Monday, May 25, 2020

នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រតិកម្មទៅនឹងការរិះគន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិន

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មទៅនឹងការរិះគន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិនដែលបានជួយដល់កម្ពុជាក្នុងការព្យាបាលនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលជាជំងឺសាកលមួយដែលប្រទេសនានាលើពិភពលោកកំពុងរងនូវផលប៉ះពាល់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបង្ហាញការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់ដោយគ្មានសតិសម្បជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេស នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។ លោក បន្តថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃលើអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ៕







លោក វេង សាខុន កោតសរសើរចំពោះការខិតខំប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក

កោះកុង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញអមដំណើរលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោក សេង ចន្ថា កំពុងចិញ្ចឹមត្រីឆ្ពង់ក្នុងបែចំនួន ១៨ ដាក់កូនត្រី ៦០០-៧០០ក្បាល/បែ។ ទីផ្សារបច្ចុប្បន្នត្រីឆ្ពង់មានតម្លៃ ១៥,០០០រៀល/គីឡូក្រាម តម្លៃនេះធ្លាក់ចុះបន្តិចដោយមូលហេតុគ្មានការបញ្ជារទិញការរៀបចំពីធីបុណ្យ ការរៀបចំអាពាហ៍ពិពាហ៍ និងភោជនីយដ្ឋាន បន្ទាប់ពីមានវិបត្តិនៃការរីរាលដាលជំងឺឆ្លងសកលកូវីដ-១៩ ដែលជាហេតុមានសល់ត្រីក្នុងបែនិងលើសទម្ងន់។
ពិនិត្យឃើញទិដ្ឋភាពនិងសកម្មភាពចិញ្ចឹមត្រីក្នុងបែរួចមក លោករដ្ឋមន្រ្តី និងលោកស្រីអភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំនិងជាប្រភពចំណូលក្នុងគ្រួសារយើងមានបទពិសោធន៍និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោក បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញនិងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្មនិងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់។
សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហិកតា ប្រមូលផលបាន ១៤,០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ ហិកតា ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤,៤៥០ តោនក្នុង១ឆ្នាំ៕




លោកស្រី ម៉ែន សំអន៖ យើងត្រូវបន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាពនិងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺឆ្លងកូវីដ១៩

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាស ហែកលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ១៤ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៩ គ្រួសារ សរុប ៥៤ គ្រួសារ មកពី ៣ឃុំ ក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច អំពិល និងឃុំគគីរ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានកិត្តិយសសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុករមាសហែក។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងថា ទោះបីជំងឺកូវីដ១៩ មានការរីករាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។ លោកស្រីក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្ត ស្វាយរៀងដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការយក ចិត្តទុកដាក់ធ្វើចត្តាឡីស័កបានយ៉ាងហ្មត់ចត់ចំពោះបង ប្អូនដែលធ្វើការចំណាកស្រុកនៅពេលដែលត្រឡប់ចូលមកស្រុកកំណើតវិញ។
លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសយើងបានរកឃើញពលរដ្ឋកម្ពុជាមានផ្ទុកមេរោគកូវីដ១៩ ២ករណីបន្ថែមទៀត ដែលបានត្រឡប់មកពីក្រៅប្រទេសហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបា លជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ)។ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាពនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា ១ ម៉ាស់ ៦ ជែល ១ដប និងថវិកាធ្វើដំណើរ ចំនួន៤ម៉ឺនរៀលផងដែរ៕



កម្មវិធីបន្តផ្សព្វផ្សាយពីវិធានការ បង្ការការពារជំងឺកូវីដ-១៩ និងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារខ្វះខាត

ក្រចេះ ៖ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ លោកស្រី ហឹង ណារី វ៉ា ថន ជាតំណាងរបស់លោក វ៉ា ថន អភិបាលនៃគគណៈអភិបាលខេត្តក្រចេះ បានដឹកនាំយុវជនគណបក្សខេត្ត ក្រុង សង្កាត់ ចូលរួមផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ជួបការលំបាក់ចំនួន១០គ្រួសារ ដោយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ផ្ដល់កង់ចំនួន ០៥គ្រឿង ដល់សិស្សានុសិស្សដែលជួបការលំបាក និងចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ នៅសង្កាត់កោះទ្រង់។
លោកស្រី ក៏បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១០គ្រួសារនៅសង្កាត់ក្រចេះ និងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយបន្តថែរក្សាអនាម័យប្រចាំថ្ងៃ ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងជម្រុញក្មួយៗជាសិស្សានុសិស្សត្រូវខិតខំយកចិត្តទុកដាក់ចូលរួមសិក្សាតាមប្រព័ន្ធអនឡាញឱ្យបានជាប់លាប់ជានិច្ច៕




សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់ ដែលបានបំពេញក្របខណ្ឌការងារទទួលការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោក

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់ ដែលជាពលទាហានថ្មីទើបជ្រើសរើសបំពេញក្របខណ្ឌកងទ័ពជើងគោក ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោក បន្ទាប់ពីបានចូលហ្វឹកហ្វឺនរៀនសូត្រមួយរយៈកន្លងមកលើមុខវិជ្ជាមេរៀនអាវុធ AK47 នៅទីលានបាញ់គ្រាប់ពិត យោធភូមិភាគពិសេស ស្ថិតនៅភូមិសាស្ត្រ ភ្នំជើងលៀង ក្នុងខេត្តកំពង់ឆ្នាំង។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទ។

ក្នុងពិធីនេះត្រូវបានអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស លោកស្រី កែ ច័ន្ទមុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តលោកស្រី ឈឹម ស្រីមុំ អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ  ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកស្រី តុង ណារី ប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពខេត្ត និងលោក លោកស្រី ជាច្រើនរូបទៀត។

ក្នុងពិធីបិទវគ្គនោះដែរលោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំយោធភូមិភាគពិសេស និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ ដែលបានដឹកនាំសម្របសម្រួលរៀបចំកម្មវិធីដំណើរការវគ្គសិក្សា និងបញ្ចប់វគ្គសិក្សាដ៏ល្អ។ 

នៅក្នុងនោះ លោកអភិបាលរងខេត្ត បានកោតសរសើរដល់សិក្ខាកាមដែលទទួលបានជ័យលាភីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច សិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ជាចុងបញ្ចប់ លោកក៏បាននាំយកថវិកា ចំនួន២ ០០០ ០០០រៀល របស់រដ្ឋបាលខេត្ត ជូនដល់នាយកសាលាចំនួន១លានរៀល និង១លានរៀលទៀតប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះមានការវាយតម្លៃ ពិនិត្យផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន និងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស៕