receive education, guidance, rehabilitation and integration, need help […]

On December 21, 2023, I set out the house cleaning policy that the Ministry of Interior and the Ministry of National Defense have been implementing so that our law enforcement officers, including the police, the army and the military police who happened to be involved in/using drugs, are expelled from the government […] I have just signed an order by the Royal Government to extend this implementation (measure to cover) those in the government too. This means that civil servants, the armed forces at both the national and sub-national levels, must be expelled from the government […] when they are found to be involved in/using drugs. This is an intolerable policy within the government […]

(4) Create and share a database of drug addicts and those committed serious mistakes

I have agreed to the request for the creation of a database. Please discuss this matter with the relevant institutions – the Ministry of National Defense, the Ministry of Public Works, from which the Minister, HE Hun Many, has made a list sharing data of those who were expelled from the army or government for reasons of drugs and committing serious mistakes […] we cannot allow such persons expelled from one institution to be able to permeate into another […] for the time to come, we are considering a code of conduct based on legal principles, national security principles, social security principles, individual rights principles and social benefits for these sorts of persons […]

Please think on a regular basis as to how do we need to take into consideration the legal aspect, the social aspect, the security aspect, the individual rights aspect, the community interest aspect, and combining them together as an appropriate measure. What responsibilities should there be after those persons committed (those crimes?). It is not just a matter of being fined and over. There must be (weight of crime) that with it the person will be more careful. However, the punishment will not close the door for life. We will think about what can be done so that the person can be reintegrated to some extent into society […]

(5) In the next 15 to 20 years, the drug issue will be smaller and disappearing from Cambodia

Once we have cleaned (this drug issues in) institutions, the area where the drug problems prevail will shrink to gradually smaller size. We can then replicate data and experience in “water-lettuce clearing” effort to other institutions/locations […] if we do not have a system in place to do away the water-lettuce, they will grow back and wrap us forever […] we put a barrier to prevent them from entering the area that we have already cleaned and placed under control by law […] so far, our crackdown effort is still peaceful. No weapons used against those traffickers […] we hope that in the next 15 or 20 years, Cambodia will not reach (such a situation). On the contrary, the difficult to eradicate water-lettuce metaphor of drug-related chaos will become smaller and smaller, leading to the disappearance from our land […]

(6) Database of drug-use persons helps guide and protect the rights of the peaceful community

We have had implemented the safe village/commune policy for many terms so far. We need to go further and develop a more effective and participatory approach and be more consistent in our implementation. Going forward, we will use technology to help. Asked if it is not too cruel a measure to jot down those who sell drugs, and/or commit drugs on the government’s list? Or is it not a way to abuse him/her and eliminate her/his human rights? On the contrary, indeed, it is the protection of human rights. Firstly, with what we know we are able to help and to guide them, and secondly, we are able to protect the greater rights of the community of people who want to live in peaceful life […]

(7) Do not allow growing marijuana for inability to control

Recently, a few people keep asking me for permission to investment in growing marijuana […] to serve the health sector. Whoever and wherever they do that it is their things. As long as Hun Manet is the Prime Minister (of Cambodia), I do not agree with this request […] a report in the United States, a powerful nation – many times greater than ours, some states that are allowed to grow marijuana later cannot control it – firstly, cannot control the use, since it is not only for pharmacy production, […] secondly, for a license to grow only 10,000 hectares, they never finish (harvesting) because they cut down the forest (to plant) more […] and thirdly, this marijuana is related to drugs […] for Cambodia, I would say that it is not profitable to invest in hundreds of thousands of hectares to grow marijuana to supply Canadian pharmaceutical companies. In conclusion, I would like to send a message to those would come from abroad to invest (growing marijuana) in Cambodia. It would be a waste of time flying in for that […]

(8) Drug use affects health, parents, families and community

Those who think that it is easy and profitable to do this business, please change careers. That is sin. They may use that kind of dirty money to take children and grandchildren out on holiday or to buy a good car. But how many people did that money hurt? Well, I just suggest that you think from a humanitarian point of view, from a virtuous point of view […] as for the drug use issue, do not think about where to use it so that the police would not know and be able to arrest but to think of it as an issue that affects our parents, our family, our health, and we must all participate […] the Royal Government has no intention of implementing the fifth approach (to take an operation) too often. The four approaches (reflect oneself in the mirror, take a shower, scrub off dirt, take treatment) need to be implemented frequently, but if without alternative, we are not afraid to practice the fifth one. We must solve together because it is a common problem of the people and all of us […]./.

“កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត”


នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។ ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដំបូងនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម រដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសម្តែងនូវការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់     កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោស  សម្អាតមីន និងវិស័យសុខាភិបាល។

ដោយកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរកាណាដាមកកាន់ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធស្ថានកុងស៊ុលកិត្តិយសកាណាដាប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និងបានសម្តែងនូវការជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន-កាណាដា ឯកឧត្តម រដ្ឋលេខាធិការ បានរំលឹក និងអបអរសាទរកាណាដាចំពោះការតម្លើងកម្រិតទំនាក់ទំនងដៃគូសន្ទនាជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្ដ ហើយបានសន្យាថានឹងបន្តផ្តល់ការគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនា        អាស៊ាន-កាណាដា រួមទាំង ការឈានទៅសម្រេចបានូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

 ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនភាគីកាណាដា ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំ និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវសេចក្តីសម្រេចនានារវាងភាគីទាំងពីរ។

គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម ឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និង ឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរផងដែរ។


“Cambodia, Canada established bilateral consultations to forge closer cooperation”

-----

On 20 February 2024, His Excellency CHUM Sounry, Secretary of State of the Ministry of Foreign Affairs and International Cooperation, had a fruitful discussion with His Excellency ALAN Bowman, Director-General for Southeast Asia and Oceania of the Department of Foreign Affairs, Trade and Development of Canada, during the latter’s working visit to Cambodia from 19 to 21 February 2024. Both sides had candid exchange of views on the promotion of relations and cooperation in both bilateral and multilateral frameworks.

 His Excellency Secretary of State welcomed today’s signing of the MoU on the establishment of Bilateral Consultations between the two Foreign Ministries as another milestone in Cambodia-Canada bilateral relations. He considered the signing of the MoU as an important step in moving forward the bilateral cooperation to a new level. Both sides discussed the agenda and mutually convenient date for the first session of the bilateral consultations to be held within this year.

 During the dialogue, His Excellency Secretary of State also took the opportunity to express thanks and appreciation to Canada for supporting Cambodia’s economic growth and development through cooperation in the promotion of investment and trade, education, demining, and health.

Noting with deep satisfaction that the number of Canadian tourist arrivals in Cambodia has increased by double in 2023 compared to 2022, His Excellency Secretary of State lauded the recent inauguration of the Canadian Consulate in Siem Reap on 13 February and expressed his confidence that the move by the Canadian side would contribute to promoting greater cooperation in tourism, trade and investment between the two countries. 

On ASEAN-Canada, His Excellency Secretary of State recalled and congratulated Canada on the elevation of the partnership with ASEAN to a Strategic Partnership level, and pledged to offer Cambodia's continued support to deepen ASEAN-Canada dialogue relations, including to work towards the conclusion of ASEAN-Canada FTA negotiation.

  Secretary of State CHUM Sounry assured the delegation of Cambodia’s readiness to facilitate and coordinate with relevant line ministries and institutions in Cambodia to implement decisions reached by both sides. 

It is noteworthy that right after the above-mentioned talks, His Excellency CHHOUK Bunna, Director-General of the General Department of Europe, Americas, and Africa-Middle East and His Excellency ALAN Bowman, Director-General for Southeast Asia and Oceania, signed the MoU on the establishment of the bilateral consultations between the two Foreign Ministries.

🇰🇭🇨🇦







សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈបទបញ្ជានេះ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់លើកទី៩ ផងដែរ។

សម្តេចបានបន្ថែមថា ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

ខាងក្រោមនេះជាបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖



ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

​គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើ​ប្រាស់​​មានសភាពកាន់ធ្ងន់ធ្ងរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿង​ញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅឱ្យ​អាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាព។

ដើម្បីការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួល​សមាស​ភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានតែងតាំងឧបនាយករដ្ឋមន្ត្រី៤រូប ជាថ្នាក់​ដឹក​នាំអាជ្ញាធរនេះ ហើយមានថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នរបស់រដ្ឋចំនួន១៤រូបផ្សេងទៀត ជា​សមា​ជិក​។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធ​មាន​កង​ទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿង​ញៀន។ ក្នុងនោះមានកម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌ​ផង​ដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០,០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១,២០៧គ្រាប់៕

ស្វែងយល់៖ ពិធីបុណ្យមាឃបូជា


មាឃបូជា
ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ :

គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។

យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។

គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ:
- ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។
- ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។
- ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។
លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។
លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។
លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។

មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ

ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។
ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។
ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។
ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។
ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។

សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។

ដកស្រង់ពី ប្រភព
ដោយ៥០០០ឆ្នាំ


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ណែនាំក្រុមប្រឹក្សាអ្នកច្បាប់ គោរពវិន័យការងារ ពង្រឹងគោលការណ៍​វិជ្ជាជីវៈនិង គោល​ការណ៍ច្បាប់



(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យគោរពវិន័យការងារ ពង្រឹងគោលការណ៍​វិជ្ជាជីវៈ និងគោល​ការណ៍ច្បាប់។


ការណែនាំនេះ បានធ្វើឡើងក្នុងពេលលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។


ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអ្នកច្បាប់ លោកឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បានណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈនិង គោល​ការណ៍ច្បាប់ និងគុណភាពការងារតាមរយៈការពង្រឹងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងលើកកម្ពស់​គុណភាពនៃការផ្តល់យោបល់ ដើម្បីរួមចំណែកដល់ការគោរព និងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាព​និងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាព​នៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។ លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាព និង​ប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។


សូមបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើង​តាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង និងតាក់តែងច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តនានា។


សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។


ក្នុងចំណោមការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់៕